ដោយ៖ ណាត សុភាព
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com
ប្រជាពលរដ្ឋនៅស្រុកពញាឮ ខេត្តកណ្តាល អះអាងថា អាជ្ញាធរមូលដ្ឋានទទួលសំណូកពីជនជាតិ វៀតណាម ដើម្បីជាថ្នូរឲ្យពួកគេធ្វើការនេសាទខុសច្បាប់នៅរដូវត្រីពងកូន។
តំណាងប្រជាពលរដ្ឋ លោក លី វ៉ាន់ឌី ឲ្យVODដឹងនៅថ្ងៃពុធនេះថា ទូកនេសាទរបស់ជនជាតិវៀតណាមប្រមាណជាង១០គ្រឿង បានចុះទៅនេសាទនៅស្រុកពញាឮ ដោយប្រើមងក្រឡាញឹក ហើយមិនមានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជលផលចុះបង្ក្រាបនោះទេ។ លោកថា មូលហេតុដែលមិនមានការចុះបង្ក្រាបបទល្មើសនេសាទនៅរដូវហាមឃាត់ ដោយសារមន្ត្រីទាំងនោះទទួលសំណូកពីជនជាតិវៀតណាម។
លោក លី វាន់ឌី បង្ហាញក្តីបារម្ភថា បើមន្ត្រីជលផលមិនចុះបង្ក្រាបទេ នោះនឹងធ្វើឲ្យបាត់បង់ធនធានមច្ឆាជាតិ ដោយសាររដូវនេះជារដូវត្រីពងកូន។
នាយកសង្កាត់រដ្ឋបាលជលផលស្រុកពញាឮ លោក កែវ ពិទូរ្យ បដិសេធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលថាសមត្ថកិច្ចឃុបឃិតជាមួយជនជាតិវៀតណាមបើកដៃឲ្យនេសាទខុសច្បាប់។ ប៉ុន្តែលោកបញ្ជាក់ថា ក្រុមការងារនឹងចុះត្រួតពិនិត្យនៅតំបន់នោះ។
មន្ត្រីសម្របសម្រួល កម្មវិធីបឹងទន្លេសាប នៃអង្គការសម្ព័ន្ធដើម្បីអភិរក្សធនធានជលផល លោក ម៉ិញ ប៊ុនលី យល់ថា ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះផ្ទាល់ ត្រូវថតយកភស្តុតាង ហើយដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋាន និងស្ថាប័នប្រឆាំងអំពើពុករលួយ ដើម្បីជួយទប់ស្កាត់កុំឲ្យមានបទល្មើសនោះកើតឡើងទៀត។
តាមច្បាប់ស្តីពីជលផល ឲ្យដឹងថា ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃ៣០ ខែកញ្ញា គឺច្បាប់មិនអនុញ្ញាតិឲ្យនេសាទទេ ដោយសារជារដូវត្រីពងកូន៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
> . . , . . មន្ត្រី ខ្មែរ មួយចំនួន ល្មម ឈប់ ក្បត់ជាតិ ខ្លួនអែង ទៅ !