ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ប្រជាសហគមន៍បុរីកីឡា៣នាក់ ក្នុងនោះមានស្ត្រីម្នាក់មានផ្ទៃពោះ៧ខែផងដែរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីរកឃើញថា មានរបួសធ្ងន់ធ្ងរ ក្រោយពេលប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ចនៅព្រឹកថ្ងៃសុក្រនេះ។
អង្គការសិទ្ធិមនុស្សលីកាដូ ឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ វេលាម៉ោង៧នេះ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានចុះទៅបណ្តេញប្រជាពលរដ្ឋពីអគារបុរីកីឡា ដែលកំពុងសាងសង់ បណ្តាលឲ្យមនុស្ស៧នាក់រងរបួស ក្នុងនោះបីនាក់រងរបួសធ្ងន់ ដែលមានទាំងស្ត្រីម្នាក់ មានផ្ទៃពោះ៧ខែផងដែរ។ក្នុងចំណោម៧នាក់ ដែលរងរបួសនោះ មានស្ត្រី៦នាក់ និងបុរសម្នាក់។

(ប្រជាសហគមន៍បុរីកីឡា ដែលរងរបួស និងត្រូវបានយកមកស្នាក់នៅអង្គការសិទ្ធិមនុស្សលីកាដូ/កាន់ វិច្ឆិកា)
VOD មិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ។
ប្រជាសហគមន៍បុរីកីឡា កាលពីថ្ងៃព្រហស្បតិ៍ ប្រកាសថា ពួកគេប្តេជ្ញាបន្តកាន់កាប់អាគារទី៩ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា បើទោះជាមានការរាំងពីសមត្ថកិច្ចក៏ដោយ។ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីតំណាងប្រជាសហគមន៍ចំនួន១២នាក់ ត្រូវបានអនុញាតិឲ្យចូលទៅជួបអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស កាលពីម្សិលមិញ។
សហគមន៍បុរីកីឡា មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនផានអ៊ីម៉ិច ជាច្រើនឆ្នាំមកហើយ ដោយខាងក្រុមហ៊ុនផានអ៊ីម៉ិច បានសន្យាថានឹងសាងសង់អាគារចំនួន១០ សម្រាប់ជាថ្នូរនឹងការយកដីតំបន់បុរីកីឡាទៅអភិវឌ្ឍន៍ ប៉ុន្តែក្រុមហ៊ុននេះ សង់បានតែ ៨អាគារ ជាហេតុនាំឲ្យពលរដ្ឋដែលមិនទទួលបានសំណង ផ្ទុះការតវ៉ា រហូតមកដល់បច្ចុប្បន្ននេះ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
Hun Sen Regime was a regime to fighting each other to take the land. This is a one result of 7 January 1979.