Tuesday, 25 March 2014
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ អស់រយៈពេលជិត៤ឆ្នាំ ក្រោយសម្រេចចិត្តចូលរោងការជាមួយបុរសភ្នែកប្រាក់មកពីអឺរ៉ុប ពេលនេះ តារាចម្រៀង ទូច ស្រីល័ក្ខណ៍ បានប្រកាសក្តែងៗថា នាងមានផ្ទៃពោះរយៈពេល៥ខែហើយ ហើយនាងបានបញ្ជាក់ថា នាងនឹងហោះហើរទៅសម្រាលកូនទី១ម្នាក់នេះ នៅលើទឹកដីប្រទេសអង់គ្លេស។
ក្រោយឆ្លងកាត់ការតស៊ូ និងរឿងអាស្រូវស្នេហាជាច្រើនភ្លើងនៅលើវិថីសិល្បៈតារាចម្រៀងដែល ធ្លាប់មានកំណើតពីក្រុមរៃមាស ទូច ស្រីល័ក្ខណ៍ បានសម្រេចចិត្តទទួលយកបេះដូងពិតពីបុរសភ្នែកប្រាក់ឆ្លងទ្វីប ឈ្មោះថា ម័រថេន ក្វាមេន (Morten Kvammen)។
គេបានដឹងថា ក្រោយទទួលការដឹងឮតាមការភ្ជាប់ពាក្យនៅស្រុកខ្មែរមួយខែ តារាចម្រៀងដែលមានឈ្មោះកំណើតថា យ៉ែម លក្ខិណា រូបនេះ បានតោងដៃស្វាមីរបស់ខ្លួនជិះយន្តហោះបោះពួយទៅកាន់ទឹកដីតារា បាល់ទាត់ល្បីរបស់អង់គ្លេសតែម្តងដើម្បីទៅជម្រាបសួរតាមការគួរ នឹងឪពុកម្តាយក្មេករបស់នាង និងបានរៀបការបែបអឺរ៉ុបនៅទីនោះ។ ដោយមិនភ្លេចវប្បធម៌ប្រពៃណីខ្លួន ទូច ស្រីល័ក្ខណ៍ និងស្វាមី ក៏បានរៀបមង្គលការបែបខ្មែរជាលើកទី២ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅនេះ។
រំលងអស់រយៈជិត៤ឆ្នាំ នៅពេលនេះ ទើប តារាស្រីនាង ស្រីល័ក្ខណ៍ ហ៊ានទម្លាយដំណឹងល្អនៅក្នុងជីវិតរបស់នាងថា នាងកំពុងពពោះកូនប្រុសម្នាក់ ដែលកូនដំបូងរបស់នាងម្នាក់នេះ មានអាយុកាល៥ខែហើយ។ តារារូបនេះបានឲ្យដឹងថា នាងបានដឹងខ្លួនថា នាងមានផ្ទៃពោះនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៣ ពោលគឺនៅក្នុងអំឡុងពេលនៃមង្គលការរបស់តារាសម្តែងនាង គឹម លីហ្សា តែពេលនោះមិនហ៊ាននិយាយ។
ជាមួយនឹងភាពរីករាយនៃការត្រៀមខ្លួន ធ្វើជាម្តាយកូនកាត់ពីរសាសន៍នេះ ទូច ស្រីល័ក្ខណ៍ បានឲ្យដឹងថា នាងនឹងមិនសម្រាលកូននៅក្នុងស្រុកទេ ពោលគឺនាងនឹងជិះយន្តហោះបោះពួយទៅកាន់ប្រទេសអង់គ្លេស ហើយនឹងសម្រាលនៅទីនោះ ដោយមានឪពុកម្តាយ និងសាច់ញាតិស្វាមីជាអ្នករង់ចាំ និងជួយមើលថែគ្រប់យ៉ាង។ ម្យ៉ាងតារារូបនេះមានបំណងចង់ឲ្យកូនប្រុសដំបូងរបស់នាងកើតមកមាន សញ្ជាតិអង់គ្លេសតែម្តង។
តាមកាលកំណត់កូនប្រុសរបស់តារាសម្តែង ទូច ស្រីល័ក្ខណ៍ នឹងត្រូវសម្រាលនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៤នេះ ហើយនៅពេលនេះ នាងកំពុងថ្នមខ្លួន និងតែងឲ្យគ្រូពេទ្យពិនិត្យសុខភាពម្តាយ និងកូនជាប្រចាំ។ តែយ៉ាងណាតារារូបនេះបានប្រាប់ថា នាងនឹងនៅតែបន្តការងារសិល្បៈនៅឡើយ ដោយសារតែគ្រូពេទ្យប្រាប់ថា ការច្រៀងរាំមិនបានធ្វើឲ្យប៉ះពាល់កូនក្នុងផ្ទៃនោះទេ ផ្ទុយទៅវិញវាប្រៀបបាននឹងការធ្វើលំហាត់ប្រាណ ដែលកាន់តែធ្វើឲ្យកូន និងម្តាយមានសុខភាពកាន់តែប្រសើរ។
ស្រីល័ក្ខណ៍ និយាយថា៖«ខ្ញុំនឹងទៅអង់គ្លេស ជាងមួយខែមុនពេលសម្រាល»៕
oh!yes oh!yes oh!yesណាស់នាង។។
myleftover……
Wow, he must have a strong and big sexual orgasm!