រាជរដ្ឋាភិបាល បាន​ចុះបញ្ជី​និង​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ បាន​ជាង​៣​លាន​ក្បាលដី

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចុះបញ្ជី និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បាន​ចំនួន ០៣​លាន​០៣​សែន​ក្បាលដី គិត​មក​ដល់​​ថ្ងៃ​​ទី​០៧ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៤​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចេញផ្សាយ​នៅ​ថ្ងៃទី​១០​ខែ​កុម្ភៈ ឲ្យដឹងថា ក្នុង​គោលដៅ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និង​អនុលោម​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ បាន​បន្ត​គ្រប់គ្រង ប្រើ​ប្រាស់ និង​​បែង​ចែក​ដី​រដ្ឋ ដើម្បី​បម្រើ​ប្រយោជន៍​នៃ​ការអភិវឌ្ឍ​ ប្រកម​ដោយ​តម្លាភាព និង​សមភាព។

សេចក្តីប្រកាស​ព័ត៌មាន បន្តថា គិត​មកដល់​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤​នេះ រាជរដ្ឋាភិបាល បានសម្រេច​ចុះបញ្ជី និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជា​ពលរដ្ឋ​​ទូទាំង​ប្រទេស​បាន​ចំនួន ០៣​លាន​០៣​សែន​ក្បាលដី នៅក្នុង​គោល​បញ្ជី​ដីធ្លី ហើយ​សម្រាប់​ការធ្វើ​ប្រទានកម្ម និង​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​តាម​បទបញ្ជា ០១ បាន​អនុវត្ត​លើ​ឃុំ​ចំនួន ៣៥៧ ដែល​ក្នុងនោះ បាន​វាស់វែង​ជាង ៧១​ម៉ឺន​ក្បាល​ដី បាន​បិទ​ផ្សាយ​ជា​ង ៧១​ម៉ឺន​ក្បាល​ដី និង​បាន​ចែក​ប័ណ្ណកម្មសិទ្ធិ​ស្ថាពរ​ដល់ដៃ​ប្រជាពលរដ្ឋ​ចំនួន​ជាង ៤៥​ម៉ឺន​ប័ណ្ណ​៕

សរសេរមកកាន់កញ្ញា ពេជ្រ សុធារី​ តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles

One Response to "រាជរដ្ឋាភិបាល បាន​ចុះបញ្ជី​និង​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ បាន​ជាង​៣​លាន​ក្បាលដី"

  1. ក្នុងពេលឥឡូវនេះ ចែក ជាន់ និងដុតផ្ទះ ដើម្បីយកដីប្រជាជនរស់នៅទៅជួល និងលក់ មានរឿង

    ក៏ច្រើន។