​អ្នក​បុរី​កីឡា និង​បឹងកក់ ទាមទារ​ឲ្យ​តុលាការ​ដោះស្រាយ​បណ្តឹង ករណី​អាជ្ញាធរ​ប្រើ​ហិង្សា​លើ​ពួកគេ​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ក្រុមប្រជា​សហគមន៍​បុរី​កីឡា កំពុងឈរ​កាន់​បដា​ទាមទារ​រក​យុត្តិធម៌ដល់ពួកគេ(រួបភាព៖ ជន ស្រីណុច)

ក្រុមប្រជា​សហគមន៍​បុរី​កីឡា កំពុងឈរ​កាន់​បដា​ទាមទារ​រក​យុត្តិធម៌ដល់ពួកគេ(រួបភាព៖ ជន ស្រីណុច)

ប្រជា​សហគមន៍​បុរី​កីឡា និង​បឹងកក់ ប្រមាណ​ជិត​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រមូលផ្តុំ​គ្នា​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​តុលាការ​ពន្លឿន​ដោះស្រាយ​បណ្តឹង​របស់​ពួកគេ ដែល​ប្តឹង​អាជ្ញាធរ​ខណ្ឌ​៧​មករា ពី​បទ​ប្រើ​ហិង្សា​លើ​ប្រជា​សហគមន៍​បុរី​កីឡា ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ កាលពី​ថ្ងៃ​១៤ ខែ​កុម្ភៈ​។​

​កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ អ្នក​មាន​ជម្លោះ​ដីធ្លី នៅ​អតីត​សហគមន៍​បុរី​កីឡា ៧​នាក់​រងរបួស ដែល​មាន​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ផង ក្រោយ​អាជ្ញាធរ​វាយ​បណ្តេញ​ឲ្យចេញ​ពី​អាគារ​ទី​៩ របស់​ក្រុមហ៊ុន​ផាន​អ៊ី​មិច ដែល​សង់​លើដី​កំពុង​មាន​ជម្លោះ​។

ស្ត្រី​រងគ្រោះ​ដីធ្លី​នៅ​បុរី​កីឡា និង​តំបន់​បឹងកក់ កាលពី​ថ្ងៃ​ទី​១១ ខែ​មិនា បាន​ពាក្យ​ប្តឹង​អភិបាលខណ្ឌ​៧​មករា និង​បក្សពួក ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ទារ​សំណង​ក្នុង​ម្នាក់​២៥០០​ដុល្លារ ពី​បទ​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​បុរី​កីឡា ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ តុលាការ​នៅ​ពុំ​ទាន់​ចាត់ការ​លើ​បណ្តឹង​នោះ ទើប​ពួកគេ​លើកគ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលាដំបូង នៅថ្ងៃនេះ​។​

អ្នកស្រី​ឆាយ គឹម​ហ៊​ន តំណាង​អ្នក​បុរី​កីឡា មានប្រសាសន៍ថា ការប្រមូលផ្តុំ​នៅថ្ងៃនេះ គឺ​ទាមទារ​ឲ្យ​តុលាការ​ពន្លឿន​ការដោះស្រាយ​លើ​បណ្តឹង​របស់​ពួកគាត់​ដែល​ប្តឹង​អាជ្ញាធរ​ខណ្ឌ​៧​មករា ដែល​ប្រើ​ហិង្សា​លើ​ពួកគាត់ និង​ទាមទារ​ឲ្យ​តុលាការ​ដោះស្រាយ​បណ្តឹង​របស់​ពួកគាត់​ដែល​ប្តឹង​អ្នកស្រី ស៊ុយ ស៊ីផា​ន ម្ចាស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដែល​រំលោភ​យក​ដី​របស់​ពួកគាត់​។​

​នៅ​ម៉ោង ៩​ព្រឹក​នេះ មន្ត្រី​សាលាដំបូង បានអនុញ្ញាត​ឲ្យ​តំណាង​ពួកគាត់ ៧​នាក់ ចូលជួប ខណៈ​ដែល​អ្នក​ផ្សេង​ទៀត ឈរ​កាន់​បដា​ទាមទារ​រក​យុត្តិធម៌ និង​តុលាការ​ត្រូវតែ​ឯករាជ្យ​។​ ​តែ​ទោះ​យ៉ាងណា ការប្រមូលផ្តុំ​នៅ​ព្រឹក​នេះ គេ​ពុំ​ឃើញ​មាន​សមត្ថកិច្ច និង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ដាក់ពង្រាយ​ការពារ ឬ​បំបែក​នោះទេ​៕

សូមសរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
 

 

 

What Next?

Recent Articles

One Response to "​អ្នក​បុរី​កីឡា និង​បឹងកក់ ទាមទារ​ឲ្យ​តុលាការ​ដោះស្រាយ​បណ្តឹង ករណី​អាជ្ញាធរ​ប្រើ​ហិង្សា​លើ​ពួកគេ​​"

  1. ង្វៀង ធីទ័រ says:

    កុំសង្ឃឹមថា ដុល្លាការអាយ៉ង របស់ សំដាច់ អាគាក់ មោហា សែណា បាត់ដី ដែកចោរ ទេវទត្ត ភ្នែកទោល វាចាត់ការរឿងនេះអោយសោះ…ទាល់តែអាភ្នែកទោលតៃហោង ទើបស្រុកខ្មែរមានយុត្តិធ៍ម សំរាប់រាស្រ្តក្រីក្របាន…!