ដោយ៖ ឡាយ សាមាន
ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
http://vodhotnews.com
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃព្រហស្បិ៍នេះ ច្រានចោលរបាយការណ៍របស់អង្គការ លីកាដូ ដែលបានកត់សំគាល់ថា នៅឆ្នាំ២០១៤នេះ ជម្លោះដីធ្លីនៅកម្ពុជា នាំមកនូវរលកថ្មី ដែលមានហិង្សានៅតែបន្តកើតមានឡើង ហើយផ្តល់ផលអាក្រក់ដល់ប្រជាជន ២២៤៦ គ្រួសារនៅស្ទើរគ្រប់ខេត្ត។
របាយការណ៍របស់អង្គការលីកាដូ បានបង្ហាញថា ចំនួនគ្រួសាររងគ្រោះ ដោយសារជម្លោះដីធ្លីពាក់ព័ន្ធនឹងមន្ត្រីរដ្ឋ និងភ្នាក់ងាររដ្ឋក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០០មក បានកើនឡើង ជាងកន្លះលាននាក់។
ប៉ុន្តែក្នុងសន្និសិទព្រឹកនេះ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សរ សុវណ្ណ មានប្រសាសន៍ថា ក្រសួងមិនទទួលស្គាល់ចំនួនតួរលេខដែលអង្គការលីកាដូបានរកឃើញទេ។ លោក ចាត់ទុករបាយការណ៍នេះថា សិក្សាមិនបានគ្រប់ជ្រុងជ្រោយ ហើយមិនបានបញ្ជូនមកក្រសួងដើម្បីពិនិត្យ។
លោក សរ សុវណ្ណ ឲ្យដឹងថា តាមការស្រាវជ្រាវរបស់ក្រសួង បង្ហាញថា ក្នុង១០០០ក្បាលដី មានតែ៣ ទៅ៤ ទំនាស់ប៉ុណ្ណោះ ដែលតួរលេខនេះ លោកថាទំនាស់ដីធ្លីនៅកម្ពុជាតិចតួចបំផុត។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការមិនទទួលស្គាល់របស់ក្រសួងនេះ គឺជាសិទ្ធរបស់លោក។ ប៉ុន្តែ លោកថាការសិក្សាកន្លងមកនេះផ្អែកលើភស្តុតាងជាក់ស្តែង ទីតាំងនៃជម្លោះ និងមានទាំងវីដេអូផងដែរ។
លោក អំ សំអាត បន្តថា ការចេញរបាយការណ៍នេះ គឺដើម្បីដាស់តឿនរដ្ឋាភិបាល ឲ្យយកចិត្តទុកដាក់ចំពោះករណីជម្លោះដីធ្លី និងមានយន្តការច្បាស់លាស់ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋដែលរងគ្រោះ ព្រោះនេះជាករណីក្តៅគគុកក្នុងសង្គមសព្វថ្ងៃ។
លីកាដូ បានកត់សំគាល់ថា រលកថ្មីនៃជម្លោះដីធ្លីនេះ កើតឡើងក្រោយពេលដែលលោក ហ៊ុន សែន ចេញបទបញ្ជាក្នុង ខែឧសភា ឆ្នាំ២០១២ ឲ្យផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ច។
បញ្ហាដែលលីកាដូបានរកឃើញគឺ កម្មវិធីផ្តល់កម្មសិទ្ធិដីដែលធ្វើឡើងដោយ យុវជនស្ម័គ្រចិត្តនោះ មិនមានតម្លាភាព និងការត្រួតពិនិត្យដោយឯករាជ្យ។
លីកាដូ បានលើកយកករណីជម្លោះ ដីធ្លីជាច្រើនដែលកើតឡើងនៅទូទាំងប្រទេស ហើយបានហៅកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិរបស់រដ្ឋាភិបាលដោយយុវជន ស្ម័គ្រចិត្តនោះ ថា “បរាជ័យ” ក្នុងការបញ្ចប់ជម្លោះ៕
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

There are many many land argument were happened in cambodia, i never seen the authoritise of Government solved it in the right condition and never responsible and allways reject,when they have seen the NGO’s report. This is the responsible of the GOVERNMENT AUTHORITY?
មន្ត្រីរដ្ឋាភិបាលមិនដែលទទួលស្គាល់នូវរាល់ចំនុចខ្សោយរបស់ខ្លួនឡើយ។
this corrupted party never take any responsibility to any bad situation in Cambodia. it just like the word said, like father like son…………………….. every thing is going the same hole