សមត្ថកិច្ច រារាំង​ក្រុម​យុវជន ប្រមូលផ្តុំ​ជិះ​កង់​ក្នុង​យុទ្ធនាការ​មួយរយ​កោដិ​សំឡេង​​

ដោយ៖​ តាំង វីដា​
ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

ក្រុមសមត្ថកិច្ចដែលបានដាក់ពង្រាយនៅតំបន់រមណីយដ្ឋានវត្តភ្នំ (រូបថត៖ តាំង វីដា)

​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ដាក់ពង្រាយ​កម្លាំង​ការពារ​នៅរ​មណី​ដ្ឋា​ន​វត្តភ្នំ ដើម្បី​រារាំង​ក្រុម​យុវជន​ដែល​ចូលរួម​យុទ្ធនាការ​មួយ​រយ​​កោដិ​សំឡេង មិន​ឲ្យ​ជួបជុំ និង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ទីនោះ​ឡើយ​។​

​ក្រុមយុវជន​ប្រមាណ ២០០​នាក់ មកពី​សាកលវិទ្យាល័យ វិទ្យាល័យ និង​អង្គការ​នានា គ្រោង​ធ្វើ​យុទ្ធនាការ​មួយរយ​កោដិ​សំឡេង ដែល​ជា​យុទ្ធនាការ​មួយ ទាមទារ​ឲ្យ​បញ្ឈប់​ការប្រើ​អំពើហិង្សា​លើ​ស្ត្រី និង​កុមារី នៅ​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ​នេះ ដែល​ជា​ថ្ងៃ​នៃ​ក្តីស្រលាញ់ តាមរយៈ​ការ​ជិះ​កង់ ព្រមទាំង​ធ្វើ​សន្និ​សីទ​​សារព័ត៌មាន នៅ​រមណីយដ្ឋាន​វត្តភ្នំ​។ ប៉ុន្តែ​នៅព្រឹក​នេះ គេ​សង្កេត​ឃើញកម្លាំង​សមត្ថកិច្ច​ជា​ច្រើននាក់ បាន​ដាក់​ពង្រាយ​នៅជុំវិញ​វត្តភ្នំ មិន​អនុញ្ញាត​ឲ្យ​យុវជន​ទាំង​នោះ ប្រមូល​ផ្តុំ​ឡើយ ដោយថា ថ្ងៃនេះ​ជា​ថ្ងៃ​បុណ្យ​មាឃបូជា។

ក្រុមយុវជន​ទាំងនោះ បាន​សម្តែង​ការខកចិត្ត​ដែល​អាជ្ញា​ធារ​រារាំង​ពួកគាត់​មិន​ឲ្យ​ជិះ​កង់ ក្នុង​យុទ្ធនាការ​ទាមទារ​យុត្តិធម៌ និង​បញ្ចប់​អំពើហិង្សា​លើ​ស្ត្រី និង​កុមារី​។ ក្រុមយុវជន​ទាំងនោះ បានចាត់ទុក​ការរារាំង​របស់​អាជ្ញាធ​រ ថា​ជា​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ក្នុង​ការសម្តែង​មតិ​របស់​ពលរដ្ឋ​។​

(រូបភាពពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍)

យុទ្ធនាការ​មួយរយ​កោដិ​សំឡេង​ក្នុង​ឆ្នាំនេះ ធ្វើឡើង ក្រោម​ប្រធានបទ <<​សេចក្តីស្រឡាញ់ និង​យុត្តិធម៌​>> ក្នុង​គោលបំណង​ចូលរួម​ជាមួយ​សកម្មជន​នៅ​ទូទាំង​ពិភពលោក ដែល​ស្រលាញ់​និង​គាំទ្រ​ស្ត្រី​ចំនួន​មួយរយ​កោដិ​នាក់ ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ស្ត្រី​ដែល​បាន​រួចផុត​ពី​អំពើ​ហិង្សា តាមរយៈ​ការបញ្ចេញ​សំឡេង និង​រាំ​ជាមួយគ្នា ដើម្បី​ទាមទារ​រក​យុត្តិធម៌ និង​បញ្ចប់​អំពើហិង្សា​លើ​ស្ត្រី និង​កុមារី​។ យុទ្ធនាការ​នេះ មាន​សកម្មភាព​ផ្សេងៗ​ដូចជា ការ​រាំ​ជា​ក្រុម ការ​ជិះ​កង់ បទ​សម្ភាសន៍​តាម​វិទ្យុ​និង​ទូរទស្សន៍ និង​ការសម្តែង​ក្នុង​ការប្រគុំ​តម្ត្រី នៅ​ល្ងាច​ថ្ងៃទី​១៤​ខែ​កុម្ភៈ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​៕

សរសេរមកកាន់​លោក តាំង វីដា​ តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

3 Responses to "សមត្ថកិច្ច រារាំង​ក្រុម​យុវជន ប្រមូលផ្តុំ​ជិះ​កង់​ក្នុង​យុទ្ធនាការ​មួយរយ​កោដិ​សំឡេង​​"

  1. ប្រជាពលរដ្ឋ says:

    តាចាស់ ហ៊ុន សែន ខ្លាច របប ប្រជាធិបតេយ្យ ពិតប្រាកដ្ឋ ! តាចាស់ ហ៊ុន សែន ចង់ ធ្វើ របប

    ប្រជាធិបតេយ្យ ក្លែងក្លាយ !

  2. ក-5 says:

    ដើរខុសហើយ​នូវតែអនុវត្តកាន់តែខុសទៀត​ សូមប្រវត្តិសាស្រ្តចារឹកទុកទៅចុះ​៕

  3. សំឡាញ់! says:

    គេថា«យុវជន គឺជាទំពាំងស្នងឬស្សី» ចុះបើគេកាត់ទំពាំងមិនឲ្យដុះដូចនេះ តើអនាគតមានឬស្សីពីណាមក ?