បទ​វិភាគ៖ តើ​កម្ពុជា​មាន​សមត្ថភាព​ទទួល​យក​ជន​ភៀស​ខ្លួន​ហើយ​ឬ​នៅ?

ដោយ ជី វិតា
2014-03-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អ្នក​សុំ​ទាន ៦១០
កុមារ​​​​សុំ​ទាន​ពីរ​នាក់​បង​ប្អូន​អង្គុយ​​​ក្បែរ​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៤។ RFA/Uon Chhin

នាយករដ្ឋមន្ត្រី​កម្ពុជា កំពុង​ពិចារណា​សំណើ​របស់​ប្រទេស​អូស្ត្រាលី សុំ​អោយ​ទទួល​យក​ជន​ភៀស​ខ្លួន​មក​រស់​នៅ​ប្រទេស​កម្ពុជា។ តើ​កម្ពុជា​មាន​សមត្ថភាព​ទទួល​យក​ជន​ភៀស​ខ្លួន​ហើយ​ឬ​នៅ?

ក្រោម​ហេតុផល​សំអាង​ថា ដើម្បី​ទប់ស្កាត់​ជន​បរទេស​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហា​សមុទ្រ​ពោរពេញ​ទៅ​ដោយ​គ្រោះថ្នាក់​មក​កាន់​ប្រទេស​អូស្ត្រាលី រដ្ឋាភិបាល​អូស្ត្រាលី បាន​ព្យាយាម​បញ្ចុះបញ្ចូល​កម្ពុជា អោយ​ជួយ​រំលែក​បន្ទុក​ទទួល​យក​ជន​ភៀស​ខ្លួន​ខ្លះៗ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ ទី​២២ កុម្ភៈ ឆ្នាំ​២០១៤ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី លោកស្រី ជូលី ប៊ីហ្សប (Julie Bishop) បាន​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អោយ​ជួយ​ទទួល​យក​ជន​ភៀស​ខ្លួន​មក​ពី​ប្រទេស​ផ្សេង​ខ្លះ ដែល​បាន​មក​ដល់​ប្រទេស​អូស្ត្រាលី។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ទទួល​យក​សំណើ​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​មួយ​នេះ​មក​ពិចារណា។

ចំណែក​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ប្រាប់​អ្នក​កាសែត​ថា កន្លង​មក​ពលរដ្ឋ​ខ្មែរ​ធ្លាប់​តែ​ជា​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ដទៃ ឥឡូវ​ល្មម​ដល់​ពេល​ហើយ​ដែល​កម្ពុជា គួរ​បើក​ទ្វារ​ទទួល​យក​ជន​ភៀស​ខ្លួន​ម្ដង។

និយាយ​ពី​សមត្ថភាព​ទទួល​ជន​ភៀស​ខ្លួន កម្ពុជា​ទំនង​ជា​មិន​ទាន់​ស័ក្ដិសម​ពេញលេញ​ជា​អ្នក​គ្រប់គ្រង​ជន​ភៀស​ខ្លួន​នៅ​ឡើយ​ទេ។ ពោល កម្ពុជា​មិន​មែន​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឯករាជ្យ ម្ចាស់ការ​លើ​ខ្លួន​ឯង​នោះ​ទេ។ និយាយ​អោយ​ចំ កម្ពុជា​កំពុង​សុំ​ទាន និង​ខ្ចី​បុល​គេ​ដើម្បី​រស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ខណៈ​មន្ត្រី​រាជរដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​ចំនួន​មាន​បាន​កប់​ពពក​តាម​រយៈ​អំពី​ពុករលួយ ស្រប​ពេល​ដែល​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​រាប់​សិប​ជំពូក។ បញ្ហា​ទាំង​នោះ រួម​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ ក្នុង​ចំណោម ៥​នាក់ រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ។ កុមារ​ជិត ៥០​ភាគរយ​រស់​នៅ​ខ្វះ​អាហារ​ដែល​មាន​ជីវជាតិ​ដើម្បី​លូតលាស់​នៃ​រាងកាយ។ ប្រាក់ខែ​មន្ត្រី​រាជការ​តិចតួច រស់​ទាំង​ត្រដរ​ខ្យល់ ហើយ​ថែម​ទាំង​បើក​យឺត​ទៀត។ បើ​ខ្លួន​ក្រ​រហេមរហាម​បែប​នេះ​ទៅ​ហើយ តើ​ត្រូវ​ទទួល​យក​ជន​ភៀស​ខ្លួន​មក​បន្ថែម​បន្ទុក​ដែរ​ទេ?

បើ​និយាយ​ពី​ទីផ្សារ​ការងារ​វិញ រដ្ឋាភិបាល​កម្ពុជា ខ្លួន​ឯង​មិន​មាន​សមត្ថភាព​ក្នុង​ការ​បង្ក​លក្ខណៈ​បង្កើត​ការងារ​អោយ​សមាមាត្រ​នឹង​ចំនួន​ពលរដ្ឋ​របស់​ខ្លួន​ផង។ និស្សិត​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​មិន​អាច​រក​ការងារ​ធ្វើ​បាន។ ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ដទៃ។ ម៉្យាង​ទៀត ប្រសិន​បើ​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ទាំង​នោះ​មិន​មែន​ជា​ធនធាន​មនុស្ស ហើយ​ជា​មនុស្ស​មិន​ល្អ​ថែម​ទៀត​នោះ វា​អាច​នឹង​បន្ថែម​បញ្ហា​ដល់​សង្គម​កម្ពុជា កាន់​តែ​ខ្លាំង។

បើ​និយាយ​អំពី​ចិត្ត​ល្អ​វិញ រដ្ឋាភិបាល​កម្ពុជា មិន​មែន​ជា​ប្រទេស​ដែល​គោរព​សិទ្ធិ​មនុស្ស ឬ​ច្បាប់​មនុស្សធម៌​អី​នោះ​ទេ។ កាល​ពី​ឆ្នាំ​២០០៩ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដើម្បី​ផ្គាប់​ចិត្ត​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ ចំនួន ២០​នាក់ អោយ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។ ក្រោយ​ពេល​ត្រឡប់​ទៅ​ដល់​ប្រទេស​ចិន ជា​ទី​កន្លែង​ដែល​ពួកគេ​បាន​រត់​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​ចិន ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ ចំនួន ៤​នាក់ ក្នុង​ចំណោម ២០​នាក់ ត្រូវ​គេ​ជឿ​ថា ត្រូវ​បាន​អាជ្ញាធរ​ចិន ប្រហារ​ជីវិត និង ១៦​នាក់​ទៀត ត្រូវ​ជាប់​ពន្ធនាគារ។

ក្រៅតែ​ពី​ផ្គាប់​ចិត្ត​មហា​អំណាច​ចិន ដែល​តែង​ផ្ដល់​ជំនួយ​មិន​ដែល​ភ្ជាប់​លក្ខខណ្ឌ​ដល់​កម្ពុជា​នោះ រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​រំលោភ​សន្ធិសញ្ញា​ការពារ​ជន​ភៀស​ខ្លួន​ដែល​កម្ពុជា ជា​ហត្ថលេខី ដើម្បី​ផ្គាប់​ចិត្ត​រដ្ឋាភិបាល​វៀតណាម ដោយ​បាន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ពី​ខេត្ត​រតនគិរី ជា​ច្រើន​រយ​នាក់ ដែល​បាន​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​ក្រុង​ហាណូយ បង្ខំ​អោយ​ត្រឡប់​ចូល​ទៅ​វៀតណាម​វិញ។ ជន​ភៀស​ខ្លួន​ទាំង​ឡាយ​តែងតែ​ព្យាយាម​រត់​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​គាប​សង្កត់​លើ​ផ្នែក​ជំនឿ​នានា ពី​ក្នុង​ប្រទេស​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ណា​ដែល​មាន​ភាព​ល្អ​ប្រសើរ​ជាង។

បើ​និយាយ​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​វិញ រដ្ឋាភិបាល​កម្ពុជា កំពុង​រឹតត្បិត និង​ថែម​ទាំង​បាញ់​សម្លាប់​បាតុករ​គ្មាន​ត្រាប្រណី​នៅ​ពេល​ថ្មីៗ​នេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ មិន​ឯករាជ្យ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ស្ថិត​ក្រោម​ក្រញាំ​ដៃ​របស់​គណបក្ស​កាន់​អំណាច។ សម្រាប់​ជន​ភៀស​ខ្លួន​ប្រហែល​ជា​មិន​ដែល​នឹកស្រមៃ​ថា អាច​នឹង​ត្រូវ​គេ​បញ្ជូន​អោយ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។

អូស្ត្រាលី​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជឿន​លឿន​ឯ​ទៀត​ដែល​បាន​ផ្ដល់​សិទ្ធិ​រស់​នៅ​ដល់​ជន​ភៀស​ខ្លួន។ ក្នុង​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ជនបរទេស​ដែល​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី មាន​ចំនួន​ជាង​មួយ​ម៉ឺន​នាក់ (១១.៤៩១)។ អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី មាន​មក​ពី​ប្រទេស​អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ូដង់ ភូមា​ឬ​មីយ៉ាន់ម៉ា ចិន ស្រីលង្កា អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន សូម៉ាលី នេប៉ាល់ និង​ឥណ្ឌូនេស៊ី ជាដើម។

ក៏​ប៉ុន្តែ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​អូស្ត្រាលី ជ្រើសរើស​កម្ពុជា ជា​គោលដៅ​សម្រាប់​យក​ជន​ភៀស​ខ្លួន​មក​ទម្លាក់​នោះ?

កម្ពុជា​មិន​មែន​ជា​ប្រទេស​ទី​១​ទេ​ដែល​រដ្ឋាភិបាល​អូស្រ្តាលី ចង់​យក​ជន​ភៀស​ខ្លួន​មក​ដាក់​នោះ។ ប្រទេស​ក្នុង​តំបន់ មាន​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ទទួល​យក​ជន​ភៀស​ខ្លួន​ជា​ច្រើន​ពី​ប្រទេស​អូស្ត្រាលី រួច​ទៅ​ហើយ។

រដ្ឋាភិបាល​អូស្ត្រាលី ហ៊ាន​ហា​មាត់​សុំ​អោយ​កម្ពុជា ជួយ​រំលែក​អម្រែក​បន្ទុក​ជន​ភៀស​ខ្លួន ប្រហែល​ជា​ដោយសារ​ហេតុផល​មួយ​ចំនួន​ដូចជា៖

រដ្ឋាភិបាល​អូស្ត្រាលី អាច​គិត​ថា ខ្លួន​បាន​ជួយ​ដល់​កម្ពុជា ជា​ច្រើន និង​ជា​យូរ​ឆ្នាំ​មក​ហើយ។ ដូច្នេះ​វា​ល្មម​ដល់​ពេល​កម្ពុជា សង​គុណ​វិញ​ហើយ។ ឬ​ក៏​អាច​ថា អូស្ត្រាលី​ធ្លាប់​ទទួល​យក​ជនភៀសខ្លួន​ខ្មែរ​អោយ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នៅ​ពេល​កម្ពុជា ជួប​គ្រោះអាសន្ន​ដែរ។ ម៉្យាង​ទៀត ក្រោយ​ការ​បោះ​ឆ្នោត​សភា​ជាតិ​នៅ​កម្ពុជា ឆ្នាំ​២០១៣ ខណៈ​មាន​ការ​រិះគន់​ខ្លាំង​អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត និង​ប្រទេស​លោក​សេរី​មួយ​ចំនួន​មិន​ទាន់​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត រហូត​មក​ដល់​ពេល​នេះ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក តូនី អាបត (Tony Abbot) នៅ​ខែ​តុលា ឆ្នាំ​២០១៣ បាន​ផ្ញើ​លិខិត​អបអរសាទរ​មួយ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​ថា បាន​ឈ្នះ​ឆ្នោត។ ការ​សាទរ​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក តូនី អាបត ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​បក្ស​នយោបាយ​ប្រឆាំង​នៅ​អូស្ត្រាលី រិះគន់​យ៉ាង​ចាស់​ដៃ។

គេ​អាច​និយាយ​បាន​ថា ទង្វើ​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក តូនី អាបត ប្រហែល​ជា​ចង់ “បោះ​នុយ​តូច​ដើម្បី​ស្ទូច​ត្រី​ធំ”។ ពោល​គឺ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​រូប​នេះ មាន​បំណង​ទុក​ជា​មុន គឺ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​លោក ហ៊ុន សែន ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ស្នើ​សុំ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា រូប​នេះ អោយ​យល់​ព្រម​ទទួល​យក​អម្រែក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី។

ចុះ​តើ​កម្ពុជា អាច​មាន​ប្រយោជន៍​អ្វី​ដែរ​ពី​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី​នេះ?

មិន​មែន​ថា អត់​ចំណេញ​មក​កម្ពុជា សោះ​នោះ​ទេ។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​មេដឹកនាំ​កម្ពុជា ឆ្លាត​ឈ្លាសវៃ និង​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ​ឬ​ទេ?

រដ្ឋាភិបាល​ថៃ កាល​ពី​ចុង​ទសវត្ស​ឆ្នាំ​១៩៧៩ បាន​យល់​ព្រម​តាម​សំណើ​របស់​សហគមន៍​អន្តរជាតិ អនុញ្ញាត​អោយ​ជន​ភៀស​ខ្លួន​ខ្មែរ និង​ពី​ប្រទេស​ដទៃ​ទៀត​រាប់​សែន​នាក់ តាំង​ទី​លំនៅ​បណ្ដោះអាសន្ន​នៅ​តាម​ព្រំដែន​និង​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន។

ការ​យល់​ព្រម​អោយ​បង្កើត​ជំរំ​ជនភៀសខ្លួន​នោះ មិន​មែន​ជា​ការ​យល់​ព្រម​ដោយ​ទទេៗ​នោះ​ទេ។ ក្រៅ​តែ​ពី​ទាមទារ​យក​លុយ​មួយ​ចំនួន​ធំ​ពី​សហគមន៍​អន្តរជាតិ​ហើយ រដ្ឋាភិបាល​ថៃ បាន​តម្រូវ​អោយ​សហគមន៍​អន្តរជាតិ​ជា​អ្នក​ចំណាយ​ទាំង​អស់​លើ​ស្បៀង​អាហារ និង​ទីជម្រក​ដល់​ជន​ភៀស​ខ្លួន។ សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ទិញ​ស្បៀង​អាហារ សម្ភារៈ​សំណង់ និង​វត្ថុ​ផ្សេងៗ​ទៀត ដែល​ត្រូវ​ផ្ដល់​អោយ​ជនភៀសខ្លួន​នោះ​ពី​ប្រទេស​ថៃ ដោយ​មិន​អាច​ទិញ​ពី​ប្រទេស​ផ្សេង​បាន​ឡើយ។

ម៉្យាង​ទៀត សម្ភារៈ​ជំនួយ​ខ្លះ​ត្រូវ​ចែក​ទៅ​អោយ​ពលរដ្ឋ​ថៃ ដែល​រស់​នៅ​ជិត​ព្រំដែន​ក្បែរ​ជំរំ​ជនភៀសខ្លួន​ដែរ។ សម្រាប់​ប្រទេស​ថៃ មាន​ត្រឹមតែ​ទី​កន្លែង​សម្រាប់​អោយ​ជនភៀសខ្លួន​រស់​នៅ​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ វត្តមាន​ជនភៀសខ្លួន​នៅ​តាម​ព្រំដែន និង​ក្នុង​ប្រទេស​ថៃ ក៏​បាន​ជួយ​បង្កើត​ទីផ្សារ​ការងារ​អោយ​ប្រជាពលរដ្ឋ​ថៃ បាន​ជា​ច្រើន​អនេក​ទៀត​ផង។ ពេល​នោះ​ហើយ​ដែល​សេដ្ឋកិច្ច​ថៃ បាន​ស្ទុះ​លឿន​ទៅ​មុខ​យ៉ាង​ខ្លាំងក្លា។

សម្រាប់​រដ្ឋាភិបាល​កម្ពុជា នៅ​ពេល​ទទួល​យក​ជនភៀសខ្លួន​ពី​អូស្ត្រាលី​នោះ គឺ​កម្ពុជា​អាច​បង្កើន​ទំនាក់ទំនង​ជាមួយ​អូស្ត្រាលី កាន់​តែ​ប្រសើរ។ ហើយ​ប្រសិន​បើ​ជនភៀសខ្លួន​ទាំង​នោះ​ជា​ធនធាន​មនុស្ស​ល្អ ពួកគេ​នឹង​ជួយ​រួម​ចំណែក​កសាង​កម្ពុជា អោយ​រុងរឿង​នៅ​ក្នុង​ថ្ងៃ​អនាគត។

ក៏​ប៉ុន្តែ​ការ​ទទួល​យក​ជនភៀសខ្លួន​មក​ដាក់​អោយ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ប្រទេស​ក្រីក្រ​មួយ​នេះ កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន មិន​មាន​សមត្ថភាព​ដោះស្រាយ​នោះ វា​អាច​កាន់​តែ​ធ្វើ​អោយ​សង្គម​កម្ពុជា ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង។ បញ្ហា​ដោះស្រាយ​មិន​បាន​ដែល​គេ​ឯង​មើល​ឃើញ​ស្ទើរ​គ្រប់​គ្នា​នោះ រួម​មាន៖ ការ​អនុវត្ត​ច្បាប់​មិន​ស្មើ​គ្នា មាន​ច្បាប់​អន្តោប្រវេសន៍​ជាដើម ខ្វះខាត​ទីផ្សារ​ការងារ​ជំរុញ​អោយ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក ប្រាក់ខែ​មន្ត្រី​រាជការ​រស់​នៅ​មិន​ថ្លៃថ្នូរ អំពើ​ពុករលួយ​ញាំញី​សង្គម និស្សិត​រាប់​ម៉ឺន​នាក់​រក​ការងារ​មិន​បាន​ធ្វើ ជា​ពិសេស​កម្ពុជា នៅ​សុំ​និង​ខ្ចីបុល​គេ​ជា​រៀង​រាល់​ឆ្នាំ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

7 Responses to "បទ​វិភាគ៖ តើ​កម្ពុជា​មាន​សមត្ថភាព​ទទួល​យក​ជន​ភៀស​ខ្លួន​ហើយ​ឬ​នៅ?"

  1. ប្រជាពលរដ្ឋ says:

    ,, បើ ជនភៀសខ្លួន ល្អ ប្រទេស អូស្ត្រាលី គេមិនបញ្ជូន ទៅណាទេ គេទុកអោយធ្វើការហើយ !

    ,,, ប៉ុន្តែ ខ្លាចតែជន ភៀសខ្លួនមិនល្អ បានជាគេ បញ្ចេញចោល !

  2. ?? says:

    HAS……………………HA. WHY THEY CAN NOT EVEN THINK JUST ONE FEET INFRON OF THEM. THEY JUST PULL YOUR LEG WHY YOU TAKE IT SEROUSLY EVEN THIER MAYOR ARE SMARTER THAN YOUR PM

  3. BaBaBoo says:

    រដ្ឋាកម្ពុជាគួទទួលយកជនភាសខ្លួន ពីព្រោះកម្ពុជាខ្លួនឯងនិងពលរដ្ឋសំបូរជនភាសខ្លួន ទៅនៅក្រៅប្រទេស ។ ហេតុអ្វបានមិនសុំនៅវៀតណាម? ទំនងជាចង់បញ្ជាក់ថា ការ រស់នៅក្នុងសង្គមកម្ពុជា មានភាពប្រសើរជាងនៅវៀតណាម ។ ត្រង់ចំណុច នេះ បើកម្ពុជា បដិសេធបំណងល្អ មានន័យថាកម្ពុជាមិន ទាំន់ចេះរក ស៊ីជាមួយ សហគមអន្តរជាតិនៅឡើយទេ ។ ប្រទេសថៃរកស៊ីមានបាន ដោយសារជនភាសខ្លួនអំ ឡុងយួនឈ្លានកម្ពុជា ១៩៧៩ ។

  4. Kmeng Peal says:

    អោយតែមានលុយ ស្អីក៍បាន ណូប្រូប្លែម…។

  5. សែនសែន says:

    រឿងដែលខ្លាចជាងគេ គឺខ្លាចរដ្ឋាភិបាលពុករលួយនេះលួចទាំងរបបចំណីម្ហូបអាហារដែលជាចំណែករបស់ជនភាសខ្លួន
    នាំឱ្យជនជាតិខ្មែរទូទៅដែលខំសាងកេរ្តិឈ្មោះល្អ ត្រូវស្អុយឈ្មោះជាមួយពួកពាក់សក្តិនិងផ្កាយចោរ !
    ព្រោះរដ្ឋាភិបាលនេះពុករលួយមុខក្រាសខ្លាំងណាស់ ហើយខួរក្បាលពួកវាក៍ស្ពឹកខ្លាំងណាស់ ជាតិនិងអន្តរជាតិជេរតិៈដៀល
    ថ្កោលទោសពួកវាលែងឈឺក្បាលទៅហើយ ។

  6. សែនសែន says:

    រឿងដែលខ្លាចជាងគេ គឺខ្លាចរដ្ឋាភិបាលពុករលួយនេះលួចទាំងរបបចំណីម្ហូបអាហារដែលជាចំណែករបស់ជនភាសខ្លួន
    នាំឱ្យជនជាតិខ្មែរទូទៅដែលខំសាងកេរ្តិឈ្មោះល្អ ត្រូវស្អុយឈ្មោះជាមួយពួកពាក់សក្តិនិងផ្កាយចោរទាំងនេះ !
    ព្រោះរដ្ឋាភិបាលនេះពុករលួយមុខក្រាសខ្លាំងណាស់ ហើយខួរក្បាលពួកវាក៍ស្ពឹកខ្លាំងណាស់
    ជាតិនិងអន្តរជាតិជេរតិៈដៀល ថ្កោលទោសពួកវាលែងឈឺក្បាលទៅហើយ ។

  7. Terminator III says:

    Sorry, but Cambodia is still supporting millions of Yuons refugees living illegally inside its territory with 99 years contract.