ដោយ៖ ណាត សុភាព
ថ្ងៃចន្ទ ទី3 ខែមិនា ឆ្នាំ2014
http://vodhotnews.com
អភិបាលរាជធានីភ្នំពេញនៅថ្ងៃចន្ទនេះ អំពាវនាវឲ្យអ្នកមានជម្លោះដីធ្លីតំបន់បឹងកក់ ដែលសេសសល់ពីការទទួលបានសំណង ចូលរួមសហការជាមួយនឹងសាលារាជធានីភ្នំពេញ ដើម្បីពន្លឿនការដោះស្រាយឲ្យមានប្រសិទ្ធិភាព។
ក្នុងពិធីប្រគល់ប័ណ្ណសំគាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន១៧គ្រួសារក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ថ្លែងថា ដើម្បីឲ្យមានជឿទុកចិត្តលើសាលារាធានីភ្នំពេញ សូមប្រជាពលរដ្ឋតំបន់បឹងកក់ ដែលសេសសល់មិនទាន់ទទួលបានសំណង សហការជាមួយស្ថាប័នមួយនេះ ដើម្បីពន្លឿនការដោះស្រាយបញ្ហាដីធ្លី តំបន់បឹងកក់ឲ្យមានភាពល្អប្រសើរ។
តំណាងពលរដ្ឋតំបន់បឹងកក់អ្នកស្រី ទេព វន្នី បានស្វាគមន៍ចំពោះឆន្ទៈរបស់ អភិបាលរាជធានី ដែលមានបំណងចង់ដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។ ប៉ុន្តែអ្នកស្រី អះអាងថា កន្លងមក ការសន្យារបស់សាលារាជធានី មិនទាន់ធ្វើឲ្យពួកគាត់ជឿទុកចិត្តនៅឡើយទេ។
កាលពីឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញអនុក្រិត្យ កាត់ដីនៅតំបន់បឹងកក់ចំនួន១២.៤៤ហិកតា ទុកឲ្យពលរដ្ឋដែលមិនព្រមចាកចេញ ដោយសំអាងលើសំណងតិចពេក។ ប៉ុន្តែមកដល់ពេលនេះជម្លោះដីចំនួន៧ឆ្នាំនោះ មិនទាន់បញ្ចប់នៅឡើយ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត យល់ថា បើអភិបាលរាជធានីភ្នំពេញ មានឆន្ទៈដោះស្រាយពិតមែន ជម្លោះដីធ្លីតំបន់បឹងកក់ នឹងត្រូវចប់ ហើយការចេញតវ៉ាក៏ត្រូវបញ្ចប់ដែរ។
ជម្លោះដីធ្លីនៅតំបន់បឹងកក់កើតឡើង តាំងពីឆ្នាំ២០០៧ នៅពេលដែលរដ្ឋាភិបាល ផ្តល់ដីតំបន់នោះ ជាដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនស៊ូកាកូអ៊ីន រយៈពេល៩៩ឆ្នាំ ហើយរដ្ឋទទួលបានទឹកប្រាក់ចំនួន ៧៩២០០០ដុល្លារអាមេរិក។ ដីដែលរដ្ឋផ្តល់ឲ្យទំហំ ១៣៣ហិកតា ប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៤២៥២គ្រួសារ។
បច្ចុប្បន្ននៅសល់ប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានដំណោះស្រាយប្រមាណ៣៨គ្រួសារទៀត ហើយបច្ចុប្បន្នសកម្មជនដីធ្លីទាំងនោះ តែងចេញមុខតវ៉ាទាមទារឲ្យសាលារាជធានីភ្នំពេញ ជួយពន្លឿនដោះស្រាយជូនពួកគាត់ឲ្យមានប្រសិទ្ធិភាព និងស្របតាមអនុក្រិត្យរបស់រដ្ឋាភិបាល៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
នៅសល់38 គ្រួសារក៏ពិបាកខ្លាំងម្លេះ អ្នកណាត្រឹមត្រូវច្បាស់លាស់ហើយឱយសំណងតាមទីផ្សាជាក់ស្តែងទៅ អ្នកណាបន្លំ នាំខូចគេខូចឯងដែលអ្នកត្រឹមត្រូវនាំចូលគុកទៅ!
បន្តិច្ចទៀត បក្សប្រឆាំង អស់ អ្វី ចោទ មួយទៀត ហើយ ។ ក្រុម គេនឹង ដេករនឹក សកម្មភាព អុកឡុក មួយទៀត ។
គ្រាន់តែអាចម៍ប៉ុណ្ណឹងចាំប្រកូកប្រកាស់អោយគេអែងចូលរួមយកបុង វាស់តែដីអោយគ្នាទៅវាចប់បាត់ទៅហើយ ងាយដូចបកចេក។ប្រហែលមានស្នៀតថ្មីទៀតហើយ
ពួកអាក្រពើអស់ទាំងនេះ។