ស្រុកអារញ្ញប្រាថេត,ប្រទេសថៃ-នៅពេលរថយន្តនគរបាលដែលដឹកកម្មករចំណាកស្រុកបានឈប់នៅប៉ុស្តិ៍នគរបាល ស៊ុន ម៉ានី បានលោតចេញពីកន្លែងអង្គុយរបស់ខ្លួន ដោយមានអារម្មណ៍ធូរស្រាលថា ភាពលំបាកលំបិនរបស់ខ្លួនជិតបញ្ចប់ហើយ។ មិនដល់មួយម៉ោងផង គាត់និងអ្នកផ្សេងប្រហែល៥០នាក់បាននាំគ្នាឡើងជិះរថយន្តឆ្លងកាត់ព្រំដែនមកប្រទេសកម្ពុជាវិញ ហើយទីបញ្ចប់គាត់បានទៅដល់ផ្ទះរបស់ខ្លួន។
ស៊ុន ម៉ានី បាននិយាយដោយពន្យល់អំពីស្ថានភាពនៃក្រុមកម្មករចំណាកស្រុករបស់គាត់ ដែលបានមកដល់យឺតពេលពេកសម្រាប់ការធ្វើឯកសារ ហើយបានដេកនៅលើទីធ្លាបេតុងនៃប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ក្នុងខេត្តស្រះកែវថា ” យើងដេកនៅលើទីធ្លាបេតុងកាលពីយប់មិញ”។
អ្នកនេសាទអាយុ៣៦ឆ្នាំរូបនេះបាននិយាយថា “ពួកគេមិនបានចាប់ខ្លួនពួកយើងនោះទេ ប៉ុន្តែនៅកន្លែងនោះយើងបានឮការចាប់ខ្លួនពីសំណាក់យោធាថៃ ហើយយើងបានស្ម័គ្រចិត្តត្រឡប់មកវិញ”។
នៅពេលកម្មករចំណាកស្រុកជាង១០០.០០០នាក់បានត្រឡប់មកប្រទេសកម្ពុជាវិញក្នុងសប្ដាហ៍នេះ ដើម្បីគេចពីការបង្ក្រាបដ៏គួរឲ្យភ័យខ្លាចពីសំណាក់រដ្ឋាភិបាលយោធាថៃ ដែលបានធ្វើរដ្ឋប្រហារកាលពីចុងខែមុន នគរបាលអន្តោប្រវេសន៍ថៃបានក្លាយទៅជានគរបាលដែលមានភាពស្ទាត់ជំនាញខាងធ្វើឯកសារ និងដឹកជញ្ជូនកម្មករ។
ស៊ុន ម៉ានី ត្រូវបានគេបញ្ជូនឡើងលើរថយន្តនគរបាលមួយគ្រឿងយ៉ាងឆាប់រហ័សសម្រាប់ការធ្វើដំណើរចម្ងាយ១០គីឡូម៉ែត្រចុងក្រោយទៅកាន់ព្រំដែន ហើយនៅពេលរថយន្តដឹកកម្មករមួយគ្រឿងផ្សេងទៀតដែលចេញដំណើរពីហួហ៊ីនបានមកដល់ កម្មករបាននាំគ្នាស្រែកថ្ងូរ និងពត់ដៃពត់ជើងបន្ទាប់ពីពួកគេចុះពីរថយន្តក្រោយពេលធ្វើដំណើរអស់រយៈពេល៧ម៉ោង ដោយគ្មានឈប់នៅកន្លែងណាមួយសោះនោះ។
រដ្ឋាភិបាលយោធាថៃបានបដិសេធថា គ្មានគោលនយោបាយណាមួយដើម្បីបង្ក្រាបកម្មករចំណាកស្រុកខុសច្បាប់នោះទេ ដោយបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួនកាលពីសប្ដាហ៍មុនថា ការអះអាងថា មានការចាប់ខ្លួនឬមានការប្រើអំពើហិង្សាលើកម្មករចំណាកស្រុកនោះ គឺជាការអះអាងគ្មានមូលដ្ឋាន។
រីឯក្រុមប្រឹក្សាជាតិរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់ថៃ ដែលរដ្ឋាភិបាលយោធាថៃជាអ្នកដាក់ឈ្មោះឲ្យវិញបានលើកឡើងថា ខ្លួនគ្រាន់តែចាប់ផ្ដើមកម្មវិធី “រៀបចំកម្មករចំណាកស្រុកឲ្យបានច្បាស់លាស់ត្រឹមត្រូវតែប៉ុណ្ណោះ ដោយចេញបទបញ្ជាឲ្យនិយោជកនីមួយៗធ្វើបញ្ជីកម្មករចំណាកស្រុករបស់ខ្លួន ហើយដាក់បញ្ជីទាំងេនះទៅកាន់អាជ្ញាធរថៃ។
ប៉ុន្តែទោះបីជាមានការធានាពីក្រុមប្រឹក្សាជាតិរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់ថៃដូចនេះក្ដី ការអនុវត្តបទបញ្ជាជាក់ស្ដែងគឺមានជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួន និងការជំរិតទារប្រាក់ នេះបើយោងតាមការឲ្យដឹងពីកម្មករកម្ពុជាដែលស្ថិតនៅក្នុងប៉ុស្តិ៍នគរបាលខេត្តស្រះកែវ។
រឹម ឃីម អាយុ២៥ឆ្នាំបាននិយាយថា គាត់និងអ្នកនេសាទចំនួន៣៤នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់ចូលមួយ ដែលធ្វើឡើងដោយទាហានថៃ។ លោក ឃីម បាននិយាយថា ” ប្រសិនបើយើងនៅលើទូក វាមិនអីទេ។ ប៉ុន្តែយើងបានឡើងលើច្រាំង ហើយពួកគេបានចាប់ខ្លួនយើង”។ លោកបានបន្តថា គ្មានការប្រើអំពើហិង្សានោះទេ ប៉ុន្តែទាហានថៃបានទារប្រាក់ចំនួន៣.០០០បាត (ប្រហែល៩២ដុល្លារ) ក្នុងម្នាក់ៗដើម្បីជាថ្នូរនឹងការដោះលែង។ គាត់បាននិយាយទៀតថា ” ពួកគេបានឲ្យថៅកែរបស់យើងបង់ប្រាក់ជំនួសកម្មករ ហើយបន្ទាប់មកទៀតពួកគេបានយកប្រាក់ទាំងនោះ”។
ណុំ បូរ៉ា អាយុ២៧ឆ្នាំ ដែលជាអ្នកនេសាទម្នាក់ផ្សេងទៀតបានពន្យល់ថា “ពួកគេបានយកលុយទាំងនេះនៅពេលពួកគេកំពុងធ្វើឯកសារឲ្យពួកយើង”។
កម្មករណាដែលគ្មានប្រាក់គ្រប់គ្រាន់ត្រូវបានទាហានថៃបង្ខំឲ្យគ្រួសាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផ្ញើប្រាក់មក។ លោក បូរ៉ា បាននិយាយថា គ្រួសារគាត់បានផ្ញើប្រាក់ចំនួន៤.៥០០បាត (ប្រហែល១៣៩ដុល្លារ) មកឲ្យគាត់ដើម្បីបង់ឲ្យទាហានថៃ។
នៅ សាវ៉ន អ្នករត់តុអាយុ៣៨ឆ្នាំដែលត្រូវបានចាប់ខ្លួនជាមួយមនុស្សចំនួនប្រាំនាក់ផ្សេងទៀតអំឡុងការឆ្មក់ចូលក្នុងភោជនីយដ្ឋាន ដែលនាងធ្វើការបាននិយាយថា ”ពួកគេចាប់ខ្លួនគ្រាន់តែចង់បានប្រាក់ប៉ុណ្ណោះ” ។ នៅ សាវ៉ន ត្រូវបានបង្ខំឲ្យបង់ប្រាក់៤.០០០បាត (ប្រហែល១២៣ដុល្លារ)។ នៅ សាវ៉ន បាននិយាយថា ” នៅពេលយើងកំពុងធ្វើការ យើងទុកលុយរបស់យើងជាមួយថៅកែ ប៉ុន្តែនៅពេលពួកគេចាប់ខ្លួនយើង ទាហានបានយកប្រាក់នោះទាំងអស់”។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញថា កម្មករកម្ពុជាចន្លោះពី៣០០.០០០ទៅ៤០០.០០០នាក់កំពុងធ្វើការនៅក្នុងប្រទេសថៃ។
លោកបានលើកឡើងថា រដ្ឋាភិបាលយោធាថៃត្រូវតែទទួលខុសត្រូវចំពោះការបញ្ជូនកម្មករយ៉ាងច្រើនពីប្រទេសថៃមកប្រទេសកម្ពុជាវិញក្នុងសប្ដាហ៍នេះ ក្នុងនោះគេបានឃើញកម្មករចំណាកស្រុកយ៉ាងតិច១៥០.០០០នាក់បានឆ្លងកាត់ព្រំដែន ដោយសារតែខ្លាចមានការចាប់ខ្លួន។ កម្មករចំណាកស្រុកកម្ពុជាយ៉ាងតិចចំនួនប្រាំបីនាក់បានស្លាប់ និង១៩នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយចំនួនពេលភៀសខ្លួន។
លោកបានមានប្រសាសន៍ថា ” ខ្ញុំគិតថា មេដឹកនាំរដ្ឋាភិបាលយោធាថៃត្រូវតែទទួលខុសត្រូវចំពោះបញ្ហាទាំងអស់ដែលបានកើតឡើង រួមទាំងការបាត់បង់ជីវិតផងដែរ។ ទោះបីជាការពិតពួកគាត់ជាកម្មករខុសច្បាប់ក្ដី ប៉ុន្តែបើប្រៀបធៀបពីភាពខុសច្បាប់ជាមួយនឹងអាយុជីវិតរបស់មនុស្ស វាមិនអាចប្រៀបធៀបគ្នាបានទេ។ អាយុជីវិតមនុស្សគឺវាមានតម្លៃខ្លាំងណាស់”។
លោក ស ខេង បានមានប្រសាសន៍បន្ថែមថា “នៅពេលអនាគត ប្រសិនបើពលរដ្ឋរបស់យើងចង់ទៅធ្វើការនៅក្រៅប្រទេស ខ្ញុំសូមអំពាវនាវដល់ពួកគាត់ថា សូមកុំទៅដោយខុសច្បាប់”។ លោកបានបន្តទៀតថា “ក្រសួងមហាផ្ទៃត្រូវតែទទួលយកការរអ៊ូរទាំពីកម្មករចំណាកស្រុកដែលថា ការធ្វើលិខិតឆ្លងដែននៅកម្ពុជាមានតម្លៃខ្ពស់ ហើយលំបាកនឹងទទួលបាននោះ។
នៅពេលកម្មករប្រហែល៦០នាក់បានចុះពីលើរថយន្តដែលធ្វើដំណើរមកពីហួហ៊ីនកាលពីម្សិលមិញ នគរបាលថៃបានឲ្យពួកគេតម្រង់ជួរភ្លាមៗ ហើយបានផ្ញើឯកសារលម្អិតសម្រាប់ពួកគេ។នគរបាលថៃបានរាប់ឃើញថា មានកម្មករចំណាកស្រុកកម្ពុជាចំនួន៧៤.២៤១នាក់បានត្រឡប់មកវិញបើគិតមកត្រឹមថ្ងៃច័ន្ទ ហើយតួលេខនេះមានចំនួនទាបជាងតួលេខរបស់អាជ្ញាធរក្រុងប៉ោយប៉ែតឆ្ងាយណាស់ ដែលរាប់ឃើញថា មានកម្មករកម្ពុជាចំនួន១៥១.១៨០នាក់បានត្រឡប់មកវិញនោះ។
នៅពេលនគរបាលបានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មាន ពួកគេបានអនុញ្ញាតឲ្យធ្វើបទសម្ភាសជាមួយកម្មករចំណាកស្រុកដែលត្រឡប់មកប្រទេសកម្ពុជាវិញ។ នៅពេលអង្គុយយ៉ាងស្ងៀមស្ងាត់ក្នុងជួរចំនួនបី កម្មករចំណាកស្រុកបាននិយាយខ្សឹបៗ ខណៈនគរបាលថៃកំពុងដើរចែកទឹកសុទ្ធ។
ជា ជៀង អ្នករត់តុម្នាក់ដែលធ្វើការនៅហួហ៊ីន ហើយដែលស្ម័គ្រចិត្តប្រគល់ខ្លួនឲ្យអាជ្ញាធរមូលដ្ឋានបាននិយាយថា ” នៅក្នុងស្ថានភាពច្របូកច្របល់ផ្នែកនយោបាយ យោធាបានមកចាប់ខ្លួនមនុស្ស។ ពួកគេបានមកចុះបង្ក្រាបនៅក្នុងភោជនីយដ្ឋានមួយផ្សេងទៀត ហើយយើងបានឮថា ប្រសិនបើយើងរត់ ពួកគេនឹងបាញ់យើង។ ហេតុដូច្នេះហើយយើងខ្លាចណាស់។ ខ្ញុំគ្មានអ្វីនោះទេ ដូចជាឯកសារ ឬលិខិតឆ្លងដែនជាដើម ហេតុដូច្នេះខ្ញុំខ្លាចណាស់។ ពួកគេបានព្រមានខ្ញុំ ទោះបីជាខ្ញុំនិយាយថៃក៏ដោយ ខ្ញុំនឹងនៅតែត្រូវចាប់ខ្លួន។ យើងគ្មានជម្រើសនោះទេ ហេតុដូច្នេះយើងបានប្រគល់ខ្លួនឲ្យយោធា”។
អំឡុងពេលនៅប៉ុស្តិ៍នគរបាលហួហ៊ីន នាងបាននិយាយថា នាងហើយនិងអ្នកផ្សេងទៀតបានរង់ចាំរហូតដល់ម៉ោង២រំលងអធ្រាត្រនៅពេលត្រូវបានបញ្ជូនឡើងលើរថយន្តដឹកកម្មករ ជាទីដែលពួកនាងនឹងត្រូវជាប់នៅទីនោះរហូតដល់ម៉ោង៩ព្រឹក។
នាងនិយាយដោយមានកាយវិការញាក់ស្មាថា “គេមិនបានឲ្យយើងឈប់នៅកន្លែងណាមួយឡើយ។ ប្រសិនបើយើងត្រូវទៅបង្គន់ក៏ដោយ ក៏ពួកគេមិនឈប់ឲ្យពួកយើងដែរ។ ហេតុដូច្នេះ យើងមានតែទ្រាំរហូតដល់ពួកយើងមកដល់ទីនេះ”។
មិនដល់១ម៉ោងផង ក្រុមកម្មករដែលត្រូវបានដឹកពីហួហ៊ីនមក ត្រូវបានបញ្ជូនឡើងរថយន្តនគរបាលផ្សេងទៀតដែលដឹកពួកគេទៅព្រំដែន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នគរបាលថៃទំនងជាបានដឹងយ៉ាងច្បាស់អំពីអ្វីដែលកម្មករចំណាកស្រុកទាំងនេះបាននិយាយ។ មុនពេលអនុញ្ញាតឲ្យរថយន្តដឹកកម្មករមួយគ្រឿងធ្វើដំណើរចាកចេញ មន្ត្រីថៃដែលគេមិនបានឃើញមួយរូបត្រូវបានគេឮស្រែកឡើងថា “កុំនិយាយអំពីការដេញចាប់ និងការបាញ់ប្រហារដោយយោធាថៃឲ្យសោះ”៕គឹមហឿន
(រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី)
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
ហាស……ហាស…… ហាស….. ហាស….. ah ka-chass kvac vea chheu
very very happy nas
ប៉ុន្តែ
kom ton ngoab tov na ខ្មែរ ត្រូវការ ធ្វើទារុណកម្ម ah chker kvac eng, ទាញសក់ heng យកការបិ ត់chak ភ្នែក heng កាត់ត្រចៀក heng ទាញធ្មេញ heng កាត់ kdor heng វាយ ក្បាល ដោយដំបង កាត់ អណ្តាត heng ឱ្យ heng chrass លាមក ផឹកទឹកនោម កាត់ ក្បាល ដុត teng ross
ពួកក្រុមឆ្កួតនឹងយោធាថៃ ជាក្រុមហ្វាសីុស ជ្រុលនិយម ប្រព្រឹត្តអំពើចោរ ជំរិតពីពលករក្រីក្រ។ ក្រុមពួកវាសមនឹងកាត់ទោសពីបទឧក្រិដ្ឋ។ វាពូកែធ្វើពើមិនដឹង នូវទង្វើលាមក បាតផ្សាររបស់ពួកវាខ្លាំងណាស់។ ពួកកាន់អំណាចប្រព្រឹត្តទង្វើបីសាចគួរ ថ្កោលទោស នឹងប្រទេចផ្តាសា !!
ការងារដែលរាជរដ្ឋាភិបាលគួរតែធ្វើ៖
១.កសាងប្រព័ន្ធធារាសាស្ត្រអោយបានគ្រប់គ្រាន់ធានាដល់ការធ្វើកសិកម្ម
២.ធ្វើផែនការកសិកម្មអោយបានល្អ តើនៅក្នុងប្រទេសកម្ពុជា ដីណា ត្រូវនឹងដំណាំអ្វីខ្លះ?
៣.ទាក់ទងឈ្មួញក្រៅប្រទេសដើម្បីចុះកុងត្រាទិញកសិផលដែលរាស្ត្រខ្មែរផលិតបាន ដោយផ្តល់តម្លៃសមស្របដល់ប្រជាពលរដ្ឋ។
៤.ជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់ប្រជាពលរដ្ឋ
៥.ធានាដល់សុវត្តិភាពនៃការកាន់កាប់ដីរបស់ប្រជាពលរដ្ឋ
៦.លើកកំពស់សេវាសាធារណៈ