វិភាគ ៖ តើហេតុអ្វីបានជាស្ដេចកន ចាញ់សង្គ្រាមជាមួយ ព្រះបាទចន្ទរាជា?​

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com


មើលរូបភាពបន្ថែម

(រូបភាពពីWikipedia)

សប្ដាហ៍​មុន លោកអ្នក​នាង​បាន​ស្ដាប់​ពី​ក​ល្ខណសម្បត្តិ និង​ជ័យជម្នះ​របស់​ស្ដេច​កន​រួចហើយ​។ ថ្វី​បើ​លោក​ជា​កូន​រាស្ត្រ ប៉ុន្តែ​លោក​មាន​សមត្ថភាព​កេណ្ឌ​កងទ័ព បញ្ជា​ទ័ព​យ៉ាង​ចំណាន​ចូល​ក្នុង​ចម្បាំង ចេះ​កលល្បិច​ក្នុង​សង្គ្រាម រហូត​ដល់​អាច​យកជ័យ​ជម្នះ​លើ​សង្គ្រាម​ជាមួយ​ព្រះរាជា​ស្រី​សុគន្ធ​បទ​ទៀតផង ជាមួយ​គ្នា​លោក​ក៏​បាន​ដឹកនាំ​ប្រទេស​ឲ្យបាន​សម្បូរ​សប្បាយ​ផងដែរ នេះ​បើ​ផ្អែក​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​អាដេ​ម៉ា ឡឺ​ក្លែរ និង​ប្រភព​ពី​វី​គី​ភី​ឌា​។​

​ប៉ុន្តែ​ឯកសារ​ទាំងពីរ​សុទ្ធ​តែ​បង្ហាញ​ថា នៅ​ទីបំផុត​ឃុន​ហ្លួង​កន ត្រូវបាន​មេ​ទ័ព​របស់​ព្រះបាទ​ចន្ទរា​ជា​ចាប់ខ្លួនបាន ពេល​ លោក​ចូល​ទៅ​បន្លំ​ខ្លួន​ក្នុង​ហ្វូង​ស្រីៗ​អ្នករបាំ​ក្នុង​វាំង ក្រោយពេល​ទ័ព​ព្រះបាទ​ចន្ទរា​ជា​ព័ទ្ធ​រាជធានី​សំរោង​ព្រៃ នគរ​អស់​ជាង​បី​ខែ​។​

​តើ​មាន​កត្តា​អ្វីខ្លះ ដែល​ធ្វើឲ្យ​ឃុន​ហ្លួង​កនចាញ់​សង្គ្រាម​ជាមួយ​ព្រះបាទ​ចន្ទរា​ជា​?

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​មាន​បទពិសោធ​បង្រៀន​ជាង​សាមសិប​ឆ្នាំ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ លោក​សំបូរ មា​ណ្ណា​រ៉ា ធ្វើការ​វិភាគ​រឿងនេះ​លើ​ពីរ​កត្តា​ធំៗ គឺ​ទី​១. កត្តា​ព្រះបាទ​ចន្ទរា​ជា និង​ទី​២. កត្តា​ស្ដេច​កន​ខ្លួនឯង​។ 

​ចំពោះ​កត្តា​ព្រះបាទ​ចន្ទរា​ជា លោក​សាស្ត្រាចារ្យ​យល់ថា ព្រះអង្គ​មាន​ចំណុចខ្លាំង​ចំនួន​៤ គឺ​មាន​ជំនួយ​ពី​ទ័ព​អយុធ្យា មាន​ការចូលរួម​ពី​មេទ័ព​ដ៏​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុងសង្គម គឺ​លោក​តា​ឃ្លាំង​មឿង ព្រះអង្គ​ចេះ​ទាក់ទាញ​កម្លាំង​គាំទ្រ​ពី​អ្នកស្រុក ដោយ​ព្រះអង្គ​ធ្វើការ​គោរព​ទៅ​លើ​ជំនឿ​ផ្ទៃក្នុង​របស់​ខ្មែរ គឺ​ជំនឿ​អ្នក​គូ ជំនឿ​បា​គូ ហើយ​ពិសេស​បំផុត​គឺ​គុណធម៌​របស់​ព្រះអង្គ ដែល​គិត​ទៅដល់​សុខទុក្ខ​របស់​ប្រជាជន នៅពេល​ដែល​រដូវ​ធ្វើស្រែ​មកដល់ ព្រះអង្គ​បាន​ស្នើ​ស្ដេច​កន​ឲ្យ​ផ្អាក​ចម្បាំង ដើម្បី​ទុក​ពេល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ ដែល​ចំណុច​ត្រង់​នេះហើយ​ជា​ការទាក់ទាញប្រជា ប្រិយ ភាព​ដ៏​ខ្លាំង​របស់​ព្រះអង្គ ដែល​ស្ដេច​កន​ជា​កូន​រាស្ត្រ មិន​បាន​គិតគូរ​ដល់​ចំណុច​នេះ និង​មិន​មាន​លក្ខណសម្បត្តិ​ពិសេស​នេះ​។​

លោក​សំបូរ មា​ណ្ណា​រ៉ា បញ្ជាក់ថា«ខ្ញុំ​ឃើញ​បួន​ចំណុច​! សរុប​មក​វិញ​គឺ​មាន​កម្លាំង​ទ័ព​ជំនួយ ទី​២. លោក​បាន​រកឃើញ​ចំណុច​មនុស្ស​នៅក្នុង​ប្រទេស ដែល​ជា​មនុស្ស​មាន​ប្រជាប្រិយ យកមក​ធ្វើ​ជា​ប្រមុខ​ដឹកនាំ​ទ័ព ដូច​តា​ឃ្លាំងមឿង​អ៊‍ីចឹង ហើយ​ទី​៣. គឺ​មាន​ការគាំទ្រ​របស់​ប្រជាជន​នៅ​មូលដ្ឋាន ដោយសារ​គាត់​ចេះ​ប្រើប្រាស់​សម្របសម្រួល​ជំនឿ​ជាមួយនឹង​ប្រជាជន​នៅ​មូលដ្ឋាន ឯ​ទី​៤. គឺ​ត្រង់​ចំណុច​ដែល​គាត់​ហ្នឹង​ចេះ​យក​ប្រជាប្រិយភាព តាមរយៈ​ដែល​ការយកចិត្តទុកដាក់​ពី​ប្រជាជន មុន​ស្ដេច​កន​»។  

​ទាក់ទង​ទៅ​នឹង​កត្តា​ស្ដេច​កន​ខ្លួនឯង​ឯណោះ​វិញ តាម​សៀវភៅ​ឯកសារ​មហា​បុរស​ខ្មែរ របស់លោក អេង សុ​ត ឲ្យដឹងថា ពេល​ស្ដេច​កន​ដឹកនាំ​ប្រទេស​បាន​សម្បូរ​សប្បាយ​ហើយ ស្ដេច​អង្គ​នេះ​សព្វ​ព្រះ​ហឫទ័យ​ល្បែង​ស្រី ទត​រាំ របាំ មហោស្រព តូរ្យតន្ត្រី​ណាស់​។ 

​រីឯ​ឯកសារ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​របស់​អាដេ​ម៉ា ឡឺ​ក្លែរ ថា​ថ្ងៃមួយ ពេល​ស្ដេច​កន​យក​ស្រី​របាំ​ទៅ​ដេក​ជាមួយ ហើយ​បាន​យល់សប្ដិ​ឃើញ​ភ្លើង​ឆេះ​វាំង និង​ឆេះ​ខ្លួន​សុះ​។ 

​ផ្អែក​លើ​ចំណុច​ទាំងពីរ​ខាងលើ​នេះ បញ្ជាក់​ច្បាស់​ពី​លក្ខណៈ​អ្នកដឹកនាំ​ដែល​កើតចេញ​ពី​ត្រកូល​រាស្ត្រ ដឹង​សុខទុក្ខ​របស់​រាស្ត្រ​តែ​នៅ​ដំណាក់កាល​ដំបូង ពេល​មាន​អំណាច​ដឹកនាំ​យូរ​ទៅ ឈ្លក់​នឹង​អំណាច​សប្បាយ​ភ្លេចខ្លួន ឈប់​នឹកនា​គិតគូរ​ដល់​សុខទុក្ខ​រាស្ត្រ​តទៅទៀត​។​

​ទាំង​ឯកសារ​មហា​បុរស​ខ្មែរ របស់​លោក​អេង សុ​ត ទាំង​ឯកសារ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​របស់​អាដេ​ម៉ា ឡឺ​ក្លែរ សុទ្ធ តែ​និយាយ​ថា ស្ដេច​កន​បណ្ដែតបណ្ដោយ​ឲ្យមាន​អំ​ពើ​អយុត្តិធម៌​ក្នុង​សង្គម ដោយ​ការបន្ធូរបន្ថយ​ទោស ដល់​អ្នក​ប្រព្រឹត្ត​ខុស ហើយ​ត្រូវ​ព្រះបាទ​ចន្ទរា​ជា​រិះគន់ថា ការបន្ធូរបន្ថយ​ទោស​នេះ គឺ​ដើម្បី​ឲ្យ​ញាតិ​ត្រកូល​របស់​ស្ដេច​កន ដែល​ជា​មនុស្ស​ខូច​កាច​នោះ កម្រើកចិត្ត​លួច​ប្លន់​តាម​ជាតិ​ត្រកូល​ឲ្យបាន​ច្រើនឡើង​។​

​លោក​សាស្ត្រាចារ្យ​សំបូរ ម៉ា​ណា​រ៉ា​បញ្ជាក់​ពី​ចំណុចខ្សោយ​របស់​ស្ដេច​កន​ថា ដោយសារ​លោក​ជា​កូន​រាស្ត្រ ហើយ​មាន​សមត្ថភាព​ខ្ពស់​អាច​ដឹកនាំ​ប្រទេស​បាន ធ្វើ​ឲ្យ​លោកលែង​ឲ្យ​តម្លៃ​អ្នក​នៅ​ជិត​ខ្លួន​លោក​។​

លោកបញ្ជាក់ថា«​ចំណុច​នេះ​ យើងអាច​និយាយ​ឡើងវិញ​ថា ការសិក្សា​រៀនសូត្រ​លោក​បាន​ល្អ មានការ​លើកទ័ព មាន​ការគិត​ល្អិតល្អ​ពេក ប៉ុន្តែ​វា​មាន​មោទនភាព មាន​មហិច្ឆតា​របស់​ខ្លួន​ហ្នឹង ថា​ខ្លួនឯង​បាន​មក​ធ្វើ​ស្ដេច​ហ្នឹង ក៏​អាច​គិតថា ជា​ការបាត់បង់​នូវ​ការ​ប្រៀប​ខ្លួនឯង​ប្រៀប​ខ្លួនឯង​ជាមួយនឹង​សមត្ថភាព​ដែរ ចូលចិត្ត​គិតថា​ខ្លួន​ឯង​ហ្នឹង​អាចធ្វើ​បាន​គ្រប់​អ្វី​ទាំងអស់​។ អ៊‌ីចឹង​ទេ ធ្វើឲ្យ​មាន​ការបាត់បង់​នូវ​យុត្តិធម៌​សង្គម ត្រង់​ថា​បើ​គេ​មិន​ធ្វើ​ទេ ខ្លួន​ក៏​ធ្វើ​បាន​ដែរ​។ អ៊‍ីចឹង​ខ្លួន​អាច​អត់​អ្នកដទៃ​ក៏​ខ្លួន​ធ្វើ​បាន​ដែរ​»។​

​ទាក់ទង​នឹង​បរាជ័យ​របស់​ស្ដេច​កន​នេះដែរ លោក​បណ្ឌិត​ច័ន្ទ ប៊ុន្នី ក៏​មានប្រសាសន៍​ដូចគ្នា​នឹង​លោក​សាស្ត្រាចារ្យ​សំបូរ មា​ណ្ណា​រ៉ា​ដែរ​ថា វា​មាន​ពីរ​កត្តា​ធំៗ គឺ​កត្តា​ស្ដេច​ចន្ទរា​ជា និង​កត្តា​ស្ដេច​កន​។ ចំពោះ​កត្តា​ស្ដេច​ចន្ទរា​ជា គឺ​ព្រះអង្គ​មាន​ឧត្តមភាព​ខាង​អាវុធ ដោយ​មាន​ជំនួយ​ពី​ខាង​ស្រុក​សៀម​ផង និង​ទិញ​កាំភ្លើង​ពី​ម៉ា​ឡេផង ហើយ​ព្រះអង្គ​អាច​ប្រមូល​បក្សពួក​អ្នកគាំទ្រ​លោក​បាន​ច្រើន​។ ចំពោះ​កត្តា​ស្ដេច​កន​វិញ លោក​បណ្ឌិត​យល់ថា ថ្វី​បើ​ស្ដេច​កន​មាន​ចំណុច​ខ្លាំង ប៉ុន្តែ​លោក​ក៏​ភ្លើតភ្លើន​ភ្លេចខ្លួន​នឹង​អំណាច​ដែរ​។​ លោកបញ្ជាក់ថា«ស្ដេច​កន​វា​មាន​បញ្ហា​មួយ​ដូច​ត្រង់​ថា លោក​គិត​ស្អី​បញ្ហា​ផ្ទាល់ខ្លួន ដើរលេង​អី​អ៊‍ីចឹង​ណា៎​! ពាក់ព័ន្ធ​រឿងស្រី​ញី បន​ល្បែង​អី​អ៊‍ីចឹង ក្នុង​​នុងវា ពួក​បញ្ញា​មន្ត្រីក្រោមឱវាទ​ហ្នឹង​ធ្វើបាប​ប្រជារាស្ត្រ​ធ្វើ​អី​អ៊‍ីចឹង​ណា៎​! ហើយ​ប្រើ​អំណាច​ប្រើ​អី​អ៊‌ីចឹង​ពេល​នុ៎ង»​។​

​ទាក់ទង​នឹង​ល្បិចកល​ដែល​ស្ដេច​កន​ប្រើ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នោះ អ្នកវិភាគ​នយោបាយ​យល់​ថា ក៏​មាន​អ្នក នយោ​បាយ​នាពេល​បច្ចុប្បន្ន​យកមកប្រើ​ដែរ ដូចជា​ការបញ្ជូន​មនុស្ស​របស់​ខ្លួន​ឲ្យទៅ​បង្កប់​នៅក្នុង​ភាគី​ប្រកួត​ប្រជែង ដើម្បី​យក​ព័ត៌មាន ឬ​ដើម្បី​បំបែកបំបាក់​ផ្ទៃក្នុង​ជាដើម​។ ប៉ុន្តែ​ទាំង​អ្នកប្រវត្តិសាស្ត្រ ទាំង​អ្នកវិភាគ​នយោបាយ​យល់ថា អ្នក​ដែល​ប្រើល្បិច​ក្នុងការ​ផ្ដួល​គួរ​ប្រជែង​តាមបែប​ស្ដេច​កន មិន​អាច​ទទួលបាន​ជ័យជម្នះ​ជា​រៀង​រហូត​នោះ​ទេ ដូច​មាន​ឃើញ​ករណី​ស្ដេច​កន ដែល​គេ​ចាត់ទុកថា​ជា​អ្នក​មាន​បុណ្យ​នោះ​ស្រាប់​ហើយ​។ ផ្ទុយទៅវិញ គេ​គួរតែ​ប្រកួតប្រជែង​គ្នា​ដោយ​សុចរិត ដោយ​ការ​គិតគូរ​ដល់​សុខទុក្ខ​របស់​រាស្ត្រ និង​ផលប្រយោជន៍​ជាតិ​ជាដើម​ទើប​ជា​ការប្រសើរ​៕

​សរសេរមកកាន់ លោក ណុល ដា​រ៉ា​ តាមរយៈdara@vodhotnews.com

What Next?

Recent Articles

3 Responses to "វិភាគ ៖ តើហេតុអ្វីបានជាស្ដេចកន ចាញ់សង្គ្រាមជាមួយ ព្រះបាទចន្ទរាជា?​"

  1. people says:

    hun-sen must be the same of king korn.the fate of mr sen and mr korn could be the same ha ha.GOD bless all cambodian’

  2. Chenda says:

    អត្ថបទនេះបានប្រដូចស្តេចកនទៅនឹងលោក​ ហ៊ុន សែន យ៉ាងពិតប្រាកដ ។

  3. Oh! Now Mr. Mannara changed his views! Now we can understand much better and it started to make sense!