អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ចេញសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ ដោយក្នុងនោះលោក ហោ សុធួន កូនប្រុសច្បងរបស់លោក ហោ ណាំ ហុង រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយការពារខ្លួនឯងប្រឆាំងនឹងពាក្យបណ្ដឹងរឿងបក្ខពួកនិយម ការរំលោភអំណាច និងការគ្រប់គ្រងចាត់ចែងប្រាក់រង្វាន់មិនបានល្អនៅក្នុងមុខតំណែងរបស់លោកជាអគ្គលេខាធិការអចិន្ត្រៃយ៍នៅក្នុងក្រសួងរបស់ឪពុកលោក។
សេចក្ដីថ្លែងការណ៍ ដែលព្រីននៅលើក្បាលលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយនេះ មិនរាប់បញ្ចូលពាក្យបណ្ដឹងប្រឆាំងលោក ហោ សុធួន ឬបញ្ជាក់ថា តើកំពុងមានការសុើបអង្កេតលើអគ្គលេខាធិការនៃក្រសួងការបរទេសរូបនេះឬយ៉ាងណានោះទេ។ ផ្ទុយមកវិញវាបង្ហាញពីសេចក្ដីសង្ខេបដ៏វែងនៃការឆ្លើយការពារខ្លួនរបស់លោក ហោ សុធួន។
យោងតាមសេចក្ដីថ្លែងការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា “ការតែងតាំងនិងការដំឡើងមុខតំណែងក្នុងស្រុកនិងបរទេសត្រូវបានអនុវត្តន៍តាមគោលការណ៍និងនីតិវិធីដែលប្រកបដោយភាពយុត្តិធម៌ និងតម្លាភាពដោយផ្អែកលើលក្ខខណ្ឌមួយចំនួនដូចជា លក្ខណៈសម្បត្តិ ចំណេះដឹង ជំនាញវិទ្យាជីវៈ ការស្ទាត់ជំនាញភាសាបរទេស ការធ្វើការយូរ ការទទួលខុសត្រូវ និងការទៀងទាត់ពេលវេលា”។
លោក ហោ ណាំហុង ដែលបានកាន់មុខតំណែងជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៩០ ដល់ឆ្នាំ១៩៩៣ និងដែលបានបន្តកាន់មុខតំណែងនេះនៅក្នុងឆ្នាំ១៩៩៨នោះ បានដំឡើងកូនប្រុសបីនាក់របស់លោកឲ្យកាន់មុខតំណែងខ្ពស់ៗនៅក្នុងក្រសួងនេះ។
ក្នុងពេលថ្មីៗនេះលោក ហោ ណាំបូរា៉ ទើបតែធ្វើមាតុភូមិនិវត្តមកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានកាន់មុខតំណែងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអង់គ្លេសនិងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅសហភាពអាហ្វ្រិក។ ពេលនេះលោក គឺជាអគ្គលេខាធិការរងនៅក្រសួងការបរទេស។
លោក ហោ មុនីរ័ត្ន កូនប្រុសម្នាក់ទៀតរបស់លោក ហោ ណាំហុង គឺជាឯអគ្គរាជទូតរបស់ប្រទេសកម្ពុជាប្រចាំប្រទេសជប៉ុន។
លោក ហោ សុធួន បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយថា ទោះបីជាមានការចោទប្រកាន់មកលើរូបលោកក៏ដោយក៏លោកសូមនិយាយការពារនៅក្នុងក្របខណ្ឌក្រសួងការបរទេសដើម្បីធានាថា ការដំឡើងតំណែងគឺអាស្រ័យលើគុណសម្បត្តិ ហើយថា មន្ត្រីម្នាក់ៗទទួលបានការវាយតម្លៃជាប្រចាំចំពោះការបំពេញការងាររបស់ពួកគេ។
ឆ្លើយតបទៅនឹងការចោទប្រកាន់មិនច្បាស់លាស់ពាក់ព័ន្ធនឹងការគ្រប់គ្រងចាត់ចែងប្រាក់រង្វាន់មិនបានល្អ លោក ហោ សុធួន បានពន្យល់លម្អិតពីចំនួនប្រាក់ឧបត្ថម្ភផ្ដល់ទៅឲ្យមន្ត្រីក្រោមឱវាទសម្រាប់ថ្លៃអាហារនិងប្រេងសាំង អាស្រ័យលើភារកិច្ចរបស់ពួកគេ។ លោក ហោ សុធួន មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីម្សិលមិញ។
លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា លោកមិនបានឃើញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងលោក ហោ សុធួន នេះទេ ហើយលោកបានបង្វែរសំណួរទៅលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
លោក ឆាយ សាវុធ បានមានប្រសាសន៍ថា “រឿងក្ដីទាំងពីរនេះ” ត្រូវបានអនុវត្តដោយឯកឧត្តមប្រធាន [លោក ឱម យុិនទៀង]”។ ចំណែកឯលោក ឱម យិុនទៀតក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយនៅក្នុងគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយ កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់ខេត្តកោះកុងមួយរូបត្រូវបានសម្រេចឲ្យរួចផុតពីការចោទប្រកាន់ពីបទពុករលួយពាក់ព័ន្ធ នឹងក្រុមហ៊ុនបូមខ្សាច់និងការលក់ដីរដ្ឋ។
លោក ពេជ្រ ស៊ីយន់ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកោះកុង រួមជាមួយនឹងមន្ត្រីក្រោមឱវាទផ្សេងៗទៀតរបស់លោកត្រូវបានចោទប្រកាន់ពីបទលក់ដីជាច្រើនឡូដែលជាកម្មសិទ្ធិរបស់មន្ទីរ ការកាត់ប្រាក់ខែរបស់មន្ត្រីក្រោមឱវាទ និងទទួលសំណូកពីក្រុមហុ៊នបូមខ្សាច់នានានៅក្នុងខេត្តនេះ។ ការចោទប្រកាន់ទាំងនេះមាននៅក្នុងពាក្យបណ្ដឹងមួយដែលប្រជាពលរដ្ឋក្នុងមូលដ្ឋាននឹងមន្ត្រីមន្ទីរបានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីខែមេសា ឆ្នាំ២០១៣។
សេចក្ដីថ្លែងការណ៍ដែលចុះហត្ថលេខដោយលោក ឱម យិុនទៀង “ពេជ្រ ស៊ីយន់ និងមន្ត្រីរាជការមួយចំនួននៅមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តកោះកុងបានបញ្ជាក់ថា [ពួកគេ] មិនបានឃុបឃិតគ្នាដើម្បីទទួលបានប្រាក់ពីការលក់ [ដីដែលជាកម្មសិទ្ធិរបស់មន្ទីរខេត្តនេះ។ តាមពិតទៅ ដីនេះត្រូវបានដោះដូរជាថ្នូរនឹងអគារថ្មីដោយមានការអនុម័តសម្រេចពីថ្នាក់លើគ្រប់ជាន់ថ្នាក់”។
សេចក្ដីថ្លែងការណ៍នេះក៏លើកឡើងដែរថា លោក ពេជ្រ ស៊ីុយន់ បានបញ្ជាក់ហើយថា លោកបានផ្ដល់សក្ខីកម្មដល់អង្គភាពប្រឆាំងអំពើពុករលួយកាលពីឆ្នាំមុនពាក់ព័ន្ធនឹងការចោទប្រកាន់រូបលោក។ លោកបានបន្តថា ប្រាក់ដែលមន្ត្រីរបស់លោកប្រមូលពីក្រុមហ៊ុនបូមខ្សាច់នានាចូលទៅក្នុងថវិការដ្ឋដោយផ្ទាល់។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានមានប្រសាសន៍ថា លោកមានអារម្មណ៍ស្រពិចស្រពិល ដែលក្នុងនោះអង្គភាពប្រឆាំងអំពើពុករលួយហាក់ដូចជា កំពុងអនុវត្តនៃអាណត្តិរបស់ខ្លួនដើម្បីកម្ចាត់អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។
លោក ព្រាប កុល បានគូសបញ្ជាក់ទៀតថា “ខ្ញុំមិនដឹងច្បាស់ទេថា តើនីតិវិធី និងការអនុវត្តអ្វីឲ្យពិតប្រាកដដែលពួកគេបានប្រើប្រាស់នៅក្នុងការអនុវត្តការងាររបស់ខ្លួននោះ ប៉ុន្តែបើក្រឡេកមើលមួយភ្លែត វាហាក់ដូចជាអង្គភាពប្រឆាំងអំពើពុករលួយកំពុងការពារមន្ត្រីជាប់ចោទអ៊ីចឹង”។
លោក ព្រាប កុល បានមានប្រសាសន៍ទៀតថា “អង្គភាពប្រឆាំងអំពើពុករលួយគួរតែបានសរសេរលិខិតមួយច្បាប់រៀបរាប់ថា ខ្លួនបានធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ទាំងនេះ ហើយថា បានរកឃើញដូចនេះ ឬដូចនោះ។ បន្ទាប់មកពួកគេគួរតែធ្វើសេចក្ដីសន្និដ្ឋានដោយផ្អែកលើលទ្ធផលទាំងនោះ”៕ សុខុម
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
អង្គភាពប្រឆាំងអំពើពុករលួយ ចាប់និងដាក់ទោសបានតែមន្រីCPP តូចតាច ដែលគ្មានសែស្រលាយអ្នកធំ..ចាប់បានមនុស្សដែលមិនមែនក្រុមឬបក្សខ្លួន NGO’s និងបក្សប្រឆាំងតែបុ៉ណ្ណោះ…!
ពុករលួយជាអ្វី ហើយអ្វីខ្លះជាពុករលួយ?
ឧពុកជាមេធំ ។ ឯកូនក៏នៅក្នុងក្រសួងរបស់ឪពុក។ ឪពុកជាមេធំ ឯកូនជាមេរង។
សង្គមខ្មែរមិនអាចលុបបំបាត់បក្សពួក គ្រួសារនិយម បានទេ។
ពុករលួយ គឺវានៅកន្លែងនេះ។
តើក្នុងរដ្ឋាភិបាលស្រុកខ្មែរនេះ មានក្រសួងណាមួយដែល ពុំមានកូន ក្មួយ បង ប្អូន ជាមន្ត្រីក្រោមឱវាទឪពុក ឬបង?
ជួនកាល ឪពុកជាមេធំ ហើយកូនក៏ជាមេរង ដែរ។ ប្តីជាចៅហ្វាយខេត្ត ប្រពន្ធជា តំណាងរាស្ត្រក្នុងខេត្ត ឬមណ្ឌលតែមួយ។
នេះហើយជាសំនួរថា ករណីបើ CNRP បានកាន់អំណាច តើ មន្ត្រី CNRP នឹងដើចៀសពីគន្លងនេះបានឬទេ?
តើគេអាជជឿបានទេ ?
អ្នកណាដឹងថា ក្រៅពីប្រពន្ធដែលមានឈ្មោះជាតំណាងរាស្ត្រនោះ តើលោកសម រង្ស៊ីមានកូនចៅ បងប្អូន ប៉ុន្មាននាក់ ដែលត្រៀមទទួលតំណែងបន្តបន្ទាប់?
ចុះលោក កឹម សុខា លោក គង់គាំ លោក យឹម សុវណ្ណ លោក គួយ ប៊ុនរឿន?
មិនមែនទាល់តែថា មានត្រកូលដូចគ្នា ទើបជាប្អូន ឬកូនទេ។ ជួនកាល មានត្រកូលខុសគ្នា តែជាកូនបង្កើត ឬជាប្អូនបង្កើតសោះ។
នេះហើយបញ្ហាខ្មែរ៕