​ពលរដ្ឋ​ខេត្តកោះកុង​អំពាវនាវ​រក​កិច្ច​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​រឿង​ក្រុមហ៊ុន​ចិន​ដុត​ផ្ទះ​បណ្តេញចេញ​​

ដោយ៖​ ញឹម សុខន​
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ផ្ទះប្រជាពលរដ្ឋដែលរងការដុតបំផ្លាញពីក្រុមហ៊ុនចិន (រូបថត៖ បណ្តាយសង្គម)

​របាយការណ៍​ស្រាវជ្រាវ របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្តី​ពី​ផលប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍ ក្រុមហ៊ុន​ចិន ឈ្មោះ​យូ​ញៀន​ឌី​វើ​លុប​ភឺ​មែន​គ្រុប  (Union Development Group CO.LTD) ចេញផ្សាយ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៣ បង្ហាញថា យ៉ាងហោចណាស់ មាន​ពលរដ្ឋ​ជាង​១០០០​គ្រួសារ​(១១៤៣ សង្គម​ស៊ីវិល – ១១៦៣ UN) រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ចិន​នេះ​។​

​ការរកឃើញ​នោះ​បង្ហាញថា ប្រជាពលរដ្ឋ​ភាគច្រើន​ក្នុងចំណោម​១១៤៣​គ្រួរ​សារ ត្រូវបាន​បង្ខំ​ឲ្យ​រុះរើ​ផ្ទះសម្បែង ផ្លាស់​លំនៅឋាន​ទៅកាន់​ទីតាំង​ថ្មី ដែល​មាន​ចម្ងាយ​ប្រហែល​៦​គីឡូម៉ែត្រ ពី​ទីតាំង​ចាស់ ដោយ​មិន​ទទួលបាន​សំណង​សមរម្យ និង​យុត្តិធម៌ ដូច​មានចែង​ក្នុង​ច្បាប់ និង​គោលការណ៍​សំណង​របស់​រាជរដ្ឋាភិបាល​។​

​របាយការណ៍​ដដែល ដែល​មាន​វេទិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGOforum)​គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​លីកាដូ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) ជា​អ្នកស្រាវជ្រាវ ឲ្យដឹង​ទៀត​ថា​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​១១៤៣​គ្រួសារ មាន​៨០០​គ្រួសារ​ស្មើនឹង​៧១​ភាគរយ បាន​បង្ខំចិត្ត​ផ្តិតមេដៃ​យល់ព្រម​ទៅ​រស់នៅ​តំបន់​តាំង​ទីលំនៅ​ថ្មី​។​

​ចំណែក​៣៤៣​គ្រួសារ​ទៀត ស្មើ​២៩​ភាគរយ មិន​ទ​ទូល​យក​គោលការណ៍​នេះ​ទេ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឆ្វៀល​ដី​ភូមិ របស់​ពួកគាត់ ចេញពី​ដី​របស់​ក្រុមហ៊ុន ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ស្បែក​ខ្លា​។ អ្នក​ទាំង​នោះ​កំពុង​ប្រឈម​នឹង​ការបណ្តេញ​ចេញ​ទាំង​បង្ខំ​។​

​ក្រុមហ៊ុន យូ​ញៀន​ឌី​វើ​លុប​ភឺ​មែន​គ្រុប  (Union Development Group CO.LTD) នេះ​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល លើ​ទំហំ​ដី​សរុប​ជាង​៤​ម៉ឺន​ហិកតា​(​ឆ្នាំ​២០០៨​ទំហំ​៣៦.០០០​ហិកតា និង​ឆ្នាំ​២០១១​ទំហំ​៩.១១០​ហិកតា​) លើស​ពី​ច្បាប់​ភូមិបាល កំណត់​ត្រឹម​១​ម៉ឺន​ហិកតា​។​

ទំហំ​ដី​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន​នេះ លាតសន្ធឹង​តាម​ឆ្នេរសមុទ្រ​ខ្មែរ ចម្ងាយ​ជាង​១២០​គីឡូម៉ែត្រ​គ្របដណ្តប់​លើ​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​បុ​ទុម​សាគរ និង​គី​រី​សាគរ​ខេត្ត​កោះកុង​។​

​កន្លែង​តាំង​លំនៅ​ថ្មី​នោះ ស្ថិតក្នុង​ស្រុក​បុ​ទុម​សាគរ តែ​មិន​ស្ថិត​ក្នុង​ទំហំ​ដី​នៃ​គម្រោង​អភិវឌ្ឍន៍ របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​ទេ​។​

បើ​មើល​មួយ​ភ្លែត គេ​ហាក់​ឃើញ មាន​ផ្ទះ​ត្រូវ​បាន​សង់​យ៉ាង​មាន​របៀប មាន​សង់​ជា​ជួរ លាបថ្នាំ​ពណ៌ មាន​វត្ត​អារាម និង​ប៉ុស្តិ៍​សុខភាព ជាដើម ប៉ុន្តែ​បើ​គេ​ធ្វើដំណើរ​កាត់​ភូមិ​មួយ​ត្រួស​ទើប​ដឹងថា ផ្ទះ​ភាគច្រើន ពុកផុយ ហើយ​គ្មាន​មនុស្ស​រស់​នៅ​ទៀត​ផង​។​

​ស្ថិតក្នុង​វ័យ​ជាង​៣០​ឆ្នាំ មាន​ទឹកមុខ​ស្រងូតស្រងាត់ អង្គុយ​អោបក្បាលជង្គង់ ក្រោមផ្ទះ សង់​ថ្មី ហ៊ុមព័ទ្ធ​ទៅ​ដោយ​ព្រៃ អ្នកស្រី ប្រាក់ សារ៉េត អះអាងថា គ្រួសារ​គាត់​មាន​ដី​ជិត​២០​ហិកតា មាន​ដាំ​ដំណាំ​ហូប​ផ្លែ​ជាច្រើន​។ អ្នកស្រី​ថា ពេល​មក​រស់នៅ​ទីតាំង​ថ្មី​នេះ គាត់​ទទួលបាន​ដី​តែ​៥​ហិកតា​ប៉ុណ្ណោះ​។​

​អ្នកស្រី ប្រាក់ សារ៉េត ឲ្យដឹងទៀតថា គ្មាន​នរណា​ម្នាក់​ចង់​មក​រស់នៅ​ទីតាំង​ថ្មី ដោយ​បាត់បង់​ដី​កេរអាករ ពី​ដូនតា​ទេ ហើយ​មូលហេតុ ដែល​គ្មាន​វត្ត​មាន​អ្នកភូមិ រស់នៅ​ទី​នេះ​ច្រើន ដោយសារ ជួប​ការលំបាក​សព្វបែបយ៉ាង ដូច​ជា​ពួកគាត់​ធ្លាប់​ធ្វើ​របរ​នេសាទ បែរជា​មក​រស់នៅ​លើ​ទី​ទួល គ្មាន​ផ្លូវ​សម្រាប់​ធ្វើដំណើរ ខ្វះ​ភ្លើងអគ្គិសនី​ប្រើប្រាស់ ខ្វះ​ទឹកស្អាត ជាដើម «​ជីវភាព​ពិបាក​ជាង​នៅ​ភូមិ​ចាស់ ពិបាក​ទឹក ពិបាក​ផ្លូវ ផ្លូវ​ឡើង​ចូល​ផ្ទះ​។ ​ទោះ​សំណង​គេ​ចែក​ដី​ចម្ការ​ឲ្យ​២​ហិកតា តែ​២​ហិកតា​នោះ​មិន​មាន​ឈូស​ផ្លូវ​ឲ្យ នៅ​ដី​ព្រៃ នៅ​ឈើ​ធំៗ ហើយ​ផ្ទះ​ហ្នឹង​គេ​ធ្វើឲ្យ តែ​ផ្ទះ​ហ្នឹង​ពុក ឈើ​ពុក ឈើ​អន់​។ នៅលើ​ដី​ហ្នឹង ដាំ​ចេក តែ​ចេក​នោះ​បាន​មួយ​ឆ្នាំ ពីរ​ឆ្នាំ ខ្ញុំ​នៅ​បី​ឆ្នាំ​ហើយ ដែល​ចេក​ខ្ញុំ​ពាយ​អស់ហើយ ចេក​ខ្ញុំ​ងាប់​ហើយ វា​នៅ​លើ​ភ្នំ​ឆាប់​ងាប់​»​។​

ប៉ុស្តិ៍សុខភាព ដែលក្រុមហ៊ុនចិនសាងសង់ឲ្យប្រជាពលរដ្ឋ គ្មានមនុស្សនៅប្រចាំការ (រូបថត៖ ញឹម សុខន)

​អ្នកស្រី ព្រាប  រដ្ឋា រស់នៅ​ឃុំ​ព្រះស្តេច​ដែល​មិន​ព្រម​ទទួល​សំណង​ទៅ​រស់នៅ​ទីតាំង​ថ្មី អះអាងថា ការបង្ខំ​ឲ្យ​ពួកគាត់​ទៅ​រស់នៅ​កន្លែង​មួយ ដែល​មិន​ទាន់​រៀបរយ ខ្វះ​សព្វគ្រប់​បែបនេះ មិន​ខុស​ពី​បញ្ជូន​មនុស្ស​ទៅរក​សេចក្តីស្លាប់​ទេ​។ ពួក​គាត់​ស្នើឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ចំពោះ​វិធានការ​បណ្តេញ​ចេញ​ទាំង​បង្ខំ របស់​ក្រុមហ៊ុន​ចិន​នេះ «​ភូមិ​ថ្មី​ដែល​គាត់​ធ្វើ​ផ្ទះ​ឲ្យ​នោះ ទៅ​នៅ​អី​កន្លែង​ហ្នឹង កន្លែង​ហ្នឹង​ស៊ី​គ្រួស ស៊ី​ថ្ម​ហ្នឹង ទៅ​នៅ​កន្លែង​ហ្នឹង​ទម្រាំ​តែ​ពួក​ខ្ញុំ​កកើត ដំណាំ​បាន​រហូត​ប៉ុនៗ​នេះ​វិញ សួរ​ថា​ប៉ុន្មាន​ឆ្នាំ​ទើបបាន​ចន្ទី​ខ្ញុំ​បាន​លក់​។ រាល់​ឆ្នាំ​មុខ​នឹង​ពួក​ចិន​ហ្នឹង​ចូល ចន្ទី​ពួក​ខ្ញុំ​បេះ​ក្នុង​មួយ​ឆ្នាំៗ យ៉ាងហោចណាស់​ក៏​បាន​ជិត​១​លានជាង​ដែរ​»​។​

​ផល​លំបាក របស់​ពលរដ្ឋ ដែល​កើតចេញ​ពី​គម្រោង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច របស់​រដ្ឋាភិបាល ទៅឲ្យ​ក្រុមហ៊ុន​ចិន​នេះ ត្រូវបាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​របាយការណ៍​ស្រាវជ្រាវ ស្វែងរក​ការពន្យល់​ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ។​

ក្នុង​កិច្ច​ជំនួប​កាលពី​ឆ្នាំ​២០១៣ មន្ត្រី​រដ្ឋាភិបាល​រូបនោះ​បញ្ជាក់ថា វា​ជា​សំណាង​របស់​ប្រទេស​កម្ពុជា​ទៅវិញ​ទេ ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋា​មន្ត្រី​ហ៊ុន សែន ដែល​អាច​ទាក់ទាញ​វិនិយោគ ឲ្យមក​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍន៍​នោះ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា លោក​បាន​ជួប​តំណាង​ក្រុមហ៊ុន យូ​ញៀន និង​អាជ្ញាធរ​ពាក់ព័ន្ធ ញឹកញាប់​មិន​ឲ្យ​បណ្តេញ​ពលរដ្ឋ​ណាមួយ​ចេញពី​លំនៅដ្ឋាន​ទាំង​បង្ខំ​ទេ «​ខ្ញុំ​ប្រាប់​ក្រុមហ៊ុន​ទាំងអស់ និង​អាជ្ញាធរ​ថា អ្នកនេសាទ​នេះ អ្នក​ឯង​មិន​អាច​បង្ខំ​គាត់​ឲ្យចេញ​ពី​កន្លែង​គាត់​ទេ ទោះបី​គាត់​កុងត្រា​ថា​មក​នៅ​ឯ​ណា​ក៏​ដោយ ធ្វើ​ម៉េច​ឲ្យ​គាត់​អាច​ចតទូក នៅ​តាម​កន្លែង​គាត់​ធ្លាប់​ចត ហើយ​គាត់​មាន​សិទ្ធិ​ទៅ​ចាប់​ត្រី យកមក​លក់​ឲ្យ​អ្នកឯង​ផង និង​លក់​ឲ្យ​ផ្សារ​ផង​»​។​

​ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍ និង​សង្គម​ស៊ីវិល​វិញ រកឃើញថា ការអនុវត្ត របស់​ក្រុមហ៊ុន​ចិន ខុសពី​បណ្តាំ​របស់​រដ្ឋាភិបាល​។​ ​ក្នុង​រយៈ​ជាង​១​ខែ ដើមឆ្នាំ​២០១៤​នេះ សង្គម​ស៊ីវិល​រកឃើញថា​យ៉ាងហោចណាស់ មានផ្ទះ​ពលរដ្ឋ​៤៥​ខ្នង ត្រូវបាន​ក្រុមហ៊ុន​ចិន ដុតចោល និង​រុះរើ ដើម្បី​បើកផ្លូវ​អនុ​គម្រោង​៩៩​ឆ្នាំនេះ​។​

​ពលរដ្ឋ​រងគ្រោះ​នៅ​ឃុំ​តា​នួន ឃុំ​តា​នួន ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង អះអាងថា ក្រុមហ៊ុន ចិន​មួយ​នេះ បាន​នាំ​កម្លាំង​ចម្រុះ​មាន​ទាំង​កងទ័ព​ផងដែរ ចុះ​ដុត​ផ្ទះ​ពួកគេ ដោយ​មិន​និយាយ ពី​ការផ្តល់​សំណង «​ប្រជាពលរដ្ឋ​សួរថា យ៉ាង​ម៉េច​បាន​មក​ដុត​ផ្ទះ​ខ្ញុំ ចិន​ថា ដី​នេះ​ជា​ដី​ក្រុមហ៊ុន  ហ៊ុន សែន សញ្ញេ​ឲ្យ​ហើយ និយាយ​អញ្ចឹង និយាយ​ត​តែ​មួយ​ម៉ាត់​អញ្ចឹង ដាច់​ហើយ​ក៏​បញ្ជា​ឲ្យ​ទាហាន កម្មករ​ដុត​តែម្តង​។ ហើយ​ថ្ងៃ​ហ្នឹង វា​មក​ដេញ វា​រើ​ផ្ទះ​ខ្ញុំ ខ្ញុំ​ក៏​រើ​ឥ​វ៉ាន់ ទៅ​នៅ​ចម្ការ​ចន្ទី​ឯណោះ​វិញ​»​។​

​អ្នកស្រី​សូ សម្បត្តិ រស់នៅ​ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ដង្ហើយ​ហៅ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ជួ យ​អន្តរាគមន៍ ដើម្បីឲ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ​ផ្តល់សំណង និង​បញ្ឈប់​ការបណ្តេញចេញ​ «​គាត់​មក​ចាប់​បងប្អូន​ខ្ញុំ បងប្អូន​ខ្ញុំ​បីនាក់ ទាំង​ប្តី​ខ្ញុំ​វា​ចាប់​ជាប់ ទាំង​កូន​តូច​ខ្ញុំ​ក៏​វា​ចាប់​ដែរ វា​ចាប់​ឲ្យ​ខ្ញុំ​ចេញពី​ផ្ទះ ខ្ញុំ​មិន​បាន​រើ​ឥ​វ៉ាន់​អី​ចេញ​ទេ​ពូ​អើយ វា​ជួយ​ដាក់ វា​ជួយ​អី​ទាំងអស់ ខ្ញុំ​គ្មាន​បាន​យក​អ្វី​ចេញ របស់​ទ្រព្យ​របស់​ខ្ញុំ​ក្នុង​ហ្នឹង​បាត់ បាត់​ខាត​របស់ខ្ញុំ ក៏​ខ្ញុំ​មិន​បាន​រើ​ដែរ​ពូ​អើយ រញ៉េរញ៉ៃ​ពេញ​ទាំងអស់ វា​មិន​អាណិត​ខ្ញុំ​ទេ​។ ខ្ញុំ​យំ ខ្ញុំ​ថា​ពូ​ឯង​ឲ្យ​ខ្ញុំ​ទៅ​នៅឯណា បើ​ខ្ញុំ​នៅលើ​ទឹកដី​ខ្ញុំ​ហើយ ពូ​ឯង​មក​រុះ​របស់​ខ្ញុំ​ទៀត ឲ្យ​ខ្ញុំ​ទៅ​នៅឯណា ហើយ​ឥឡូវ​ហ្នឹង ខ្ញុំ​ចង់​ឲ្យ​វា​ចេញ​មក​ដោះស្រាយ​ជាមួយ​ពួក​ខ្ញុំ ដើម្បី​ទាមទារ​របស់ខ្ញុំ​វិញ ផ្ទះ​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​ការសាងសង់​នៅ​វិញ ខ្ញុំ​មិន​អាច​នៅ​ខ្ទម​រហូត​អញ្ចឹង​បានទេ នៅ​ខ្ទម​ពេល​ភ្លៀង ពេលរ​លឹម​មក ឲ្យ​ខ្ញុំ​ទៅ​នៅ​កន្លែង​ណា ខ្ញុំ​នៅ​អញ្ចឹង​មិន​កើត​ទេ ខ្ញុំ​សូម​ឲ្យ​ពួក​វា​ចេញ​មក​ដោះស្រាយ​ជាមួយ​ពួក​ខ្ញុំ​»​។​

​អភិបាលស្រុក​គី​រី​សាគរ លោក ឃឹម ច័ន្ទ​ឌី អះអាងថា ការស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ត្រូវការ​ពេលវេលា​បន្ថែមទៀត មុន​នឹង​សម្រេច​បាន​តាម​គោលនយោបាយ​ដីធ្លី​របស់​រដ្ឋាភិបាល​ «​អ្វី​ដែល​គាត់​ជួប​ការលំបាក គឺ​គាត់​នៅតែ​ជា​ប្រជាពលរដ្ឋ​ដែល​តាំង​ទីលំនៅ​នេះ​នៅឡើយ មិន​អាច​បដិសេធ​គាត់​បាន​ទេ​។ អ៊ីចឹង​ចំនុច​នេះ អាជ្ញាធរ​ស្រុក មិន​អាច​ព្រងើយកន្តើយ​ទេ យើង​បាន​សុំ​ទៅ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ចែក​ជា​ដី ជូន​ពួកគាត់​ជា​បន្តទៅទៀត សុំ​គោលការណ៍​ទៅ​គណៈកម្មការ​អន្តរក្រសួង​»​។​

​មន្ត្រី​ដីធ្លី​នៅ​វេទិការ​ការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​លោក ថា​ន់ ស៊ីថាន ដែល​តាមដាន​ករណីនេះ យល់​ថា​ការបណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ទាំង​បង្ខំ ជា​ការរំលោភច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​លោក ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានកា​រ​យ៉ាងណា ធានាថា ការអភិវឌ្ឍន៍​មួយ ទទួល​បាន​ប្រយោជន៍​ទាំង​ប្រជាពលរដ្ឋ ទាំង​ក្រុមហ៊ុន នោះ​ទើប​រដ្ឋាភិបាល​ទទួល បាន​នូវ​ការកោតសរសើរ ពី​កិច្ច​ខំប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍន៍​ជាតិ «​ហើយ​តែ​រឹងទទឹង វា​គ្មាន​អ្វី​ទេ វា​មាន​តែ​វ៉ៃ​យើង វា​សុទ្ធតែ​កាំភ្លើង ប្រជាជន​សុទ្ធតែ​អ្នកក្រ ដៃ​ទទេ អញ្ចឹង​ខ្ញុំ​សុំ​តែ​ប៉ុណ្ណឹង សូម​សម្តេច​ឲ្យជួយ​មក ជួយ​បែរក្រោយ​មើល​ផង​»៕

សូមសរសេរមកលោក ​ញឹម សុខន​​ តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

8 Responses to "​ពលរដ្ឋ​ខេត្តកោះកុង​អំពាវនាវ​រក​កិច្ច​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​រឿង​ក្រុមហ៊ុន​ចិន​ដុត​ផ្ទះ​បណ្តេញចេញ​​"

  1. Sdach Lit says:

    When will those victims wake up and understand that
    there is no prime minister in Cambodia. That guy is
    a thug leader. Do you know the one who order
    to burn your home down is the guy that you ask
    for interference? Is it hard to figure it out?

    So sympathy to khmer people who always have leader
    chea sat derichan. Pourk vear min mane monus te.

  2. sarika says:

    ដំរីជល់រឺស្នេហាគ្នាវាងាប់ឯស្រមោច។ ក្រុមហ៊ុនចិនដូចជាដំរីមួយ, រដ្ឋាភិបាលដូចជាដំរីមួយ។ពេលវាពាក់គ្នាខ្ទេចហើយស្មៅនិងស្រមោចខាងក្រោម។ វាជាក្រិតក្រម មិនបាច់អំពាវនាវរកដំរីមួយឧ្យជួយនោះទេ ព្រោវាកំពុងតែស្នេហាគ្នា។អ្វីដែលត្រូវគិតគឺថា ចិនមិនមែនជាដំរី, រដ្ឋាភិបាលមិនមែនជាដំរី។គឺជាមនុស្សជុះអាចម៌ស្អុយដូចគ្នា ត្រូវការលំនៅដ្ឋាន ទីជំរកស្នាក់នៅដូចគ្នា ហើយបើដូចគ្នាអញ្ចឹង ខ្លាចតែ”បន្លាមុតយកបន្លាជួស”រឺ ” ពិសជួសពិស” រឺ​”សេះដាច់យកសេះតាម”។ បើគេដុតផ្ទះខ្ញុំ ខ្ញុំដុតផ្ទះអ្នកឯងវិញ។

  3. វាសនាខ្ញុំ អនាគតខ្ញុំ says:

    នេះជាចំណុចក្តៅក្រហាយនិងការឈឺចាប់របស់ប្រជារាស្រ្តក្រីក្រ។ពួកគាត់គ្មានចង់បានអ្វីក្រៅពីរស់នៅសុខសាន្តក្នុងភូមិរបស់គាត់​ប៉ុណ្ណោះ តែអ្នកដឹកនាំសព្វថ្ងៃចុះកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច
    រយះពេលយូរ៧០ទៅ៩៩ឆ្នាំទៅក្រុមហ៊ុនចិនប៉េកាំងហាក់បីដូចលក់ដិឲ្យឈ្មួញចិនធ្វើស្រេចតែអំពើ​ចិត្តរំលោភសិទ្ធិមានលំនៅដ្ឋានរបស់រាស្រ្តខ្មែរ។នេះហើយការអភិវឌ្ឍន៍ កែទម្រង់ស៊ីជំរៅ យុទ្ធសាស្ត្រ​​មុតស្រួចរបស់រដ្ឋាភិបាលមិនស្របច្បាប់។

  4. Anonymous says:

    នាយករដ្ផមន្ត្រីកំពុងជាប់បណ្តឹងនៅតុលាការអន្តរជាតិអៃស៊ីស៊ីហើយគាត់មិនមានលទ្ធភាពជួយទេ
    ទោះគាត់មិនជាប់បណ្តឹងគ៏គាត់មិនជួយរាស្ត្រដែរតែជួយក្រុមហ៊ុនមានលុយ??????????????????

  5. CHEA says:

    here it is HUN SEN this is your mistaken .do not say what did I do wrong. is this the right thing for you to do. or you going to say these peoples doing some thing wrong. that right all CAMBODIAN in the whole country wanted you to go down. you work for peoples when peoples not supporting you who ale you work for. peace to all CAMBODIAN

  6. ស្តេចកំសាកញី says:

    ចោរលួចដុតផ្ទះហើយហៅចោរអោយជួយទៀត គិតទៅលោកចោរពិតជាអច្ចារ្យណាស់។

  7. ជនភ្នែក០១ says:

    នៅក្នុង​គ្រួសារមួយដែលកំពុងជួបឧបសគ្គផេ្សងៗដោយការខ្វះខាត​,​ដោយអំពើហឹង្សា,ដោយករណីជា
    ច្រើនទៀតគឺមកពីមេគ្រួសារអសមត្ថភាព,អវិជ្ជាដូច្នេះគ្រួសារគេចមិនផុតពីការរងគ្រោះទ្បើយហេតុដូចនេះត្រូវតែផ្លាស់មេគ្រួសារចេញជាដាច់ខាត។​យ៉ាងណាមិញដូចជាហ៊ុនសែនអញ្ចឹង​​​​ ជាំប្រភេទអ្នកដឹកនាំប្រទេសដើម្បីតែអំណាចនិយម,គ្រួសានិយម,និងបក្សពួកនិយមហើយមិន
    តែប៉ុណ្ណោះហ៊ុនសែនជាជនក្បត់ជាតិលក់ក្បាលអោយយួន,លក់ប្រទេសអោយយួនធ្វើម៉េចអោយតែ
    ខ្លួនឯងបានក្តោបក្តាប់អំណាចចង់អាណាងាប់អីងាប់ទៅ,ចង់ប្រទេសជាតិប្រជាជនអស់អីអស់ទៅ
    ដូច្នេះហើយយួននិងចិនគឺជាជនដែលមានឧកាសទទួលបានផលចំណេញជាច្រើនពីខ្មែរដោយសារតែមេដឹកនាំប្រទេសសែនមហាល្ងង់ខ្លៅហើយឆ្កួតនិងអំណាច។

  8. Lethi Cheat says:

    People’s lands were taken without compensations. One of the reasons was that some people werre from outside the areas….! The question is under which law which states that people from outside the areas could not own the lands? Plus, the the government annulled the existing land ownership titles… How come!?

    Roumours have circulated around that the Chninese firm already gave the money to the government to pay to affectec people. The high officials, who are responsble, took the money for themselves. That’s why people have been robbed off their lands without proper compensations.

    Plus, the economic land concession regulatiin calls for the villages, people’s lands to be carbed out…How come then poeple have been bulldosed off their lands?

    Where is justice, where is the law?!