HRW អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដក​សេចក្តីព្រាងច្បាប់​ស្តីពី​តុលាការ និង​ស្នើ​ម្ចាស់ជំនួយ ចាត់វិធានការ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com

លោក Brad Adams នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (រូបថតពី៖ tamilnet.com)

លោក Brad Adams នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (រូបថតពី៖ tamilnet.com)

​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដក​សេចក្តីព្រាងច្បាប់​ចំនួន​បី​ទាក់ទង​នឹង​ប្រព័ន្ធតុលាការ និង​ស្នើ​ឲ្យ​ម្ចាស់ជំនួយ​ចាត់វិធានការ ដើម្បី​ធានា​ថា​ប្រព័ន្ធ​តុលាការ​ពិតជា​មាន​ភាព​ឯករាជ្យ​។​

សេចក្តីព្រាងច្បាប់​ទាំងនោះ រួមមាន សេចក្តីព្រាង​ស្តីពី​រៀបចំ​អង្គការ​តុលាការ សេចក្តីព្រាងច្បាប់​ស្តីពី​រៀបចំ​និង​ប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​សេចក្តីព្រាងច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​ត្រូវបាន​បញ្ជូន​ទៅ​រដ្ឋសភា ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត​។​

​សេចក្តីថ្លែងការណ៍​របស់​HRW ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៤​ខែ​ឧសភា ឲ្យដឹងថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ដក​សេចក្តី​ព្រាង​ច្បាប់​លើ​ប្រព័ន្ធ​តុលាការ​ទាំង​បី​នោះ ដែល​ធ្វើឲ្យ​អន់ថយ​នូវ​ភាព​ឯករាជ្យ​របស់​តុលាការ ដែល​ត្រូវបាន​ការពារ​ដោយ​​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ប្រទេស​ជា​ម្ចាស់ជំនួយ គួរតែ​ទាមទារ​ឲ្យមាន​កំណែ​ទម្រង់​ពិតប្រាកដ​សម្រាប់​ភាព​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ហើយ​គួរតែ​ប្រឆាំង​ជា​សាធារណៈ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ  ដែល​នាំឲ្យ​មាន​ការបន្ត​បម្រើ​បន្ថែមទៀ​ត​នៃ​ការគ្រប់គ្រង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើ​ប្រព័ន្ធ​តុលាការ​។​

​សេចក្តីថ្លែងការណ៍​របស់​HRW ឲ្យដឹងទៀតថា ពង្រាង​ច្បាប់​ទាំងនោះ បានដាក់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ជា​អ្នកសម្រេច​ចិត្ត​​សំខាន់ៗ​ក្នុង​ការសម្រេច​នានា​ដោយ​តុលាការ និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។​
 
​នាយក​ប្រចាំ​តំបន់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​លោក ប្រេដ អាដាម (Brad Adams) មានប្រសាសន៍ថា​

«​រដ្ឋាភិបាល​កម្ពុជា បាន​សន្យា​ជា​រៀង​រាល់​ឆ្នាំទៅ​ប្រជាជន និង​ម្ចាស់ជំនួយ ថា​នឹង​ចាត់វិធានការ​បង្កើត​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ប៉ុន្តែ​បាន​បរាជ័យ​ក្នុង​ការរក្សា​សន្យា​នេះ​»​។​

​កន្លងទៅ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) បាន​អំពាវនាវ​ឲ្យ​រដ្ឋសភាផ្អាក​ការអនុម័​ត​សេចក្តីព្រាងច្បាប់​ចំនួ​ន​បី ដែល​គណៈរដ្ឋមន្ត្រី​អនុម័ត កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា​នេះ ដើម្បី​ទុក​ពេល ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ចេញយោបល់​លើ​សេចក្តីព្រាង​នេះ​ជា​មុន​សិន​។​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ជំទាស់​នឹង​គណៈរដ្ឋមន្ត្រី ដែល​អនុម័ត​សេចក្តីព្រាងច្បាប់ ទាក់ទង​ប្រព័ន្ធតុលាការ​ចំនួន​បី​។​

​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​សង្គម​ស៊ីវិល​មួយចំនួន ដែល​ទាមទារ​ការត្រួតពិនិត្យ​សេចក្តី​ព្រាងច្បាប់​របស់​រា​ជ​រដ្ឋាភិបាល ដោយ​លោក​ចាត់ទុកថា នេះ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​មិនមែន​ជា​កិច្ច​របស់ខ្លួន​។​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាន​ស្តាប់​ច្រើន​ហើយ​ពី​ប្រជាពលរដ្ឋ ហើយ​បញ្ញត្តិ​ច្បាប់ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​មិន​មាន​ការអនុញ្ញាត​ឲ្យ​គណៈរ​ដ្ឋ​មន្ត្រី ប្រគល់​សេចក្តីព្រាងច្បាប់​ទៅ​នរណា​ម្នាក់ គឺមាន​តែ​អ្នក​ព្រាង​ច្បាប់ បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី និង​ទៅ​រដ្ឋសភា ដើម្បី​អនុម័ត​។ លោក​បញ្ជាក់ថា គណៈរដ្ឋមន្ត្រី មិន​មាន​កន្លែង​ទៅ​សុំ​យោបល់​សង្គម​ស៊ីវិល ហើយ​សង្គម​ស៊ីវិល កុំអាល​ទាមទារ​សិទ្ធិ​ហួសពេល និង​សុំឲ្យ​មាន​ការអៀនខ្មាស និង​កុំ​ទាមទារ​កិច្ចការ​របស់​គេ​មក​ធ្វើ​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

One Response to "HRW អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដក​សេចក្តីព្រាងច្បាប់​ស្តីពី​តុលាការ និង​ស្នើ​ម្ចាស់ជំនួយ ចាត់វិធានការ​​"

  1. people says:

    cambodia P-M some time talk really rubbish.mr adam if you talk justic in cambodia it is ajoke.mr phi c porm said no money no justic .so far the people in ministry of health never brougth to justic only payback to department when they did stealing money from the department.in cambodia the criminal get away from jail and the victim alway in the jail ,so bad the system of justic in cambodia who ever have money alway win the case because the jugde so corruted.GOD bless all cambodian people’