ដោយ៖ ឡុង គឹមម៉ារីតា
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រជាពលរដ្ឋធ្វើការវាយរបងក្រុមហ៊ុនបុរីប៉េងហួត ដែលរងការចោទថា រំលោភយកដីវត្ត (រូបថតពី បណ្តាញសង្គម)
ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តកោះពោធិវង្ស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នឹងស្នើសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់ ដើម្បីដោះស្រាយករណីក្រុមហ៊ុនបុរី ប៉េងហួត សង់របងរំលោភបំពានដីវត្ត។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ព្រះសង្ឃ និងពុទ្ធបរិស័ទប្រមាណ១ពាន់អង្គ/នាក់ បានប្រមូលផ្តុំតវ៉ា នៅក្នុងវត្តកោះពោធិវង្ស ដោយមានថ្លែង តាមឧបករណ៍បំពងសំឡេងពីការទាមទារដីវត្ត ករណីរបងបុរីប៉េង ហួត បានសាងសង់បំពានលើដីវត្តទំហំ ជាង៥ពាន់ ម៉ែត្រការ៉េ និងដីសាធារណៈ ជិត៣ពាន់ម៉ែត្រការ៉េរបស់វត្ត។ ក្នុងការទាមទារនោះ មានយុវជនមួយក្រុមបានប្រើញញួរវាយកម្ទេចរបងព័ទ្ធបុរីប៉េងហួត ដែលមិនទាន់សាងសង់ហើយ។
ចៅអធិការវត្តកោះពោធិវង្ស ព្រះនាម ពឿយ មេត្តា មានសង្ឃដីកាថា ព្រះអង្គ ធ្លាប់បានដាក់បណ្តឹងស្នើអន្តរាគមន៍ ទៅកាន់អាជ្ញាធរពាក់ព័ន្ធ ម្តងមកហើយ កាលពីថ្ងៃទី២២ ខែមេសា ដោយសុំឲ្យក្រុមហ៊ុនផ្អាកការសាងសង់សិន ដើម្បីរកដំណោះស្រាយ ប៉ុន្តែក្រុមហ៊ុននៅតែបន្តការសាងសង់ ទើបឈានដល់ការតវ៉ាកាលពីម្សិលមិញនេះ។ ព្រះអង្គមានសង្ឃដីកាបន្តថា ព្រះអង្គនឹងរៀបចំឯកសារ ដើម្បីស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជួយដោះស្រាយនៅពេលឆាប់ៗនេះ។
អភិបាលខណ្ឌសែនសុខ លោក លី សាវេត ឲ្យដឹងថា លោកមានការសោកស្តាយចំពោះការវាយកម្ទេចរបងអគារបុរីប៉េងហួតនេះ។ ករណីនេះ លោកគ្រាន់តែអះអាងថា ជាទំនាស់កើតឡើងរវាង ឈ្មោះ ឈៀង ប៉ាត់សួរ ដែលជាឈ្នួលលក់ដីទៅឲ្យក្រុមហ៊ុន បុរី ប៉េងហួត ជាមួយនឹងព្រះសង្ឃតែប៉ុណ្ណោះ។
VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីតំណាងក្រុមហ៊ុន បុរី ប៉េងហួត និងឈ្មោះ ឈៀង ប៉ាត់សួរ បាននៅឡើយទេ។
ការតវ៉ារបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធនៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលឈានដល់មានការវាយកម្ទេចរបងអគារបុរីប៉េងហួតនោះ គឺមិនមានហិង្សាណាមួយកើតឡើងទេ ហើយក៏មិនឃើញមានសមត្ថកិច្ចទៅឃ្លាំមើលដែរ។ តាមការឲ្យដឹងពីភាគីពាក់ព័ន្ធ ជម្លោះដីនេះ កើតឡើងតាំងពីឆ្នាំ២០១២មកម្ល៉េះ តែផ្ទុះការតវ៉ាខ្លាំង នៅពេលដែលក្រុមហ៊ុនបុរីប៉េងហួត មានៈសាងសង់របងនៅលើដីមានទំនាស់ បើទោះមានការស្នើផ្អាកសាងសង់ រងចាំដំណោះស្រាយក៏ដោយ៕
សូមសរសេរមកកញ្ញា ឡុង គឹមម៉ារីតា តាមរយៈ longkimmarita@gmail.com
ហេតុអ្វីមិនមែនឃើញអ្នកច្បាប់ដ៉ពូកែរួមមានបណ្ឌិត កុសល ,ផលភិរុណ ផៃសីុផន តាវុន តាលាបជាដើមចេញមកបកស្រាយផងពីព្រោះខ្លាចក្រែងអ្នកកានសាសនាបន្លំ៕