តម្លៃ​ដី​ក្នុង​សង្កាត់​បឹង​កេងកង​១​រាជធានី​ភ្នំពេញ​ថ្លៃ​ជាងគេ​មួយ​ម៉ែត្រការ៉េ​ស្មើនឹង​៥.៩០០ដុល្លារ​អាមេរិក

ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃចន្ទ ទី3 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ បាន​សិក្សា​ឃើញថា តម្លៃ​ដី​ដែល​ដាក់​លក់​ខ្ពស់ ជាង​គេ​បំផុត នៅ​រាជធានី​ភ្នំពេញ គឺ​ស្ថិត​នៅក្នុង​រង្វង់​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន តម្លៃ​ដាក់​លក់​ដល់​ទៅ ៥.៩០០ ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រការ៉េ ។​

ការបង្ហាញ​នេះ​ធ្វើឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ចុងក្រោយ នៅ​ឆ្នាំ​២០១៤ នៃ​ការស្ទង់មតិ​តម្លៃ​ដីធ្លី​នៅក្នុង​ទីក្រុង​ភ្នំពេញ ។​
​អគ្គនាយករង​នៃ​ក្រុមហ៊ុន​វី​ត្រាស​គ្រុប លោក ច្រឹក សុខ​នី​ម មានប្រសាសន៍ថា តម្លៃ​ដាក់លក់​អតិបរមា​ដែល​បាន​យក​មក​ពី​ការស្ទង់មតិ គឺ​មាន​ការពាក់ព័ន្ធ​នឹង​ទីតាំង និង​លក្ខណៈ​នៃ​ដី ហើយ​ដី​ដែល​មាន​តម្លៃ​ដាក់លក់​ខ្ពស់​ជាងគេ​នោះ គឺ​នៅក្នុង​សង្កាត់​បឹង​កេងកង​១។

លោក​បន្តថា សម្រាប់​តម្លៃ​ដី​ដែល​ដាក់​លក់​ទាប​បំផុត គឺពាក់ព័ន្ធ​នឹង​លក្ខណៈ​ដី ផលប្រយោជន៍​សេដ្ឋកិច្ច និង​ទីតាំង​ផងដែរ គឺ​ស្ថិតនៅ​សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​សែន​សុខ ដែល​មាន​លក់​ត្រឹមតែ​១០​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយ​ម៉ែត្រ​ការេ ដោយសារ​តែ​តំបន់​នោះ មិន​អំណោយផល​ដល់​ការប្រកប​អាជីវកម្ម និង​មាន​ការអភិវឌ្ឍ​តិចតួច។ ​លោក ច្រឹក សុខ​នី​ម អំពាវនាវ​ឲ្យ​រដ្ឋ​ភិ​បាល ធ្វើ​ផែនទី​អភិវឌ្ឍ​ទីក្រុង ដើម្បី​ឲ្យ​តម្លៃ​ដី​មាន លក្ខណៈ​ស្មើគ្នា ឬ​ប្រហាក់​ហែល​គ្នា «ក្នុងបឹងកេងកង វាមានលក្ខណៈជា City Map ច្បាស់លាស់ ផែនការទីក្រុងច្បាស់លាស់ ដើម្បីឲ្យវាបានល្អ គឺយើងត្រូវមើល City Map ហ្នឹងឲ្យបានល្អ។ អ៊ីចឹងនៅក្នុងបឹងកេងកក វាមានលក្ខណៈជា City Map វារាងល្អជាងគេ ផ្លូវលេខតួលេខអី វាមានលំដាប់លំដោយរបស់គាត់ល្អជាង បើធៀបទៅនិងទួលគោក បើធៀបទៅនិងចំការមន ខណ្ឌ៧មករា»។

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន មាន​ប្រសា​ន​សន៍​ថា លទ្ធផល​ស្ទង់​មតិ​នេះ គ្រាន់តែ​ជា​របាយការណ៍​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ប៉ុណ្ណោះ ដែល​ជា​មធ្យោបាយ​មួយ ធ្វើឲ្យ​អាជីវកម្ម​របស់​ពួកគេ​ប្រកប​ដោយ​ភាពងាយស្រួល និង​ជោគជ័យ ។ លោក​បន្តថា ទាក់ទង​នឹង​ការអភិវឌ្ឍ​ផែនការ​ទីក្រុង រដ្ឋាភិបាល​បាន​នឹង​កំពុងធ្វើ​ហើយ «អ៊ីចឹង អាវិស័យឧស្សាហកម្ម អចលនវត្ថុ សុទ្ធតែមានការរៀបចំអ៊ីចឹង ក៏ប៉ុន្តែខ្ញុំបានដឹងថា រាជធានីភ្នំពេញ ជាមួយក្រសួងដែនដី នគរូបនីយកម្ម គេបានធ្វើអ៊ីចឹងដែរ»។

​អ្នកស្រាវជ្រាវ​សង្គម លោក បណ្ឌិត កែម ឡី មានប្រសាសន៍ថា របាយការណ៍​នេះ​មិន​ត្រឹមត្រូវ​ទាំងស្រុង​ទេ ហើយរ​បា​ការណ៍​នេះ​អាច​មាន​គុណសម្បត្តិ​ភាគ​ច្រើន​ទៅលើ​អ្នកមានអំណាច ឬ​អ្នក​មាន​លុយ និង​បរទេស​ជាដើម​។ លោក​បន្តថា ការ​ដែល​តម្លៃ​ដី​ថ្លៃ​តែ​មួយ​កន្លែង​បែបនេះ គឺ​មាន​គុណវិបត្តិ​ផ្នែក​ចរាចរណ៍ ព្រោះ​កន្លែង​នោះ​កកស្ទះ​ទៅ​ដោយ​កន្លែង​រកស៊ី​ផ្សេងៗ។​ ​លោក កែម ឡី បន្តទៀតថា ការស្ទង់មតិ​តម្លៃ​ដី​នេះ អាច​មាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ លុះត្រា​ណា​តែ​រដ្ឋាភិបាល​យល់ស្រប និង​យក​តម្លៃ​នេះ​ជា​ផ្លូវការ «មានលទ្ធផលដែរ ប្រសិនជា survey(ការស្ទង់មតិ) នេះត្រឹមត្រូវ ហើយរដ្ឋភិបាលយកអាហ្នឹងទៅអនុវត្ត នៅក្នុងការដែលផ្តល់សំណង សមរម្យ ទៅដល់អ្នកដែលត្រូវបានគេបណ្តេញចេញ អាហ្នឹងវាមានប្រយោជន៍ដល់គាត់។ ប៉ុន្តែកន្លងមក ការផ្តល់សងសំណងសមរម្យហ្នឹង វាផ្អែកទៅលើដែលជា អាជ្ញាធរគិត ឬក៏ក្រុមហ៊ុនគិត វាអត់ផ្អែកទៅលើទិន្នន័យដែលជា លក្ខណៈវិទ្យាសាស្ត្រ»។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​វី​ត្រាស ឲ្យដឹងថា ការស្ទង់មតិ​តម្លៃ​ដី​រួម​គ្នា នៃ​ក្រុមហ៊ុន​ក្នុង​សម្ព័ន្ធ វី​ត្រាស​នេះ ធ្វើឡើង​ដោយ​យក​សំណាក​អ្នកផ្តល់​ព័ត៌មាន​ចំនួន ៦៦០​នាក់ ដែល​កំពុង​លក់​អចលនទ្រព្យ​របស់​ពួកគេ​នៅ​ទូទាំង​ខណ្ឌ​ទាំង​៩ និង​សង្កាត់​ទាំង ៩៦ នៃ​រាជធានី​ភ្នំពេញ សង្កាត់​នីមួយៗ ត្រូវបាន​ជ្រើសរើស​ចំនួន​អ្នកលក់​អចលនទ្រព្យ​ជា​មធ្យម ប្រមាណ​ជា​៨​នាក់ ដើម្បី​យក​មក​ធ្វើ​ការស្ទង់មតិ។​

​របាយការណ៍​បន្តថា តម្លៃ​ដី​ដាក់​លក់​ជា​មធ្យម​ក្នុង​ឆ្នាំ ២០១៣ ក្នុង​ទីក្រុង​ភ្នំពេញ​មាន​ចំនួន ១.១៤០ ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​តម្លៃ​ដី​ដាក់លក់​អប្បបរមា​មាន​ចំនួន ១០​ដុល្លារ សហរដ្ឋអាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​តម្លៃ​ដី​ដាក់លក់​អតិបរមា មាន​ចំនួន ៥.៩០០​ដុល្លារ​សហរដ្ឋអាមេរិក៕

សូមសរសេរមកកាន់កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

 

What Next?

Recent Articles

One Response to "តម្លៃ​ដី​ក្នុង​សង្កាត់​បឹង​កេងកង​១​រាជធានី​ភ្នំពេញ​ថ្លៃ​ជាងគេ​មួយ​ម៉ែត្រការ៉េ​ស្មើនឹង​៥.៩០០ដុល្លារ​អាមេរិក"

  1. 18 Mina says:

    ទុកលក់អោយតេជោទៅគាត់សំបូរលុយ។