​វិភាគ​៖ តើ​សភាជាតិ​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ហើយ​ឬ​នៅ​?​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា (រូបថត តាំង វីដា)

​កាលពី​ថ្ងៃ​ទី​០១ ខែ​មេសា​នេះ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​សម័យប្រជុំ​របស់​ខ្លួន​លើក​ទី​២ នីតិកាល​ទី​៥ លើ​របៀបវារៈ​ចំនួន​៤ ដែល​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​ចំនួន ៦៨​រូប​ចូលរួម ក្រោម​អធិបតីភាព​របស់​ប្រធានរដ្ឋសភា លោក ហេង សំរិន​។ សម័យប្រជុំ សភា​លើក​ទី​២​នេះ គឺ​ជាង​៦​ខែ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​​ជាតិ​ ​ធ្វើ​ពហិការ ក្នុង​ការបើក​សម័យប្រជុំ​សភា​​ដំបូង កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដែល​ពេលនោះ​មាន​តែ​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា​ តែ​៦៨​​រូប ដែល​ស្បថ​ចូលកាន់​តំណែង មិនមាន​វត្ត​មាន​បេក្ខ​ជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ៥៥​រូប​។

​នៅក្នុង​សម័យ​ប្រជុំ​នោះដែរ ព្រះមហាក្សត្រ ក៏​បង្ហាញ​ពី​ព្រះរាជ​ហរ​ទ័យ​របស់​ព្រះអង្គ តាមរយៈ​ព្រះរាជសារ​របស់​ទ្រង់ ដោយ​សង្ឈឹមថា រដ្ឋសភា ដែល​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល នឹង​បន្ត​ខិតខំ​ប្រឹងប្រែង ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​សម្រេច​ឲ្យបាន​នូវ​ទិសដៅ​រួម​របស់​កម្ពុជា ជា​ជំ​ហ៊ានៗ ធានាបាន​នូវ​សង្គម​កម្ពុជា​មួយ ដែល​រឹងមាំ មាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម មាន​ការអភិវឌ្ឍន៍​ប្រកប​ដោយ​​ចីរភាព និង​សមធម៌​។

ព្រះរាជសារ បន្តថា ជាមួយនឹង​ការ​ប្រកាន់ខ្ជាប់ យ៉ាង​ម៉ឺងម៉ាត់ នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​​សេរី​ពហុបក្ស ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ របស់​មនុស្ស ជា​សង្គម​មួយ ដែល​មាន​កោសិកា​ផ្សាភ្ជាប់​គ្នា និង​ត្រូវ​ពង្រឹង ដើម្បី​ធានា​ថា ប្រជាជន​កម្ពុជា មាន​ចំណេះដឹង​ខ្ពស់ និង​មាន​វប្បធម៌​ល្អ​ប្រសើរ ថ្លៃ​ថ្នូរ​​មាន​ជីវភាព​សមរម្យ និង​មាន​ការរស់នៅ ប្រកបដោយ​សុខដុមរមនា ទាំង​ក្នុង​រង្វង់​គ្រួសារ និង​សង្គមជាតិ​។​

​តើ​សភាជាតិ បាន​បំពេញ​តួនាទី​របស់​ខ្លួន​ហើយ​ឬ​នៅ ខណៈ​ដែល​កម្ពុជា កំពុង​ជួបប្រទះ​នូវ​បញ្ហា​ដីធ្លី ការរំលោភ​សិទ្ធិមនុស្ស ការបង្ក្រាប​កម្មករ​នៅ​ផ្លូវ​វេង​ស្រេង​​បណ្តាលឲ្យ​កម្មករ​ស្លាប់​ជា​ច្រើន​នាក់ ប្រព័ន្ធ​យុត្តិធម៌​រង​ការរិះគន់​ថា​មិន​ឯករាជ្យ​ជា​ដើម​នោះ​?

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ យល់ថា សភា​កម្ពុជា​បច្ចុប្បន្ន នៅ​មិនទាន់​មាន​លក្ខណៈ​ស្របតាម​ច្បាប់​នៅឡើយ​ទេ ខណៈ​ដែល​សមាជិក​​សភា​នៅ​មិន​គ្រប់​ទៅ​តាម​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ កាលពី​ឆ្នាំ​២០១២ ដែល​តម្រូវ​ឲ្យមាន​សមាជិក​យ៉ាងតិច ១២០​រូប​។ លោក​ថា បើ​ទោះ​មាន​សមាជិកភា​មាន​​គ្រប់​ក៏ដោយ ប៉ុន្តែ​កន្លងមក លោក​សង្កេតឃើញថា តំណាងរាស្ត្រ​មួយចំនួន មិន​បាន​អនុវត្ត​តាម​តួនាទី​របស់​ខ្លួន​ទេ នៅពេល​ដែល​ពលរដ្ឋរ​ង​ទុក្ខ ហើយ​រត់​ទៅ​ពឹងពាក់​​តំណាងរាស្ត្រ​របស់​ខ្លួន​ឲ្យជួយ​នោះ «តំណាងរាស្ត្រ​ខ្លះ គឺ​គេ​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​នោះ​ទេ យក​ញត្តិ​យក​អី​ទៅ​ដាក់​អី​ទេ អ្នក​ខ្លះ​ខ្ញុំ​ឃើញ​ដើរ​ជៀស​មិន​ចង់​ជួប​ទេ​ប្រជាពលរដ្ឋ​ខ្លួនឯង អញ្ចឹង​អត់​បាន​បំពេញ​តួនាទី​របស់​ខ្លួនឯង​ទេ​»​។

​កាលពី​ថ្ងៃ​ទី​០២ ខែ​មេសា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី  ក៏​ផ្ញើលិខិត​ថ្វាយ​ព្រះមហាក្សត្រ ទូល​ថ្វាយ​រឿង​ការបើក​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​២ នីតិកាល​ទី​៥​នេះដែរ​។ លោក​សម រង្ស៊ី បាន​លើកឡើង​ក្នុង​លិខិត​ថា ក្នុងឋានៈ​ទូលព្រះបង្គំ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តំណាងឲ្យ​ប្រជាពលរដ្ឋ​យ៉ាង​តិច​៣​លាន​នាក់ ទូលព្រះបង្គំ​សូម​ព្រះ​បរម​រាជានុញ្ញាត​ទូលថ្វាយ​ព្រះករុណា​ជា​អង្គ​ម្ចាស់ ទ្រង់​ព្រះមេត្តាជ្រាប​ថា រដ្ឋ​សភា​​បច្ចុប្បន្ន ដែល​បង្កើតឡើង​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ គឺជា​សភា​ឯក​បក្ស ដែល​តំណាង​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ មិនមែន​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងមូល​ឡើយ ដោយសារ​ពុំ​មាន​តំណាងរាស្ត្រ​គ្រប់​ចំនួន​១២០​រូប ចូលរួម​ក្នុង​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា ដូច​ដែល​តម្រូវ​ដោយ​មាត្រា​៧៦​នៃ​រដ្ឋធម្មនុញ្ញ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុម​ហ្វ្រែល (COMFREL) ក៏បាន​លើកឡើង​ដែរ​ថា តួនាទី​របស់​តំណាងរាស្ត្រ ដែល​ជា​តំណាងឲ្យ​ប្រជាពលរដ្ឋ គឺ​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ នៅពេល​ដែល​ពលរដ្ឋរ​ង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី រង​នូវ​ការបាញ់​សម្លាប់​ដូច​នៅ​ផ្លូវវេង​ស្រេង ឬ​រង​នៅ​ការរំលោភ​សិទ្ធិ​មនុស្ស​ណា​មួយ តាមរយៈ​ការអន្តរាគមន៍​ទៅ​អាជ្ញាធរ​ឲ្យ​ដោះស្រាយ ឬ​កោះហៅ​រាជរដ្ឋាភិបាល ទៅ​ឆ្លើយបំភ្លឺ​ទៅ​លើ​ករណី​ណាមួយ ​ដែល​​សង្ស័យ​ថា​មាន​ភាព​មិន​ប្រក្រតី​។

ប៉ុន្តែ​បច្ចុប្បន្ន លោក​សង្កេតឃើញថា តំណាងរាស្ត្រ​ពុំបាន​បំពេញ​ភារកិច្ច​របស់​ខ្លួន ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ឬ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នោះទេ «ព្រោះ​ដោយសារ​តែ​វា​មាន​បញ្ហា​រឿង​ប្រព័ន្ធ​នយោបាយ​នៅ​ស្រុក​យើង ប្រព័ន្ធ​បោះឆ្នោត​នៅ​ស្រុក​យើង ឬក៏​ច្បាប់​របស់​យើង​មួយចំនួន ដូច​ច្បាប់បោះឆ្នោត​អី​ដែល​ធ្វើឲ្យ​ទន់ខ្សោយ​នៃ​អ្នក​តំណាងរាស្ត្រ​។ តួនាទី​របស់​គាត់ គឺ​អាច​មាន​តួនាទី​ជា​តំណាង​របស់​ប្រជាពលរដ្ឋ យើង​ឃើញ​គាត់ អត់​មាន​តំណាង​ប្រជាពលរដ្ឋ ភាគច្រើន​ឃើញ​តំណាង​ឲ្យ​គណបក្ស​អី​អញ្ចឹង​ទៅ ដល់​ពេល​ធ្វើការ​ទៅ ភាគច្រើន​តាមតែ គណបក្ស តាម​មេដឹកនាំ​គណបក្ស​ហ្នឹង វា​អត់​មាន​ទិដ្ឋភាព​ជា​តំណាង​របស់​ប្រជាពលរដ្ឋ ទោះបី​យើង​ប្រើ​ពាក្យ​តំណាងរាស្ត្រ ប៉ុន្តែ​វា​អត់​មាន​ភាព​ជា​តំណាងរាស្ត្រ វា​មាន​តំណាង​នៃ​គណបក្ស​ទៅ​វិញ»​។​

​លោក គល់ បញ្ញា ក៏​បាន​ពន្យល់​ពី​តួនាទី​សំខាន់ៗ​របស់​តំណាងរាស្ត្រ​បន្តថា ក្រៅពី​ធ្វើការ​ក្នុងនាម​តំណាង​របស់​ប្រជាពលរដ្ឋ ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ហើយ តំណាងរាស្ត្រ​និមួយៗ​មាន​តួនាទី​ក្នុង​ការអនុម័ត​ច្បាប់ ដោយ​មាន​ការឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ប្រជាពលរដ្ឋ​នៅតាម​មណ្ឌល​របស់​ខ្លួន ហើយ​ត្រូវ​មាន​ការពិភាក្សា​ដេញដោល​ឲ្យបាន​លម្អិត ទៅ​លើ​សេចក្តីព្រាងច្បាប់​និមួយៗ ជាពិសេស​ច្បាប់​ថវិកាជាតិ ក្នុង​ចំណោម​តំណាង​រាស្ត្រ​​មកពី​គ្រប់​គណបក្ស​​នយោបាយ​ទាំងអស់ ដែល​មាន​អស​នៈ​ក្នុង​សភា​។ ជាមួយគ្នានេះដែរ តំណាងរាស្ត្រ ក៏​ត្រូវ​ត្រួតពិនិត្យ​លើ​ការអនុវត្ត​ច្បាប់​របស់​​រាជរដ្ឋាភិបាល តុលាការ ក៏ដូចជា​អាជ្ញាធរ​​ផងដែរ ថា​ត្រឹមត្រូវ​ឬ​អត់​? ប្រ​សិនបើ​រកឃើញ​ថា​​ការ​អនុវត្ត​ច្បាប់​មិន​មាន​ភាពត្រឹមត្រូវ នោះ​តំណាង​រាស្ត្រ​​ក្នុង​​​សភាជាតិ ត្រូវ​​យក​ច្បាប់​នៅ​ទៅ​ពិភាក្សា និង​ធ្វើ​វិសោធនកម្ម​ជា​ថ្មី​។​

របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល ចេញផ្សាយ​កាលពី​អាណត្តិ​ទី​៤ រកឃើញថា ក្នុង​រយៈពេល ៣​ខែ ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា តំណាងរាស្ត្រ​គណបក្ស​​ប្រជាជន​កម្ពុជា សរុប​ចំនួន ៥៨​រូប ក្នុង​ចំណោម​​តំណាងរាស្ត្រ​ចំនួន ៩០​រូប បាន​ចុះ​មូលដ្ឋាន​ខ្លួន ចំណែក​គណបក្ស​សម​រង្ស៊ី មាន​តំណាង​រាស្ត្រ​​ចំនួន ១៨​រូប ក្នុង​ចំណោម​តំណាងរាស្ត្រ ២៦​រូប បាន​​ចុះ​មូលដ្ឋាន​។ ដូច្នេះ​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ចុះ​មូលដ្ឋាន​បាន​ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​។ របាយការណ៍​នោះ ក៏​បាន​កត់សម្គាល់​ផងដែរ​ថា ប្រធាន​អង្គប្រជុំ​សភា តែងតែ​ការពារ​ដល់​មន្ត្រី​រាជរដ្ឋាភិបាល ដែល​មក​បំភ្លឺ​នៅ​រដ្ឋសភា តាមរយៈ​មិន​​ឲ្យ​​តំណាងរាស្ត្រ​សួរ​បន្ថែម ឬ​​សួរដេញដោល​ទៅ​លើ​ចម្លើយ​របស់​មន្ត្រី​ទាំងនោះ​។​

​លោក​បណ្ឌិត សុខ ទូច អ្នកវិភាគ​នយោបាយ​ឯករាជ្យ ពន្យល់ថា ប្រទេស​ណា​ក៏​ដោយ ឲ្យតែ​គណបក្ស​មួយ គ្រប់គ្រង​ទាំង​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​ទាំងបី គឺ​ស្ថាប័ន​នីតិប្រតិបត្តិ នីតិ​បញ្ញតិ្ត និង​ប្រព័ន្ធ​តុលាការ មានន័យ​ថា តំណាងរាស្ត្រ​របស់​គណ​បក្ស​នោះ គាំទ្រ​នូវ​សកម្មភាព​របស់​រដ្ឋាភិបាល ទោះ​បី​រដ្ឋាភិបាល​ដើរ​លើ​ផ្លូវខុស និង​មិន​អាច​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​បាន​ឡើយ «ធម្មតា​បក្ស​ហ្នឹង កាន់អំណាច បក្ស​ហ្នឹង​ទទួល​អំណាច​វិញ វា​អត់​មាន​តុល្យភាព​ទេ អាហ្នឹង​គឺថា​ទីមួយ ប្រជាជន​យើង​ត្រូវ​ដឹង បើសិន​ជា​បក្ស​មួយ គាត់​កាន់​អំណាច​ផង គាត់​ទៅ​ជា​អង្គ​និតិប្រតិបត្តិ​ផង អង្គ​និតិ​បញ្ញត្តិ​ផង ហើយ​នៅ​ចូល​អង្គ​តុលាការ​ទៀត អាហ្នឹង​ចង់​មិន​ចង់ វា​មិន​អាច​​សាច់​ឯង​ អារ​​សា​ច់(ខ្លួន)​ឯង​នោះទេ​»​

សភាជាតិ​កម្ពុជា បច្ចុប្បន្ន​មាន​ចំនួន ១២៣​អសនៈ ដែល​មានន័យថា មាន​តំណាងរាស្ត្រ​មកពី គណបក្សនយោបាយ​ដែល​ជាប់ឆ្នោត​ចំនួន ១២៣​រូប​។ អ្នកវិភាគ​ឯករាជ្យ លើកឡើងថា សភាជាតិ​នៅ​​អាណត្តិ​ថ្មី​នេះ នៅ​ពុំទាន់​មាន​នីត្យា​នុកូល​ភាព ឬ​ភាពស្របច្បាប់​នៅឡើយ​ទេ ហើយការ​បំពេញ​កាតព្វ​កិច្ច​របស់​​​តំណាង​រាស្ត្រ​​ក្នុង​​អាណត្តិ​ថ្មី និង​​អាណត្តិ​មុន ក៏​នៅ​មាន​ភាពខ្វះ​ចន្លោះ​នៅឡើយ​។

អ្នកវិភាគ ពន្យល់ថា ដើម្បី​ឲ្យ​សភាជាតិ មាន​នីត្យា​នុ​កូភា​ព​ពេញលេញ ឬ​មាន​លក្ខណៈ​ស្រប​ច្បាប់ គឺ​ត្រូវមាន​តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត​ទាំង ១២៣​​រូប ចូលរួម​ប្រជុំ ហើយ​គួរផ្តល់​អំណាច​ដល់​គណបក្ស​នយោបាយ​ដែល​ពុំ​មាន​អស​នៈ​នៅ​សភា អាច​ចូលរួម​ដឹកនាំ​សភា ដើម្បី​ជួយ​ពង្រឹង​ការ​ងារ​​ឲ្យបាន​រឹងម៉ាំ​។ ក្រៅពីនោះ រដ្ឋសភា ត្រូវ​មាន​តុល្យភាព ពង្រឹង​ឯករាជ្យភាព​របស់​ខ្លួន ដោយ​ប្រើ​អំណាច​និតិ​បញ្ញតិ​ត្រួតពិនិត្យ​ទៅលើ​នីតិប្រតិបត្តិ ហើយ​តំណាងរាស្ត្រ​ទៀតសោត ត្រូវ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​របស់​ខ្លួន​ជា​ប្រចាំ ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ យក​មតិ​របស់​ប្រជាពលរដ្ឋ​ទៅ​ពិភាក្សា និង​ស្នើឲ្យ​រដ្ឋសភា​អនុម័ត ដើម្បី​ឲ្យ​រដ្ឋាភិបាល​អនុ​វត្ត​ជា​ដើម​៕

សូមសរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles

3 Responses to "​វិភាគ​៖ តើ​សភាជាតិ​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ហើយ​ឬ​នៅ​?​"

  1. Lay sokha says:

    The current National Assembly is illegally performing its role for the interest of people and nation. it is an illegal and unlegitimate form! Actually the National Assembly is the representative of the whole people, not representative of a party ( CPP). CPP could not sit in the National Assembly alone to work for the interest of the whole people! Half of people in this kingdom voted for CNRP! You must think rightfully! You do not be so silly!

  2. Judge says:

    It has been seen quite obvious that RGC has controlled the Senate and parliament not by representative voices but by number of fake democracy. To control, PM appears to get everyone from other factions on board, however the true color of CPP doing the works.
    Corruption has been known for some years and created by CPP a d its boss to shield a d confused Cambodians. Three pillars system comprised of Nation Religion and the king has been weakened very badly. Quality of this system is not there as it expected to achieve after peace agreement.

    To revive the system, it is imperative that this single party parliament is fully revoked.

  3. ?? says:

    no doubt dictatorship always using that kind of ruling one man comment the whole government sector. CPP party controlling every thing in some time SDACH PEAL HUN SEN in his speak kicking international community around like they did not know any thing about Cambodia he dose not even care on what ever they request. he said PARIS peace agreement was no more presumable to his government .that mean he kick them out. this is HUN SEN political stubbornness the way he thought no any bodies can do any thing to him. not so long Mr ICC will teaching you a lesson