មន្ត្រី​ពាណិជ្ជកម្ម ​EU បារម្ភ​ពី​បញ្ហា​បាតុកម្ម​របស់​កម្មករ និង​ការរំលោភ​ដីធ្លី​ចម្ការ​អំពៅ

ដោយ៖​ ស៊ុន ណារិន និង ប្រែ​ង សត្យា​ភិរក្ស​
ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014
http://vodhotnews.com

​ស្នងការ​ពាណិជ្ជកម្ម​ស​ហ​ភាព​អឺរ៉ុប កាលពី​ថ្ងៃ​អង្គារ បានលើកឡើង​ពី​ការព្រួយបារម្ភ​លើ​បញ្ហា​ដី​សម្បទាន​ចម្ការ​ស្ករអំពៅ និង​បញ្ហា​ការធ្វើ​បាតុកម្ម​របស់​ក​ម្មករ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ស៊ុន ចាន់ថុល​។

​ស្នងការ​ពាណិជ្ជកម្ម​ស​ហ​ភាព​អឺរ៉ុប លោក Karel de Gucht បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃ​អង្គារ ដោយ​លោក​បាន​ជួប​ជាមួយ​លោក ស៊ុន ចាន់ថុល អស់​រយៈពេល​ជាង​១​ម៉ោង នៅ​ទីស្តីការក្រសួង ដើម្បី​ពិភាក្សា​ការងារ​ពាណិជ្ជកម្ម​។

​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែ​ន រដ្ឋា មានប្រសាសន៍ថា ភាគី​ទាំងពីរ បាន​លើក​ពី​បញ្ហា​ពាណិជ្ជកម្ម ដែល​EU​តែងតែ​ផ្តល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ​(EBA) ដែល​ជួយ​ដល់​កម្ពុជា​ច្រើន​។ លោក​បន្តថា លោក Karel de Gucht បាន​លើក​បញ្ហា​ព្រួយ​បារម្ព​ចំនួន​ពីរ គឺ​បញ្ហា​ចម្ការ​ស្ករអំពៅ ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​ដីធ្លី និង​បញ្ហា​បាតុកម្ម​របស់​កម្មករ​រោងចក្រ​កាត់ដេរ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​។​

​ជា​ការឆ្លើយតប លោក កែ​ន រដ្ឋា មានប្រសាសន៍ថា លោក ស៊ុន ចាន់ថុល បាន​បកស្រាយ និង​ពន្យល់​ហេតុផល​ពិត និង​ឯកសារ​មួយចំនួន​ទៅ​ស្នងការ​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប​។ លោក​បន្តថា លោក ស៊ុន ចាន់ថុល បាន​ពន្យល់​ពី​អ្វី​ដែល​កម្ពុជា កំពុងតែ​ដោះស្រាយ​រឿង​បញ្ហា​រំលោភ​ដីធ្លី​ទាក់ទង​នឹង​ចម្ការ​អំពៅ គំនិត​ផ្តួចផ្តើម​មួយចំនួន និង​សកម្មភាព ដែល​នឹង​ត្រូវ​ធ្វើ​បន្ត​ទៅ​ថ្ងៃ​ខាងមុខ​។​

​លោក Karel de Gucht សន្យាថា នឹង​បន្ត​ស្នើ​ទៅ​សមាជិក​សភា​អឺរ៉ុប សុំ​EBA​សម្រាប់​កម្ពុជា និង​ស្នើសុំ​ការនាំ​ចូល​សម្ភារៈ​ធ្វើ​កង់​ពី​ប្រទេស​ម៉ាឡេស៊ី ដើម្បី​កម្ពុជា អាច​ផលិត​កង់​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​។​

​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប បាន​កើនឡើង​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់យ៉ាង​លើក​លែងតែ​សព្វាវុធ​។​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ទៅ​សហភាព កើនឡើង​៣០​ភាគរយ គឺ​មាន​តម្លៃ​៣៣០០​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៣ ជាពិសេស​ផលិតផល​សម្លៀកបំពាក់ បន្ទាប់​មក​ស្បែកជើង កង់ និង​អង្ករ​។​ការនាំ​ចេញ​ស្ករស មាន​ត្រឹមតែ​១.៦​ភាគរយ​នៃ​ការនាំ​ចេញ​នោះ  ដែល​ចំនួន​នេះ​ឡើង​ជាង​បី​ដង​ដល់​ទៅ​៥៣​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០១៣​។​

​កន្លងទៅ ភាគី​កម្ពុជា និង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ជួប​ពិភាក្សា​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​ដុះ​អំពៅ និង​ការ​ចម្រាញ់​ស្ករអំពៅ ដោយ​ឈាន​ទៅរក​ដំណោះស្រាយ​នៅ​ពេល​ឆាប់ៗ​នេះ​។​

លោក កែ​ន រដ្ឋា មានប្រសាសន៍ថា រដ្ឋាភិបាល មាន​ឆន្ទៈ​ក្នុង​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ការសិក្សា​បន្ត​នៃ​ផល​ប៉ះពាល់ ដោយសារ​កន្លងមក របាយការណ៍​នៃ​ផល ប៉​ពាល់​មាន​ភាពខុសគ្នា​។​លោក​បន្តថា រដ្ឋាភិបាល បាន​បង្កើត​ភាគី​ទី​បី ដើម្បី​ចូល​ទៅ​សិក្សា​ពី​ផលប៉ះពាល់ «​ពិនិត្យ និង​មើល​ចំនួន​ក្រុម​គ្រួសារ​ដែល ទទួលរង​ផលប៉ះពាល់ ដែល​បាន​ដោះស្រាយ​ហើយ នីតិវិធី​ដែល​បាន​ប្រើ និង​ចំនួន​ដែល​ឯកអគ្គរដ្ឋទូត សហគមន៍​អឺរ៉ុប​នោះ គាត់​ទទួលបាន​ពី​ប្រភព​ណាមួយ ដែល​គាត់​មាន​ពី​ប្រភព​ណាមួយ​ដែល​គាត់​មាន អញ្ចឹង​យើង​ធ្វើការ​ផ្ទៀតផ្ទាត់​គ្នា ហើយ​ពិនិត្យ​រាល់​ឯកសារ​ទាំងអស់នោះ​ឡើងវិញ​»៕

សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

One Response to "មន្ត្រី​ពាណិជ្ជកម្ម ​EU បារម្ភ​ពី​បញ្ហា​បាតុកម្ម​របស់​កម្មករ និង​ការរំលោភ​ដីធ្លី​ចម្ការ​អំពៅ"

  1. ក្បាច់សាមកុក says:

    អា ខ្វាក់បានលុយចូលរដ្ឋប៉ុន្មាន?