ដោយ៖ បាន វិទ្យា
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ក្រសួងអប់រំ យុវជន និងកីឡា លុបចោលប្រព័ន្ធយកពិន្ទុប្រចាំឆ្នាំបូកជាមួយពិន្ទុប្រឡងថ្នាក់ជាតិ សម្រាប់ថ្នាក់ទី១២ ដែលនេះជាចំណុចមួយនៃកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា។
ឯកសារកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចេញផ្សាយកាលពីពេលថ្មីៗនេះ ឲ្យដឹងថា តាមរយៈការប្រឡងកន្លងមក ក្រសួងបានអនុញ្ញាតឲ្យបេក្ខជននីមួយៗ យកពិន្ទុប្រចាំឆ្នាំមកបូកជាមួយពិន្ទុប្រឡងថ្នាក់ជាតិ តែក្នុងឆ្នាំសាកល្បងនេះ ក្រសួងបានកែប្រែដោយមិនកំណត់យកពិន្ទុប្រចាំឆ្នាំមកបូកជាមួយពិន្ទុប្រឡងប្រចាំថ្នាក់ជាតិនោះទេ។ ក្រសួងបន្តថា ការកំណត់ពិន្ទុឲ្យជាប់ ក៏មានភាពខុសគ្នាពីឆ្នាំមុន ប៉ុន្តែនិទ្ទេស នៅរក្សា៥កម្រិតដដែល៖ A B C D E។
វិញ្ញាសាប្រឡងមានតែ៧មុខវិជ្ជាប៉ុណ្ណោះ ក៏ប៉ុន្តែវិញ្ញាសា២ប្រភេទ ស្ថិតនៅក្នុងការជម្រើសរបស់ក្រសួងគឺថ្នាក់វិទ្យាសាស្ត្រ (រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីវិទ្យា) និងថ្នាក់វិទ្យាសាស្ត្រសង្គម (ប្រវត្តិវិទ្យា ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជា្ជ និងផែនដីវិទ្យា)។ ក្រសួងនឹងជូនដំណឹងពិតប្រាកដ ក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃមុន សម័យប្រឡង។
ទាក់ទងនឹងកំណែទម្រង់សម្រាប់ការប្រឡងបាក់ឌុបនេះ ក្រសួងបានផ្អែកទៅលើគោលការណ៍៤យ៉ាង គឺច្បាប់ យុតិ្តធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្រសួង ក៏បានបង្កើតអនុគណៈកម្មការកំណែទម្រង់ការប្រឡង រួមមាន អនុគណៈកម្មការបច្ចេកទេស អនុគណៈកម្មការពិនិត្យឡើងវិញប្រកាសអន្តរក្រសួងស្តីពីគោលការណ៍ចំនាយសម្រាប់ការប្រឡង អនុគណៈកម្មការនីតិកម្ម អនុគណៈកម្មការ ហិរញ្ញវត្ថុ និងអនុគណៈកម្មការ សន្តិសុខ។
ក្រសួងគ្រោងអនុវត្តសាកល្បងក្នុងឆ្នាំសិក្សា ២០១៣-២០១៤នេះ ដោយប្រគល់សិទិ្ធអំណាចទាំងស្រុងជូនសាលានីមួយៗ ជាអ្នករៀបចំការប្រឡង និងប្រកាសលទ្ធផលនៅតាមសាលារៀននីមួយៗ៕
សរសេរមកកាន់កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com

សិស្សប្រឡងបាក់ឌុបឆ្នាំនេះពិតជាស៊យសៀវហើយមិនមានសំណាងដូចគេប្រឡងជំនាន់មុនៗទេ
គួរអាណិតគ្នាដែរ។ប្រពន្ធ័អប់រំនិងវិធីសាស្រ្តនៃការបង្រៀននៅដដែលដូចមុនតែបែជាចាប់បង្ខំ
ឲ្យសិស្សទទួលយកវិធីសាស្រ្តនៃការប្រឡងថ្មីដោយការកែទម្រង់តក់ក្រហល់បែបនេះទៅវិញុ។
សង្ឃឹមថានឹងមានសិស្សប្រឡងធ្លាក់ច្រើនឆ្នាំនេះ។យើងគិតថាមិនគួរឲ្យសិស្សប្រឡងបាក់ឌុបធ្លាក់
ច្រើនពេកទេត្រូវទុកឧកាសឲ្យពួកគេបានចូលរៀនជំនាញនៅមហាវិទ្យាលយ័ឲ្យបានច្រើនទើបល្អ។
ការកែទម្រង់នៅបណ្តាមហាវិទ្យាលយ័ជាកត្តាគន្លឹះនៃការរីកចំរើននិងអភិវឌ្ឈន៏ប្រទេសជាតិ។
ក្រសួងអប់រំ យុវជន និង កីឡា