ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃសុក្រ ទី4 ខែមេសា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
សឿ សុធារ៉ា កាលពីកន្លងទៅ
មរណភាពរបស់លោក សឿ រ៉ាវុធ បងប្រុសតែម្នាក់ របស់អ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី៣ ខែមេសា កំពុងធ្វើឲ្យតារាស្រីរូបនេះ កើតទុក្ខយ៉ាងធំធេង ដែលអាចនិយាយថា ជាទំហំទុក្ខដែលធំ ជាងភ្នំព្រះសុមេរុនោះទៅទៀត។ ទោះយ៉ាងណា អ្នកនាងក៏នៅតែរឹងប៉ឹងផងដែរ ពិសេសនៅពេលគិតថា សង្ខាររបស់មនុស្សគឺមិនអាចទៀងទាត់បានឡើយ បូករួមទាំងបងប្រុសនាពេលនេះផង។
អ្នកនាង សឿ សុធារ៉ា បានថ្លែងប្រាប់ភ្នាក់ងារ VOD ប៉ុន្មានម៉ោងក្រោយបងប្រុសទទួលមរណភាពថា លោក សឿ រ៉ាវុធ គឺជាបងប្រុសរបស់អ្នកនាង ដែលអ្នកនាងស្រឡាញ់ និងគោរពបំផុត នាពេលកន្លងមក។ លោក គឺជាអ្នកជំនាញផ្នែកផាត់មុខ និងជាអ្នកចាត់ចែងសម្អាងការ ដែលមានអតិថិជនទទួលស្គាល់ថា ពូកែ និងខ្លាំងក្នុងជំនាញតែងមុខ ធ្វើសក់ និងតែងខ្លួនឲ្យកូនកំលោះកូនក្រមុំ គួរឲ្យសរសើរនាពេលកន្លងមក។ លោកមានជំងឺមហារីកបេះដូង ឬបេះដូងរីក ប្រមាណជាង១០ឆ្នាំមកហើយ មុនពេលមានហេតុគាំងបេះដូង ដែលឈានដល់មរណភាពដោយនឹកស្មានមិនដល់នេះ។ កន្លងមក ក្រុមគ្រួសារទាំងមូលរបស់អ្នកនាង បានពុះពារស្វែងរកការព្យាបាលឲ្យលោកអស់ប្រាក់ច្រើនណាស់ហើយ បូករួមទាំងការទៅព្យាបាលដល់ប្រទេសសិង្ហបុរីនាពេលកន្លងមកផង។ យ៉ាងណាក៏ដោយស្ថានភាពជំងឺរបស់លោកបានត្រឹមតែធូរស្រាលតែមួយរយៈខ្លីប៉ុណ្ណោះ លុះដល់ក្រោយមក ក៏ស្រាប់តែធ្ងន់ធ្ងរវិញ ដោយគ្មានវិធីព្យាបាលជា។

ស្លាប់ដោយសារគាំងបេះដូង
ប្រភពពីក្រុមគ្រួសាររបស់អ្នកនាង សឿ សុធារ៉ា ប្រាប់ថា ក្នុងពេលលោក សឿ រ៉ាវុធ ធ្វើទុក្ខ គ្រួសារទាំងមូលមានបំណងនាំលោកទៅវះកាត់ផ្លាស់ប្ដូរបេះដូងម្ដងជាពីរដងហើយ ដោយគេទារតម្លៃប្រមាណជា១០ម៉ឺនដុល្លារ។ ប៉ុន្តែមកពីខាងពេទ្យជំនាញ មិនធានាថាក្រោយការវះកាត់ នឹងធ្វើឲ្យលោក សឿ រ៉ាវុធ ជាសះដូចមនុស្សគ្មានជំងឺ ទើបម្នាក់ៗចេះតែបណ្ដោយ ហើយបណ្ដាលឲ្យអ្នកជម្ងឺទទួលមរណភាព ទាំងវ័យក្មេង ។
លោកសឿ រ៉ាវុធ បានគាំងបេះដូង ស្លាប់នៅក្នុងសម្អាងការ សឿ សុធារ៉ា សម្អាងការ នៅផ្ទះលេខ ៦២B ផ្លូវលេខ ១៣៥ ក្រុមទី៣២ ភូមិ៥ សង្កាត់ទួលទំពួង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណជា៣រសៀល ថ្ងៃទី៣ ខែមេសា។ អ្នកនាង សឿ សុធារ៉ា ប្រាប់ថា ជំងរបស់បងប្រុសម្ដងធូរម្ដងធ្វើទុក្ខធ្ងន់ច្រើនឆ្នាំមកហើយ ប៉ុន្តែអ្វីដែលងឿងឆ្ងល់គឺលោកមិនមានអាការៈធ្វើទុក្ខនៅមុនពេលស្លាប់ទាល់តែសោះ ស្រាប់តែមានអាការៈគាំងបេះដូងតែមួយភ្លែត ក៏ត្រូវដាច់ដង្ហើមតែម្ដង។ ពិធីបុណ្យសពរបស់លោក សឿ រ៉ាវុធ នឹងត្រូវធ្វើឡើងនៅក្នុងហាងសម្អាងការសឿសុធារ៉ា ម្ដុំទួលទំពូង តាមអាស្រ័យដ្ឋានខាងលើ ដោយតម្កល់ធ្វើបុណ្យរហូតដល់ព្រឹកថ្ងៃអាទិត្យទី៦ មេសាវេលាម៉ោង៩ ទើបដង្ហែទៅបូជា។
អ្នកនាង សឿ សុធារ៉ា បញ្ជាក់ថា មរណភាពរបស់បងប្រុសបានធ្វើឲ្យសមាជិកនៅក្នុងគ្រួសារបាត់បង់អស់គ្មានសល់នូវអារម្មណ៍សប្បាយរីករាយ បើទោះជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ អាចជំនួសមកវិញនូវមាសប៉ិនដូងទុំ ក៏មិនជំនួសឲ្យទុក្ខសោកនេះ។ អ្នកនាងសូមបួងសួងឲ្យទេវតាឆ្នាំថ្មី ដែលនឹងចុះមកថែរក្សាមនុស្សលោកក្នុងប៉ុន្មានថ្ងៃទៀត ជួយឲ្យវិញ្ញាណរបស់លោក សឿ រ៉ាវុធ បានទៅកាន់សុគតិភព ឆ្លងផុតទុក្ខទោសទាំងឡាយ ដោយសារតែលោកកាលនៅមានជីវិត គឺមិន ដែលប្រព្រឹត្តិទង្វើរបាបកម្មអ្វីទាល់តែសោះ ពិសេសចំពោះក្រុមគ្រួសារ និងអ្នករាប់អានទូទៅ។
សូមបញ្ជាក់ថាលោក សឿ រ៉ាវុធ កើតឆ្នាំមមែ មានវ័យ៣៥ឆ្នាំ និងធ្លាប់រៀបការនោះឡើយ ដោយសារតែលោកមានជំងឺបៀតបៀនញ៉ាំញីរហូត ចាប់តាំងពីធំដឹងក្ដី។ លោកគឺជាកូនប្រុសតែម្នាក់នៅក្នុងគ្រួសាររបស់ សឿ សុធារ៉ា ដែលការលាចាកនាពេលនេះ គឺទុក្ខដ៏ក្រៀមក្រំបំផុត របស់អ្នកនាង សឿ សុធារ៉ា និងសាច់ញាតិ៕
សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
ចូលរួមកាន់ទុកផងណា..
មានរូប មានទុក្ខ…….ចូលរួមរំលែកទុក្ខផង
អនិច្ចំ=ភាពមិនទៀង
ទុក្ខំ=ភាពជាទុក្ខ
អនត្ដតា=មិនមែនជារបស់ខ្លួន
Rest in peace …………. .
when me yourn theara die too?