Tuesday, 11 February 2014
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រោយបណ្តែតខ្លួនជាតារារាត្រីអស់រយៈពេលជាច្រើនឆ្នាំ នៅពេលនេះ តារាចម្រៀងយេៗដែលធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍បរាជ័យនាង ឡេង មុន្នីរចនា បានឡើងសម្រស់ស្រស់ក្មេង សាច់ឡើងថ្លាសស្អាតគួរជាទីចេតនាប្លែកតែម្តង។ សម្រស់ឡើងកូដជាថ្មីធ្វើឲ្យប្រុសស្រីក្នុងសិល្បៈសរសើរមិនដាច់ ពីមាត់នេះ ត្រូវបានតារាចម្រៀងយេៗរូបនេះ បញ្ជាក់ប្រាប់ថា បណ្តាលមកពីរូបនាងផ្អាករកស៊ីច្រៀងពេលរាត្រី ហើយពេលនេះ នាងកំពុងត្រៀមខ្លួនធ្វើថៅកែដោយខ្លួនឯង។
នៅពេលបង្ហាញវត្តមាននៅក្នុងសកម្មភាពសិល្បៈកាលពីអំឡុងពេលថ្មីៗនេះ ទស្សនិកជន ក៏ដូចជាអ្នកសិល្បៈបានលាន់មាត់សរសើរពីសម្រស់តារាចម្រៀងនាង ឡេង មុន្នីរចនា ថា តារារូបនេះឡើងសម្រស់ប្លែក សាច់សម៉ដ្ឋខៃឡើងក្រភើៗ តែម្តង។
ក្រោយពីអរគុណអ្នកសិល្បៈក៏ ដូចជាទស្សនិកជនដែលបានសរសើរ តារាចម្រៀងដែលតែងមានវត្តមានច្រៀងកំដរភ្ញៀវពេលរាត្រីនៅភោជនីយដ្ឋានទន្លេសាប អស់រយៈពេលជាច្រើនឆ្នាំ នាង ឡេង មុន្នីរចនា បាននិយាយថា៖ «ខ្ញុំពិតជាអៀនមែនទែន នៅពេលគេសរសើរបែបនេះ តែខ្ញុំឡើងសាច់មើលទៅស្រស់ថ្លាជាងមុននេះ ព្រោះពេលនេះ ខ្ញុំមានពេលសម្រាកច្រើន ព្រោះឥឡូវនេះ ខ្ញុំបានផ្អាកការច្រៀងនៅពេលយប់ហើយ ដូច្នេះមានពេលសម្រាកគ្រប់គ្រាន់ សុខភាពក៏ល្អជាងមុនដែរ»។
តារា រូបនេះនិយាយថា៖ «ឥឡូវនេះ ក្រៅពីច្រៀងនៅតាមប៉ុស្តិ៍ទូរទស្សន៍ ខ្ញុំក៏មានការងារច្រៀងតាមខេត្តគ្រាន់ដែរ តែយ៉ាងណាខ្ញុំមានពេលនៅផ្ទះច្រើន»។
ក្រៅពីសម្រស់ត្រូវបានគេ សម្លឹងមើលឃើញថា ស្អាតប្លែក ពិសេសបុរសៗស្ទើរស្រក់ទឹកមាត់ម្តងៗនោះ ឡេង មុន្នីរចនា ក៏ត្រូវបានគេដឹងថា តារារូបនេះមានប្រាក់កាន់ក្នុងដៃក៏មិនចាញ់ជំទាវប៉ុន្មានដែរ ហើយថ្មីៗនេះ នាងទើបតែធ្វើពិធីឡើងផ្ទះថ្មីស្ថិតនៅក្នុងបុរីមួយកន្លែងយ៉ាង ស្ងប់ស្ងាត់ទៀតផង។
តារាចម្រៀងវ័យ២៨ឆ្នាំរូបនេះនិយាយថា៖ «ផ្ទះនោះគឺផ្ទះធម្មតាទេ ស្ថិតនៅក្នុងបុរីមួយ។ តាមពិតខ្ញុំមានគម្រោងរៀបចំធ្វើពិធីសម្ពោធឲ្យធំដុំដែរកាលពី ចុងខែធ្នូ ២០១៣ តែគាប់ជួនពេលនោះ អ្នកសិល្បៈមានការរវល់ច្រើន រៀបការផង បុណ្យផង បើកហាងផង ដូច្នេះកុំឲ្យពិបាក ខ្ញុំក៏ធ្វើតែគ្រួសារឯងទៅ។ ផ្ទះនោះគ្មានអីពិសេសទេ គ្រាន់តែប្តូរពីផ្ទះចាស់ មករស់នៅកន្លែងថ្មី ធំជាងមុនប៉ុណ្ណោះ»។
រឿងមានប្រាក់ចាយមិនខ្វះ និងបោះប្រាក់រាប់ម៉ឺនដុល្លារសង់ផ្ទះធំទ្រនំខ្ពស់រស់ឲ្យសមនឹង សាច់ឈាមមិនបានប៉ុន្មានផង ក៏ស្រាប់តែនៅពេលនេះ តារាចម្រៀងដែលធ្លាប់តែកាន់ក្បាលម៉ៃក្រូហ្វូនគ្រលែងចង្កេះរេរាំតាមចង្វាក់ភ្លេងនាង ឡេង មុន្នីរចនា បានបង្ហើបឲ្យដឹងថា នៅក្នុងពេលខាងមុខដ៏ខ្លី នាងនឹងរំលេចចេញនូវការរកស៊ីដ៏ធំដុំមួយ ដែលរូបនាងជាអ្នកគ្រប់គ្រងដោយផ្ទាល់។ តែយ៉ាងណា តារារូបនេះ បានបញ្ជាក់ថា រាល់ប្រាក់កាសនៅក្នុងការចំណាយទាំងប៉ុន្មានជាប្រាក់របស់ឪពុកម្តាយរបស់នាង។
តារាស្រីដែលធ្លាប់បរាជ័យស្នេហាជាមួយនឹងបុរសអាណិកជនកាណាដារូប នេះបាននិយាយថា៖«នៅពេលខាងមុខនេះ ខ្ញុំមានគម្រោងបើកភោជនីយដ្ឋានមួយកន្លែង តែនោះជាលុយរបស់ប៉ាទេ យើងរកកន្លែងរួចស្រេចហើយ ដូច្នេះមិនយូរទេ គម្រោងនេះនឹងធ្វើនៅពេលឆាប់ៗនេះ»។
ការ ឡើងកូដជាថ្មី ជាមួយនឹងសម្រស់កាន់តែស្រស់ក្មេង សំឡេងកាន់តែពីរោះ មានប្រាក់កាន់ក្នុងដៃទាំងដុំៗនេះ នាំឲ្យមានការសង្ស័យនានាពីអ្នកសិល្បៈដូចគ្នា ក៏ដូចជាប្រិយមិត្តទស្សនិកជនថា តារារូបនេះប្រហែលជាកំពុងសុខកាយសប្បាយចិត្តជាមួយនឹងជីវិត ស្នេហាថ្មីនឹងបុរសណាម្នាក់ហើយមើលទៅ? តែនៅពេលឮពីការលើកឡើងនេះ តារាចម្រៀងនាង មុន្នីរចនា បានឆ្លើយតបមកវិញភ្លាមៗថា នៅក្នុងអំឡុងពេលនេះ រូបនាងមានបេះដូងទំនេរស្អាត មិនមានជាប់ជំពាក់ ឬប្រឡាក់ប្រឡូកស្នេហាជាមួយនឹងបុរសណាម្នាក់នោះទេ។
តារាចម្រៀងរៀមច្បងក្នុងសិល្បៈរូបនេះនិយាយថា៖«បើនិយាយពីរឿងស្នេហា ខ្ញុំអត់មានអ្នកណាទេបង។ ចំពោះរឿងស្នេហានេះ ខ្ញុំគិតថាផ្អាកសិនចុះ ព្រោះខ្ញុំចង់ទុកពេលជួយការងារប៉ាខ្ញុំវិញ យើងត្រូវគិតពីរឿងរកប្រាក់សិន ដោយសារពេលនេះ យើងកំពុងអាចរកចំណូលបានច្រើន»។
នាងបានបញ្ជាក់ថា៖«តាមពិតទៅ មានអ្នកតាមស្រឡាញ់ច្រើនដែរ ហើយអ្នកចូលមកសួរប៉ាម៉ាក់ផ្ទាល់ក៏មិនតិចដែរ តែខ្ញុំចង់ទុកពេលរយាលបន្តិចសិន»។
ពាក់ព័ន្ធនឹងការទាញយក ប្រាក់បានច្រើននៅពេលនេះ ត្រូវបាន តារាស្រី ឡេង មុន្នីរចនា បញ្ជាក់ឲ្យដឹងថា ដោយសារតែលោកប៉ារបស់នាងជាអ្នករកស៊ីអចលនទ្រព្យដែលមានការងារ មមាញឹកច្រើន ចាំបាច់នាងត្រូវឆ្លៀតពេលជួយដើម្បីបង្កើនប្រាក់ចំណូល ដូច្នេះស្នេហាមិនទាន់ដល់ពេលដែលនាងត្រូវគិតនោះទេ៕

Wow! Wow!