
កម្មករកាត់ដេររត់គេចបីការបង្ក្រាបរបស់សមត្ថកិច្ចនៅមុខរោងចក្រ Yak Jin នៅជាយក្រុងភ្នំេពញ។ (២ មករា ២០១៤)
ម៉ែន គឹមសេង
14 កុម្ភៈ 2014
វីអូអេខ្មែរ
វ៉ាស៊ីនតោន — គណៈកម្មការសិទ្ធិមនុស្សអាស៊ីបានប្រកាសនៅថ្ងៃព្រហស្បតិ៍ធ្វើយុទ្ធនាការតាមបណ្តាញអ៊ីនធឺណិត ទាមទារឱ្យមានការដោះលែងសកម្មជនសហជីព និងកម្មករចំនួន២១នាក់ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារក្នុងតំបន់ដាច់ស្រយ៉ាលនាខេត្តកំពង់ចាម។
ជនរងគ្រោះចំនួន២៣នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបដែលធ្វើឡើងដោយកងកម្លាំងសន្តិសុខនៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីដើមខែមករាក្នុងពេលដែលពួកគេតវ៉ាទាមទារឱ្យមានការដំឡើងប្រាក់បៀវត្សរ៍១៦០ដុល្លារដល់កម្មកររោងចក្រកាត់ដេរ។ ប៉ុន្តែតុលាការដោះលែងឱ្យនៅក្រៅឃុំចំនួនពីរនាក់។
ញត្តិដែលបានដាក់ផ្សាយតាមបណ្តាញអ៊ីនធឺណិតបានសុំឱ្យអ្នកដែលស្រឡាញ់និងគាំទ្រសិទ្ធិមនុស្សចុះហត្ថលេខាដើម្បីផ្ញើទៅរដ្ឋាភិបាលកម្ពុជាដោយ«ទាមទារឱ្យលើកលែងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌលើជនដែលនៅជាប់ឃុំនិងដោះលែងពួកគេដោយគ្មានលក្ខខណ្ឌពីព្រោះអ្នកដែលគេត្រូវឃុំខ្លួននេះគ្រាន់តែទាមទារឱ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សរ៍ តែប៉ុណ្ណោះ»។
ញត្តិនោះបានបន្តថា៖ «ការបន្តឃុំខ្លួនពួកគេនិងកាត់ទោសពួកគេដោយគ្រាន់តែទាមទារការដំឡើងប្រាក់បៀវត្សរ៍គឺប្រទេសកម្ពុជារំលោភកាតព្វកិច្ចតាមសន្ធិសញ្ញាដែលការពារសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។ ការឃុំខ្លួនរបស់ពួកគេក៏នឹងបន្តបង្ហាញនូវគំរូអវិជ្ជមានដែលថាអ្នកណាដែលហ៊ានទាមទារឱ្យមានជីវភាពរស់នៅល្អប្រសើរត្រូវទទួលលទ្ធផលជាប់ពន្ធនាគារទៅវិញ»។
បុរសទាំងនោះ ត្រូវបានតុលាការរាជធានី ភ្នំពេញចោទប្រកាន់ពីបទពាក់ព័ន្ធនឹងហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនាដោយមានស្ថានទម្ងន់ទោស ប្រមាថ និងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍សាធារណៈដែលប្រព្រឹត្តនៅសួនឧស្សាហកម្មកាណាឌីយ៉ានិងរោងចក្រយ៉ាក ជីង។
កាលពីថ្ងៃអង្គារ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងទាមទារសុំនៅក្រៅឃុំរបស់ក្រុមអ្នកការពារសិទ្ធិមនុស្សនិងកម្មករទាំង២១នាក់ ប៉ុន្តែបានសម្រេចដម្កល់ការសម្រេចរបស់តុលាការរាជធានីភ្នំពេញដែលបន្តឃុំខ្លួនពួកគេ។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃប្រទេសកម្ពុជាបញ្ជាក់ថាសភាពការណ៍បានដើរមកដល់ពេលដែលកម្មករត្រូវធ្វើសកម្មភាពខ្លាំងក្លាប៉ុន្តែមានលក្ខណៈទន់ភ្លន់ជាងមុនហើយដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាលនោះគឺការធ្វើកូដកម្មនៅទូទាំងប្រទេស។
«យើងត្រូវធ្វើពហិការដើម្បី ឱ្យមានការដោះលែងអ្នកទាំង២១នាក់ ឱ្យមានការចរចាដំឡើងប្រាក់បៀវត្សរ៍ ហើយប្រាក់បៀវត្សរ៍យើងចរចាទៅ ឱ្យគេប៉ុន្មានគ្រប់គ្រាន់? គេមិនមែនថាទាមទារ១៦០នោះគេនៅ ១៦០នោះទេ។ យើងចង់មានតម្លាភាពថាអ្នកឯងឱ្យប៉ុន្មាន»។
កូដកម្មដែលកម្មករនឹងធ្វើគឺការវិលត្រឡប់ទៅលំនៅដ្ឋាននៅស្រុកកំណើតវិញដោយមិនចូលរួមធ្វើការរហូតដល់មានដំណោះស្រាយ។ យ៉ាងណាក៏ដោយលោក ជា មុន្នី សម្តែងនូវការសង្ស័យលើចេតនារបស់រដ្ឋាភិបាលក្នុងការដោះស្រាយការលំបាករបស់កម្មករដោយលោកចោទថាមានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនមានផលប្រយោជន៍ពីឧស្សាហកម្មកាត់ដេរនេះ។
«យើងឃើញហើយសូម្បីតែកុំថាឡើយកម្មករយើងជជែកទាមទារបៀវត្សរ៍សូម្បីតែ Buyers ដែលជាអ្នកកុម្មង់ទំនិញគេមកជួបរដ្ឋាភិបាលក៏គេដែរ។ អញ្ចឹងការគេចវេសហ្នឹងឯងបង្ហាញថាគាត់មានភាពមិនស្មោះត្រង់ក្នុងការដំឡើងប្រាក់បៀវត្សរ៍ឱ្យកម្មករ»។
ក្រុមហ៊ុនធំៗដែលបញ្ជាទិញទំនិញពីប្រទេសកម្ពុជាបានស្នើសុំជួបរដ្ឋាភិបាលកម្ពុជាដើម្បីជជែកពីស្ថានភាពការងារនិងប្រាក់បៀវត្សរ៍កម្មករនៅសប្តាហ៍ទីមួយនៃខែកុម្ភៈនេះប៉ុន្តែត្រូវបានរដ្ឋាភិបាលបដិសេធមិនព្រមជួបដើម្បីដោះស្រាយដោយមិនបានផ្តល់ហេតុផលច្បាស់លាស់៕
អត្ថបទព័ត៌មានទាក់ទង
- សាលាឧទ្ធរណ៍បដិសេធការសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិមនុស្សនិងកម្មករ
- សង្គមស៊ីវិលដាក់ញត្តិចុងក្រោយសុំអន្តរាគមន៍ដោះលែងសកម្មជននិងកម្មករ
- សង្គមស៊ីវិលបន្តដាក់ញត្តិទាមទារឱ្យដោះលែងមេដឹកនាំសហជីពនិងកម្មករ
- ខ្មែរអាមេរិកាំងតវ៉ានៅបូរីញូវយ៉កប្រឆាំងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
- ពន្ធនាគារត្រពាំងថ្លុងបង្កើនសន្តិសុខ
- ប៉ូលិសឃាត់ខ្លួនមេដឹកនាំការតវ៉ាមួយរយៈខ្លី
- ឪពុកម្តាយកម្មករបាត់ខ្លួនជាងមួយខែអស់សង្ឃឹមនឹងរកសាកសពកូនឃើញ
ខ្ញុំគាំទ្រយ៉ាងពេញទំហឹងទៅនឹងយុទ្ធនាការផ្សព្វផ្សាយ ការទាមទារអោយដោះលែងកម្មករទាំង២១រូបតាមប្រពន្ធ័អិុនធរណែត…ព្រោះការចាប់នេះ វាអយុត្តិធ៍មពេកណាស់លើជនរងគ្រោះ ឋអ្នកប្រព្រឹត្តបែរជារួចខ្លួនយ៉ាងរំភើយ! តើវាយុត្តិធ៍មដែរឬទេ? នេះជាអំពើនិទណ្ឌភាពមួយ…ដរាបណា ហុ៊ន សែន នៅដឹកនាំ ដរាបនោះគ្មានទេយុត្តិធ៍មសំរាប់អ្នកក្រ អ្នកទានខ្សោយនោះ…!!!?
ហា!!!ហា!!!ហហហ យើងគឺជាបុរសខ្លាំងភ្នែកម្ខាង បើយើងចង់ធ្វើអីគឺយើងមិនខ្វល់ទ្បើយអ្វីទៅដែល
ហៅថាសិទ្ធមនុស្សពីអំបូរបស់យើងមិនមែនមនុស្សទ្បើយ យ៉ាងម៉េចដែបងប្អូន Ha haha ha haha!!!!