លោក ស៊ូបេឌី សម្តែងសុទិដ្ឋិនិយម​ បើទោះ​ជារដ្ឋាភិបាលបដិសេធមិន​ធ្វើកំណែទម្រង់

ខេមបូឌា ដេលី

បើទោះណាជា​រដ្ឋាភិបាល​បដិសេធយ៉ាងខ្លាំង​មិន​ព្រមធ្វើតាម​អនុសាសន៍​របស់​លោក​ពាក់​ព័ន្ធ​នឹង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​កាលពីពីរ​ឆ្នាំ​មុនក៏ដោយ ក៏លោក​ សុរិយា ស៊ូបេឌី ប្រេសិត​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំជាមួយ​លោក អុឹម សួស្ដី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត (គ.ជ.ប.) កាលពីម្សិលមិញ ដោយមានគំនិត​​​សុទិដ្ឋិនិយមដែរ​។

លោក​ ស៊ូបេឌី បាន​មាន​ប្រសាសន៍​ថា ” ដំណើរ​ការ​កែទម្រង់គឺ​តែងតែជា​ដំណើរ​ការ​ដែលជួប​ឧបសគ្គ​សម្រាប់​ប្រទេស​ណាក៏ដោយ ជា​ពិសេស​ចំពោះប្រទេសដូច​ជា​ប្រទេស​កម្ពុជា​ជាដើម ដែល​មាន​ភាព​ស្មុគ​ស្មាញ​។ ប៉ុន្តែ​ជាថ្មីម្ដង​ទៀត ខ្ញុំមានក្តីរំភើបរីក​រាយ​ដែល​ភាគ​ច្រើននៃអនុសាសន៍​​របស់​ខ្ញុំ​ ឥឡូវ​នេះ​​ក្លាយជា​ផ្នែក​មួយ​នៃ​របៀប​វារៈរបស់ជាតិ​”។

នៅ​ក្នុង​របាយការណ៍​ខែកក្កដា ឆ្នាំ​២០១២​ផ្ញើ​ជូ​ន​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ លោក ស៊ូបេឌី បាន​ព្រមាន​ថា ការ​មិន​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋមួយ​ចំនួន រួម​ទាំង​​គ.ជ.ប.​ផងនោះ​ អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិមាន​អស្ថិរភាព​ និង​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា​​។

ការ​ព្រមាន​របស់​លោកបាន​បង្ហាញ​ឲ្យឃើញដូច​ការ​គិត​ទុក​ជាមុន​ ខណៈដែល​កង​កម្លាំង​រដ្ឋាភិបាល​បាន​​បាញ់​បណ្ដាល​ឲ្យមនុស្ស​យ៉ាង​ហោច​ណាស់​ប្រាំពីរ​នាក់​ស្លាប់ មាន​ទាំង​អ្នក​តវ៉ា ឬអ្នក​ឈរ​មើល​ការ​តវ៉ា​ជាដើម ចាប់​តាំងពី​ការ​បោះ​ឆ្នោត​ជាតិ​ដ៏ចម្រូង​ចម្រាស​កាលពី​ខែកក្កដាមក។

ប៉ុន្តែ​លោក ស៊ូបេឌី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក អុឹម សួស្ដី ” តែង​តែ​និយាយដោយ​​​ស្មោះ​ត្រង់​និង​ក្នុង​ន័យ​ស្ថាបនា​នៅក្នុង​ការ​ពិភាក្សា​របស់​ខ្ញុំ” ហើយ​ ” លោក​តែងតែផ្ត​ល់ព័ត៌មានដែលមានសារៈ​សំខាន់​នៅ​ក្នុងដំណោះរបស់​លោក​ចំពោះ​បញ្ហា​មួយ​ចំនួន​ ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​មុខ​សព្វ​ថ្ងៃ​នេះ”។

ការ​​​ទាម​ទារខ្លាំងបំផុត​របស់​គណបក្ស​សង្គ្រោះជាតិ​ដើម្បីបញ្ចប់​ការបន្ត​ធ្វើ​ពហិការ​រដ្ឋ​សភា​របស់ខ្លួននោះ​ គឺ​ជា​ការ​កែទម្រង់​គ.ជ.ប.ទាំងស្រុង ដែល​បច្ចុប្បន្ន​នេះ​មាន​មន្ត្រី​ជាច្រើន​រួមទាំង​លោក អុឹម សួស្ដី ផងសុទ្ធតែមាន​ទំនាក់​ទំនង​ជិត​ស្និទ្ធជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក ស៊ូបេឌី បាន​មាន​ប្រសាសន៍​ថា ជំនួប​នោះ​ភាគច្រើន​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​កាលពី​ខែកក្កដា និង​ថា​តើ​លោក​អាច​ចូលរួម​ចំណែក​ដោះ​ស្រាយ​​ភាព​ទាល់​ច្រក​នយោបាយ​ដោយ​វិធីណា។ លោក​បាន​មាន​ប្រសាសន៍​ថា ” ដល់​ពេល​ផ្លាស់ប្តូរ​ដំណើរ​ការ​បោះ​ឆ្នោត​ និង​ធ្វើ​កំណែទម្រង់ស៊ីជម្រៅ​​ទូលំទូលាយហើយ​”។

ទោះជាយ៉ាង​ណា ការ​​ពិភាក្សា​ថ្មីបំផុត​ពាក់​ព័ន្ធ​នឹង​នយោបាយ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍មុនបាន​បញ្ចប់នៅពេល​ដែល​ប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា​ទទូ​ច​ឲ្យ​មានការ​ជ្រើស​រើស​សមាជិក​គ.ជ.ប.ថ្មី ដោយ​សំឡេង​៥០ភាគរយបូក១នៅក្នុង​​សភា ដែល​ជាថ្មីម្ដង​ទៀត​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ជ្រើស​រើស​សមាជិក​គ.ជ.ប. យ៉ាងប្រុង​ប្រយ័ត្ន​ដោយ​គ្មាន​ការ​ទប់ស្កាត​់។

លោក អឹុម សួស្ដី មិនអាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​បានទេបន្ទាប់ពីជំនួប​នោះ ប៉ុន្តែ​លោក ទេព នីថា អគ្គលេខាធិការ​គ.ជ.ប. បាន​មាន​ប្រសាសន៍​ថា លោក​ប្រធាន​បាន​ពន្យល់​ថា ទន្ទឹមនឹង​​ការ​ផ្លាស់​ប្ដូរ​លក្ខណៈ​បច្ចេកទេស​មួ​យ​ចំនួន​ ដូច​ជាការ​ដាក់​ចៅក្រម​ពីរ​រូប ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​​គ.ជ.ប. លោក​បាន​បដិសេធ​មិន​ឆ្លើ​យ​សំណួរ​ទាក់​ទង​ផែន​ការ​ធ្វើ​កំណែទម្រង់​បន្ថែមទៀត​ឡើយ។

លោក​ ទេព នីថា បានមាន​ប្រសាសន៍​ថា ” ការពិត​ គ.ជ.ប.មិនមាន​សមត្ថកិច្ច​ធ្វើ​កំណែ​ទម្រង់​ទេ យើង​ត្រូវ​រង់​ចាំ​រហូត​ដល់​សមាជិក​សភា​ត្រេៀមខ្លួន​​ធ្វើ​កំណែទម្រង់​ច្បាប់ ហើយ​យើង​ត្រូវ​​អនុវត្ត​តាម​ច្បាប់​។ ដូច្នេះហើយ គ.ជ.ប.គ្រាន់​តែ​ជម្រាប​លោក ស៊ូបេឌី ថា យើង​មិន​អាច​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ​បានទេ​”៕ សារុន​​​​​​​​

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។


What Next?

Recent Articles

One Response to "លោក ស៊ូបេឌី សម្តែងសុទិដ្ឋិនិយម​ បើទោះ​ជារដ្ឋាភិបាលបដិសេធមិន​ធ្វើកំណែទម្រង់"

  1. Bol says:

    នៅ​ក្នុង​របាយការណ៍​ខែកក្កដា ឆ្នាំ​២០១២​ផ្ញើ​ជូ​ន​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ លោក ស៊ូបេឌី បាន​ព្រមាន​ថា ការ​មិន​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋមួយ​ចំនួន រួម​ទាំង​​គ.ជ.ប.​ផងនោះ​ អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិមាន​អស្ថិរភាព​ និង​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា​​។
    _______________________
    យើងចាត់ទុកថា លោក ស៊ូបឺឌី ជាអ្នកចេះដឹងច្បាប់ម្នាក់ នឹងកំពុងតែខិតខំដើរតួចង់បានគុណសម្បត្តិពីការងារដែលោលកមពូងធ្វើជាមួយកម្ពុជា។
    យើងឲ្យលោក ស៊ូបឺឌី និយាយសំដែងទស្សនៈជាមួយនឹងការប្រយ័ត្នបន្តិច!
    ពាក្យមួយឃ្លាខាងលើនេះ មិនល្អទេ!! ពាក្យថាអស្ថរភាព និង ហឹង្សា។ គួរតែលោក ស៊ូបឺឌី ដកចេញ។ នេះ គេហៅថា ជាការអុជអាល ជាការលើកទឹកចិត្ត ជាការជម្រុញ ជាការបញ្ឆេះ។
    ក្នុងនាមជាអ្នកច្បាប់ លោក សុំឲ្យរាជរដ្ឋាភិបាលអនុវត្តទៅតាមច្បាប់របស់រដ្ឋ និង អនុសញ្ញា ឬច្បាប់អន្តរជាតិ ឲ្យបានត្រឹមត្រូវ និងមានការថ្លឹងថ្លែង, តែលោកក៏ត្រូវសុំឲ្យប្រជាពលរដ្ឋ ដែលទាមទារនោះ ត្រូវមានការពិចារណា និងធ្វើអ្វីដោយគោរពច្បាប់របស់រដ្ឋ ផងដែរ។
    លោក ស៊ូបឺឌី ត្រូវមើលឃើញឲ្យច្បាស់ពីគម្រូដ៏ល្អរបស់ប្រទេសថៃនាបច្ចុប្បន្ន។ អ្នកណាក៏ដោយ ក្រុមមជ្ឈដ្ឋានអ្នកវិភាគ និងបក្សប្រឆាំងរបស់កម្ពុជា ក៏ដូចជាពូកបរទេសមួយចំនួន តែងសរសើរថៃ ជានិច្ច ថាជាស្ថាប័នរដ្ឋបាល ជាកងទ័ព ជានគរបាល ជាតុលាការឯករាជ្យ។ តែ ឥឡូវ មាននរណា និយាយដូចនេះទៀត ឬទេ?
    គួរកុំខិតខំរុញច្រាន់របៀបរស់នៅរបស់ខ្មែរ ដែលកំពុងតែស្ងប់ស្ងាត់ ឲ្យក្លាយជាហឹង្សា ឲ្យសោះ!
    រឿងអ្វី ត្រូវដោះស្រាយដោយច្បាប់!
    កុំចង់ឲ្យចេញជារូបភាពអនាធិបតេយ្យឲ្យសោះ ។ យើងឃើញហើយ រូបភាពប៉ុន្មានថ្ងៃមកនេះ នៅស្រុក សៀមប៉ាង ។ តើអ្នកណាខ្លះ គាំទ្រ និងអ្នកណាខ្លះ មិនគាំទ្រ ខណៈដែលឃើញប្រជាជនប្រើកម្លាំងអនាធិបតេយ្យរំលោភលើសមត្ថកិច្ច? អាចនិយាយតាម ការយល់ឃើញ ទៅ ចុះ។ តែបើចេះតែមានសភាពដូចនេះ ប្រទេៃកម្ពុជា នឹងត្រូវវិលទៅចាប់ផ្តើម ការកសាងជាតិពី ឆ្នាំ ១៩៧៩ មកវិញ។

    ប្រសិនបើ យើង ចេះតែនាំគ្នាគិតថា ដោយសារមិនកែទម្រង់ច្បាប់ មិនកែទម្រង់គជប. ហើយចេះតែនិយាយថា អ្វីក៏អាក្រក់ អ្វីក៏ខុស ហើយយើងមិននិយាយគ្នា មិនដោះស្រាយតាមច្បាប់ បែរជាខិតខំ រុញច្រានបាតុកម្មពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យឈានដល់អំពើហឹង្សា ដែលចាំបាច់រដ្ឋាភិបាល ត្រូវតែគ្រប់គ្រងសភាពការណ៍ ឲ្យបាន តើពេលនេះ អ្វីនឹងកើតឡើង?
    ពេលនេះ រាជរដ្ឋាភិបាល នឹងប្រើច្បាប់អាជ្ញាសឹក ដូង លោក ប្រាយុទ្ធ ចាន់អ៊ូចារ!
    សុំកុំបន្ទោស លោកប្រាយុទ្ធ ឲ្យសោះ!
    ដើម្បីសេចក្តីសុខរបស់ជាតិ ដើម្បីស្ថេរភាពសង្គម ដែលធានាដល់សន្តិភាព តើរាជរដ្ឋាភិបាលត្រូវឆ្លើយតបបែបណាទៅនឹងសកម្មភាពអនាធិបតេយ្យ គឺ មានតែប្រកាសប្រើច្បាប់ អាជ្ញាសឹក។
    សុំមើលឡើងវិញពី សន្តិភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដែលអាមេរិកបាននាំទៅជូនប្រជាពលរដ្ឋអ៊ីរ៉ាក់ តាមរយៈកងកម្លាំងទ័ព និងសព្វាវុធ។ តើថ្ងៃនេះ លោកអូបាម៉ាកំពុងតែគិតអ្វីខ្លះ ដើម្បីធានាថារដ្ឋាភិបាលអ៊ីរ៉ាក់ ដែលបន្តុបដោយអាមេរិក នឹងមានជីវិតទៅទៀត។
    ឃើញរូបភាពបែបនេះ យើងនឹកឃើញដល់ប្រវត្តិអាមេរិកនាំ សេរីភាព សមភាព ភាតរភាព ប្រជាធិបតេយ្យមកឲ្យខ្មែរតាមរយៈលោកសេនាប្រមុខលន់ នល់។ ចុងក្រោយបំផុត អាមេរិករត់ចោលកម្ពុជា យ៉ាងអាម៉ាស។ ហើយអ្នកណា ជាអ្នកទឹកភ្នែក នៅឆ្នាំ ១៩៧៥។
    សរុបមក វិញ ក្នុងបេសកកម្មលើកនេះ យើងសំណូមពរ លោក ស៊ូបឺឌី ត្រូវប្រុងប្រយ័ត្នក្នុងការរៀបចំរបាយការណ៍ ត្រូវពិនិត្យ សិក្សាឲ្យបានច្រើន ពីគ្រប់ភាគីពាក់ព័ន្ធ ដោយត្រូវស្គាល់ឲ្យអស់ពីចរិត គោលការណ៍ គោលនយោបាយ បេសកម្ម របស់គណបក្សនីមួយៗ របស់អង្គការនិមួយៗ ក្នុងក្របខ័ណ្ឌជាស្ថាប័ន តែក៏ត្រូវស្គាល់ពិចរិត បុគ្គលិកលក្ខណៈ លក្ខណៈសម្បត្តិជាបុគ្គលនៃមនុស្សម្នាក់ជាមន្ត្រី ជាថ្នាក់ដឹកនាំ ជាប្រធានគណបក្ស ឬនៃអង្គការ ក៏ត្រូវមើលពីផលប្រយោជន៍បុគ្គលរបស់ផង។
    បើលោក ស៊ូបឺឌី មើលមិនអស់ នោះ របាយការណ៍ ក៏ខុស ហើយអនុសាសន៍របស់ លោក ក៏ គេពិបាកទទួលដែរ៕