ដោយ៖ បូ សាវី
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាពលរដ្ឋប្រមាណ២០០នាក់ នៃឃុំចំនួន៣ នៅស្រុកក្រគរ ខេត្ដពោធិ៍សាត់ នៅព្រឹកថ្ងៃអង្គារនេះ តវ៉ាប្រឆាំងនឹងក្រុមហ៊ុន រតនាវិសាល ឲ្យបញ្ឈប់គ្រឿងចក្រ ដោយពួកគេអះអាងថា ក្រុមហ៊ុននោះ ឈូសឆាយរំលោភយកដីពួកគេ ដោយខុសច្បាប់។
អ្នកភូមិទាំងនោះ មកពីឃុំអន្លង់ត្នោត ឃុំក្បាលត្រាច និងឃុំខ្នារអន្សា ក្នុងស្រុកក្រគ ខេត្ដពោធិ៍សាត់។ ពួកគេបានប្រមូលផ្ដុំគ្នា ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ និងបានយកគោយន្ដបួនគ្រឿង រាំងផ្លូវរថយន្ដសេរីទំនើបមួយគ្រឿង មិនឲ្យបើកចូលមើលគ្រឿងចក្រឡើយ ប៉ុន្ដែមិនមានអំពើហិង្សាកើតឡើងនោះទេ។
ពលរដ្ឋនៅនៅឃុំអន្លង់ត្នោត លោក លឹម គឹមអ៊ី ប្រាប់VODថា ដីពលរដ្ឋ៦៣គ្រូសារនៅតំបន់នោះ ត្រូវបានក្រុមហ៊ុនរតនាវិសាល យកគ្រឿងចក្របួនគ្រឿងឈូសឆាយរំលោភយកអស់២៥០ហិកតា ដោយមិនផ្ដល់សំណង។ លោកទាមទារឲ្យអាជ្ញាធរ និងម្ចាស់ក្រុមហ៊ុន ដោះស្រាយមុននឹងធ្វើការអភិវឌ្ឍន៍ «ត្រៀមចាំអាជ្ញាធរគេចេញមុខដោះស្រាយ ព្រោះបើប្រជាជនមិនធ្វើអញ្ចឹងទេ អាជ្ញាធរធ្វើព្រងើយកន្តើយៗ យកលុយពីក្រុមហ៊ុន ដើរគេចអស់ហើយ»។
ពលរដ្ឋមួយរូបទៀត លោក ផាន់ ស៊ីថា ឲ្យដឹងថា ដីចំការរបស់គាត់៦ហិកតា បានកាន់កាប់ ស្របច្បាប់ តាំងពីឆ្នាំ១៩៨៩ ប៉ុន្ដែក្រុមហ៊ុន បានឈូសឆាយបំបាត់ភស្តុតាងរយៈពេលមួយសប្ដាហ៍ហើយ ដោយមិនផ្ដល់សំណងណាមួយឡើយ «ដីដែលអាស្រ័យផលនោះ មានខ្លះ ហើយក្រៅពីនោះឈូសឆាយអស់ហើយ បាតុភស្តុតាងអស់ មានទាំងចេក ម្នាស់ ស្លឹកគ្រៃ សាគូ ដំឡូងមី ម្ទេស ហើយឥឡូវក្រុមហ៊ុនបានឈូសអស់ហើយ។ ខ្ញុំចង់ឲ្យគាត់ឈប់សិន ចង់ឲ្យរដ្ឋាភិបាលជួយដោះស្រាយពួកខ្ញុំសិនវិញមក»។
ប៉ុន្ដែមេការក្រុមហ៊ុនរតនាវិសាល ដែលពលរដ្ឋអះអាងថា ឈ្មោះ ងួន ឲ្យដឹងថា ក្រុមហ៊ុនធ្វើតាមប្លង់ដី ដែលសល់ពីក្រុមនិស្សិតវាស់វែងឲ្យពលរដ្ឋកន្លងមក។ លោកបន្ថែមថា ពលរដ្ឋដែលមកតវ៉ានោះមិនមានប័ណ្ណ កាន់កាប់ដី និងមួយចំនួនទៀតជាអ្នកចំណូលថ្មី «គាត់មិនមានប្លង់ទេ ហើយអ្នកខ្លះមិនដឹងជាមកពីណា មកទាមទារ។ ហើយក្រុមហ៊ុនរបស់ខ្ញុំហ្នឹង ធ្វើតាមតែផែនការមេ ហើយនិងបទបញ្ជា០០១ របស់សម្តេចនោះ បានចប់ហើយ វាស់សព្វគ្រប់ហើយ។ ប៉ុន្តែខ្ញុំធ្វើតែអត់មានប៉ះចូលប្លង់ របស់ប្រជាពលរដ្ឋទេ ធ្វើតែដីក្រុមហ៊ុនសល់ហ្នឹង។ ពួកក្រុមនិស្សិតវាស់ឲ្យនោះ សល់ប៉ុន្មាន គឺខ្ញុំដាំដើមឈើ»។
យ៉ាងនេះក្ដី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្ដពោធិ៍សាត់ លោក ពោង សុធា ដែលបានចុះស៊ើបអង្កេតករណីនេះ មានប្រសាសន៍ថា តំបន់នោះ ជាដីស្រែរបស់ពលរដ្ឋ ដែលអាស្រ័យផលជាយូរឆ្នាំមកហើយ ប៉ុន្ដែក្រុមហ៊ុន រតនាវិសាល នោះនៅតែបន្ដឈូសឆាយ ដោយមិនគោរពបទបញ្ជា០០១នោះឡើយ។ លោកថា រដ្ឋាភិបាលត្រូវមានយន្ដការច្បាស់ដោះស្រាយជួនពួកគេ ដើម្បីជៀសវាងពលរដ្ឋធ្វើចំណាកស្រុក។
បើតាមពលរដ្ឋ នៅរសៀលថ្ងៃអង្គារនេះ ពួកគេបានទៅសាលាស្រុកក្រគរ តែ អាជ្ញាធរ ឲ្យតំណាងពលរដ្ឋ៣នាក់ ទៅដោះស្រាយជាមួយអាជ្ញាធរខេត្ដនៅថ្ងៃពុធស្អែកនេះវិញ៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com
ល្គឹកណារាជរដ្ឋាភិបាលគណបក្សប្រជាជននៅតែប្រកាន់គោលនយោបាយមិនយកពន្ធពីដីធ្លីកសិកម្មនោះទេ បញ្ហារបស់រដ្ឋាភិបាលគឺនៅតែមាន គឺត្រូវអង្គុយតែបកផ្សែងតែរហូត។
គ្រប់ពេលទាំងអស់ ដីណាក៏ជាដីរបស់ប្រជាជន ដែលរាជរដ្ឋាភិបាលនឹងពុំមានសិទ្ធិចាត់ចែង ដើម្បីប្រយោជន៍ជាតិ ឡើយ។
សូមមានវិធានការយកពន្ធដីទៅ។
ចំណេញណាស់ នៅពេលយកពន្ធដី។ ពេលនោះ អ្នកដែលធ្លាប់កាន់កាប់ដីរាប់ពាន់ហិកតា ក៏ត្រូវបង់ពន្ធ ឯប្រជាជនតូចតាចដែលមានដីលើសពីតម្រូវការ ឬក្នុងច្បាប់លើកលែង ក៏មានកាតព្វកិច្ចបង់ពន្ធដូចគ្នា។ រដ្ឋាភិបាល នឹងមានលទ្ធភាព ប្រមូលថវិកាមកប្រើប្រាស់ដើម្បីប្រយោជន៍ជាតិ។
ទោះបីមានការលំបាក ឬមិនសប្បាយចិត្តពីប្រជាពលរដ្ឋខ្លះ តែទាំងអស់គ្នា ពិតជានឹងពេញចិត្ត ព្រោះវាមានសមធម៌។
សូមរដ្ឋាភិបាល ជាពិសេសគណបក្សប្រជាជន ត្រូវទទួលស្គាល់ថា ក្នុងស្ថានភាពដូចបច្ចុប្បន្ននេះ ប្រជាជនបានចោទប្រកាន់រដ្ឋាភិបាលថា « បានជារដ្ឋាភិបាលមិនយកពន្ធដី គឺគ្រាន់តែជានយោបាយមួយឲ្យប្រជាកសិករសប្បាយចិត្ត ប៉ុន្តឬក៏ជាឱកាសទុកឲ្យមន្ត្រីគ្រាក់ៗរបស់រដ្ឋាភិបាល និងឈ្មួញ មានឱកាសចំណេញប្រាក់ពន្ធរាប់ពាន់ដុល្លាពីការកាន់កាប់ដីរាប់ពាន់ហិកតានោះ ទោះជាដីស្របច្បាប់ និងមិនស្របច្បាប់។ រដ្ឋាភិបាលគួរតែទទួលស្គាល់ថា ដោយសារតែរដ្ឋមិនយកពន្ធដីនេះហើយ ទើបបានជា កើតមានការរានបំផ្លាញព្រៃ។ ហើយការរានបំផ្លាញព្រៃនោះ សូមរដ្ឋាភិបាលទៅសួរចុះថា តើជាដីរបស់នរណា???? ពេលនោះ នឹងដឹងថា ពុំមែនដីអស់តែព្រៃទេ គឺពិតជាម្ចាស់! ហើយចូរសួរថា តើជាដីអ្នកណា ចុះ!