អ្នករស់នៅ​អគារ​ប៊ុល​ឌី​ង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទិញ​អគារ​ក្នុង​តម្លៃ​សមរម្យ​​

ដោយ៖​ កាន់ វិច្ឆិកា​
ថ្ងៃចន្ទ ទី3 ខែមិនា ឆ្នាំ2014
http://vodhotnews.com

(រូបថតដោយកាន់ វិច្ឆិកា)

(រូបថតដោយកាន់ វិច្ឆិកា)

ប្រជាពលរដ្ឋ​កំពុង​រស់​នៅ​អគារ​ប៊ុល​ឌី​ង ដែល​ត្រូវបាន​សាងសង់​តាំងពី​ទសវត្សរ៍​ទី​៦០ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទិញ​អគារ​​ដែល​ពួកគាត់​កំពុង​រស់នៅ ក្នុងតម្លៃ​មួយ​សមរម្យ អាច​ទទួលយកបាន ខណៈ​អគារ​នោះ មាន​លក្ខណៈ​ចាស់​ទ្រុឌទ្រោម​ទៅហើយ​។​

​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​អគារ​ប៊ុល​ឌី​ង លោក មួង សុខ​នាថ ប្រាប់​VOD​ថា អគារ​នេះ​សាងសង់​ឡើង​តាំងពី​សម័យ​បារាំង ហើយ​ឥឡូវនេះ មាន​លក្ខណៈ​ទ្រុឌទ្រោម​ណាស់​ទៅហើយ​។ លោក​បន្តថា​ពេល​ខ្លះ​លោក​រស់នៅ​ដោយ​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព ព្រោះ​ថា​អគារ​ពុកផុយ​ដោយ​កន្លែង ព្រមទាំង​មាន​អាយុកាល​យូរយារ​ណាស់​មកហើយ​។ លោក​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទិញ​អគារ​នេះ ដោយ​ផ្តល់​តម្លៃ​មួយ​សមរម្យ​ជូន​ដល់​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​រក​កន្លែង​​រស់នៅ​បាន​សមរម្យ​ជាង​នេះ​។

​ពលរដ្ឋ​ម្នាក់ទៀត​ដែល​រស់​នៅលើ​អគារ​ប៊ុល​ឌី​ង​ដែរនោះ អ្នកស្រី កែវ សុខា ប្រាប់​ថា​អ្នកស្រី មិន​មាន​ការបារម្ភ​ពី​ការ​រស់​នៅលើ​អគារ​នោះទេ បើទោះបីជា​មើល​ពី​សម្បក​ក្រៅ​វា​ហាក់ដូចជា​ទ្រុឌទ្រោម​ក៏ដោយ តែ​ពី​ខាងក្នុង​វិញ វា​នៅតែ​មាន​សភាព​រឹងមាំ​ដដែល​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកស្រី ក៏​មិន​អាច​រស់នៅ​ទី​នេះ​រហូត​ដែរ ដូច្នេះ អ្នកស្រី​សុំឲ្យ​រដ្ឋាភិបាល ក៏​ដូចជា​ក្រុមហ៊ុន​ដែល​ចង់​វិនិយោគ ជួយ​ទិញ​អគារ​នេះ ក្នុង​តម្លៃ​សមរម្យ​មួយ​ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​។

​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក បេង ហុង​សុជាតិ​ខេ​ម​រ៉ូ មានប្រសាសន៍ថា អគារ​ប៊ុល​ឌី​ង​ពិតជា​មាន​អាយុ​វ័យ​ចំណាស់​មែន តែ​រដ្ឋ​មិន​អាច​ធ្វើ​អ្វី​បាន​នោះទេ ព្រោះ​វា​ជា​ទ្រព្យសម្បត្តិ​ឯកជន​។ លោក​បន្តថា ទោះជា​យ៉ាងណា​ក៏ដោយ ប្រជាពលរដ្ឋ ដែល​រស់​នៅលើ​អគារ​នោះ អាច​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ប្រសិន​ជា​មាន​ការបារម្ភ​ពី​ភាព​ពុកផុយ​នៃ​អគារ​នោះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ចុះ​ត្រួតពិនិត្យ និង​រក​ដំណោះស្រាយ​ទៅតាម​សភាព​ជាក់ស្តែង​។

​កាលពីដើម​ខែ​កញ្ញា ឆ្នាំ​២០១០ សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ថា អ្នករស់នៅ​ក្នុង​តំបន់​អតីត​ប៊ុល​ឌី​ង​ស ក្នុង​ខណ្ឌ​ចំការមន អាច​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​អគារ ប្រសិនបើ​អ្នកជំនាញ​សាលាក្រុង​រកឃើញថា អគារ​នេះ ទ្រុឌទ្រោម និង​គ្មាន​សុវត្ថិភាព​។ លិខិត​នោះ​បានឲ្យដឹងថា ដើម្បី​ជៀសវាង​គ្រោះថ្នាក់ សាលា​រាជធានី​បាន​បង្គាប់​ប្រជាជន​ទាំងអស់ ដែល​កំពុង​រស់នៅ ឲ្យ​ឈប់​ជួសជុល ឬ​សាងសង់​សំណង់​បន្ថែម ពីលើ​អគារ​ដែល​មាន​ស្រាប់ បើ​គ្មាន​ការអនុញ្ញាត​ពី​មន្ត្រី​ជំនាញ ព្រមទាំង​ត្រៀមខ្លួន​ដើម្បី​ចាកចេញ​ពី​អគារ ទៅរក​ទីកន្លែង​ថ្មី​រស់នៅ​។

VOD មិនទាន់​អាច​សុំ​ការបំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​សាលា​រាជធានី លោក ឡុង ឌី​ម៉ង់ បាន​នៅឡើយ​ទេ​។​

​អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ខ្មែរ​រៀល​អ៊ី​ស្ទេត លោក គឹម ហៀ​ង មានប្រសាសន៍ថា ការវាយតម្លៃ​អចលនទ្រព្យ ត្រូវ​ស្រាវជ្រាវ​ច្រើន​ដំណាក់កាល និង​ច្រើន​ប្រភេទ តួយ៉ាង​ដូចជា​ដី​នៅ​តំបន់​អគារ​ប៊ុល​ឌី​ង​នេះ ប្រសិន​ជា​ដី​ធម្មតា​ដែល​មិន​មាន​បញ្ហា​ពាក់ព័ន្ធ​ច្រើន ឬ​មាន​ប្លង់​ត្រឹមត្រូវ អាច​មាន​តម្លៃ​៣០០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ប៉ុន្តែ​ដោយសារ​តែ​ដី​នេះ មាន​លក្ខណៈ​ស្មុគ្រស្មាញ ដូច្នេះ​បើ​តាម​ការវាយតម្លៃ អាច​ទទួល​បាន​ត្រឹម​១៦០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

​ពលរដ្ឋ​អះអាងថា រហូតមកដល់​ពេលនេះ អគារ​ប៊ុល​ឌី​ង​នេះ មាន​ពលរដ្ឋ​ជាង​១០០០​គ្រួសារ កំពុង​រស់នៅ និង​ប្រកប​របរ​ចិញ្ចឹមជីវិត​៕

សរសេរមកកាន់ កញ្ញា ​កាន់ វិច្ឆិកា​ តាមរយៈvicheika@vodhotnews.com

What Next?

Recent Articles

2 Responses to "អ្នករស់នៅ​អគារ​ប៊ុល​ឌី​ង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទិញ​អគារ​ក្នុង​តម្លៃ​សមរម្យ​​"

  1. bol says:

    VOD មិនទាន់​អាច​សុំ​ការបំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​សាលា​រាជធានី លោក ឡុង ឌី​ម៉ង់ បាន​នៅឡើយ​ទេ​។​
    ____________________________

    អ្នកកាសែតអាងអី អាងតែពាក្យមួយម៉ាត់ យករួចខ្លួន ដើម្បីធ្វើយ៉ាងណា បញ្ចេញការវាយប្រហាររបស់ខ្លួន ដោយពុំបាច់មានកិច្ចការពារពីចុងចោទ។
    តែរឿងអាគារប៊ិលឌីងនេះ អ្នកណាកឬគេដឹងប្រវត្តដែរថា ជាអគារមួយដែលរដ្ឋបានគ្រប់គ្រង រៀបចំដើម្បី រំលាយចោល និងសាងសង់គម្រោងថ្មីពីយូរណាស់មកហើយ។ រដ្ឋាភិបាលបានចំណាយប្រាក់ និងរកដីតំបន់ជាយក្រុងឲ្យអ្នកប៊ីលឌីងនេះ តាំងពីឆ្នាំ ១៩៨៩ ឬ៩០ មកម្លេះ។ ហើយក្នុងអំឡុងពេលឆ្នាំ ២០០០ ក៏រៀបចំទៀត។
    តែរឿងអ្វី បានជាដោះមិនចេញ ក៏ព្រោះតែចលនានយោបា ដែលលើកទឹកចិត្តមនុស្សឲ្យប្រឆាំងនឹងអាជ្ញាធរ។
    ល្អទុកឲ្យគាត់នៅទីនេះ ទាំងមិនស្របច្បាប់រហូតដល់ថ្ងៃមួយ ដែលអគារបាក់រលំ ស្លាប់ដូចអគារបុគ្គលិកអគ្គីសនី នៅក្បាលថ្នល់ ទើបគាត់ដឹងខ្លួន។
    យ៉ាងម៉េច ចង់ ១ ការ៉េ ១៦០០ ដុល្លា ?

  2. ប្រជាពលរដ្ឋ says:

    គំនិត អា បុល bol អាក្រក់ណាស់ ! មុខអ្ហែង យ៉ាងម៉េច បែរ ទៅខាងណា បានជាអាក្រក់ម្លេះ !