ក្មេង​ប្រុស​ស្រី​ប្រាំ​នាក់​កំពុង​ធ្វើ​ការ​ក្នុង​ចម្ការ​អំពៅ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ

Tuesday, 25 March 2014
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍

4-story-1

កុមារាម្នាក់ កំពុងធ្វើការក្នុងចម្ការអំពៅក្រុមហ៊ុនស្ករសភ្នំពេញ នៅខេត្តកំពង់ស្ពឺ។ រូបថត ម៉ៃ វីរៈ

ព្រះវិហារៈ ​ក្មេង​ប្រាំ​នាក់​ក្នុង​ចំណោម​​ក្មេង​ប្រុស​ស្រី​​​ជាង​២០​នាក់​​​ត្រូវ​បានរក​ឃើញ​ថា​​កំពុង​ធ្វើ​ការ​ងារ​នៅ​​​ចម្ការ​អំពៅ​របស់​​ក្រុម​ហ៊ុន​ចិន​មួយ​​​ក្នុង​ស្រុក​ត្បែង​​មាន​ជ័យ ក្នុង​ខេត្ត​ព្រះវិហារ​។ នេះ​បើ​តាម​​នគរ​បាល​​និង​​ក្រុម​សិទ្ធិ​មនុស្ស​​អះអាង​​កាល​មិ្សល​មិញ។

លោ​ក​ស្រី ​ប្រាំង ធីតា ​ប្រធាន​ការិយាល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន​​ខេត្ត​ បាន​ថ្លែង​ថា មេ​ការ​ម្នាក់​អាយុ​​៥៤​​ឆ្នាំ​​ នៅ​ក្រុម​ហ៊ុន​ចិន​ឈ្មោះ​ Lan Feng បាន​ដាក់​ពាក្យ​បណ្តឹង​​មួយ​ទៅ​ការិយាល័យ​ ​​លោក​ស្រី​​កាល​សប្តាហ៍​មុន ​​ស្នើ​សុំ​អន្តរគមន៍​​​ជួយ​​ក្មេង​ស្រី​​ក្រោម​អាយុ​ចំនួន​១៥​នាក់​​ និង​ក្មេង​ប្រុស​៤នាក់​​ដែល​​ក្រុម​ហ៊ុន​​​នេះជួល​​ឲ្យ​ធ្វើ​ការ​​​ក្នុង​ចម្ការ​អំពៅ​​​ចាប់​​ពី​ខែ​មករា​។

​លោក​ស្រី​ ធីតា ថ្លែង​បន្ត​ថា​៖ «​​មន្រ្តី​​យើង​បាន​ចុះ​ទៅ​ច​ម្ការ​​​​នោះ​នៅ​ព្រឹក​នេះ​​ ហើយបាន​​ឃើញ​​​ក្មេង​ប្រុស​តែ​​បី​នាក់​​និង​ក្មេង​ស្រី​ពីរ​​នាក់​​ អាយុ​ ១២ ទៅ​​១៦​ឆ្នាំ​»។

​លោក​ស្រី​បន្ត​ថា​ ​ក្មេង​ស្រី​និង​ក្មេង​ប្រុស​ទាំង​នេះ​​ ​ធ្វើ​ការ​ងារ​នៅ​ទី​នោះ​​ជា​មួយ​ម្តាយ​​ពួក​គេ​រាល់​ថ្ងៃ​ ​និង​ទទួល​បាន​ប្រាក់​​ឈ្នួល​​២ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​​។

​លោក​ស្រី​​​បន្ត​ទៀត​ថា​៖ «​​យើង​មិន​ចង់​ឲ្យ​ពួក​គេ​ធ្វើ​ការ​ងារ​ដូច​នេះ​​ទេ​ ពី​ព្រោះ​ពួក​គេ​ពុំ​មាន​ពេល​ទៅ​សាលា​រៀន​»។ ​

មន្រ្តី​នគរ​បាល​បាន​ហៅ​តំណាង​ក្រុម​ហ៊ុន​មក​សាក​សួរ​ ។ ប៉ុន្តែ តំណាង​ក្រុម​ហ៊ុន​បាន​អះអាង​ថា ​ក្រុម​ហ៊ុន​មិន​បាន​លើក​ទឹកចិត្ត​ក្មេង​ទាំង​នោះទេ ថែម​ទាំង​បង្ខំ​ពួក​គេ​ឲ្យ​​​ធ្វើ​ការ​ ពួក​គេ​ទៅ​ជា​មួយ​ម្តាយ​របស់ខ្លួន​​ននិង​ធ្វើ​ការ​ងារ​តែ​​ពីរ​បី​​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។

​ក្មេង​ប្រាំ​នាក់​​​​នៅ​តែ​កំពុង​នៅ​ក្រុម​ហ៊ុន​​នេះ​ជា​មួយ​ម្តាយ​របស់​ពួក​គេ​ ​ហើយ​មន្រ្តី​នគរ​បាល​​កំពុង​ធ្វើ​របាយការណ៍​​ជម្រាប​អំពី​បញ្ហា​នេះ​ទៅ​​ស្នង​ការ​ខេត្ត​​លោក ស៊ី គិរី។

​លោក​ស្រី ធីតា ​បាន​ថ្លែង​បន្ត​ថា​៖ «​​​យើង​ទើប​តែ​សួរ​ក្រុម​ហ៊ុន ​មិន​ទាន់​​ចាត់​ការ​ធ្ងន់​ធ្ងរ​ណា​​ទៅ​លើ​ក្រុម​ហ៊ុន​នេះ​នៅ​ឡើយ​ទេ​។ ​យើង​កំពុង​ធ្វើ​របាយការណ៍​​ទៅ​ស្នង​ការ​ខេត្ត​»។

លោក ​​ឡោ ចាន់ ​មន្រ្តី​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុកប្រចាំ​ខេត្ត​ ​បាន​ថ្លែង​ថា ​​អ្នក​ស្រី​ តឿ ​ប៊ុន​ថានី ​អាយុ​៥៤​ឆ្នាំ​ ​បាន​ដាក់​បណ្តឹង​ចំនួន​ពីរ​​ទៅ​​មន្រ្តី​របស់​លោក​កាល​ថ្ងៃ​ចន្ទ​ ​ដោយ​សុំ​​ឲ្យ​មាន​ការ​ចាត់​ការ​ទៅ​តាម​ច្បាប់​​ទៅ​លើ​​​អ្នក​ដែល​យក​ក្មេង​ក្រោម​អាយុ​​​​ធ្វើ​ការ​។

​លោក​បាន​ថ្លែង​បន្ត​ថា​ ​អ្នក​ស្រី​ក៏​បាន​សុំ​អន្តរគមន៍​ផង​ដែរ​​​បន្ទាប់​ពី​មាន​ជន​ទំនើង​ម្នាក់​​របស់​ក្រុម​ហ៊ុន ឈ្មោះ ហៃ ហាប ​បាន​ប៉ុន​បងបង្ក​របួស​ស្នាម​និង​សម្លាប់អ្នក​ស្រី។

​លោក ឡោ ចាន់ ​បាន​ថ្លែង​បន្ត​ថា​៖ ​«​​អ្នក​ស្រី​អាណិត​ក្មេង​ប្រុសស្រី​ទាំង​នោះ​ ​ទើប​អ្នក​ស្រី​ផ្តល់​ព័ត៌​មាន​ទៅ​នគរ​បាល​។ ​នៅ​ពេល​ឈ្មោះ ហៃ ហាប ​ដឹង​ដូច្នោះ ​គាត់​ខឹង​ ហើយ​បាន​ទៅ​ជួប​អ្នក​ស្រី​ភ្លាម​​ៗ​ ​ដោយ​បង្ខំ​ឲ្យ​ដក​ពាក្យ​បណ្តឹង​​​អំពី​ការ​បំពាន​លើ​កុមារ​ទាំង​នោះ​»។

​អ្នក​ស្រី តឿ ​ប៊ុន​ថានី ​បាន​អះ​អាង​កាល​ម្សិល​មិញ​ថា​ ​អ្នក​ស្រី​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រុម​ហ៊ុន​​ដោយ​សារ​តែ​ការ​ផ្តល់​ព័ត៌​មាន​អំពី​ការ​រំលោភ​បំពាន​លើ​កុមារ​​នៅ​ក្នុង​ក្រុម​ហ៊ុន​នេះ​។

​អ្នក​ស្រី​បាន​បន្ត​ថា​៖ «​​ឥឡូវ​នេះ​ ខ្ញុំ​រស់​នៅ​ទាំង​ភ័យ​ខ្លាច​ ដោយ​សារ​ឈ្មោះ ហៃ ហាប ​និង​​មេ​របស់​គាត់​​បាន​ហៅ​ខ្ញុំ​និង​ព្រមាន​ខ្ញុំ​​​​ជា​ច្រើន​លើក​ថា​នឹង​វាយឬ​​​សម្លាប់​ខ្ញុំ​»។

​អ្នក​ស្រី​​អះ​អាង​ថា​ ​អ្នក​ស្រី​​បាន​ចុះបញ្ជី​​​ក្មេង​ប្រុស​​​ស្រី​ជាង​២០​នាក់​​​កំពុង​ធ្វើ​ការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន​នេះ​ ​មិន​មែន​តែ​៥​នាក់​ដូច​នគរ​បាល​អះ​អាង​ទេ​៕​ PS


What Next?

Recent Articles

One Response to "ក្មេង​ប្រុស​ស្រី​ប្រាំ​នាក់​កំពុង​ធ្វើ​ការ​ក្នុង​ចម្ការ​អំពៅ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ"

  1. Bol says:

    គេមិនត្រូវខិតខំស្វែងរកតែចំណុចបង្ករឿងទេ។

    ការងារគឺការងារ , លុយគឺលុយ។
    ឪពុកម្តាយចង់បានលុយរបស់គេ យកកូនទៅសុំផ្ញើរនឹងថៅកែ ដើម្បីសុំការងារ គ្រាន់នឹងទទួលបានកម្រៃ។
    សួរថា បើគេមិនឲ្យការងារដល់ក្មេងធ្វើ តើវាយ៉ាងម៉េចដែរ?
    សួរថាអ្នកណាជាអ្នកអង្វរគេ ដើម្បីទទួលបានការងារ?
    ក៏មានម្តាយឪពុកខ្លះមិនធ្វើការដោយខ្លួនឯងទេ បែរជាឲ្យកូនទៅធ្វើជំនួស ឬក៏ត្រូវនាំកូនទៅជួយការងារប្រចាំថ្ងៃ។
    ត្រូវអរគុណគេទៅ នៅពេលឃើញគេឲ្យការងារដល់ក្មេងធ្វើ , បើទោះបីជាមានច្បាប់ហាមប្រាម មែន, តែធ្វើម្តេចយើងត្រូវការលុយ។
    វាមិនខ្វះទេ ក្នុងសង្គមខ្មែរយើងនេះ ដែលនាំគ្នាបង្កើតកូន រួចហើយបីកូនខ្ចីដើរសុំលុយគេតាមផ្លូវ។

    បើយើងនិយាយថា តើគួររកវិធីបែបណា ដើម្បីឲ្យកុមារមានការងារសមរម្យទៅនឹងកម្លាំង ហើយក៏ទទួលបានកម្រៃគ្រាន់នឹងជួយគ្រួសារ ឬផ្គត់ផ្គង់ខ្លួនឯង វិញទើត្រឹមត្រូវ។
    ត្រូវដឹងថា ច្បាប់គឺច្បាប់ , តេស្ថានភាពពិតនៃសង្គម មិនអាចត្រូវតែសុក្រិត ១០០% ៕ អ្វីក៏ដោយក្នុងសង្គម វាមិនដែលដំណើរការតាមច្បាប់ទេ។