​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​គ្រួសារ​ទាហាន​មួយក្រុម​វាយ​ឲ្យ​របួសធ្ងន់ ដោយសារ​ជម្លោះ​រឿង​ប្រើប្រាស់​ទឹក​អូរ​​

ដោយ៖​ ម៉ៅ ចរិយា​
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ពលរដ្ឋ​ចំនួន​៣​នាក់​នៅ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ រងរបួស​ធ្ងន់ និង​ស្រាល ដោយសារ​ទាហាន​ម្នាក់​វាយ និង​កាប់ ក្នុង​ជម្លោះ​មួយ កាលពី​ថ្ងៃអាទិត្យ​ទី ២៣ ខែ​មីនា កន្លងទៅ​។

​សាច់ញាតិ​ជនរងគ្រោះ លោកស្រី សុខ លេខ ប្រាប់ ​VOD​ថា ក្រុមគ្រួសារ​របស់​ទាហាន​ឈ្មោះ ​គុយ គី​នី ដែល​បម្រើការ​នៅ​វរៈ​សេនា​តូច​លេខ ៥១៣ កងពល​ធំ ៨៥១ កាលពី​ថ្ងៃអាទិត្យ​ទី​២៣ មីនា បាន​មក​វាយ​ធ្វើបាប​គ្រួសារ​របស់​លោកស្រី ដោយសារ​ជម្លោះ​រឿង​ទឹកអូរ​ក្បែរ​ផ្ទះ ដែល​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ​។​

​អនុប្រធាន​ភូមិ​សន្តិភាព លោក ឈូក ថូ​ណា ឲ្យ​ VOD ដឹងថា ពលរដ្ឋ​មួយ​គ្រួសារ ក្នុងចំណោម ពល​រដ្ន ជាង​១០​គ្រួសារ នៅ​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ រង​របួសធ្ងន់​និង​ស្រាល​ចំនួន​៣​នាក់ ដោយសារ​តែ​ឈ្លោះ​គ្នា​រឿង​ប្រើប្រាស់​ទឹកអូរ​ក្បែរ​ផ្ទះ​។

លោក​បន្តថា គ្រួសារ​លោក​ គុយ គី​នី បាន​ទប់ទឹក​ព្រែក មិន​ឲ្យ​ហូរ​ចុះទៅ​ផ្នែក​ខាងក្រោម ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​១០​គ្រួសារ ដែល​នៅ​ខាងក្រោម​ព្រែក​នោះ​ខ្វះ​ទឹក​ប្រើប្រាស់​។ VOD​មិនអាច​ទាក់ទង លោក​គុយ គី​នី ដើម្បី​សុំ​ការអធិប្បាយ​ជុំវិញ​ការចោទប្រកាន់​នេះ​បានទេ​។

​នាយរង​ប៉ុស្តិ៍​ឃុំ​ទួល​ពង្រ លោក សាយ គីម ប្រាប់​VOD​ថា លោក​បាន​ដឹង​ពី​ជម្លោះ​នោះ​ដែរ តែ​លោក​រង់ចាំ​ភាគី​រងគ្រោះ​ដាក់​ពាក្យបណ្ដឹង​សិន​។ ប៉ុន្តែ​ទោះ​យ៉ាងណា នាយរង​ប៉ុស្តិ៍​រូបនេះ​បន្ត​ថា ប្អូនប្រុស​របស់​លោក គុយ គី​នី ឈ្មោះ រ៉ាដូ ដែល​ពាក់ព័ន្ធ​នឹង​ការ​វាយ និង​កាប់​ពលរដ្ឋ​ឲ្យ​រងរបួស​នោះ​ត្រូវបាន​កងរាជអាវុធហត្ថ ឃាត់ខ្លួន​នាំ​យក​ទៅ​ក្រុង​ប៉ោយប៉ែត​ហើយ ។​

សូមសរសេរមកកាន់កញ្ញា ​ម៉ៅ ចរិយា​ តារយៈ chakriyimaov168@gmail.com

What Next?

Recent Articles

One Response to "​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​គ្រួសារ​ទាហាន​មួយក្រុម​វាយ​ឲ្យ​របួសធ្ងន់ ដោយសារ​ជម្លោះ​រឿង​ប្រើប្រាស់​ទឹក​អូរ​​"

  1. ប្រជាពលរដ្ឋ says:

    ទាហាន មួយ ចំនួនតូច ធ្វើ ផ្តេសផ្តាស់ ! រឿងនេះ ត្រូវចាត់ការ កុំ អោយខូចឈ្មោះ ទាហាន គាត់ល្អ !