អ្នក​មាន​ជម្លោះ​ដី​ធ្លីជាមួយ​ក្រុមហ៊ុនភរិយាលោក ស៊ុយ សែម បិទ​ផ្លូវ​ជាតិ​លេខ​៥​ប្រឆាំង​ការរំលោភ​យក​ដី

ដោយ៖​ ញឹម សុខន​​
ថ្ងៃពុធ ទី11 មិថុនា 2014
http://vodhotnews.com

​អ្នក​មាន​ជម្លោះ​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ភរិយា​លោក​ស៊ុយ សែម កំពុង​ប្រឈម​នឹង​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ខណៈ​ពួកគេ​ព្យាយាម​បិទ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ផ្សារ​ថ្នល់​បត់ ឃុំ​តា​ជេស ខេត្ត​កំពង់ឆ្នាំង ប្រឆាំង​នឹង​ការរំលោភ​យក​ដី​។​

តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី លោក រាជ សី​ម៉ា ឲ្យដឹង​ពី​កន្លែង​តវ៉ា នៅ​ថ្ងៃ​ទី​១១​ ខែ​មិថុនា ​ឆ្នាំ​២០១៤​នេះ​ថា ការបិទផ្លូវ​នេះ ដោយសារ​អាជ្ញាធរ អសមត្ថភាព ក្នុង​ការទប់ស្កាត់​ក្រុមហ៊ុន​KDC របស់លោកស្រី ​ជា ខេង ភរិយា​លោក ស៊ុយ សែម ដែល​ធ្វើ​សកម្មភាព​ឈូសឆាយ​លើ​ដី​កំពុងមាន​ជម្លោះ។

​ការបិទ​ផ្លូវជាតិ​លេខ​៥​នៅ​ថ្ងៃ​ទី​១១​ ខែ​មិថុនា​ ឆ្នាំ​២០១៤ របស់​អ្នកមាន​ជម្លោះ​ដីធ្លី នៅ​ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​នេះ បាន​ផ្ទុះឡើង​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​សាលាខេត្ត មិន​ទទួលយក​ញត្តិ​សុំ​អន្តរាគមន៍ របស់​ពួកគេកាលពី​សប្តាហ៍។​

​លោក ស្ងួន ញឿន ជា​អ្នក​តវ៉ា​ម្នាក់ទៀត  ឲ្យដឹង​ដែរថា ពួកគេ​កំពុង​ប្រឈមមុខ ជាមួយសមត្ថកិច្ចដែល​ចុះ​មក​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​បិទ​ផ្លូវ​។ បុរស​រូប​នោះ​អះអាងថា ពួកគេ​៣​នាក់​កំពុង​ប្រឈម​នឹង​ការចាប់ខ្លួន​។​

អធិការនគរបាល ស្រុក​កំពង់ត្រឡាច លោក ហ៊ុល វាសនា អះអាងថា គ្មាន​អ្នក​តវ៉ា​ណា​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​អំឡុង​តវ៉ា​បិទផ្លូវ​នោះទេ​។ លោក​ថា អ្នក​តវ៉ា​សម្រេច​បើកផ្លូវ​ឲ្យធ្វើ​ចរចរ​ណ៍​វិញ​នៅ​ម៉ោង​៩​និង​៣០​នាទី ក្រោយ​ពី​អាជ្ញាធរ​សន្យា​ម្តងទៀត​ថា នឹងធ្វើ​អន្តរាគមន៍​ករណី​ជម្លោះ​នោះ​។​

​ជម្លោះ​ដីធ្លី​នៅ​ឃុំ​តា​ជេស ខេត្ត​កំពង់ឆ្នាំង រវាង​អ្នក​ភូមិ និងក្រុមហ៊ុន លោកស្រី ជា ខេង បាន​អូសបន្លាយ​ជាង​៦​ឆ្នាំ​មកហើយ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ មិន​អាច​រក​ដំណោះស្រាយ​បាន បើទោះបីជា​អាជ្ញាធរខេត្ត បាន​បង្កើត​គណៈកម្មកា​រ​ដើម្បី​ដោះស្រាយ​ក៏ដោយ​។​

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពុងឆ្នាំង លោក សំ ចាន់​គា ឲ្យដឹងថា ការបិទផ្លូវ​ជាតិ​នេះ ទំនង​ជា​អ្នក​មាន​ជម្លោះ​ដីធ្លី បាត់បង់​ជំនឿ​លើ​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​គណៈកម្មការ​ដោះស្រាយ​ជម្លោះ​នេះ​។

​ក្រុមហ៊ុន​KDC របស់លោក ស្រី​ជា ខេង ភរិយា​លោក ស៊ុយ សែម រង​ការ​ចោទថា បាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ជាង​១០០​ហិកតា ប៉ុន្តែ​ត្រូវ​ក្រុមហ៊ុន​ប្ដឹង​បក​វិញ ដែល​ធ្វើ​ឲ្យ​តំណាង​អ្នកភូមិ យ៉ាងតិច​១៣នាក់ កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ និង​ខ្លះទៀត​បាន​ជាប់​ពន្ធនាគា​រ​ជាច្រើន​ឆ្នាំ ហើយ​ខ្លះ​បាន​ស្លាប់​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​ចេញពី​ពន្ធនាគារ ដោយសារ​ជម្លោះ​អូសបន្លាយ​នេះ៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

One Response to "អ្នក​មាន​ជម្លោះ​ដី​ធ្លីជាមួយ​ក្រុមហ៊ុនភរិយាលោក ស៊ុយ សែម បិទ​ផ្លូវ​ជាតិ​លេខ​៥​ប្រឆាំង​ការរំលោភ​យក​ដី"

  1. victory says:

    លុយសល់វាល់លានមិនដឹងជាសន្យំជម្លោះជាមួយប្រជាជនស្អីទៀតទេលោកអើយ?