ដោយ៖ ណាត សុភាព
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
គ្រួសារជនរងគ្រោះ ទ្រហោរយំ ដោយសារចង់បានយុុត្តិធម៌ កើតមានដល់សមាជិកគ្រួសាររបស់គាត់ (រូបថត៖ ណាត សុភាព)
ក្រុមសាច់ញាតិអ្នកស្លាប់ និងអ្នកបាត់ខ្លួន ករណីផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ ស្រក់ទឹកភ្នែក ក្នុងសន្និសីទសារព័ត៌មាន នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្រោមប្រធានបទ “ឯណាទៅយុត្តិធម៌ខ្ញុំ”។
មូលហេតុដែលធ្វើឲ្យពួកគាត់ស្រក់ទឹកភ្នែក ដោយសារ ពន្លឺយុត្តិធម៌ សម្រាប់អ្នកស្លាប់ និងអ្នកបាត់ខ្លួន កាលពីដើមខែមករា ឆ្នាំ២០១៤ មិនទាន់ផ្តល់ឲ្យជនរងគ្រោះ ខណៈគណៈកម្មការស៊ើបអង្កេតឯករាជ្យរបស់រដ្ឋាភិបាល មិនទាន់ស្វែងរកអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ ដើម្បីយកមកផ្តន្ទាទោសនៅឡើយ។
មកពីខេត្តកំពង់ស្ពឺ អ្នកស្រី ខាត សំនៀង ជាភរិយារបស់លោក គឹម ផល្លាភ ដែលស្លាប់នៅផ្លូវវ៉េងស្រេង រៀបរាប់ទាំងទឹកភ្នែកថា ស្វាមីគាត់ស្លាប់ដោយសារកងកម្លាំងឆ័ត្រយោង៩១១ បានបាញ់គ្រាប់ពិត មកលើក្រុមបាតុករ ដែលចេញមុខតវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារ ក្នុង១ខែ សម្រាប់ផ្គត់ផ្គង់គ្រួសារ។
អ្នកស្រីថា បើគិតពីថ្ងៃស្វាមីគាត់ស្លាប់ រហូតមកដល់ពេលនេះរយៈពេលជិត៣ខែហើយ ពន្លឺនៃយុត្តិធម៌នៅតែមិនទាន់មានតំរុយនៅឡើយ ទើបគាត់មកចូលរួមក្នុងកម្មវិធីសន្និសីទសារព័ត៌មាននៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្រោមប្រធានបទ “ឯណាទៅយុត្តិធម៌ខ្ញុំ” កាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីអំពាវនាវឲ្យអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ ជួយរកយុត្តិធម៌ឲ្យស្វាមីអ្នកស្រី ព្រោះស្វាមីគាត់មិនមានកំហុសអ្វីនោះទេ «ខ្ញុំសូមអំពាវនាវដល់អង្គការ ទាំងអស់ជួយរកយុត្តិធម៌ឲ្យប្តីខ្ញុំផង ខ្ញុំមានការសោកស្តាយ គេចោទប្រកាន់ថាប្តីខ្ញុំជាជនជក់ថ្នាំញៀន ជាជនអនាធិបតេយ្យ ប្តីខ្ញុំស្លូតបូតណាស់ តែគេចោទប្រកាន់ហើយគេបាញ់សម្លាប់ប្តីខ្ញុំ ដោយប្តីខ្ញុំគ្មានកំហុស»។
លោក ឃឹម សឿន មកពីស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជាឪពុកបង្កើតរបស់អ្នកបាត់ខ្លួនឈ្មោះលោក ឃឹម សុផាត អាយុ១៦ឆ្នាំ បានលើកឡើងពីទុក្ខកង្វល់ និងភាពអយុត្តិធម៌ សម្រាប់កូនរបស់គាត់ជាដើម។ លោក ឃឹម សឿន ស្នើឲ្យអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ ជួយស្វែងរកកូនប្រុសរបស់គាត់ ឲ្យឃើញផង បើទោះជាស្លាប់ ឬនៅរស់ក្តី «ខ្ញុំអំពាវឲ្យអង្គការក្រៅស្រុក ក្នុងស្រុក អំពាវឲ្យគាត់ជួយរកយុត្តិធម៌ ឲ្យកូនខ្ញុំផង។ កូនខ្ញុំបើថានៅរស់ ឲ្យដឹង បើថាស្លាប់ឲ្យឃើញសាកសពកូនខ្ញុំ»។
អ្នកស្រី កែវ សុខម៉េង មកពីស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវជាម្តាយបង្កើត អ្នកស្លាប់ ឈ្មោះ ថេង កុសល បានរៀបរាប់ទាំងទឹកភ្នែក បន្ទាប់ពីគាត់បានទស្សនា វីឌីអូ ខ្លី នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្រោមប្រធានបទ “ឯណាទៅយុត្តិធម៌ខ្ញុំ” ដោយមានបញ្ចូលរូបភាព ដោយពណ៌នាពីសកម្មភាពបាញ់សម្លាប់កម្មករ និងសកម្មភាពផ្សេងៗជាដើម។ អ្នកស្រីថា សព្វថ្ងៃនេះ គាត់ព្យាយាមទប់ស្មារតីខ្លួនឯង ដើម្បីទាមទាររកយុត្តិធម៌ឲ្យកូនរបស់គាត់ដែលស្លាប់ដោយអយុត្តិធម៌ «កូនខ្ញុំស្លាប់អយុត្តិធម៌ណាស់ ស្លាប់នៅកន្លែងបង្គោលឈាម ដេកក្នុងថ្លុកឈាម បាញ់ពីក្រោយធ្លាយដល់មុខ តើអ្នកទាំងអស់គ្នាមើលអំបាញ់មិញឃើញស្រាប់ហើយ ខ្ញុំគ្រាន់តែឃើញកូនខ្ញុំសើ្ទតែរន្ធត់ និយាយមិនកើត ប៉ុន្តែខ្ញុំតាំងស្មារតីដើម្បីព្រលឹង ដើម្បីវិញ្ញាណក្ខន្ធកូនខ្ញុំ ខ្ញុំទុក្ខធំ ទប់ស្មារតី»។
កាលពីថ្ងៃអាទិត្យ អង្គការសមាគមទាំង៥៤ បានចេញផ្សាយលិខិតចំហររួមមួយ ទាក់ទងនិងហេតុការណ៍បាញ់បង្ក្រាបនៅផ្លូវវ៉េងស្រេង ដែលធ្វើឲ្យបាត់ខ្លួនក្មេងប្រុសម្នាក់ឈ្មោះ ឃឹម សុផាត អាយុ១៦ឆ្នាំ។ លិខិតនោះបញ្ជាក់ថា ឃឹម សុផាត ត្រូវរបួសចំទ្រូង ហើយរហូតដល់ពេលនេះ មិនទាន់ទទួលបានដំណឹងនៅឡើយ។ អង្គការសមាគមទាំងនោះ ទទូចឲ្យរដ្ឋាភិបាលស៊ើបអង្កេតករណីនោះជាបន្ទាន់។ ចំណែក អ្នកស្លាប់៤នាក់ទៀត នៅផ្លូវវេងស្រេង គណៈកម្មការស៊ើបអង្កេតរបស់រដ្ឋាភិបាល មិនទាន់ស្វែងរកជនល្មើសមកផ្តន្ទាទោសនៅឡើយ។

ប្រធានក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ថ្លែងក្នុងសន្និសីទនោះថា រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់កម្លាំងសមត្ថកិច្ចហួសប្រមាណ និងរំលោភលើសិទ្ធិសេរីភាពជួបជុំរបស់ប្រជាពលរដ្ឋ។ លោកថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រៀមយកញត្តិដាក់ជូនលោក ហ៊ុន សែន រក្សាការពារចំពោះសិទ្ធិទទួលបានការពិត យុត្តិធម៌ និងសំណងជំងឺចិត្តរបស់ជនរងគ្រោះ។
លោក អ៊ូ វីរៈ បន្តថា ភាពយុត្តិធម៌នឹងកើតមាន លុះត្រាតែសាច់ញាតិជនរងគ្រោះ និងប្រជាពលរដ្ឋសហការគ្នា ទើបពន្លឺយុត្តិធម៌កើតមានដល់អ្នកស្លាប់ «ដូចខ្ញុំថាអ៊ីចឹង គឺចេញមកពីបេះដូងខ្មែរយើង ជួយគ្នា ជួយទាមទាររកយុត្តិធម៌ ហើយបន្ទាប់ពីហ្នឹង យើងអាចពឹងផ្អែកទៅលើអង្គការសហប្រជាជាតិ យើងអាចពឹងផ្អែកទៅលើអង្គការអន្តរជាតិនានា ប៉ុន្តែចេញមកពីខ្លួនយើងដែរ»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលោក ខេង ទីតូ ធ្លាប់លើកឡើងថា រាល់ការស៊ើបអង្កេតរបស់សមត្ថកិច្ច គឺផ្តោតសំខាន់តែលើការញុះញង់ឲ្យមានហិង្សាតែប៉ុណ្ណោះ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា យល់ថា គណៈកម្មការស៊ើបអង្កេតឯករាជ្យរបស់រដ្ឋាភិបាល មិនមានប្រសិទ្ធភាព ស្វែងរកជនល្មើសនោះទេ ដោយសារ គណៈកម្មការនេះ បង្កើតឡើងសម្រាប់ស្វែងរកអ្នកញុះញង់ឲ្យមានហិង្សា គឺមិនមានបំណង ស្វែងរកជនល្មើសដែលបាញ់សម្លាប់មនុស្សនោះទេ។ លោកបញ្ជាក់ថា កម្ពុជាមិនចាំបាច់បង្កើតគណៈកម្មការមួយនេះក៏បាន ព្រោះរឿងព្រហ្មទណ្ឌព្រះរាជអាជ្ញាជាម្ចាស់បណ្តឹងអាជ្ញា ដូចនេះ ស្ថាប័នអយ្យការមួយនេះ មានតួនាទីស្វែងរកជនដែលប្រព្រឹត្តបទល្មើស ដើម្បីធ្វើការចោទប្រកាន់ ដោយមិនចាំបាច់ភាគីជនរងគ្រោះដាក់ពាក្យប្តឹងនោះទេ បើពុំដូចនេះទេនិទណ្ឌភាពនៅកម្ពុជានិងបន្តកើតមាន «យើងតែងតែនិយាយអំពី អំពើនិទណ្ឌភាពកន្លងមកនេះ ឥឡូវនេះយើងងាយក្នុងការធ្វើការប្រៀបធៀបទេ យើងមើលករណីលោក វន់ ពៅ ដែលគ្រាន់តែជាបាតុករអហិង្សា ទៅជាចោទពីបទឧក្រិដ្ឋផ្សេងៗ យើងយកគ្នាទៅដាក់គុក សម្រាប់អ្នកកាន់អំណាច សម្រាប់អ្នកមានអំណាច គឺរួចខ្លួន»។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ហិង្សាទីមួយ កើតឡើងរវាងសមត្ថកិច្ច និងអ្នកដំណើរនៅត្រង់ចំណុចស្ពានអាកាសក្បាលថ្នល់ ដែលបណ្តាលឲ្យយុវជនឈ្មោះ ម៉ៅ សុចាត់ អាយុ២៩ឆ្នាំស្លាប់ និងជាង២០នាក់រងរបួស។ ចំណែកហិង្សាទីពីរ កើតឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា រវាងកម្មករ និងសមត្ថកិច្ចនៅត្រង់ចំណុចស្ពានស្ទឹងមានជ័យ បណ្តាលឲ្យស្ត្រីអ្នកលក់បាយឈ្មោះ អេង សុខុម វ័យ៤៩ឆ្នាំម្នាក់ បានស្លាប់ និងប្រជាពលរដ្ឋជិត១០នាក់ផ្សេងទៀតរបួស។
ដោយឡែកហិង្សាទី៣ កាលពីថ្ងៃទី២ និងទី៣ខែមករា ឆ្នាំ២០១៤ កម្លាំងប្រដាប់អាវុធ បានបាញ់បង្ក្រាបលើកម្មករទាមទារប្រាក់ឈ្នួល១៦០ដុល្លារ ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ ២៣នាក់ត្រូវចាប់ខ្លួន និងជិត៤០នាក់រងរបួស រហូតមកដល់បច្ចុប្បន្ននេះជិត៣ខែហើយ ភាពយុត្តិធម៌ សម្រាប់អ្នកស្លាប់ និងអ្នករងរបួស មិនទាន់មានពន្លឺនៅឡើយ។ ពាក់ព័ន្ធនឹងករណីនេះ ធ្វើឲ្យសង្គមស៊ីវិលជាតិ អន្តរជាតិ រិះគន់ថា គណៈកម្មការស៊ើបអង្កេតឯករាជ្យ ដែលបង្កើតឡើងដោយក្រុមរបស់មន្ត្រីរដ្ឋាភិបាល គឺមិនមានភាគីផ្សេងៗចូលរួមនោះបង្ហាញថា គណៈកម្មការឯករាជ្យមួយនេះ មិនមានចេតនាពិតប្រាកដស្វែងរកអ្នកប្រព្រឹត្តបទល្មើសមកផ្តន្ទាទោសតាមច្បាប់នោះទេ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
ហ៊ុន សែនអាខ្វាក់ វាជាមេឃាតកផ្ដាច់ការ វាមិនដែលគិតពីរឿងយុត្តិធម៏ទេ
ដូចនេះបងប្អូន លោកពូអ្នកមីង លោកយាយលោកតា ត្រូវតែរួបរួមគ្នា បោះឆ្នោត
បណ្ដេញក្បាលអាខ្វាក់ ហ៊ុន សែន ចេញពីអំណាច ទើបបងប្អូនរួចផុតទុក្ខសោក !
តុលាការរបស់ប្រទេសអេហ្សីប បានសំរេចកាត់ទោសប្រហារជីវិតបាតុករចំនួន 529នាក់ និងកំពុងដំណើរការក្តីជាង 700នាក់ផេ្សងទៀត។ បាតុករទាំងនេះជាអ្នកគាំទ្រលោកអតីតះប្រធានាធិបតី មុស្សីុ ដែលបានផ្តួលរំលំអតីតះប្រធានាធិបតី មួរ៉ាក់ តាមរយះបាតុកម្ម នៃបដិវត្តផ្កាម្លិះនៅមជ្ឈឹមបូពា៌ ។ នេះហើយជាលទ្ធផលនៃមហាបាតុកម្មរបស់បដិវត្តផ្តួលរំលំរបបមួរ៉ាក់ ដែលលោកមូស្សីុចោទថា ជារបបផ្តាច់ការ និងបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីអាមេរិកាំង និងអឺរ៉ុបនោះ យើងរង់ចាំមើលថ្ងៃនេះនិងថ្ងៃស្អែក ថាតើអាមេរិកនិងអឺរ៉ុប អង្គការសិទិ្ធមនុស្ស ចេញមុខធ្វើអី្វខ្លះ ចំពោះការសំរេចរបស់តុលាការសំលាប់បាតុករចំនួន 529នាក់យ៉ាងរង្គាលបែបនេះ ? សុំបញ្ជូនពួកសែ្វងរកយុតិ្តធម៌និងមេៗបាតុកម្មនៅស្រុកខែ្មរទៅចូលរួមសង្កេតការណ៍នៅពេលប្រហារជីវិតបាតុករទាំង 529នាក់ផង ដើម្បីមានពិសោធន៍ខ្លះៗ ។
Recently, there is a decision of Egypt court to kill 529 demonstrators of Musi supporters. It is vital recalled that Arab spring was a strongest support from the United States and it’s alliances, therefore we should wait and see how The US and EU, in particulars Human Right organizations can do with this decision to massively kill 529 demonstrators! It maybe good idea by sending all demonstrator heads in Cambodia to observe this killing process by the court decision.
បើសិនជាបាត់ខ្លួន សូមចាត់ទុកថា អ្នកនោះបានលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ។
មិនគួរណា យើងចេះតែសរុបរឿងបង្កើតបញ្ហាទេ។ កុំអាអ្នកស្លាប់ដោយអ្វីមួយ ឲ្យតែជាសកម្មជន ឬជាចោរសោះ ក៏សុទ្ធតែជាករណីនយោបាយ ទាំងអស់នោះ!
ពិបាកណាស់ក្មេងៗសម័យឥឡូវនេះ ! វាអាចថា វាមកបាតុកម្ម តែតាមពិតវាគ្រាំគ្រាចិត្តជាមួយសង្សារវា វាក៏ទៅសម្លាប់ខ្លួន សោះ៕
អា ឆ្កែ បុល bol បើ មិនប៉ះសាច់ វា វា មិនដឹង ឈឺ នោះ ទេ ! និយាយ ស្អីឡើង គ្មាន ការពិតសោះ !