អង្គការ​សិទ្ធិ​មនុស្ស​បារម្ភ​ពី​ទាហាន​ខ្លះ​ប្រើ​ហិង្សា​លើ​ជន​ស៊ីវិល​នៅ​ឧត្ដរមានជ័យ​និង​ព្រះវិហារ

ដោយ ហង្ស សាវយុត
2014-06-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

នាយ​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ទប់ស្កាត់​បទ​ល្មើស​នៅ​កម្ពុជា ប្រចាំ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្ដរមានជ័យ លោក លឹម ម៉េងឃាង ត្រូវ​កង​រាជ​អាវុធហត្ថ​ចាប់​ខ្លួន​យក​ទៅ​ដាក់​ខ្នោះ​ជើង កាល​ពី​យប់​ថ្ងៃ​ទី១៦ ខែ​មេសា ឆ្នាំ​២០១៣។ Photo Provided

នាយ​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ទប់ស្កាត់​បទ​ល្មើស​នៅ​កម្ពុជា ប្រចាំ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្ដរមានជ័យ លោក លឹម ម៉េងឃាង ត្រូវ​កង​រាជ​អាវុធហត្ថ​ចាប់​ខ្លួន​យក​ទៅ​ដាក់​ខ្នោះ​ជើង កាល​ពី​យប់​ថ្ងៃ​ទី១៦ ខែ​មេសា ឆ្នាំ​២០១៣។ Photo Provided

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ កំពុង​ព្រួយ​បារម្ភ​ចំពោះ​ទាហាន​ខ្លះ​ដែល​តែង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ជា​ជន​ស៊ីវិល។ ការ​ព្រួយ​បារម្ភ ដោយសារ​តែ​កន្លង​ទៅ ពេល​ទាហាន​បង្ក​អំពើ​ហិង្សា គឺ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​តុលាការ​ជាដើម ហាក់​មិន​សូវ​ហ៊ាន​ចេញ​មុខ​ដោះស្រាយ ឬ​ក៏​ចោទ​ប្រកាន់​អ្នក​ពាក់ព័ន្ធ​ទាំង​នោះ​ទេ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស ឱ្យ​ដឹង​ថា ក្នុង​ខែ​ឧសភា កន្លង​ទៅ និង​ដើម​ខែ​មិថុនា នេះ ទាហាន​មួយ​ចំនួន​បាន​ប្រើ​អំពើ​ហិង្សា​វាយ​តប់​លើ​រូប​កាយ​ប្រជាពលរដ្ឋ ដែល​ខុស​នឹង​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​ថា អំពើ​ហិង្សា​ទាំង​នោះ​កើត​មាន​នៅ​តំបន់​ជាប់​ព្រំដែន​ខ្មែរ​ថៃ នៃ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤ កន្លង​ទៅ ប្រជាពលរដ្ឋ​ចំនួន ២​គ្រួសារ នៅ​ភូមិ​ជ្រឹង​ខាង​កើត សង្កាត់​កូនក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​ស្វះស្វែង​រក​ជួប​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ដើម្បី​ដាក់​ពាក្យ​បណ្ដឹង បន្ទាប់​ពី​ទាហាន​១​ក្រុម​បាន​ប្រើ​អាវុធ​បាញ់​គំរាម​ពួក​គេ។

ស្ត្រី​អ្នក​ភូមិ​ជ្រឹង​ខាង​កើត ម្នាក់​ឈ្មោះ ហាត់ ឡេ។ គាត់​មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា គាត់​បាន​ខ្ចី​ម៉ាស៊ីន​រណា​ពី​អ្នក​ជិត​ខាង មក​កាត់​ដើម​តាសេក​ចំនួន ២​ដើម នៅ​ក្នុង​ដី​ចម្ការ​ក្រោយ​ផ្ទះ​របស់​គាត់។ បន្ទាប់​ពី​អារ​រលំ​បាន​១​ដើម ហើយ​អង្គុយ​ឆាប​ធ្មេញ​រណា ស្រាប់​លេច​មុខ​ទាហាន ៣​នាក់​របស់​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​អាវុធ​គ្រប់​ដៃ សម្រុក​ចូល​មក​ចាប់​យក​រណា​នោះ។ កង​ទាហាន​ដែល​គាត់​ស្គាល់​ឈ្មោះ មុត ឈ្មោះ ឡាយ និង​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ បាន​បាញ់​កាំភ្លើង​គំរាម​រូប​គាត់៖ «ទាហាន​នោះ ៣​នាក់ កាំភ្លើង ៣​ដើម ម្នាក់​១​ដើម។ ខ្ញុំ​កំពុង​តែ​អារ​ឈើ​ក្នុង​ដី​ខ្ញុំ ទាហាន​មក​ដល់​ថា សុំ​ចាប់​ម៉ាស៊ីន ជនល្មើស គេ​បាញ់​ផាំង! បាញ់​ខ្ញុំ​១​គ្រាប់ ហើយ​ឈ្មោះ ឡាយ នោះ ក៏​វាយ​យក​ម៉ាស៊ីន​ពី​ដៃ​ខ្ញុំ ឯ​មួយ​នោះ​ក៏​បាញ់​សម្លុត​១​គ្រាប់​ទៀត ២​គ្រាប់»

ក្នុង​ហេតុការណ៍​នោះ​ដែរ ស្ត្រី​អាយុ ៤៥​ឆ្នាំ​ម្នាក់​បាន​រង​របួស ដោយសារ​មុត​នឹង​ម៉ាស៊ីន នៅ​ពេល​ព្យាយាម​ទៅ​ជួយ​ដណ្ដើម​យក​ម៉ាស៊ីន​មិន​ឱ្យ​ទាហាន​ចាប់។

អ្នកស្រី អ៊ូ សាម៉ុល មាន​ប្រសាសន៍​ថា ក្នុង​ពេល​ដែល​ឈ្មោះ ហាត់ ឡេ អារ​រំលំ​ដើម​ឈើ គឺ​មាន​សម្បុក​អង្ក្រង​ច្រើន ហើយ​គាត់​ក៏​ចាក​ចេញ​ពី​ផ្ទះ​បំណង​ទៅ​គោះ​យក​អង្ក្រង​នោះ។ ក៏ប៉ុន្តែ ពេល​ទៅ​ដល់​ស្រាប់​តែ​ជួប​រឿង​ទាហាន​ទៅ​ចាប់​យក​ម៉ាស៊ីន​រណា​ពី​ឈ្មោះ ហាត់ ឡេ។ ពេល​នោះ គាត់​ក៏​ចូល​ទៅ​ប្រតាយប្រតប់​ដណ្ដើម​យក​ម៉ាស៊ីន​រណា​ពី​ដៃ​ទាហាន​វិញ បណ្ដាល​ឱ្យ​មុត​រង​របួស។ ក្នុង​ពេល​នោះ ទាហាន​ក៏​ប្រើ​កាំភ្លើង​បាញ់​សម្លុត​គាត់​ដែរ៖ «ទាហាន​គេ​សម្រុក​មក​ចាប់​ម៉ាស៊ីន​ហ្នឹង ហាត់ ឡេ ទាញ​ម៉ាស៊ីន​ពី​តា​កំពុង​តែ​ឆាប។ ទាហាន ៣​នាក់ សម្រុក​ចូល​មក​យក​ម៉ាស៊ីន បាញ់​បញ្ឆិតៗ​មនុស្ស។ ដល់​ពេល​ខ្ញុំ​មក​ជួយ​យក​ម៉ាស៊ីន​វា​ហ្នឹង បាញ់​ខ្ញុំ​១​គ្រាប់ ខ្ញុំ​កាន់​ម៉ាស៊ីន​រត់​មក​ផ្ទះ»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​ឧត្តមសេនីយ៍ ម៉ុក សុវណ្ណ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ឧត្តរមានជ័យ ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​ចោទ​ប្រកាន់​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​ទាហាន​ម្នាក់​ឈ្មោះ ជ្រក់ ក្នុង​ចំណោម​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​គំរាម​ប្រជាពលរដ្ឋ​នោះ បាន​បដិសេធ​មិន​អធិប្បាយ​អ្វី​ទាំងអស់ ដោយ​លោក​ថា​កំពុង​ជាប់​រវល់៖ «អូ! អា​រឿង​ហ្នឹង​ខ្ញុំ​អត់​ទាន់​ដឹង​ទេ ខ្ញុំ​កំពុង​ជាប់​រវល់​ត្រួត​ពិនិត្យ​គ្រាប់ ត្រួត​ពិនិត្យ​កាំភ្លើង​អី​ឱ្យ​វ៉ល់ ទាំង​មេ ទាំង​កូន ទាំងអស់​នេះ»

នៅ​ភូមិ​ថ្មដូន ឃុំ​គោកមន ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ វិញ ក្រុម​ទាហាន​បាន​ព្រួត​គ្នា​វាយ​បុរស​ម្នាក់​ឈ្មោះ អឿន កុសល បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ​រហូត​ដល់​ពេល​នេះ។ ភរិយា​របស់ លោក អឿន កុសល គឺ​អ្នកស្រី ចែម នឿន មាន​ប្រសាសន៍​ថា កាល​ពី​មុន​ម្ដាយ​ក្មេក​របស់​គាត់​ធ្លាប់​ជួល​ដី​ឱ្យ​ក្រុមហ៊ុន​ទូរស័ព្ទ ០៩៧ ដំឡើង​អង់តែន។ ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា កន្លង​ទៅ ម្ដាយ​ក្មេក​របស់​គាត់​បាន​ឈប់​ជួល​ដី​ឱ្យ​ក្រុមហ៊ុន​ទូរស័ព្ទ ០៩៧ ក៏​ប្រាប់​ឱ្យ​បុគ្គលិក​រុះរើ​ចេញ​ពី​ដី​របស់​គាត់​ឱ្យ​អស់។ បុគ្គលិក​ក្រុមហ៊ុន​ក៏​បាន​រុះរើ និង​ជញ្ជូន​សម្ភារៈ​ជាច្រើន​ចេញ​ពី​ដី​នោះ​ហើយ គឺ​នៅ​សល់​តែ​អង់តែន ៦​កំណាត់។ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ចំ​ពេល​ដែល​ម្ដាយ​ក្មេក​របស់​គាត់​មិន​នៅ​ផ្ទះ ក៏​បុគ្គលិក​ក្រុមហ៊ុន​នាំ​គ្នា​មក​យក​កំណាត់​អង់តែន។ ពេល​នោះ​ប្ដី​របស់​អ្នកស្រី​ក៏​ឃាត់​បុគ្គលិក​ក្រុមហ៊ុន​ទាំង​នោះ ឱ្យ​រង់ចាំ​ម្ដាយ​មក​វិញ​សិន ស្រាប់​តែ​បុគ្គលិក​ក្រុមហ៊ុន ០៩៧ ទាំង​នោះ បាន​ទៅ​ហៅ​ទាហាន​មក​វាយ​តប់​ប្ដី​របស់​គាត់ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ៖ «ប្ដី​ខ្ញុំ​ថា​កុំ​ប្រញាប់​អី​ពូ! ចាំ​ម៉ែ​ខ្ញុំ​មក​វិញ​សិន ទើប​យក​បាន ព្រោះ​ម៉ែ​ខ្ញុំ​ផ្ដាំ​ទុក​ដាក់​នឹង​ខ្ញុំ។ គ្នា​គេ​ជាង ១០​នាក់ គេ​វាយ​ផង គេ​ចាប់​ផង គេ​ធាក់​ផង គេ​វាយ​ដៃ​ផង។ បែក​ឈាម បែក​មាត់ បែក​ក្បាល។ រួច​ហើយ​ប្ដី​ខ្ញុំ​ក៏​រត់​ទៅ​ប៉ូលិសៗ​ថា​គេ​មិន​ហ៊ាន​និយាយ​ទេ គេ​ឱ្យ​ដោះស្រាយ​គ្នា​ទៅ។ ទៅ​ទាហាន គេ​វាយ​ប្ដី​ខ្ញុំ​ថែម គេ​ចាប់​ដាក់​ខ្នោះ»

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល កំពុង​ព្រួយ​បារម្ភ​ជុំវិញ​បញ្ហា​ទាហាន​បង្ក​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​នេះ ដោយសារ​តែ​បច្ចុប្បន្ន ករណី​នេះ​កើត​មាន​កាន់​តែ​ច្រើន​ឡើងៗ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា បញ្ហា​ទាហាន​បង្ក​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ពីព្រោះ​ផ្លូវ​ច្បាប់​បាន​ការពារ​មនុស្ស​គ្រប់ៗ​រូប​ឱ្យ​មាន​សិទ្ធិ​ស្មើ​គ្នា។ លោក ស្រី ណារ៉េន បញ្ជាក់​ទៀត​ថា ករណី​បង្ក​អំពើ​ហិង្សា​ដោយ​ទាហាន គឺ​លោក​តែង​សង្កេត​ឃើញ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​ទៀត មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ការពារ​ប្រជាពលរដ្ឋ​ទេ៖ «ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ​ហ្នឹង សមត្ថកិច្ច​អ្នក​ដោះស្រាយ តុលាការ​អី​គាត់​ដូច​មិន​សូវ​ហ៊ាន​ចោទ​ទៅ​លើ​ទាហាន​អស់​ហ្នឹង​ទេ ហើយ​រឿង​មួយ​ទៀត ពី​ម្សិលម្ង៉ៃ​នៅ​ស្រុក​ត្រពាំងប្រាសាទ តំបន់​ដី​ក្រហម គាត់​ប្រាប់​ខ្ញុំ​ថា ទាហាន​ទៅ​រក​ចាប់​ពួក​គាត់ ២​នាក់។ បញ្ហា​ដីធ្លី ទាហាន​យក​អាវុធ​ទៅ​ប្រើប្រាស់​ដែរ»

នៅ​ខេត្ត​ឧត្តរមានជ័យ ឧស្សាហ៍​មាន​ទាហាន​បង្ក​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​រឿង​ដីធ្លី និង​បញ្ហា​ផ្សេងៗ​ទៀត។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា កន្លង​ទៅ ទាហាន​១​ក្រុម​ជា​អ្នក​ការពារ​ចម្ការ​កៅស៊ូ ទំរីង រ៉ាប់បឺ (Tom Ring Rubber) ក្នុង​ស្រុក​អន្លង់វែង បាន​ចាប់​ខ្លួន​យុវជន​ម្នាក់​ឈ្មោះ ហុង វិចិត្រ អាយុ ២១​ឆ្នាំ វាយ​ធ្វើ​បាប ព្រម​ទាំង​យក​កាំភ្លើង​បាញ់​ផង នៅ​ពេល​ដែល​យុវជន​នោះ​រើ​បម្រះ ហើយ​ព្យាយាម​រត់​គេច​ចេញ​ពី​ការ​ធ្វើ​ទារុណកម្ម។

ចំណែក​នៅ​ខេត្ត​ព្រះវិហារ មាន​សេចក្តី​រាយការណ៍​ថា កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា កន្លង​ទៅ ទាហាន​ម្នាក់​ឈ្មោះ ហេង សុខសាន បាន​ស្លាប់ បន្ទាប់​ពី​រង​របួស​គ្រាំគ្រា​ជាច្រើន​ថ្ងៃ ដោយសារ​ទាហាន​ម្នាក់​នៅ​ក្នុង​វរ​លេខ​៣៧៥ ចំណុះ​ឱ្យ​កង​ពល​តូច​លេខ​៧ ចាប់​វាយ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ ក្នុង​រឿង​សង្ស័យ​ថា យុទ្ធជន​ម្នាក់​នោះ​ជា​ចោរ​លួច​គោ​របស់​គេ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "អង្គការ​សិទ្ធិ​មនុស្ស​បារម្ភ​ពី​ទាហាន​ខ្លះ​ប្រើ​ហិង្សា​លើ​ជន​ស៊ីវិល​នៅ​ឧត្ដរមានជ័យ​និង​ព្រះវិហារ"

  1. Anonymous says:

    this is the gangster leader regime