ដោយ៖ ណុល ដារ៉ា
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
(រូបភាពពីWikipedia)
សប្ដាហ៍មុន លោកអ្នកនាងបានស្ដាប់ពីកល្ខណសម្បត្តិ និងជ័យជម្នះរបស់ស្ដេចកនរួចហើយ។ ថ្វីបើលោកជាកូនរាស្ត្រ ប៉ុន្តែលោកមានសមត្ថភាពកេណ្ឌកងទ័ព បញ្ជាទ័ពយ៉ាងចំណានចូលក្នុងចម្បាំង ចេះកលល្បិចក្នុងសង្គ្រាម រហូតដល់អាចយកជ័យជម្នះលើសង្គ្រាមជាមួយព្រះរាជាស្រីសុគន្ធបទទៀតផង ជាមួយគ្នាលោកក៏បានដឹកនាំប្រទេសឲ្យបានសម្បូរសប្បាយផងដែរ នេះបើផ្អែកតាមសៀវភៅប្រវត្តិសាស្ត្ររបស់អាដេម៉ា ឡឺក្លែរ និងប្រភពពីវីគីភីឌា។
ប៉ុន្តែឯកសារទាំងពីរសុទ្ធតែបង្ហាញថា នៅទីបំផុតឃុនហ្លួងកន ត្រូវបានមេទ័ពរបស់ព្រះបាទចន្ទរាជាចាប់ខ្លួនបាន ពេល លោកចូលទៅបន្លំខ្លួនក្នុងហ្វូងស្រីៗអ្នករបាំក្នុងវាំង ក្រោយពេលទ័ពព្រះបាទចន្ទរាជាព័ទ្ធរាជធានីសំរោងព្រៃ នគរអស់ជាងបីខែ។
តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យឃុនហ្លួងកនចាញ់សង្គ្រាមជាមួយព្រះបាទចន្ទរាជា?
សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ ដែលមានបទពិសោធបង្រៀនជាងសាមសិបឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យបញ្ញាសាស្ត្រ លោកសំបូរ មាណ្ណារ៉ា ធ្វើការវិភាគរឿងនេះលើពីរកត្តាធំៗ គឺទី១. កត្តាព្រះបាទចន្ទរាជា និងទី២. កត្តាស្ដេចកនខ្លួនឯង។
ចំពោះកត្តាព្រះបាទចន្ទរាជា លោកសាស្ត្រាចារ្យយល់ថា ព្រះអង្គមានចំណុចខ្លាំងចំនួន៤ គឺមានជំនួយពីទ័ពអយុធ្យា មានការចូលរួមពីមេទ័ពដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងសង្គម គឺលោកតាឃ្លាំងមឿង ព្រះអង្គចេះទាក់ទាញកម្លាំងគាំទ្រពីអ្នកស្រុក ដោយព្រះអង្គធ្វើការគោរពទៅលើជំនឿផ្ទៃក្នុងរបស់ខ្មែរ គឺជំនឿអ្នកគូ ជំនឿបាគូ ហើយពិសេសបំផុតគឺគុណធម៌របស់ព្រះអង្គ ដែលគិតទៅដល់សុខទុក្ខរបស់ប្រជាជន នៅពេលដែលរដូវធ្វើស្រែមកដល់ ព្រះអង្គបានស្នើស្ដេចកនឲ្យផ្អាកចម្បាំង ដើម្បីទុកពេលឲ្យប្រជាពលរដ្ឋធ្វើស្រែ ដែលចំណុចត្រង់នេះហើយជាការទាក់ទាញប្រជា ប្រិយ ភាពដ៏ខ្លាំងរបស់ព្រះអង្គ ដែលស្ដេចកនជាកូនរាស្ត្រ មិនបានគិតគូរដល់ចំណុចនេះ និងមិនមានលក្ខណសម្បត្តិពិសេសនេះ។
លោកសំបូរ មាណ្ណារ៉ា បញ្ជាក់ថា«ខ្ញុំឃើញបួនចំណុច! សរុបមកវិញគឺមានកម្លាំងទ័ពជំនួយ ទី២. លោកបានរកឃើញចំណុចមនុស្សនៅក្នុងប្រទេស ដែលជាមនុស្សមានប្រជាប្រិយ យកមកធ្វើជាប្រមុខដឹកនាំទ័ព ដូចតាឃ្លាំងមឿងអ៊ីចឹង ហើយទី៣. គឺមានការគាំទ្ររបស់ប្រជាជននៅមូលដ្ឋាន ដោយសារគាត់ចេះប្រើប្រាស់សម្របសម្រួលជំនឿជាមួយនឹងប្រជាជននៅមូលដ្ឋាន ឯទី៤. គឺត្រង់ចំណុចដែលគាត់ហ្នឹងចេះយកប្រជាប្រិយភាព តាមរយៈដែលការយកចិត្តទុកដាក់ពីប្រជាជន មុនស្ដេចកន»។
វិភាគផ្សេងៗ
- វិភាគ៖ នាយករដ្ឋមន្ត្រីកូរ៉េលាលែង ពីតំណែងផ្តល់មេរៀនអ្វីដល់នាយករដ្ឋមន្ត្រីខ្មែរ?
- វិភាគ៖ លក្ខណៈសម្បត្តិ និងជោគជ័យរបស់ស្ដេចកន
- វិភាគ៖ រាជាណាចក្រកម្ពុជាក្នុងរជ្ជកាលរបស់ម្ចាស់ក្សត្រីអង្គម៉ី ហៀបនឹងធ្លាក់ទៅក្នុងការគ្រប់គ្រងទាំងស្រុងរបស់អាណ្ណាម
- វិភាគ ៖ តើការចាប់ខ្លួនអ្នកវាយលុក តាមអ៊ីនធឺណែតជាកត្តាមួយ ជួយឲ្យមានច្បាប់នេះ (Cyber Law)?
ទាក់ទងទៅនឹងកត្តាស្ដេចកនខ្លួនឯងឯណោះវិញ តាមសៀវភៅឯកសារមហាបុរសខ្មែរ របស់លោក អេង សុត ឲ្យដឹងថា ពេលស្ដេចកនដឹកនាំប្រទេសបានសម្បូរសប្បាយហើយ ស្ដេចអង្គនេះសព្វព្រះហឫទ័យល្បែងស្រី ទតរាំ របាំ មហោស្រព តូរ្យតន្ត្រីណាស់។
រីឯឯកសារប្រវត្តិសាស្ត្រប្រទេសកម្ពុជារបស់អាដេម៉ា ឡឺក្លែរ ថាថ្ងៃមួយ ពេលស្ដេចកនយកស្រីរបាំទៅដេកជាមួយ ហើយបានយល់សប្ដិឃើញភ្លើងឆេះវាំង និងឆេះខ្លួនសុះ។
ផ្អែកលើចំណុចទាំងពីរខាងលើនេះ បញ្ជាក់ច្បាស់ពីលក្ខណៈអ្នកដឹកនាំដែលកើតចេញពីត្រកូលរាស្ត្រ ដឹងសុខទុក្ខរបស់រាស្ត្រតែនៅដំណាក់កាលដំបូង ពេលមានអំណាចដឹកនាំយូរទៅ ឈ្លក់នឹងអំណាចសប្បាយភ្លេចខ្លួន ឈប់នឹកនាគិតគូរដល់សុខទុក្ខរាស្ត្រតទៅទៀត។
ទាំងឯកសារមហាបុរសខ្មែរ របស់លោកអេង សុត ទាំងឯកសារប្រវត្តិសាស្ត្រប្រទេសកម្ពុជារបស់អាដេម៉ា ឡឺក្លែរ សុទ្ធ តែនិយាយថា ស្ដេចកនបណ្ដែតបណ្ដោយឲ្យមានអំពើអយុត្តិធម៌ក្នុងសង្គម ដោយការបន្ធូរបន្ថយទោស ដល់អ្នកប្រព្រឹត្តខុស ហើយត្រូវព្រះបាទចន្ទរាជារិះគន់ថា ការបន្ធូរបន្ថយទោសនេះ គឺដើម្បីឲ្យញាតិត្រកូលរបស់ស្ដេចកន ដែលជាមនុស្សខូចកាចនោះ កម្រើកចិត្តលួចប្លន់តាមជាតិត្រកូលឲ្យបានច្រើនឡើង។
លោកសាស្ត្រាចារ្យសំបូរ ម៉ាណារ៉ាបញ្ជាក់ពីចំណុចខ្សោយរបស់ស្ដេចកនថា ដោយសារលោកជាកូនរាស្ត្រ ហើយមានសមត្ថភាពខ្ពស់អាចដឹកនាំប្រទេសបាន ធ្វើឲ្យលោកលែងឲ្យតម្លៃអ្នកនៅជិតខ្លួនលោក។
លោកបញ្ជាក់ថា«ចំណុចនេះ យើងអាចនិយាយឡើងវិញថា ការសិក្សារៀនសូត្រលោកបានល្អ មានការលើកទ័ព មានការគិតល្អិតល្អពេក ប៉ុន្តែវាមានមោទនភាព មានមហិច្ឆតារបស់ខ្លួនហ្នឹង ថាខ្លួនឯងបានមកធ្វើស្ដេចហ្នឹង ក៏អាចគិតថា ជាការបាត់បង់នូវការប្រៀបខ្លួនឯងប្រៀបខ្លួនឯងជាមួយនឹងសមត្ថភាពដែរ ចូលចិត្តគិតថាខ្លួនឯងហ្នឹងអាចធ្វើបានគ្រប់អ្វីទាំងអស់។ អ៊ីចឹងទេ ធ្វើឲ្យមានការបាត់បង់នូវយុត្តិធម៌សង្គម ត្រង់ថាបើគេមិនធ្វើទេ ខ្លួនក៏ធ្វើបានដែរ។ អ៊ីចឹងខ្លួនអាចអត់អ្នកដទៃក៏ខ្លួនធ្វើបានដែរ»។
ទាក់ទងនឹងបរាជ័យរបស់ស្ដេចកននេះដែរ លោកបណ្ឌិតច័ន្ទ ប៊ុន្នី ក៏មានប្រសាសន៍ដូចគ្នានឹងលោកសាស្ត្រាចារ្យសំបូរ មាណ្ណារ៉ាដែរថា វាមានពីរកត្តាធំៗ គឺកត្តាស្ដេចចន្ទរាជា និងកត្តាស្ដេចកន។ ចំពោះកត្តាស្ដេចចន្ទរាជា គឺព្រះអង្គមានឧត្តមភាពខាងអាវុធ ដោយមានជំនួយពីខាងស្រុកសៀមផង និងទិញកាំភ្លើងពីម៉ាឡេផង ហើយព្រះអង្គអាចប្រមូលបក្សពួកអ្នកគាំទ្រលោកបានច្រើន។ ចំពោះកត្តាស្ដេចកនវិញ លោកបណ្ឌិតយល់ថា ថ្វីបើស្ដេចកនមានចំណុចខ្លាំង ប៉ុន្តែលោកក៏ភ្លើតភ្លើនភ្លេចខ្លួននឹងអំណាចដែរ។ លោកបញ្ជាក់ថា«ស្ដេចកនវាមានបញ្ហាមួយដូចត្រង់ថា លោកគិតស្អីបញ្ហាផ្ទាល់ខ្លួន ដើរលេងអីអ៊ីចឹងណា៎! ពាក់ព័ន្ធរឿងស្រីញី បនល្បែងអីអ៊ីចឹង ក្នុងនុងវា ពួកបញ្ញាមន្ត្រីក្រោមឱវាទហ្នឹងធ្វើបាបប្រជារាស្ត្រធ្វើអីអ៊ីចឹងណា៎! ហើយប្រើអំណាចប្រើអីអ៊ីចឹងពេលនុ៎ង»។
ទាក់ទងនឹងល្បិចកលដែលស្ដេចកនប្រើនៅក្នុងប្រវត្តិសាស្ត្រនោះ អ្នកវិភាគនយោបាយយល់ថា ក៏មានអ្នក នយោបាយនាពេលបច្ចុប្បន្នយកមកប្រើដែរ ដូចជាការបញ្ជូនមនុស្សរបស់ខ្លួនឲ្យទៅបង្កប់នៅក្នុងភាគីប្រកួតប្រជែង ដើម្បីយកព័ត៌មាន ឬដើម្បីបំបែកបំបាក់ផ្ទៃក្នុងជាដើម។ ប៉ុន្តែទាំងអ្នកប្រវត្តិសាស្ត្រ ទាំងអ្នកវិភាគនយោបាយយល់ថា អ្នកដែលប្រើល្បិចក្នុងការផ្ដួលគួរប្រជែងតាមបែបស្ដេចកន មិនអាចទទួលបានជ័យជម្នះជារៀងរហូតនោះទេ ដូចមានឃើញករណីស្ដេចកន ដែលគេចាត់ទុកថាជាអ្នកមានបុណ្យនោះស្រាប់ហើយ។ ផ្ទុយទៅវិញ គេគួរតែប្រកួតប្រជែងគ្នាដោយសុចរិត ដោយការគិតគូរដល់សុខទុក្ខរបស់រាស្ត្រ និងផលប្រយោជន៍ជាតិជាដើមទើបជាការប្រសើរ៕
សរសេរមកកាន់ លោក ណុល ដារ៉ា តាមរយៈdara@vodhotnews.com
hun-sen must be the same of king korn.the fate of mr sen and mr korn could be the same ha ha.GOD bless all cambodian’
អត្ថបទនេះបានប្រដូចស្តេចកនទៅនឹងលោក ហ៊ុន សែន យ៉ាងពិតប្រាកដ ។
Oh! Now Mr. Mannara changed his views! Now we can understand much better and it started to make sense!