ដោយ៖ ញឹម សុខន
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com
សហភាពអឺរ៉ុបបញ្ជាក់ជំហរម្តងទៀត កាលពីថ្ងៃពុធម្សិលមិញថា ខ្លួននៅតែជំរុញឲ្យគ្រប់ដៃគូពាក់ព័ន្ធ បន្តលើកកម្ពស់សិទ្ធិស្ត្រីដោយចាត់ទុកថា ជាយុទ្ធសាស្ត្រគន្លឹះសម្រាប់វឌ្ឍនភាពផ្នែកសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរុប ចុះថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៤ ឲ្យដឹងថា សហភាពអឺរ៉ុបបានព្រមព្រៀងគ្នាក្នុងការធ្វើការប៉ាន់ប្រមាណលើការត្រួតពិនិត្យឡើងវិញ លើកម្មវិធីប្រចាំប្រទេសរបស់ខ្លួននាពេលអនាគត ដើម្បីកំណត់ឲ្យបានកាន់តែល្អប្រសើរ នូវតម្រូវការជាយុទ្ធសាស្ត្ររបស់ស្ត្រីកម្ពុជា និងកាត់បន្ថយគម្លាតយេនឌ័រ។
សេចក្តីប្រកាសព័ត៌មាន ឲ្យដឹងទៀតថា សហភាពអឺរុបសូមបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់ខ្លួន ចំពោះសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងជាយុទ្ធសាស្ត្រគន្លឹះសម្រាប់វឌ្ឍនភាពផ្នែកសេដ្ឋកិច្ច-សង្គមកិច្ចរបស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែល បានដកស្រង់សម្តី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា Jean-François Cautain មកចុះផ្សាយថា “សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី គឺជាស្នូលនៃការខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប នៅក្នុងគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា ហើយវាគឺជាគុណតម្លៃសំខាន់បំផុតរបស់សហភាពអឺរ៉ុប និងជាផ្នែកមួយនៃកេរមរតកជាប្រវត្តិសាស្ត្ររបស់អឺរ៉ុប"។
លោក Jean-François Cautain ឲ្យដឹងទៀតថា ៩០ភាគរយនៃកម្មវិធីដែលត្រូវបានអនុវត្តនាពេលបច្ចុប្បន្នដោយដៃគូរបស់សហភាពអឺរ៉ុបនៅប្រទេសកម្ពុជា ត្រូវបានពិនិត្យ និងធ្វើឲ្យប្រាកដថា គម្រោងទាំងនោះនឹងផ្តល់ផលប្រយោជន៍ដល់ស្ត្រី។
មន្ត្រីជាន់ខ្ពស់រូបនោះឲ្យដឹងទៀតថា សហភាពអឺរ៉ុប នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត នៅកម្រិតមូលដ្ឋាន និងអន្តរជាតិ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
យ៉ាងនេះក្តី សហភាពអឺរ៉ុបយល់ថា សម្រាប់អាទិភាពទាំងពីរនេះ ត្រូវពិនិត្យតាមដានយ៉ាងទៀងទាត់នៅកម្ពុជា ក្រោមក្របខ័ណ្ឌនៃផែនការសកម្មភាពស្តីពីសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅក្នុងការអភិវឌ្ឍឆ្នាំ២០១០-២០១៥ របស់សហភាពអឺរ៉ុប ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអឺរ៉ុបនៅខែមិថុនាឆ្នាំ២០១០៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Wrong context hay sir , disaster since 2013 ??