ពលរដ្ឋ​បី​ភូមិ លើកគ្នា​ទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ខណៈ​តុលាការ​កោះហៅ​ពលរដ្ឋ​ទៅ​បំភ្លឺ​​

ដោយ៖​ ឡុង គឹមម៉ារីតា​
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com

​ប្រជាពលរដ្ឋ​ជាង​៨០​គ្រួសារ មកពី​ភូមិ​ចំនួន​បី​ក្នុង​ស្រុក​កំពង់ត្រឡាច លើកគ្នា​ទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​អង្គារនេះ ខណៈ​តុលាការ​កោះហៅ​អ្នកភូមិ​ឡ​ពាង​ចំនួន​១៥​នាក់ ដែល​ជា​សាក្សី​ឲ្យ​ជនជាប់ចោទ​ជា​តំណាង​អ្នកភូមិ​៣​នាក់ ដើម្បី​ចូល​ទៅ​បំ​ភឺ្ល​។​

​លោក ស្ងួន ញឿន តំណាង​អ្នក​ភូមិ​ឡ​ពាង និង​ជា​អ្នក​រង​ការចោទប្រកាន់​ពី​ក្រុមហ៊ុន KDC​ ដែរនោះ ប្រាប់​ VOD​ នៅ​ព្រឹក​ថ្ងៃ​អង្គារនេះថា តាំងពី​ថ្ងៃ​ម្សិលមិញ រហូតមកដល់​ថ្ងៃ​អង្គារ​នេះ សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​កោះហៅ​ពលរដ្ឋ​ចំនួន១៥​នាក់ ដើម្បី​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​។ លោក​ថា ពួកគេ​ទាំងនោះ ទៅ​បំភ្លឺ​ក្នុងនាម​សាក្សី​ឲ្យ​តំណាង​ពលរដ្ឋ​បីនាក់ ដែល​តុលាការ​ចោទប្រកាន់ពីបទបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃដោយ​ចេតនា​។​

​លោក ស្ងួន ញឿន បន្តថា ខណៈ​ដែល​ប្រជាពលរដ្ឋ​ទាំង​១៥​នាក់ ទៅ​បំភ្លឺ​នោះ ប្រជាពលរដ្ឋ​ផ្សេង​ទៀត មកពី​ភូមិ​ចំនួន​បី រួម​មាន​ភូមិ​សំរោង បឹងកក់ និង​ឡ​ពាង ក្នុង​ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ក៏​បាន​នាំគ្នា​ទៅ​ប្រមូលផ្តុំ​នៅ​មុខ​សាលាដំបូង​ខេត្ត​ផងដែរ ដើម្បី​ចូលរួម​តាមដាន​វិធានការ​របស់​តុលាការ ដោយ​បារម្ភ​ខ្លាច​មាន​ការចាប់ខ្លួន​អ្នក​ទាំងនោះ​។​

តំណាង​អ្នក​ភូមិ​ឡ​ពាង​ទាំង​បី​នាក់ ដែល​រង​ការចោទប្រកាន់​ពីបទបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា ក្នុងនោះ​មាន លោក រាជ សីមា លោក ហូល សន់ និង​លោក ស្ងួន ញឿន​។ ពួកគាត់​ត្រូវបាន​តុលាការ​ខេត្ត​កំពង់ឆ្នាំង ចោទប្រកាន់​តាំងពី​ឆ្នាំ​២០១៣​មក ក្រោម​បណ្តឹង​របស់​ក្រុមហ៊ុន​ខេ​ឌី​ស៊ី (KDC) ប៉ុន្តែ​ពួកគាត់​បាន​បដិសេធថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​នូវ​បទល្មើស​នោះ​ទេ​។

​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ប៉ែន រដ្ឋា មានប្រសាសន៍ថា ពិតជា​មាន​ការកោះហៅ​អ្នកភូមិ​ឡ​ពាង​ចំនួន១៥​នាក់ ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​មែន​។ លោក​យល់ថា ការចោទប្រកាន់​តំណាង​អ្នកភូមិ​ឡ​ពាង​ទាំង​៣​នាក់​នោះ គឺជា​រឿង​មិន​ត្រឹមត្រូវ ព្រោះ​ពួកគាត់​គ្រាន់​តែ​ការពារ​ដីធ្លី​របស់​ខ្លួន ដែល​ត្រូវបាន​ក្រុមហ៊ុន​ខេ​ឌី​ស៊ី រំលោភបំពាន​តែប៉ុណ្ណោះ​។​

​ក្រុមហ៊ុន​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ឈ្មោះ KDC របស់​លោកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រង​ការ​ចោទថា បាន​រំលោភ​យក​ដី​ពលរដ្ឋ​១៤៥​ហិកតា​នៅ ភូមិ​ឡ​ពាង ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង តាំងពី​ឆ្នាំ​២០០៧​។ ពលរដ្ឋ​អះអាងថា ជម្លោះ​ដី​នោះ ធ្វើឲ្យប៉ះពាល់ដល់​អ្នកភូមិ​ជាង​១០០​គ្រួសារ​នៅ​តំបន់​នោះ​៕

​សូម​សរសេរ​មកកាន់​កញ្ញា ឡុង គីម​ម៉ា​រីតា តាមរយៈ longkimmarita@gmail.com​

What Next?

Recent Articles

One Response to "ពលរដ្ឋ​បី​ភូមិ លើកគ្នា​ទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ខណៈ​តុលាការ​កោះហៅ​ពលរដ្ឋ​ទៅ​បំភ្លឺ​​"

  1. How come you don’t put this article in full? Where is the other half? It’s bad!