ដោយ ឡេង ម៉ាលី
2014-03-03
RFA

ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក គាត ឈន់ ចូលរួមសម្ពោធអគារសាលាពេទ្យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃ៣ មីនា ឆ្នាំ២០១៤។ RFA/Leng Maly
រដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាពេទ្យថ្មីមួយ មានកម្ពស់ ៨ជាន់ នៅថ្ងៃទី៣ ខែមីនា។ ពិធីសម្ពោធនេះមានលោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ បានចូលរួមជាគណៈអធិបតី។
អគារសិក្សាពេទ្យថ្មីនេះ ស្ថិតនៅក្នុងបរិវេណសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ នៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងពិធីសម្ពោធនៅថ្ងៃទី៣ មីនា លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ មានប្រសាសន៍ថា អគារសិក្សាពេទ្យថ្មីកម្ពស់ ៨ជាន់នេះ បានមកពីការបង់ថ្លៃសិក្សារបស់និស្សិតពេទ្យកន្លងមក។
សកលវិទ្យាធិការនៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បង្ហាញរបាយការណ៍ថា អគារសិក្សាពេទ្យថ្មីនេះ ត្រូវបានចំណាយទឹកប្រាក់អស់ជាង ៨ពាន់លានរៀល (៨.៥៩៦.៦២៤.៩៧៤)៖ «អគារសិក្សាថ្មី ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ទី ៣ ហើយ ដែលត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិកាបង់ថ្លៃរបស់និស្សិត ក្រោយពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ចាប់តាំងពីចុងឆ្នាំ២០១១ មក»។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ឱ្យដឹងដែរថា និស្សិតដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តាំងពីឆ្នាំ១៩៨០ រហូតមកដល់ឆ្នាំ២០១៣ មានចំនួនជាង ១ម៉ឺន ៥ពាន់នាក់ហើយ។ អ្នកទាំងនេះភាគច្រើនកំពុងប្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស។
លោកសាស្ត្រាចារ្យឱ្យដឹងដែរថា និស្សិតដែលបានចុះឈ្មោះចូលសិក្សា នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្រាប់ឆ្នាំសិក្សា ២០១៣-២០១៤ នេះ មានចំនួន ៦.៩៩៩នាក់ ដែលក្នុងនោះ មាននិស្សិត ៧៩២នាក់ ជានិស្សិតអាហារូបករណ៍របស់រាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- យោធិនពិការនិងយោធិនចូលនិវត្តន៍ត្អូញរឿងបើកប្រាក់ខែយឺត
- កុមារីពីរនាក់ឆ្លងជំងឺផ្ដាសាយបក្សីនាខេត្តកំពង់ចាម
- មហាសន្និបាតពីដំណើរការអភិរក្សឃ្មុំព្រៃនិងអាជីវកម្មទឹកឃ្មុំលើទីផ្សារ
- កម្ពុជានឹងរៀបចំប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅដើមខែមីនា
- កម្មករប្រមាណ១០០នាក់សន្លប់នៅរោងចក្រនាខេត្តកណ្ដាល
- រដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់និងធ្វើអាជីវកម្មលើផលិតផលហ្ស៊ីហ្សា
- ក្រសួងសុខាភិបាលនឹងសង់អគារពីរក្នុងបរិវេណមន្ទីរពេទ្យបង្អែកក្រុងឲ្យបុគ្គលិកពេទ្យ
- ស្ថានភាពពលរដ្ឋរស់នៅតាមបណ្ដោយប្រឡាយទឹកស្អុយនៅភ្នំពេញ
- កម្ពុជាសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មលើកដំបូង
អត់ចេះខ្មាសគេលុយរបស់សិស្សបង់ថ្លៃសាលាសោះដាក់ឈ្មោះខ្លូនឯង ពិតជាអត់ខ្មាសគេមែន
សុំសរសើរៗៗៗៗៗៗៗៗៗៗៗៗ!
ជាសាលារដ្ឋគួជាទីមោទនៈ តែបើជាសាលាឯកជនវិញពលរដ្ឋគួពិចារណាមើលទៅ៕