ដោយ៖ ប្រែង សត្យាភិរក្ស
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រជាពលរដ្ឋ៣៧នាក់ តំណាងពលរដ្ឋរងគ្រោះ ៤០៥គ្រួសារ មកពីខេត្តក្រចេះ សុំដំណោះស្រាយរឿងដីធ្លីពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបថតដោយ ប្រែង សត្យាភិរក្ស)
ប្រជាពលរដ្ឋ៣៧នាក់ តំណាងពលរដ្ឋរងគ្រោះ ៤០៥គ្រួសារ មកពីខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទនេះ បានមករាជធានីភ្នំពេញ ដាក់ញ្ញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ហាទំនាស់ដីធ្លី ជាមួយក្រុមហ៊ុនចំការកៅស៊ូវៀតណាម។
ពលរដ្ឋម្នាក់ អ្នកស្រី ហេង គឹមហៀត អះអាងជាជនរងគ្រោះ ឲ្យដឹងថា នេះជាលើកទី២ហើយ ដែលពួកគេ បានដាក់ញត្តិ ស្វែងរកអន្តរាគមន៍នេះ ពាក់ព័ន្ធនឹងទំនាស់ដីធ្លី ទំហំជាង ២០០០ហិកតា របស់ពលរដ្ឋជាង៤០០គ្រួសារ ក្នុងភូមិពាមប៉ោអូរ៣ ឃុំ ឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ អ្នកស្រី បន្តថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋរងគ្រោះភាគច្រើន រស់នៅក្នុងព្រៃ មិនមានជម្រកជាក់ស្តែងនោះទេ។
ពលរដ្ឋម្នាក់ទៀត លោក ភី ឆាយ ឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរមូលដ្ឋាន មេព្រៃ និងសន្តិសុខក្រុមហ៊ុនវៀតណាមឈ្មោះ ប៊ិនភឿក នោះ បានឆាយ និងដុតបំផ្លាញផ្ទះសម្បែង ដំណាំ របស់ប្រជាពលរដ្ឋនៅទីនោះអស់ជាង ២៦០ខ្នង។ លោក អំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ជួយដល់ពួកគេ បញ្ឈប់សកម្មភាពឈូសឆាយរបស់ក្រុមហ៊ុន និងផ្តល់ដំណោះស្រាយសមរម្យដល់ពួកគេ។
VOD មិនអាចសុំការឆ្លើយតបពីភាគីក្រុមហ៊ុន ប៊ិនភឿក បាននៅឡើយទេ។ យ៉ាងណាក៏ដោយ មន្ត្រីខុទ្ទកាល័យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលយកញត្តិពលរដ្ឋទាំងនេះ នៅម៉ោងជិត១១ព្រឹកនេះ និងបានអះអាងថា នឹងបញ្ជូនទៅពិនិត្យនៅថ្នាក់លើបន្តទៀត។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុកប្រចាំខេត្តក្រចេះ អ្នកស្រី ធីម ណារិន មានប្រសាសន៍ថា ដីតំបន់នោះ ត្រូវបានរដ្ឋសម្បទានដល់ក្រុមហ៊ុនវៀតណាម ដើម្បីធ្វើការអភិរក្សសត្វព្រៃ។ យ៉ាងណាក៏ដោយ អ្នកស្រី យល់ថា អាជ្ញាធរ គួរមានសំណងសមរម្យសម្រាប់ពួកគេ ដោយសារភាគច្រើនពួកគេ បានតាំងលំនៅទីនេះ លើសពី៥ឆ្នាំមកហើយ។
ប្រជាពលរដ្ឋក្នុងទំនាស់ដីធ្លីនេះ ឲ្យដឹងថា ពលរដ្ឋ បានកាន់កាប់ដីនៅតំបន់នោះតាំងពីឆ្នាំ២០០៨មកម្ល៉េះ ដែលមាន ៦០គ្រួសារ និងក្នុងឆ្នាំ២០០៩ មាន ១៨១គ្រួសារ ហើយក្រោយមកកើនដល់ ៤០៥គ្រួសារ នៅដើមឆ្នាំ២០១២។ ពួកគេ បានស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធជាច្រើន ក្នុងនោះមាន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងអភិបាលខេត្តជាដើម តែរហូតមកទល់ពេលនេះ មិនមានដំណោះស្រាយនោះទេ។
កន្លងទៅលោកនាយករដ្ឋមន្ត្រី ធ្លាប់លើកឡើងថា ប្រសិនបើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនអាចសុំដំណោះស្រាយពីអាជ្ញាធរនៅតាមខេត្ត ប្រជាពលរដ្ឋ អាចមកសុំអន្តរាគមន៍ពីមន្ត្រីរដ្ឋាភិបាលនៅរាជធានីភ្នំពេញ និងរូបលោកផ្ទាល់ជាដំណាក់កាលចុងក្រោយ៕
សរសេរមកកាន់លោកប្រែង សត្យាភិរក្ស តាមរយៈphireak1988.kth@gmail.com
អត់ផ្លូវទេកុំសង្ឃឹមអី៖ គ្មានទេដំណោះស្រាយ យក១០០,១០០០ញ្ញាត្តិទៅទៀត ក៏នៅតែដោះស្រាយមិនចេញដែរ! យើងដឹងហើយថា៖ ពីព្រោះតែអាអ្នកស៊ីញ៉េរឱ្យយដីសម្បទាននឹងអែង ដែលជាអ្នកបង្ករបញ្ហារឱ្យយប្រជាជនរងគ្រោះ!