អូតែល​សាលា​ សល់​ពី​​​សម័យ​បារាំង​ល្បី​មាន​ខ្មោច​លង

ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹម​ស្កៃ​អាយុ​ប្រហែល ១០០ ឆ្នាំ​កំពុង​ល្បី​មាន​ខ្មោ​ច​លង​រាល់​ថ្ងៃ។ ហេង ជីរ័ន




ភ្នំពេញប៉ុស្តិ៍

​ការជឿលើ​ជំនឿ​បែប​អរូបី​ដែល​ថាមាន អារក្ស អ្នកតា បង់​បត់ ខ្មោច ព្រាយ​ ឬ​​បិសាច​នោះ​មិន​ត្រឹម​តែ​ដិត​ដាម​នៅទី​​ជន​បទ​​ដាច់ស្រយាលនោះទេ។ អ្នក​រស់​នៅ​ក្នុង​ក្រុងស​្ទឹង​សែន​នៃ​ខេត្ត​​កំពង់ធំ​ជា​បេះ​ដូង​នៃព្រះ​​រាជា​ណា​ចក្រ​កម្ពុជា​​​​ខ្លះក៏ជឿ​ថា​​ នៅ​​ទី​រួម​ខេត្ត​របស់​ពួក​គេ​មានអគារ​ដ៏​​​​​ចំណាស​់​មួយ ដែល​​មាន​​​ខ្មោច​លង​ប​ន្លាច​គ្មាន​ម​នុស្សម្នា​នៅ​ទី​នោះ​បាន​ឡើយ​​។

ស្ថិត​​នៅ​លើ​ចំណុចភូមិលេខ​​ ៧ សង្កាត់​កំពង់​ធំ ខណ្ឌ-ក្រុង​ស្ទឹង​សែន​ សំណង់​បុរាណ​ដែល​​​ល្បី​​មាន​ខ្មោច​លង​នោះ បើ​ទោះ​ជា​វ័យ​ចូល​ជិត​ ១០០ ឆ្នាំ​ក្តី ​នៅតែ​រក្សា​​រាង​រឹងមាំ​ខ្ពស់​ស្កឹមស្កៃ​នៅលើទីធ្លា​ដ៏​ធំទូលាយ​ព័ទ្ធ​ដោយ​របង និង​​រុក្ខជាតិ​ដុះ​យ៉ាង​ទ្រុ​បទ្រុល​ ដែល​មិនមាន​អ្នក​ណា​ម្នាក់​មាន​សេចក្តី​ក្លាហាន​ហ៊ាន​​ចូល​​ទៅ​នៅ​ស្នាក់​អាស្រ័យ​​​បាន​​ឡើយ។

ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹម​ស្កៃ​អាយុ​ប្រហែល ១០០ ឆ្នាំ​កំពុង​ល្បី​មាន​ខ្មោ​ច​លង​រាល់​ថ្ងៃ។ ហេង ជិវ័ន

ក្រៅ​ពីចូល​ដើរ​​ក្រឡឹងជិតៗដោយ​​ភាព​ខ្លាច​រអា​នោះ​​លោក ឌិត ប៊ុនថា មន្ត្រី​ឥណទាន​​ធ្វើ​ការ​នៅ​ស្រុក​​ស្ទឹង​សែន ដែល​ជា​កូនចៅ​អ្នក​នៅ​ក្បែរ​សំណង់​អូតែល​ខ្មោច​លងនោះ​ បាន​រៀប​រាប់​​ថា៖ «តាំង​ពី​​កើត​មក​ ឃើញ​​សំណង់​បុរាណ​មួយ​នេះ​នៅ​តែ​​ប៉ុន​ហ្នឹង ហើយ​​​ឮតែ​អ្នក​ភូមិ​ចាស់ៗ​​​តំ​ណា​ល​​ថា​​ផ្ទះ​ខ្មោច​លងៗ​គ្មាន​​អ្នក​ណា​ហ៊ាន​នៅ​។ ប៉ុន្តែក៏​មិន​ដែល​ឃើញមាន​អ្នក​ណានៅ​ម្តុំ​នេះត្រូវបាន​ខ្មោច​​បន្លាច​ដល់​​ថ្នាក់​ភ័យ​ឈឺ​ជ្រុះសក់​អីណាដែរ ក្រៅ​​ពី​មាត់​តំណាលតៗ​គ្នា​នោះ​»។

បុរស​វ័យ​ ៣០​ឆ្នាំ ​រូបនេះ ​​បញ្ជាក់ទៀត​​ថា៖ «សម្រាប់​ខ្ញុំជួនកាល​ព្រលប់​ៗ​ធ្វើ​ដំណើរ​ជិះ​ម៉ូតូជិតនោះ​ម្នាក់​ឯង តែ​ដូច​ជា​គ្មាន​អី​ផង​ធម្មតាហ្នឹង។ តែបើឲ្យ​​ចូល​ទៅ​ក្នុងនោះ​ម្នាក់​ឯង កុំ​ថាយប់​ សូម្បី​​ថ្ងៃ​ជួល​លុយ​​ទៀត​ក៏មិន​ចូល​​ផង»។

ស្រដៀងនឹង​ការលើក​​ឡើង​​របស់​លោក ឌិត ប៊ុនថា ដែរ លោក សោម វណ្ណថន អភិបាល​រងស្រុកស្ទោង លោក​​ទទួល​ស្គាល់​ថា សំណង់​បុរាណ​​ប​ន្សល់​ទុក​​ពី​​​សម័យ​​សង្គម​​ចាស់​​ដែល​​គេហៅ​ថា អូតែល​សាលាខេត្តមួយនេះល្បី​តៗ​គ្នា​​ថា​មាន​​ខ្មោចលង​ផងដែរ។

លោក​រៀបរាប់​ថា​៖ «ខ្ញុំ​ឮ​តែ​អ្នក​ភូមិ​​ ​នៅ​ជិតៗនោះ​នាំ​គ្នា​និ​យា​យពី​សំ​ណង់​​​អូតែល​សាលា​​នេះ​មាន​ខ្មោច​លង​ មិន​មាន​​អ្នកណាហ៊ាន​ទៅ​នៅ​ទេ។ ប៉ុន្តែ​ខ្ញុំ​ដឹង​​ថា ក្រោយ​ពី​ឆ្នាំ៧៩​​​មក​ សំណង់នេះ​មាន​ចៅ​ហ្វាយ​​ខេត្តនៅ​គ្រប់​ជំនាន់ សូម្បី​លោក ងួន ញ៉ិល ក៏​គាត់​ធ្លាប់​​នៅ​ទី​នេះដែរ​ ព្រោះ​ថា​​ ទី​នោះ​សាលាខេត្តទុកសម្រាប់​ឲ្យ​ចៅហ្វាយ​ខេត្តនៅ»។

ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹម​ស្កៃ​អាយុ​ប្រហែល ១០០ ឆ្នាំ​កំពុង​ល្បី​មាន​ខ្មោ​ច​លង​រាល់​ថ្ងៃ។ ហេង ជីរ័ន

យ៉ាងណា លោក​​បាន​​បដិ​សេធដោយ​​​មិន​រៀប​រាប​់​​វែង​ឆ្ងាយ​​ទេព្រោះ​ថាលោក​​មិនមែន​ជាអ្នកមាន​កំណើត​​នៅ​ទីនោះ។

ដោយឡែក​លោក ឆាយ កង ប្រធាន​មន្ទី​រ​វប្បធម៌ខេត្ត​កំពង់​ធំ​មិនបាន​​ទទួល​ស្គាល់​ថា​ សំណង់បុរាណ​សល់​ពី​ជំនាន់​បារាំងនោះ​មាន​ខ្មោច​លង​ដូច​ការអះអាង​របស់​អ្នក​ស្រុកនោះ​ទេ។ ​

យោង​តាមប្រធានមន្ទី​រវប្បធម៌​រូបនេះ​ អូតែល​សាលា​ជា​សំណង់​​សម័យ​​អាណានិគមបារាំង​អំឡុង​ឆ្នាំជាង​១៩២០ ដែល​កសាង​ឡើង​​ដំណាលគ្នានឹង​ស្ពានឆ្លង​ស្ទឹងសែន ស្ពាន​ចាស់​ និង​​សំណង់​ពី​រ​បី​​ទៀត​។​ ទោះជាយ៉ាងណា​​​សំណង់​​នេះ​ត្រូវ​បាន​គេ​បោះ​បង់ចោល ដោយ​​ល្បី​ថា​មាន​ហេតុ​អកុសល​​ខ្លះៗកើត​ឡើង។

ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹម​ស្កៃ​អាយុ​ប្រហែល ១០០ ឆ្នាំ​កំពុង​ល្បី​មាន​ខ្មោ​ច​លង​រាល់​ថ្ងៃ។ ហេង ជីរ័ន

ឆ្លើយតប​នឹង​រឿង​នេះ​លោក ឆាយ កង បាន​ប្រាប់​ថា៖ «មិនច្បាស់​ទេ។ មាន​​​​​​កូន​ចៅហ្វាយ​ខេត្តម្នាក់​​ ពេល​មក​​គ្រប់គ្រងខេត្តនេះ និង​ចូល​មក​រស់​នៅ​​សាលា​ខេត្តនេះ​មិនបាន​​ប៉ុន្មាន​ក៏​មាន​កូន​ឈឺស្លាប់ ហើយ​​រក​គ្រូ​​គន់​​​គូរ​ឃើញ​​មក​ពី​ជំនាងផ្ទះ​ខឹង​សម្បាស្អីទេ ទើប​បាន​គេ​យក​អាយុ​ជីវិត​កូន​»។

លោក​ក៏​បាន​រំឭក​​​ផង​ដែរថា កាល​ពី​បី​បួន​ឆ្នាំ​មុន​​មាន​ក្រុមហ៊ុន​មួយមក​​ដេញ​​ថ្លៃវិនិយោគ​គម្រោង​សាងសង់ និង​ធ្វើការអភិរក្សសំណង់នោះ។ ក្រោយពី​​​ធ្វើពិធីក្រុងពាលី​​រហូតពេលនេះ​​ក៏​ស្ងាត់​បាត់​ឈឹង​មិន​បាន​ចេញ​​ជារូបរាង​នៃ​ការ​អភិរក្សណាមួយឡើយ​។

លោក​បានបន្ថែមថា៖ «យ៉ាងណា សំណង់​អូតែល​សល់​​ពីសម័យ​បុរាណ​នេះ មិនត្រូវ​អនុញ្ញាតឲ្យ​វាយ​កម្ទេច​​ឡើយ ដូច​ជា ស្ពានចាស់​នោះ​ក្តី គឺ​គម្រោងសាលាខេត្តបាន​ចេញ​សារាចរ​ទុកទ្រង់​​ទ្រាយ​ដើម​ទាំងស្រុង ព្រោះ​នេះ​​គេហៅ​ថា ជា​បេតិកភណ្ឌរបស់​ខេត្ត ព្រោះ​ថា​គ្រប់​សំណង់​បុរាណទាំង​អស់​ត្រូវ​រក្សាទុក​រចនាប័ទ្មដើម»៕


What Next?

Recent Articles

One Response to "អូតែល​សាលា​ សល់​ពី​​​សម័យ​បារាំង​ល្បី​មាន​ខ្មោច​លង"

  1. អាចម៏មាន់ឡើងថ្លៃ says:

    ទោះយ៉ាងណាកុំរកលេសលក់ទៀត(អភិវឌ្ឍន៏)ដូចគេលក់សាលាឃ័ណ្ឌដូនពេញដែរ