ដោយ៖ តាំង វីដា
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃចន្ទនេះ បានចាប់ផ្តើមបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់ជនទាំង ២១នាក់ ដែលត្រូវបានអាជ្ញាធរបានចាប់ខ្លួន នៅមុខរោងចក្រយ៉ាកជីង និងផ្លូវវ៉េងស្រង កាលពីថ្ងៃទី០២ និងទី០៣ ខែមករា ដោយចែកជាបីជុំផ្សេងគ្នាទៅតាមបទចោទ។
នៅម៉ោង ៨:០០ព្រឹក សវនាការជុំទីមួយ លើបណ្តឹងសុំនៅក្រៅឃុំរបស់កម្មករមួយនាក់ ដែលអាជ្ញាធរបានចាប់ខ្លួននៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី០៣ខែមករា។ កម្មកររូបនេះ បានដាក់បណ្តឹងសុំនៅក្រៅឃុំជាមួយកម្មករពីរនាក់ទៀត ដែលតុលាការបានសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីពេលថ្មីៗនេះ ប៉ុន្តែតុលាការនៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ រហូតដល់ព្រឹកថ្ងៃចន្ទនេះ។
នៅម៉ោង ៨:៣០នាទី រហូតមកដល់ម៉ោងជិត ១០នេះ សាលាឧទ្ធរណ៍ កំពុងបើកសវនាការជុំទីពីរ លើបណ្តឹងសុំនៅក្រៅឃុំរបស់កម្មករ ១០នាក់ ដែលអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី០២ខែមករា នៅមុខរោងចក្រយ៉ាងជីង រាជធានីភ្នំពេញ។ អ្នកទាំង១០នាក់នោះ មានលោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន មន្ត្រីសម្របសម្រួលបណ្តាញកសិករ លោក ចាន់ ពុទ្ធីស័ក្ក សកម្មជនបឹងកក់ និងកម្មករ ៧នាក់ទៀត។
ចំណែកសវនាការជុំទីបី នឹងធ្វើឡើងលើបណ្តឹងសុំនៅក្រៅឃុំរបស់កម្មករ ១០នាក់ទៀត ដែលអាជ្ញាធរបានចាប់ខ្លួន កាលពីថ្ងៃទី០៣ខែមករា នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ។
កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅនេះ តុលាការសាលាដំបូង បានសម្រេចឲ្យកម្មករពីរនាក់ ឈ្មោះ ប៊ូ សារិទ្ធ អាយុ ២៧ឆ្នាំ និងឈ្មោះ ផុន សុខជា អាយុ១៧ឆ្នាំ នៅក្រៅឃុំបណ្តោះអាសន្ន។
អ្នកទាំង២៣នាក់នោះ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង និងនៅមុខរោងចក្រយ៉ាកជីង ខណៈដែលពួកគេចូលរួមតវ៉ាទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ ដល់កម្មករ។ បច្ចុប្បន្ននេះ ពួកគេកំពុងឃុំខ្លួននៅមណ្ឌលអប់រំកែប្រែម៣ ឬពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
អបអរសាទរយ៉ាងក្រៃលែង! ជ័យោ នីតិរដ្ឋ ! ជ័យោ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា! ចូលរួមទាំងអស់គ្នា លុបបំបាត់និទណ្ឌភាព!