អ្នកភូមិ​​នៅ​ស្វាយរៀង​ចោទ​អាជ្ញាធរ​ថា​មិន​អើពើ​​រឿង​វៀតណាម​បោះ​បង្គោល​ចូល​ដី​ខ្មែរ

ដោយ​ ​ហ៊ុំ ចំរើន
2014-05-05
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ព្រំដែន ស្វាយរៀង ៦១០
តម្រុយ​បង្គោល​ដែល​ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​វៀតណាម ចូល​មក​បោះ​លើ​ដីស្រែ​ចម្ការ​របស់​អ្នក​ភូមិ​នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​០២ ឧសភា ឆ្នាំ២០១៤។ RFA/Hum Chamroeun

អ្នកភូមិ​នៅ​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង ចោទប្រកាន់​អាជ្ញាធរ ស្រុក​នេះ​ថា មិន​អើពើ​សកម្មភាព​វៀតណាម មក​បោះ​បង្គោល​ចូល​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​តាម​ជាយដែន​កម្ពុជា វៀតណាម។ ពួកគាត់​បាន​សម្ដែង​ក្ដី​បារម្ភ​ថា ដី​ដែល​វៀតណាម ចូល​មក​បោះ​បង្គោល​ទាំង​នោះ វា​នឹង​បាត់បង់​ក្នុង​ពេល​ឆាប់ៗ ប្រសិនបើ​អាជ្ញាធរ​នៅ​តែ​បន្ត​ឲ្យ​គេ​ចូល​មក​បោះ​បង្គោល​លើ​ទឹក​ដី​ខ្មែរ​ដោយ​សេរី ដែល​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការ​ជា​យូរលង់​មក​នោះ។

អ្នកភូមិ​ម្ចាស់​ស្រែចម្ការ​ដែល​រស់​នៅ​តាម​ជាយដែន​កម្ពុជា-​វៀតណាម អះ​អាង​ថា ដីស្រែ​ចម្ការ​របស់​ពួកគាត់​ជាច្រើន​ហិកតារ រួមមាន​ដីចម្ការ​ស្វាយចន្ទី​ផង បាន​ដាំ​ដុះ​អាស្រ័យ​ផល​លើ​ផ្ទៃដី​នោះ ត​ពី​ដូនតា​ជា​យូរលង់​មក​ហើយ។ តែ​ថ្មីៗ​ត្រូវ​បាន​អាជ្ញាធរ​របស់​វៀតណាម ចូល​មក​បោះ​បង្គោល​លើ​ដី​ដែល​ខ្លួន​ធ្លាប់​ដាំ​ដុះ​អាស្រ័យ​ផល​មក​នោះ ស្ទើរតែ​អស់​ទៅ​ហើយ។ អ្នកភូមិ​បញ្ជាក់​ថា ចាប់​តាំង​ពី​វៀតណាម​ចូល​មក​បោះ​បង្គោល មក​គេ​តែងតែ​ដាក់​កម្លាំង​ការពារ​យ៉ាង​តឹងរ៉ឹង​លើ​ផ្ទៃដី​នោះ​ជា​បន្តបន្ទាប់។

អ្នកភូមិ​ដែល​វៀតណាម បោះ​បង្គោល​លើ​ដី​ម្នាក់ គឺ​លោក ថន សុខនឿន រស់នៅ​ភូមិ​ធ្នង់ ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ថ្លែង​បញ្ជាក់​ថា ដី​ស្វាយចន្ទី​របស់​លោក​ប្រមាណ ៤​ហិកតារ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម មាន​ប៉ូលិស និង​ទាហាន​ផង បាន​ចូល​មក​បោះ​បង្គោល​តម្រុយ​លើ​ដី​របស់​ខ្លួន​តាំងពី​ថ្ងៃ​ទី​៣ មេសា មក​ម្ល៉េះ។ លោក​ថា​ពេល​នោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ផ្អើល​ទៅ​មើល ហើយ​តវ៉ា​ជាមួយ​អាជ្ញាធរ​ វៀតណាម មិន​ឲ្យ​បោះ​បង្គោល​លើទឹក​ដី​ខ្មែរ​នោះ​ទេ។ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​ទាំងនោះ​មិនបាន​ក្រែង​រអា​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ ហើយ​ពួកគេ​បន្ត​បោះ​បង្គោល​តម្រុយ​បាន​ជា​ច្រើន​កន្លែង បាន​ប៉ះពាល់​លើ​ដី​ស្រែចម្ការ​របស់​អ្នកភូមិ​ប្រមាណ ៣០​ហិកតារ។

លោក​ថា បន្ទាប់ពី​នាំ​គ្នា​ទៅ​រារាំង​អាជ្ញាធរ​វៀតណាម​មិន​ឲ្យ​បោះ​បង្គោល​លើ​ដី​របស់​ខ្លួន​មិន​បាន​សម្រេច ក៏​នាំគ្នា​ទៅ​ប្ដឹង​អាជ្ញាធរ​ខ្មែរ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​អាជ្ញាធរ​ហាក់​ធ្វើ​ព្រងើយ មិន​អើពើ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ទេ៖ «ព្រោះ​អី​វា​ច្រើន​ជំនាន់​បង​អើយ តាំងពី​តា​ខ្ញុំ​ឪ​ខ្ញុំ បន្ទាប់មក​ខ្ញុំ វា​ប្រមាណ​ចង់​ជាង ១០០​ហើយ​កាន់កាប់​រហូត។ ហើយ​រហូតដល់​មាន​បង្កាន់ដៃ​គ្រប់គ្រង​ដី​ទៀត​បង​! ថា​ហួសចិត្ត​​រឿង​ថា​អាជ្ញាធរ​មក​មិន​ថា​កាន់​ជើង​ខាង​គេ តែ​អត់​ជួយ​ឈឺឆ្អាល គេ​និយាយ​ថា គេ​អត់​ដឹង​ដែរ គេ​តាម​តែ​ថ្នាក់​លើ​ឲ្យ​យាម​បង្គោល​ព្រំដែន យាម​ហើយ​មិន​ធ្វើ​ម៉េច​គេ បើ​មេ​ដាក់​មក​អ៊ីចឹង​ដែរ។ ទឹកដី​អាយុជីវិត​របស់​ខ្ញុំ ហើយពី​ណា​មិន​សោកស្ដាយ កូន​ខ្មែរ​មួយ​រូប ទោះ​មិនមែន​ដី​ខ្ញុំ ក៏​ខ្ញុំ​មានការ​សោកស្ដាយ​ដែរ។ ខ្ញុំ​ជា​កូន​ខ្មែរ​ម្នាក់​សោកស្ដាយ​យំ​រាល់ថ្ងៃ នឹក​គិត​ថា ដី​មិន​ងាយ​រក​បាន​ទេ​បង!»

បង្គោល​តម្រុយ​ដែល​អ្នក​ភូមិ​អះអាង​ថា អាជ្ញាធរ​វៀតណាម ចូល​មក​បោះ​លើ​ទឹកដី​ខ្មែរ តាម​ដីស្រែ និង​ដីចម្ការ​ស្វាយចន្ទី ស្ថិតនៅ​ចំណុច​ភូមិ​ធ្នង់ ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ព្រៃវែង។ ដោយ​អាជ្ញាធរ​ទាំង​នោះ​បញ្ជាក់​ប្រាប់​អ្នក​ភូមិ​ថា តំបន់​បោះ​បង្គោល​នោះ​ជា​តំបន់​ស មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​យក​ដី​លក់ដូរ ឬ​ធ្វើស្រែ​ចម្ការ​នៅ​ទីនោះ​ទៀត​ឡើយ។

អ្នកភូមិ​ដែល​ត្រូវ​វៀតណាម បោះ​បង្គោល​លើ​ដី​ម្នាក់ទៀត លោក ញាន ឡន រៀប​រាប់​ថា អាជ្ញាធរ​វៀតណាម​បោះ​បង្គោល​តម្រុយ​លើ​ដី​ស្រែ​ពី​ដូនតា​របស់​ខ្លួន ប្រមាណ ៣​ហិកតារ យក​អស់​គ្មាន​សល់ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​ពី​រឿង​នេះ​ឡើយ។ លោក ញាន ឡន បញ្ជាក់​ថា លោក​សោកស្ដាយ​ទៅ​លើ​ដី​របស់​ខ្លួន​ដែល​គេ​ចូល​មក​បោះ​បង្គោល​ដោយ​សេរី​នោះ ហើយ​ដី​នោះ​វា​អាច​នឹង​បាត់បង់​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជា​ពុំខាន ប្រសិនបើ​អាជ្ញាធរ​ខ្មែរ​នៅ​តែ​ពុំ​មាន​វិធានការ​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេល​នោះ។

លោក​ថា ការ​ថ្លែង​ដូចនេះ ដោយសារ​អាជ្ញាធរ​វៀតណាម ទប់ស្កាត់​មិន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើស្រែ​ចម្ការ​លើ​ដី​របស់​ខ្លួន​ដូច​ពេល​មុនៗ​ឡើយ៖ «អាជ្ញាធរ​ទាហាន​វៀតណាម គេ​ថា​អ៊ីចឹង​តែម្ដង គេ​ថា​នេះ​ទឹកដី​ខ្មែរ​ត្រឹម​នេះ វៀតណាម​វា​យក​អ៊ីចឹង​តែម្ដង។ ខ្ញុំ​ប្រជាជន​ខ្ញុំ​អត់​សុខចិត្ត​ទេ ព្រោះថា​ខ្ញុំ​រស់​នៅ​ក្នុង​រាជរដ្ឋាភិបាល​មែនពិត ប៉ុន្តែ​ខ្ញុំ​តវ៉ា​រឿង​ដី​ហ្នឹង​ដែរ។ ព្រោះ​មិនមែន​ថា ឲ្យ​គេ​យក​តាម​ចិត្ត ហើយ​អត់​មាន​សិទ្ធិ​តវ៉ា​ទេ ព្រោះ​ប្រជាជន​មាន​សិទ្ធ​តវ៉ា​អ៊ីចឹង។ ហើយ​រឿង​ទឹកដី ដើម​ត្នោត ខ្ញុំ​ថា​ដែរ ខ្ញុំ​ថា​ចុះ​បង ដើម​ត្នោត​ជាប់ ១​ពាន់​ដើម បង​ឯង​គិត​ម៉េច? គេ​ថា​គេ​ដាក់​ពាក់​កណ្ដាល​ឲ្យ​យើង ខ្ញុំ​ថា​ចប់​ហើយ​អ៊ីចឹង​នោះ។ ខ្ញុំ​និយាយ​ត្រង់​តែម្ដង ខ្ញុំ​អ្នក​ពូកែ​រឹង​រុះ​ដែរ​ហ្នឹង ខ្ញុំ​តវ៉ា​ដែរ​បើ​ខ្ញុំ​ធ្វើ​ប្រជាជន​នៅ​កន្លង​ហ្នឹង»

ចំណែក​ឯ​ប្រជាពលរដ្ឋ​ដែល​វៀតណាម បោះ​បង្គោល​លើ​ដី​នៅ​ស្រុក​រំដួល ម្នាក់ទៀត គឺ លោក គង់ ផិន ថ្លែង​បញ្ជាក់​ថា ដីស្រែ​រួម​ទាំង​ដីចម្ការ​ស្វាយចន្ទី​ផង ប្រមាណ ៨​ហិកតារ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​បោះ​បង្គោល​តម្រុយ ថា​ជា​ដី​តំបន់​សរ​មិន​ឲ្យ​លោក​ធ្វើស្រែ​ចម្ការ​នៅ​លើ​ដី​កម្មសិទ្ធិ​ពី​ដូនតា​របស់​ខ្លួន​នោះ​បាន​ទៀត​ទេ។

លោក គង់ ផិន ចាត់​ទុក​ការ​បោះ​បង្គោល​តម្រុយ​មក​លើ​ដី​របស់​ខ្លួន​នេះ​ថា ជា​រឿង​មួយ​អយុត្តិធម៌​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​ថា​ប្រជាពលរដ្ឋ​ណា​ដែល​រឹង​រុះ​ដាំ​ដុះ​នៅ​ដី​នោះ ដោយ​ពុំ​ព្រម​ចុះ​ចេញ​តាម​សម្រួល​ទេ នឹង​ត្រូវ​អាជ្ញាធរ​របស់​គេ​ដែល​ការពារ​តំបន់​នោះ​មក​ឃាត់​ខ្លួន​ពួក​គេ​យក​ទៅ​ព្រមាន​ជា​បន្តបន្ទាប់។ ក្នុង​នោះ​មាន​អ្នកភូមិ​ជា​ម្ចាស់​ស្រែ​ជាច្រើន​នាក់​មក​ហើយ​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​យក​ទៅ​ព្រមាន​នោះ។ ដោយសារតែ​សោយ​ស្ដាយ​ខ្លាច​បាត់បង់​ដីស្រែ​ពី​ដូនតា​របស់​ខ្លួន បើ​ទោះ​ជា​កន្លង​មក​ធ្លាប់​អាជ្ញាធរ​វៀតណាម មក​រារាំង​ពួកគេ​មិន​ឲ្យ​ធ្វើស្រែ​លើ​ដី​នោះ​ក៏ដោយ អ្នក​ភូមិ​ជាច្រើន​នៅតែ​បន្ត​ទាមទារ​ដី​របស់​ខ្លួន​មក​វិញ​ជានិច្ច។

លោក គង់ ផិន៖ «វៀតណាម​គេ​ចាប់ផ្ដើម យក​ដី​ហ្នឹង​ទុកជា​តំបន់​ស ចាប់​ពួក​ខ្ញុំ​រហូត។ ចាប់​ពួក​ខ្ញុំ​ដាក់​ម៉ូតូ​ដាក់​អី​តែម្ដង គឺ​មិន​ឲ្យ​ពួក​ខ្ញុំ​ធ្វើ​តែម្ដង។ វៀតណាម​ចាប់​ពួក​ខ្ញុំ​ប្រផាប់​ប្រភីង ជាមួយ​ពួក​ខ្ញុំ​ច្រើន​ណាស់ ចាប់​ឪ​ខ្ញុំ​សែង​ដាក់​លើ​ម៉ូតូ​យក​ទៅ​ប៉ុស្តិ៍ ដល់​ហើយ​ទៅ​សម្ភាស​សម្រុះសម្រួល​គ្នា​គេ​លែង​មក​វិញ។ សោក​ស្ដាយ​ទី​១ គឺ​ជា​ដី​របស់​ខ្មែរ​សុទ្ធសាធ មិន​មែន​ជា​ដី​របស់​ម្នាក់​ឯង​ទេ គឺ​ជា​ដី​ខ្មែរ​ប្រជាពលរដ្ឋ​ទូទៅ​តែម្ដង ព្រោះ​នេះ​ជា​ដី​ខ្មែរ ទោះ​ជាមួយ​ជំហាន​ណា ក៏​នៅ​ជា​ដី​ខ្មែរ ពិត​ជា​ចំណែក​របស់​ខ្ញុំ​ហើយ​ណាស់ ប៉ុន្តែ​វា​ជា​ដី​ខ្មែរ ខ្ញុំ​សោកស្ដាយ​ណាស់»

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​រំដួល លោក សូ ស៊ីភៀន មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​វៀតណាម មក​បោះ​បង្គោល​ដោយ​មាន​ការ​ទំនាក់​ទំនង​ជាមួយ​អាជ្ញាធរ​ខ្មែរ​ត្រឹមត្រូវ ហើយ​ដើម្បី​បញ្ជាក់​នៅ​ចំណុច​ដែល​មិន​ច្បាស់លាស់​មួយ​ចំនួន​ដែល​ពុំ​ទាន់​បាន​កំណត់​ជា​ផ្លូវការ គឺ​ពុំ​មែន​ជា​ការ​បោះ​បង្គោល​ផ្លូវ​ការ​ដែល​ប៉ះពាល់​ដល់​ការ​ដាំ​ដុះ​របស់​ជា​ពលរដ្ឋ​នោះ​ទេ។

លោក​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ដែល​អាជ្ញាធរ​វៀតណាម មក​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​របស់​អ្នកភូមិ​ដែល​បោះ​បង្គោល​នៅ​តំបន់​នោះ​នៅ​ឡើយ​ទេ៖ «តម្រុយ​បោះ​បង្គោល​ព្រំដែន តែ​តម្រុយ​មិន​ទាន់​បោះ​បង្គោល​មែន​ទែន តម្រុយ ហើយ​នៅ​ចរចា​គ្នា​ទៀត មិនទាន់​ផ្លូវការ​ទេ​អា​ហ្នឹង។ ខ្ញុំ​បាន​ប្រជុំ​ម្ដង​ហើយ ណែនាំ​គ្នា​ថា​កុំ​មាន​បញ្ហា​អី រដ្ឋាភិបាល​ទាំង​ពីរ​នឹង​មាន​ការ​ចរចា មិន​មាន​ប៉ះពាល់​បង​ប្អូន​ថែម​ទៀត»

យ៉ាង​ណា​អ្នកភូមិ​នៅ​តំបន់​នោះ​ឲ្យ​ដឹង​ថា ផ្ទៃដី​ដែល​អាជ្ញាធរ​វៀតណាម មក​បោះ​បង្គោល​កាល​ពី​ខែ​មេសា កន្លង​ទៅ មាន​ប្រមាណ ៣០​ហិកតារ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ១២​គ្រួសារ។ ពួកគាត់​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខ្មែរ​ដែល​ពាក់ព័ន្ធ ការ​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ធ្វើ​យ៉ាងណា​ត្រួតពិនិត្យ​ការងារ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ បើ​ពុំ​ដូចនេះ​ទេ ដីស្រែ​ចម្ការ​របស់​អ្នកភូមិ​នៅ​តំបន់​នោះ​អាច​បាត់បង់​ជាក់​ជា​ពុំខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

6 Responses to "អ្នកភូមិ​​នៅ​ស្វាយរៀង​ចោទ​អាជ្ញាធរ​ថា​មិន​អើពើ​​រឿង​វៀតណាម​បោះ​បង្គោល​ចូល​ដី​ខ្មែរ"

  1. Uk Kim San says:

    ខ្ញុំឈឺចិត្តណាស់បើពិត។តែតើខ្ញុំគួរជឿអត្ថបទនេះឬទេ?
    Cambodia News ផ្សាយរឿងកុហក Google Map។

  2. .. says:

    លោកកឹម សាន ទើបនឹងដឹងថា Camnews នេះកុហកគួរឲ្យសោកស្តាយណាស់!ឣញ្ចឹងហើយទើបបានជាមាន
    សន្តិសុខវាយសំពងក្បាលឣ្នកកាសែតខ្លះៗហ្នឹង។

  3. កូនខ្មែ says:

    សូមអជ្ញាធរស្រុកជួយមើលផង តាមពិតមិនមែនរដ្ឋាភិបាលវៀតណាមទេដែលធ្វើនោះ

    គឹ​អាពួកចង់បានដីក្នុងតំបន់ទេដែលវាតទី បើរដ្ឋាភិបាលខ្មែមិនអើពើវាមុខជាបានវាហើយ

    ពីព្រោះអាពួកនេះវាដឹងថា ខ្មែកំពុងខ្លាចគ្នាទៅវិញទៅមកក្នុងការការពារព្រុំដែនខាងវៀតណាមនេះ

    រឹ​ទុកទាល់តែខាងវៀតណាមរុញធ្លាក់ទន្លេមេគង្គ​​?

  4. ពូជអ្នកជា says:

    ថាបើគេនិយាយកុហករឿងបោះបង្គោលព្រុំដែន សូមអស់លោកអញ្ជើងចុះទៅមើលផង ព្រោះនេះ

    ជាទឹកដីខ្មែរយើង មិនមែនជាទឹកដីនរណាម្នាក់ទេ ។

  5. ?? says:

    VEITNAME government did not take any land from CAMBODIA at all just like your boss HUN SEN said CAMBODIA gain a lot of land from VEITNAM. good luck you guy?????? since your boss get in power for more that thirty years CAMBODIA land getting larger and big country. not even one quarter of the province in CANADA . only the frog in that small hole thinking that way, shame on you

  6. មិនមែនជារឿងកុហកទេ នេះគឺជារឿងពិតៗ បើមិនជឿទេអស់លោកចុះពិនិត្យផ្ទាល់បានជ្រាបច្បាស់ ហើយយកផែនទី១:២៥០,០០០ទៅពិនិត្យទៅនឹងដឹងហើយ។