យោធិន​ពិការ​និង​យោធិន​ចូល​និវត្តន៍​ត្អូញ​រឿង​បើក​ប្រាក់ខែ​យឺត

ដោយ​ សូត សុខប្រាថ្នា
2014-03-02
RFA

យោធិន​ពិការ​និង​យោធិន​ចូល​និវត្តន៍​បាន​ត្អូញត្អែរ​ចំពោះ​ភាព​យឺតយ៉ាវ​របស់​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ក្នុង​ការ​បើក​ប្រាក់​ជូន​ពួកគាត់​តាម​ពេល​កំណត់។ ពួកគាត់​បញ្ជាក់​ថា មិន​បាន​ទទួល​បាន​ប្រាក់ខែ​ធ្វើ​ឱ្យ​ជីវភាព​រស់​នៅ​របស់​ពួកគាត់​កាន់​តែ​លំបាក។ ចំណែក​មន្ត្រី​បេឡា​ជាតិ អតីត​យុវជន​បាន​បញ្ជាក់​ពី​មូលហេតុ​យឺតយ៉ាវ​នេះ គឺ​ដោយសារ​តែ​ខាង​បេឡា​ជាតិ បាន​ធ្វើ​ការ​កែ​សម្រួល​ដល់​ប្រព័ន្ធ​ប្រាក់​បៀវត្ស​មូលដ្ឋាន​របស់​ពួក​គាត់។

ក្រុម​គ្រួសារ​យោធិន​ពិការ​និង​យោធិន​ចូល​និវត្តន៍​បាន​លើក​ឡើង​ថា ពួកគាត់​ម្នាក់ៗ​មិន​ទាន់​ទទួល​បាន​ប្រាក់​ខែ​របស់​ខ្លួន​រយៈពេល​ពីរ​ខែ​មក​ហើយ។ ការ​ខកខាន​ក្នុង​ការ​ទទួល​បាន​ប្រាក់ខែ​នេះ ធ្វើ​ឱ្យ​ពួក​គាត់​ជួប​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ពេល​បច្ចុប្បន្ន។

យោធិន​ពិការ​ជើង​ឆ្វេង​រស់​នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម លោក ឃុន សុភា បាន​មាន​ប្រសាសន៍​ថា លោក​និង​ប្រពន្ធ​បាន​ទន្ទឹង​រង់ចាំ​ប្រាក់​ខែ​របស់​ខ្លួន​ពីរ​ខែ​មក​ហើយ ហើយ​លោក​តែងតែ​ទៅ​សួរ​នាំ​ខាង​ធនាគារ​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​គេ​ប្រាប់​ថា ខាង​ក្រសួង​មិន​ទាន់​វេរ​មក​ទេ។ លោក​បន្ត​ថា លោក​ក៏​ធ្លាប់​បាន​ទៅ​សួរ​ខាង​ការិយាល័យ ដោយ​ខាង​ការិយាល័យ​ប្រាប់​ថា នៅ​មាន​ការ​ផ្ទៀងផ្ទាត់​ឈ្មោះ​ក្នុង​បញ្ជី​ដើម្បី​កែ​សម្រួល​ប្រព័ន្ធ​បៀវត្ស​ថ្មី។

លោក ឃុន សុភា៖ «សម្ដេច​តេជោ​ថា ធ្វើ​ម៉េច​ប្រាក់ខែ​ហ្នឹង​ឱ្យ​បាន​ទៀងទាត់​ហ្នឹង​ទី​មួយ។ ទី​ពីរ អា​រឿង​ដោះស្រាយ​ដីធ្លី​ដែល​ក្រោយ​ពី​គាត់​រំសាយ​មក​ហ្នឹង ថា​បង្កើត​គណៈកម្មាធិការ និង​អាជ្ញាធរ​ស្រុក​ចាំ​ដោះស្រាយ​ហ្នឹង បើ​ជឿ​តាម​តែ​ថ្នាក់​ក្រោម​ហ្នឹង អា​គ្នា​ណោះ​ងាប់​ចង់​អស់​ហើយ មិន​ដឹង​ដីធ្លី​ផ្ទះសម្បែង​ណា។ អ៊ីចឹង​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ឱ្យ​គ្នា​បាន​ឆាប់​ផង ឱ្យ​គ្នា​មាន​ផ្ទះ​សម្បែង ឱ្យ​គ្នា​មាន​ទី​លំនៅ​ឱ្យ​ដូច​ប្រជាពលរដ្ឋ​ធម្មតា​ផង»

លោក​បន្ត​ថា លោក​និង​ប្រពន្ធ​គឺ​ជា​ជន​ពិការ​ទាំង​ពីរ​នាក់ ដូច​នេះ​មិន​អាច​ទៅ​រក​ស៊ី​អ្វី​ផ្សេង​ឱ្យ​បាន​ដូច​បំណង​នោះ​ទេ គឺ​មាន​តែ​រំពឹង​ទៅ​លើ​ប្រាក់​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​បើ​ការ​បើក​ប្រាក់​មាន​ភាព​យឺតយ៉ាវ នោះ​ធ្វើ​ឱ្យ​ការ​រស់​នៅ​របស់​ពួកគាត់​កាន់​តែ​ជួប​ការ​លំបាក។ ម្យ៉ាង​កូន​រៀន ម្យ៉ាង​ចំណាយ​លើ​ម្ហូប​ប្រចាំ​ថ្ងៃ ហើយ​ប្រសិន​បើ​គ្រួសារ​លោក​ទៅ​ខ្ចី​បុល​គេ ក៏​ពិបាក​ដែរ ពីព្រោះ​គេ​ខ្លាច​ពួក​លោក​មិន​មាន​សមត្ថភាព​សង​គេ​វិញ។

យោធិន​ចូល​និវត្តន៍​នៅ​ខេត្ត​តាកែវ ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ក៏​ថ្លែង​ស្រដៀង​គ្នា​ដែរ​ថា លោក​មិន​ទាន់​ទទួល​ប្រាក់​បៀវត្ស​ពីរ​ខែ​មក​ហើយ​ដែរ ហើយ​ការ​យឺតយ៉ាវ​នេះ ធ្វើ​ឱ្យ​ពួកគាត់​ដែល​មាន​មុខ​របរ​ត្រឹមតែ​ជា​កសិករ​ត្រូវ​ជួប​បញ្ហា​ជា​ហូរហែ​ក្នុង​ការ​រស់​នៅ។ លោក​ក៏​សូម​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ជូន​ពួកគាត់​ឱ្យ​បាន​ទាន់​ពេល​វេលា។

នាយក​បេឡា​ជាតិ​អតីត​យុទ្ធជន​ស្ថិត​នៅ​ក្នុង​ចំណុះ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក ហែម បូរ៉ា មាន​ប្រសាសន៍​ថា កន្លង​មក​ខាង​លោក​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​កាល​ពី​ថ្ងៃ​២៥ មករា ដើម្បី​ប្រាប់​ជុំវិញ​ការ​កែសម្រួល​ប្រព័ន្ធ​បៀវត្ស​ថ្មី​នេះ ជូន​ទៅ​ដល់​គ្រប់​មន្ទីរ​និង​ការិយាល័យ​នៃ​ក្រសួង​សង្គមកិច្ច​និង​យុវនីតិសម្បទា ថា​ខាង​បេឡា​ជាតិ​នឹង​ត្រូវ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ ស្ទើរ​តែ​ទាំង​ស្រុង​នូវ​គល់​បញ្ជី​របស់​យោធិន​ពិការ និង​យោធិន​ចូល​និវត្តន៍​ទូទាំង​ប្រទេស​ដើម្បី​ធ្វើ​ការ​រៀប​ចំ​នូវ​របប​ប្រាក់​សោធន​និវត្តន៍ និង​របប​ប្រាក់​សន្តិសុខ​សង្គម​របស់​ពួក​គាត់​ឡើង​វិញ ដូច​នេះ​នឹង​អាច​មាន​ភាព​យឺតយ៉ាវ​ខ្លះ​កើត​មាន​ឡើង។

លោក ហែម បូរ៉ា៖ «អា​កន្លែង​ហ្នឹង​ហើយ ហេតុ​អី​បាន​យឺត? ពីព្រោះ​ការ​កែ​សម្រួល​ហ្នឹង ឧទាហរណ៍​ថា យើង​កំពុង​អនុវត្ត​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ធ្នូ។ អ៊ីចឹង​ប្រព័ន្ធ​ក៏​អនុវត្ត​អា​ហ្នឹង​ដែរ ប្រព័ន្ធ​ធនាគារ​ក៏​អ៊ីចឹង តាម​ខេត្ត​ដែល​មិន​ទាន់​បញ្ចូល​ប្រព័ន្ធ​ធនាគារ​ក៏​អ៊ីចឹង​ដែរ។ ដល់​ពេល​យើង​កែ​សម្រួល​ក៏​យក​អា​ដូច​ថ្មី អ៊ីចឹង​ការ​កែ​សម្រួល​ត្រូវ​ប្ដូរ​ទាំង​អស់។ ដូរ​ទាំង​អស់​បង ឃើញ​អ៊ីចឹងៗ ដល់​ដូរ​ទាំង​អស់​ត្រូវ​តែ​ផ្អាក សូម្បី​តែ​បើក​ចែក​ដី​ក៏​ត្រូវ​ផ្អាក​ដែរ ដើម្បី​រៀបចំ​ឱ្យ​ត្រូវ​ទើប​យើង​យក​អា​ឯកសារ​ដែល​ត្រូវ​នោះ​ទៅ​បញ្ចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត។ អនឡាញ​ដើម្បី​យើង​គ្រប់គ្រង​អា​ហ្នឹង​រួច​ហើយ​ទើប​យើង​បញ្ជូន​អា​ហ្នឹង​ទៅ​ធនាគារ​ទាំង​អស់។ អ៊ីចឹង​កិច្ច​ការងារ​នេះ គឺ​យើង​ត្រូវ​ប្រើ​ពេល​តែម្ដង»

លោក​បន្ថែម​ទៀត​ថា ខាង​លោក​ធ្វើ​ការ​ស្ទើរ​មិន​មាន​ថ្ងៃ​សម្រាក​ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ការងារ​នេះ​បាន​ឆាប់​រហ័ស និង​មាន​ភាព​ច្បាស់លាស់។ លោក​បញ្ជាក់​ថា មាន​ខេត្ត​មួយ​ចំនួន​ក៏​បាន​ទទួល​ប្រាក់​ប្រចាំ​ខែ​សម្រាប់​ខែ​មករា រួច​ហើយ​ដែរ ដូច​ជា​ខេត្ត​កំពង់ចាម បាន​ទទួល​កាល​ពី​ថ្ងៃ​២៨ កុម្ភៈ ហើយ​ពួកគាត់​នឹង​អាច​ទទួល​បាន​ប្រាក់​ខែ​សម្រាប់​ខែ​កុម្ភៈ នៅ​សប្ដាហ៍​ក្រោយ​នេះ។

លោក​បញ្ជាក់​ថា មាន​និវត្តជន រួម​នឹង​យោធិន​ពិការ​សរុប​ប្រមាណ​ជា ៩​ម៉ឺន​នាក់ ក្នុង​នោះ​ប្រមាណ​ជា ៨០% ត្រូវ​បាន​ធ្វើ​ការ​កែ​សម្រួល​របប​ប្រាក់​បៀវត្ស និង​ប្រាក់​របប​ផ្សេងៗ​ឱ្យ​មាន​លក្ខណៈ​ស្មើៗ​គ្នា​ទៅ​តាម​មុខ​តំណែង​ដែល​ខ្លួន​ទទួល​បាន​ពី​មុន​មក​ឡើង​វិញ។ លោក​បន្ថែម​ថា ការ​កែ​សម្រួល​ប្រព័ន្ធ​ប្រាក់​បៀវត្ស​មូលដ្ឋាន​គឺ​ជា​ប្រយោជន៍​របស់​យោធិន​ពិការ​និង​និវត្តន៍​ជន​ទាំង​អស់​នោះ ហើយ​នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ដើម​ឆ្នាំ​២០១៤ ត​ទៅ ហើយ​ចាប់​ពី​ខែ​មីនា ទៅ ពួកគាត់​នឹង​មិន​ត្រូវ​ជួប​បញ្ហា​យឺតយ៉ាវ​នេះ​ត​ទៅ​ទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "យោធិន​ពិការ​និង​យោធិន​ចូល​និវត្តន៍​ត្អូញ​រឿង​បើក​ប្រាក់ខែ​យឺត"

  1. យុទ្ធជនសមរភូមិមុខ says:

    សម្តេចហ៊ុន សែន ជាទីឝោរព ! ក្នុងនាមកង
    ទព័ទូទាំងប្រទេស នឹងក្នុងនាមរូបខ្ញុំផ្ទាល់ ដែល
    ជាយុទ្ធជន បានលះបង់កំលាំងកាយចិត្តរួមទាំង
    ជីវិតដើម្បីជាតិនឹងប្រជាជន , សូមថ្លែងអំណរឝុណ
    នូវការយកចិត្តទុកដាក់របស់សម្តេច នូវសេចក្តីសុខ
    ទុក្ខរបស់ប្រជាជនទូទាំងប្រទេស ។ និយាយ
    ដោយឡែក ! ថ្មី ៗ នេះ សម្តេចបានយកចិត្តទុក
    ដាក់ខ្លាំងលើប្រាក់បៀវត្តន៍មន្ត្រីរាជការយោធា និង
    ស៊ីវិលបានបើកទាន់ចុងខែ , ក៏ប៉ុន្តែ ចំពោះប្រាក់
    មុខតំណែងពុំបានទទួលទេ , ចាប់ពី២០១២មក
    ពួកខ្ញុំ មុខតំណែងប្រធាន ឝ , បើកលុយបានត្រឹម
    ពលបាលឯក , យើងខ្ញុំសួរទៅថ្នាក់លើក , មេ ៗ
    ឝាត់ឆ្លើយថា : សូម្បីតែឝាត់ក៏អត់បានដែរ ! Six
    ( បាននយ័ថា : មុខតំណែងប្រធាន ឝ ឡើងដល់
    អនុ,កងពលធំក៏អត់បានដូចឝ្នា ) អ្នកដែលឡើង
    ស័ក្តិនឹងមុខតំណែងលើកមុន ហេតុអីឝេបាន ,
    ចុះដល់វឝ្គពួកខ្ញុំ ម្តេចមិនបាន ? ? ឯរឿងទី ២ ;
    ខ្ញុំសួរទៅ សម្តេច , សំភារៈយោធបរិក្ខារបស់កង
    ទ័ព តើបាត់ទៅណាច្រើនមុខម្លេះ ? សូមរៀបរាប់
    ជូនខាងក្រោម ;
    ១ , ខោអាវការងារ ឬ ខោអាវប្រយុទ្ធ ( មាន )
    ២, ខោខ្លី ( អត់ )
    ៣ , អាវយឺត ( អត់ )
    ៤ , ក្រម៉ា ( អត់ )
    ៥ , មួក ( អត់ )
    ៦ , ស្បែកជើង ( អត់ )
    ៧ , ស្រោមជើង ( អត់ )
    ៨ , មុង ( អត់ )
    ៩ , ភួយ ( អត់ )
    ១០ , កន្ទេល ( អត់ )
    ១១ , កៅស៊ូភ្លៀងឯកជន ( អត់ )
    ( មិនមែនអាវភ្លៀងទេ )

    ១២ , អង្រឹង ( អត់ )
    ១៣ , ខ្សែរក្រវាត់ ( អត់ )
    ១៤ , សញ្ញាសំឝាល់ ឝ្រប់ប្រភេទទ័ព ( អត់)
    នេះជាតារាងឬជារបបឲ្យយោធិនម្នាក់ ៗ ដែល
    ត្រូវទទួលបាន , តែផ្ទុយទៅវិញ ឝឺ ឝ្មានទេ !
    កន្លងមកទទួលបានតែអំណោយរបស់ជំទាវប៊ុនរ៉ានី
    ឥឡូវ យើងខ្ញុំជាយុទ្ធជន នៅសមរភូមិមុខទិសប្រា
    សាទព្រះវិហារ , សុំសួរទៅសម្តេចហ៊ុន សែន ថា ;
    តើលោកណា ឬ អាណា ដែលកឹបកេងស៊ីលើឝោល
    របបរបស់យោធិន ? ? តើពេលណាទើបសម្តេច
    កែរទំរង់ ឬ កាត់ក្បាលមេទ័ព ដែលជាជនពុករលួយ
    ជ្រកក្រោមឃ្លៀក របស់សម្តេចនោះ ? ទុកឲ្យធ្វើ
    រដ្ឋមន្ត្រី , ធ្វើប្រធាននេះ ប្រធាននោះ ២០-៣០ឆ្នាំ
    មិនព្រមដូរ , ទុកឲ្យអ្នកនោះក្លាយជាបុឝ្គលនិយម
    ចងចង្កោមជាឝ្រួសារនិយម , ផ្គុំជាមុំចង្ក្រាន បាន
    លុយកាក់ ស័ក្តិយស មានដល់កូនចៅផៅសន្តាន
    របស់ពួកវា ! ហ៊ិះ ! សម្តេចជាទីឝោរព ! យើងខ្ញុំ
    ជាកងទ័ពការពារទឹកដីព្រំដែនខ្មែរ ថៃ មានក្តីអា
    ម៉ាស់យ៉ាងខ្លាំង ដែលមន្ត្រីជាន់ខ្ពស់មួយចំនួន នៅ
    កៀកស្និទ្ធនឹងសម្តេច ជាមនុស្សអំណាចនិយម
    បំផ្លាញជាតិ ពិសេស បំផ្លាញកិត្តិយសរបស់សម្តេច ,
    សូមអាអស់លោកឯង ឈប់យករបស់របរ
    បន្តិចបន្តួច មកបំផ្លាញសេចក្តីសុខ សុភមង្គល
    លើពួកខ្ញុំ និង ក្រុមឝ្រួសារយើងខ្ញុំទៀតទៅ !
    យើងខ្ញុំឆ្អែតហើយ ! អាណាក៏ដូច អាឆ្កែណា
    ដែរ……….! !

  2. Horn Seyha says:

    ប៉ារបស់ខ្ញុំអត់ទាន់បានបើកប្រាក់ខែ 2ខែដែរហើយ។ មិនដែលបានទាន់ពេកវេលាទេ
    យ៉ាប់ណាស់សង្គមខ្មែរ មិនដឹងពេលណារីកចំរើននឹងគេ។ ពុករលួយគ្មានទីបញ្ចប់។