តើ​សេដ្ឋកិច្ច​ថៃ​ឬ​កម្ពុជា​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ដោយ​ការ​បញ្ជូន​ពលករ​ខ្មែរ​មក​វិញ?

ដោយ អាន ស៊ីថាវ
2014-06-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលករ​ខ្មែរ ប៉ោយប៉ែត ៦១០
សកម្មភាព​ពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​ដាក់​ចំណុច​រង្វង់​មូល​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១៤។ RFA/Soun Sophalmony

ការ​បោស​សម្អាត​កម្មករ​មិន​ស្រប​ច្បាប់​របស់​ថៃ ជា​យុទ្ធនាការ​ប្រកប​ដោយ​ប្រសិទ្ធភាព​មួយ ដើម្បី​កាត់​បន្ថយ​ការ​រំលោភ​បំពាន​កម្លាំង​ពលកម្ម ការ​ជួញ​ដូរ​មនុស្ស និង​ការ​គ្រប់គ្រង​ពី​ភាព​ចលាចល​នៃ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ ដែល​ដឹក​នាំ​ដោយ​ក្រុម​យោធា​ប្រដាប់​អាវុធ។

ប៉ុន្តែ យុទ្ធសាស្ត្រ​នេះ​ក៏​ប៉ះពាល់​ដល់​ភាព​ប្រកួត​ប្រជែង​របស់​សហគ្រាស និង​កំណើន​សេដ្ឋកិច្ច​ដល់​ប្រទេស​ខ្លួន និង​ប្រទេស​កម្ពុជា ដែរ។

តើ​ប្រទេស​ណា​មួយ​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ​ពី​ការ​បញ្ជូន​ពលករ​ខ្មែរ​នេះ?

គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៤ ពលករ​មិន​ស្រប​ច្បាប់​ប្រមាណ ២​សែន​នាក់ ត្រូវ​បាន​ប្រទេស​ថៃ បញ្ជូន​ត្រឡប់​មក​កម្ពុជា វិញ។ ការ​បញ្ជូន​មក​នេះ បាន​ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​របស់​ថៃ ពី​ភាព​ខ្វះ​កម្លាំង​ពលកម្ម ដែល​កត្តា​នេះ​នឹង​បន្ថយ​កំណើន​សេដ្ឋកិច្ច​ថៃ ដែល​គេ​ចាត់​ទុក​ថា ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​មួយ​នៅ​អាស៊ី ដែល​មូលដ្ឋាន​សេដ្ឋកិច្ច​ពឹង​ខ្លាំង​លើ​ឧស្សាហកម្ម។

កម្លាំង​ពលកម្ម​របស់​កម្ពុជា ឡាវ និង​ភូមា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​បំផុត​នៅ​ក្នុង​ឧស្សាហកម្ម​ថៃ ដូច​ជា​នៅ​ក្នុង​ផ្នែក​ចំណី​អាហារ កសិកម្ម និង​វិស័យ​សំណង់។ ម្យ៉ាង​វិញ​ទៀត អត្រា​ភាព​គ្មាន​ការងារ​ធ្វើ​របស់​ថៃ មាន​កម្រិត​ក្រោម ១% ប៉ុណ្ណោះ ដែល​សហគ្រាស​ផលិតកម្ម​ថៃ ទាំងអស់​ពឹង​ខ្លាំង​លើ​ពលករ​នៅ​ប្រទេស​ជិត​ខាង ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ហើយ​ការ​ជួល​ពលករ​ពី​ប្រទេស​ជិត​ខាង​មាន​តម្លៃ​ទាប​ជាង​ការ​ជួល​ពលករ​ថៃ។

ប៉ុន្តែ ចាប់​តាំង​ពី​រដ្ឋាភិបាល​ថៃ ដឹក​នាំ​ដោយ​យោធា​បាន​ប្រើ​វិធានការ​រដ្ឋបាល ដែល​តម្រូវ​ឲ្យ​សហគ្រាស​ថៃ ទាំងអស់ មិន​ត្រូវ​ជួល​កម្មករ​ខុស​ច្បាប់ សហគ្រាស​ទាំង​នោះ​បាន​អះអាង​ថា សង្វាក់​ផលិតកម្ម និង​ការ​សាងសង់​មួយ​ចំនួន​ត្រូវ​ជាប់​គាំង​ពី​ភាព​ខ្វះខាត​កម្លាំង​ពលកម្ម។

ប្រធាន​សមាគម​សាងសង់​អគារ​ទំនើប​ថៃ លោក ថាំរ៉ុង ផុនីយ៉ា សាគុលវង្ស (Thamrong Punyasakulwong) បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា ថា ពលករ​ដែល​ធ្វើ​ការ​នៅ​វិស័យ​អចលនទ្រព្យ​ប្រមាណ ៨០% បាន​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​គេ​វិញ ភាគ​ច្រើន​ទៅ​ប្រទេស​កម្ពុជា និង​ភូមា។ បញ្ហា​ខ្វះខាត​កង្វះ​ពលកម្ម​នេះ នឹង​ប៉ះពាល់​ដល់​ការ​ពន្យារ​ពេល​នៃ​ការ​សាងសង់​ទៅ​តាម​កិច្ច​សន្យា និង​គម្រោង​សាងសង់​មួយ​ចំនួន​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន។ បញ្ហា​នេះ នឹង​ប៉ះពាល់​បន្ត​ដល់​ការ​គ្រប់គ្រង​លំហូរ​សាច់​ប្រាក់​របស់​សហគ្រាស និង​វិស័យ​ធនាគារ​របស់​ថៃ។

កាសែត​របស់​បាងកក​ប៉ុស្តិ៍ ដដែល បាន​បញ្ជាក់​ទៀត​ថា ធនាគារ​ថៃ មិន​មាន​លទ្ធភាព​ផ្ដល់​ប្រាក់​កម្ចី​ទៅ​សហគ្រាស​ដទៃ​ទៀត ដែល​បញ្ហា​នេះ​នឹង​ប៉ះពាល់​ដល់​ការ​បង្កើត​ការងារ និង​ថយ​ចុះ​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ហើយ​ចុង​ក្រោយ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ថៃ ទាំង​ស្រុង។ តាម​ការ​ប៉ាន់ស្មាន​ទីក្រុង​បាងកក ដែល​ជា​ទីក្រុង​សេដ្ឋកិច្ច​សំខាន់​របស់​ថៃ មាន​ពលករ​ចំណាក​ស្រុក​ពី​ប្រទេស​ជិត​ខាង​ប្រមាណ ៣០​ម៉ឺន​នាក់ ភាគ​ច្រើន​នៃ​កម្មករ​ទាំង​នោះ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​គេ​វិញ។

អ្នក​ស្រាវជ្រាវ​ព្រឹត្តិការណ៍​អន្តរជាតិ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា យន្តការ​បោស​សម្អាត​ពលករ​មិន​ស្រប​ច្បាប់​របស់​ថៃ នៅ​ពេល​នេះ គឺ​ជា​ការ​បង្វែរ​ស្ថានការណ៍​នយោបាយ​ទៅ​សហគមន៍​អន្តរជាតិ កុំ​ឲ្យ​ចាប់​អារម្មណ៍​អំពី​រឿង​រដ្ឋ​ប្រហារ​ដោយ​យោធា។

«សំឡេង»

ទោះ​បី​ថៃ គិត​ពី​រឿង​នយោបាយ​ខ្លាំង​ជាង​ផ្នែក​សេដ្ឋកិច្ច​ក៏ដោយ ប៉ុន្តែ​ការ​បញ្ជូន​ពលករ​មក​វិញ ក៏​បាន​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​កម្ពុជា ដែល​រស់​ពឹង​លើ​ប្រាក់​ចំណូល​ផ្ញើ​ពី​បរទេស និង​រដ្ឋាភិបាល​កម្ពុជា។ ម្យ៉ាង​វិញ​ទៀត ពលករ​កម្ពុជា ខ្លួន​ឯង​ក៏​ប្រឈម​នឹង​បញ្ហា​ជា​ថ្មី​ម្ដង​ទៀត អំពី​ភាព​ខ្វះខាត​ការងារ ភាព​ក្រីក្រ ភាព​គ្មាន​ដីធ្លី ការ​ជំពាក់​បំណុល​គេ និង​ភាព​ងាយ​រងគ្រោះ​ពី​ការ​ធ្វើ​កសិកម្ម ដូចជា​គ្រោះ​ធម្មជាតិ និង​ទឹក​ជំនន់ ជាដើម។

តាម​ការ​ប៉ាន់ស្មាន​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៨០% មាន​តិច​ជាង​មួយ​ហិកតារ និង​ការ​បង្កើត​ការងារ​បន្ថែម​ក្នុង​មួយ​ឆ្នាំ​របស់​រដ្ឋាភិបាល មាន​ប្រមាណ ៦​ម៉ឺន​នាក់​ប៉ុណ្ណោះ ស្រប​ពេល​កម្លាំង​ពលកម្ម​ថ្មី​បាន​ចូល​នៅ​ក្នុង​ទីផ្សារ​ការងារ​ប្រមាណ ៣០​ម៉ឺន​នាក់​រៀង​រាល់​ឆ្នាំ។ បញ្ហា​ទាំងអស់​នេះ នឹង​ប៉ះពាល់​ដល់​ភាព​ចលាចល​នៅ​ក្នុង​សង្គម។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង មាន​ប្រសាសន៍​ថា ការ​វិល​ត្រឡប់​មក​វិញ​នៃ​ពលករ​មិន​ស្រប​ច្បាប់​នេះ មិន​ប៉ះពាល់​ដល់​សង្គម​ឡើយ។

«សំឡេង»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ អាច​ពេល​វេលា​វិស្សមកាល​មួយ​ដើម្បី​ជួបជុំ​គ្រួសារ​របស់​គេ ប៉ុន្តែ​ពលករ​ដែល​មិន​មាន​ផ្ទះ​សម្បែង​ដីធ្លី អាច​ស្វែង​រក​វិធី​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ វិញ ប្រសិន​បើ​ការងារ​នៅ​កម្ពុជា មិន​អំណោយ​ផល។

បញ្ហា​នេះ អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា វិបត្តិ​សង្គម​ពី​ភាព​គ្មាន​ការងារ​ធ្វើ នឹង​មិន​អាច​កើត​ឡើង​នៅ​ក្នុង​រយៈពេល​ខ្លី​ឡើយ ដោយសារ​តែ​កត្តា​ពីរ។ ទី​មួយ គឺ​ពលករ​ដែល​វិល​ត្រឡប់​មក​វិញ​មាន​លុយ​សន្សំ​មួយ​ចំនួន ដើម្បី​ចំណាយ​ជំរុញ​សេដ្ឋកិច្ច​មូលដ្ឋាន ប៉ុន្តែ​បញ្ហា​សំខាន់​នោះ តើ​ពួក​គាត់​ត្រូវ​ធ្វើ​ដូចម្ដេច នៅ​ពេល​ដែល​ប្រាក់​សន្សំ​របស់​គាត់​ត្រូវ​ចាយ​អស់ ស្រប​ពេល​ដែល​ពួក​គាត់​នៅ​តែ​គ្មាន​ការងារ​ធ្វើ ឬ​មិន​អាច​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន។ កត្តា​សំខាន់​ទី​ពីរ ការ​វិល​ត្រឡប់​ពលករ​កម្ពុជា ទាំងអស់ ចំ​ពេល​វេលា​ដែល​អាច​ជួយ​ក្រុម​គ្រួសារ​របស់​គេ លើ​ការ​ប្រមូល​ផល​កសិកម្ម និង​ការ​នេសាទ ដែល​ចាប់​ផ្ដើម​នៅ​កំឡុង​ខែ​កក្កដា ដល់​ខែ​សីហា ប៉ុន្តែ​បញ្ហា​សំខាន់​នោះ តើ​ផ្ទៃ​ដី​ប៉ុន្មាន​ភាគ​រយ​អាច​ប្រមូល​ផល និង​នេសាទ​បាន ដោយសារ​តំបន់​ឡូ​នេសាទ​មួយ​ចំនួន ត្រូវ​បាន​ហាម​ឃាត់ និង​ដី​ស្រែ​ក៏​ប៉ះពាល់​ដោយ​គ្រោះ​ទឹក​ជំនន់។

ទោះ​បី​ជា​រដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​បន្ទាន់ ក្នុង​ការ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស ប៉ុន្តែ​អាច​ជួយ​ពលករ​តិចតួច​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ជាប់​រវល់​ក្នុង​ការ​រៀនសូត្រ​នៅ​រយៈពេល​ខ្លី។ យុទ្ធសាស្ត្រ​រយៈពេល​វែង​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​នោះ គឺ​ការ​ប្រើប្រាស់​គោល​នយោបាយ​ពន្ធ ដើម្បី​ការ​បង្វែរ​សហគ្រាស​មិន​ផ្លូវ​ការ​ទៅ​ជា​ផ្លូវ​ការ ដែល​ជា​មូលដ្ឋាន​សំខាន់​ក្នុង​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ និង​ជួយ​លើក​កម្ពស់​ចំណូល​ថវិកា​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "តើ​សេដ្ឋកិច្ច​ថៃ​ឬ​កម្ពុជា​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ដោយ​ការ​បញ្ជូន​ពលករ​ខ្មែរ​មក​វិញ?"

  1. សារិកា says:

    កាលវៃទូតថៃ ខ្មែរសង​៥២លានដុល្លា។​ចុះថៃបញ្ជូនពលករខ្មៃរមកវិញយ៉ាងតក់ក្រហល់និងយ៉ាងអមនុស្សធម៏ តើថៃសងខ្មែរប៉ុន្មានលានដុល្លា?