​អ្នក​មាន​ជម្លោះ​ដីធ្លី ប៉ះទង្គិច​ជាមួយ​សន្តិសុខ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com


មើលរូបភាពបន្ថែម

សហគម​ន៍​មាន​ជម្លោះ​ដីធ្លី​ រុញច្រាន​ជាមួយ​សន្តិសុខ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ​(រូបភាពដោយជន ស្រីណុច)

​ក្រុម​ស្ត្រី​សកម្មជន​ដីធ្លី បាន​រុញច្រាន​ជាមួយ កម្លាំង​សន្តិសុខ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ជាង​១០​ព្រឹក​នេះ ខណៈ​ប្រជា​សហគមន៍​ទាំងនោះ ទៅ​ទាមទារ​ឲ្យមាន​ការដោះស្រាយ​ជម្លោះ​ដីធ្លីរ​បស់​ពួកគាត់​ឲ្យបាន​ឆាប់រហ័ស​។​

​តំណាង​ប្រជា​សហគមន៍​ដែល​តវ៉ា​នៅ​ព្រឹក​នេះ មាន​គ្នា​ប្រមាណ​៥០​នាក់​មកពី សហគមន៍ អតីត​អ្នក​បឹងកក់ សហគមន៍​បឹងកក់ និង សហគមន៍​បុរី​កីឡា​។ ពួក​គេ​ទាមទារ​ឲ្យ មន្ត្រី សាលា​រាជធានី​ភ្នំពេញ ដោះស្រាយ ជម្លោះ​ដីធ្លី​ទៅ​តាម​ការសន្យា​របស់​អាជ្ញាធរ​កាលពី​មុន​ចូលឆ្នាំ​ខ្មែរ ព្រោះ​ការ​បន្លាយ​បាន​ប៉ះពាល់ ការប្រកប​របរ​ចិញ្ចឹមជីវិត និង ការសិក្សា​កូនចៅ​របស់​ពួកគាត់​។​

​ការប៉ះទង្គិច​គ្នា​បាន​កើតឡើង នៅពេល​ដែល​ប្រជា​សហគមន៍​ឈរ​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ជាង​២​ម៉ោង តែ​មិន​មាន​មន្ត្រី​ណា​ចេញ​មក​អន្តរាគមន៍ ទើប​ពួកគាត់​នាំគ្នា​ឈរ​ស្រែក ហើយ​ត្រូវ​ក្រុម​សន្តិសុខ​ចេញ​មក​រុញច្រាន​។​

​អតីត​ពលរដ្ឋ​បឹងកក់​អ្នកស្រី ស៊ា ណា​រេ​ត មានប្រសាសន៍ថា សាលា​រាជធានី​ភ្នំពេញ​តែងតែ​កុហក​ប្រជាពលរដ្ឋ ចំពោះ​ដំណោះស្រាយ​ដីធ្លី​ទេ មិនតែប៉ុណ្ណោះ បាន​បញ្ជា​ឲ្យ​កងកម្លាំង​មក​បង្ក្រាប​ប្រជាពលរដ្ឋ​ទៅ​វិញ ។ 

​សម្រាប់​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​ដែល​ធ្លាប់​តវ៉ា​ជាប់ពន្ធនាគារ អ្នកស្រី យ៉ោម បុផ្ផា រិះគន់​រដ្ឋាភិបាល​កម្ពុ​ជា​ថា​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ទេ ហើយ​ថា​អាជ្ញាធរ​ចេះតែ​ចេះ​តែ​ប្រើ​ហិង្សា​បង្ក្រាប​ពលរដ្ឋ​ស្លូតត្រង់​ប៉ុណ្ណោះ។ 

​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការ​ដែល​ក្រុម​សន្តិសុខ​ប្រើ​ពាក្យសម្តី និង​ធ្វើ​សកម្មភាព​រុញច្រាន​បែបនេះ គឺ​ខុស​នឹង​តួនាទី​របស់​ក្រុម​នេះ ។ 

​ប្រជា​សហគមន៍​ដែល​ភាគច្រើន​ជា​ស្ត្រី ក៏​បាន​សម្តែង​ការ​ខឹងសម្បារ​ដោយ​ចោទ​ថា សន្តិសុខ​សុទ្ធតែ​ប្រុសៗ​ប្រើ​សម្តី​មិន​សមរម្យ​លើ​ពួក​គាត់ ដោយ​សន្តិសុខ​និយាយថា​«​វាយ​ជាមួយ​ស្រីៗ​ស្រួល​ហើយ ចង់ដឹង​សាក​មើលទៅ​»​។​

​ទោះយ៉ាងណា រហូតដល់​ម៉ោង ១១ ព្រឹក​នេះ មិន​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​នៅឡើយ​ទេ ខណៈ​សន្តិសុខ​មាន​គ្នា​ប្រមាន​ពី​២០​ទៅ​៣០​នាក់ នៅ​បន្ត​រុញច្រាន​ជាមួយ​ប្រជា​សហគមន៍​ដីធ្លី​ទាំងនោះ​៕

សរសេរមកកាន់​ជន ស្រី​ណុ​ច​ តាមរយៈchornsreynoch@vodhotnews.com

What Next?

Recent Articles

One Response to "​អ្នក​មាន​ជម្លោះ​ដីធ្លី ប៉ះទង្គិច​ជាមួយ​សន្តិសុខ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​​"

  1. colab says:

    Why the journalists got beaten by police???
    Is the police crazy? or the journalists are crazy?
    Normally, people do some thing with no reason. If the police men are crazy, they would go to beat every body in the public.
    I believe the journalists must do some thing not legal and stubborn.