​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ស្នើ​ឲ្យ​ពិនិត្យ​ករណី​ពុករលួយ​នៅ​សាលាបឋមសិក្សា​ក្ងាន​ខេត្ត​ពោធិ៍សាត់

ដោយ៖​ ​ប្រែ​ង សត្យា​ភិរក្ស​
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ហៅ​កាត់​ថា ​(CITA) នៅ​ថ្ងៃ​ចន្ទ​នេះ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ពិនិត្យ និង​ចាត់វិធានការ​ករណី​ពុករលួយ​នៅ​សាលាបឋមសិក្សា​ក្ងាន ក្នុង​ខេត្ត​ពោធិ៍សាត់​។​

​លិខិត​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ឲ្យដឹងថា សមាគម​បាន​ទទួល​ពាក្យបណ្ដឹង​ពី​លោកគ្រូ ហង្ស ចក្រី បង្រៀន​នៅ​សាលាបឋមសិក្សា​ក្ងានដែល​ស្ថិត​នៅក្នុង​ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ ដោយ​ប្ដឹង​នាយក​សាលា​បឋមសិក្សា​ក្ងាន ​លោក នូ គឹម​ញ៉ ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ និង​ប្រធានកម្រង​សាលា​កែវ វិជ័យ លោក ហួន សារឿ​ន ពី​បទ​ឃុបឃិត​។ លិខិតបញ្ជាក់​ថា ក្នុង​បណ្ដឹង​បាន​បង្ហាញ​ពី​ទង្វើ​របស់​លោក នូ គឹម​ញ៉ អំពី​ការកេងបន្លំ​ប្រាក់​បង្រៀន​ពីរ​ពេល​។

​លិខិត​ឲ្យដឹង​ទៀតថា លើសពីនេះ​ទៀត លោក នូ គឹម​ញ៉ បាន​បំប៉ោង​អគារ​៣​ខ្នង មាន​១៥​បន្ទប់ និង​១១​ថ្នាក់ ហើយ​បំប៉ោង​ចំនួន​សិស្ស​រហូតដល់​៤៥០​នាក់ ខណៈ​ចំនួន​ពិតប្រាកដ​នៅ​សាលាបឋមសិក្សា​ក្ងាន​មាន​តែ​ពីរ​ខ្នង ស្នើ​នឹង​១០​បន្ទប់ និង​១០​ថ្នាក់ ហើយ​មាន​ចំនួន​សិស្ស​ត្រឹមតែ​៣៤៦​នាក់​ប៉ុណ្ណោះ​។ ដូចនេះ ចំនួន​សិស្ស​១០៤​នាក់​ជា​ចំនួន​ដែល​បាន​បំប៉ោង​ដែល​លោកនាយក​រូបនោះ​បាន​យកលុយ​PB និង​ថវិកា​គម្រោង​របស់​ប្រទេស​ស៊ុយអែត​ ដែល​មាន​ការ ចូលរួម​ផ្សំ​គំនិត​ពី​ប្រធាន​កម្រង​សាលា​ថែម​ទៀត​។​

VOD ​មិនទាន់​អាច​សុំ​ការបកស្រាយ​ពី​ប្រធាន​មន្ទីរអប់រំ​ខេត្ត​ពោធិ៍សាត់ លោក សួង សុ​ភី បាន​នៅឡើយ​ទេ ដោយ​លោក​បាន​លើក​ទូរស័ព្ទ និង​ឆ្លើយ​ថា​កំពុង​ជាប់រវល់​ប្រជុំ​។ ​ចំណែកលោក ហង់ ជួន ណារ៉ុន VOD មិនទាន់​អាច​សុំ​ការបកស្រាយ​ភ្លាមៗ​៕

សូមសរសេរមកលោក ​ប្រែ​ង សត្យា​ភិរក្ស តាមរយៈ Phireak1988.kth@gmail.com

What Next?

Recent Articles

One Response to "​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ស្នើ​ឲ្យ​ពិនិត្យ​ករណី​ពុករលួយ​នៅ​សាលាបឋមសិក្សា​ក្ងាន​ខេត្ត​ពោធិ៍សាត់"

  1. ភ្នំស្រុក says:

    សូមពិនិត្យផង នៅស្រុកក្រឡាញ់ខេត្តសៀមរាប គឺ​ ពុករលួយជារួម!