
អាជ្ញាធរនៅភាគឦសានទៅបង្ខំឲ្យពលរដ្ឋរើផ្ទះចេញ។ រូបថត សហការី
Wed, 18 June 2014
សែន ដាវីត
ភ្នំពេញប៉ុស្តិ៍
មណ្ឌលគិរីៈ កម្លាំងសមត្ថកិច្ចចម្រុះកាលពីម្សិលមិញបានចុះរុះរើដុតបំផ្លាញផ្ទះនិងឈូសឆាយដីចម្ការប្រជាពលរដ្ឋនៅក្នុង ឃុំស្រែព្រះ ឃុំកែវសីមា ដោយចោទប្រកាន់ថា ប្រជាពលរដ្ឋទាំងនោះចូលទៅកាន់កាប់ដីរដ្ឋដោយខុសច្បាប់។
ពលរដ្ឋរងគ្រោះឈ្មោះ សារ៉ន សុណេង អាយុ ៤០ឆ្នាំ បាននិយាយថា អាជ្ញាធរមូលដ្ឋានបានចោទប្រកាន់ប្រជាពលរដ្ឋថា បានចូលកាន់កាប់ដីរដ្ឋខុសច្បាប់។ អាជ្ញាធរបានចុះមកបំផ្លាញផ្ទះប្រជាពលរដ្ឋ និងចម្ការដំឡូងជាង ៤ ហិកតាដោយបង្ខំឲ្យចាកចេញ។
លោក សុណេង និយាយថា៖ «យើងជាប្រជាពលរដ្ឋខ្មែរដូចគ្នា យើងគ្មានដីរស់នៅទេ ពួកខ្ញុំមិនដឹងទៅឯណាទេ ក្រោយអាជ្ញាធររុះរើដុតបំផ្លាញផ្ទះពួកយើងនិងដីចម្ការដំឡូងដែលកំពុងឲ្យផល ហើយត្រូវបំផ្លាញអស់បែបនេះ»។
ពលរដ្ឋម្នាក់ទៀតឈ្មោះ ហុយ ព័រ អាយុ ៤៨ឆ្នាំ បានបន្ទរថា ពួកអ្នកភូមិបាននាំគ្នាមកសុំដីវត្តស្នាក់នៅបណ្តោះអាសន្នហើយទាំងអស់គ្នានឹងវិលទៅរស់នៅកន្លែងចាស់វិញ ដោយសារតែគ្មានកន្លែងរស់នៅនិងដីអាស្រ័យផល។
លោក ហុយ ព័រ និយាយថា៖ «អាជ្ញាធរមិនគួរដុតបំផ្លាញផ្ទះនិងចម្ការដំឡូងរបស់អ្នកភូមិយើងទេ ព្រោះពួកគេសុទ្ធតែជាពលរដ្ឋរស់នៅលើដីខ្មែរ»។
លោក សុក រដ្ឋា អ្នកសម្របសម្រួលរបស់សមាគម អាដហុក ប្រចាំ ខេត្តមណ្ឌលគិរី បានអះអាងថា រូបភាពនៃការដុតបំផ្លាញរុះរើទាំងបង្ខំបែបនេះ គឺជាការរំលោភសិទ្ធិមនុស្ស។
លោកនិយាយថា៖ «អាជ្ញាធរគួររិះរកវិធានការដោះស្រាយសមស្របណាមួយ សម្រាប់ពួកគេមុននឹងការបំផ្លាញផ្ទះនិងដីស្រែចម្ការអ្នកភូមិ»។
លោក សិន វណ្ណវុធ អភិបាល ស្រុកកែវសីមា ថ្លែងបញ្ជាក់ពីបញ្ហានេះឲ្យដឹងថា ប្រជាពលរដ្ឋគួរតែនាំគ្នាមកបំពេញបែបបទ ដើម្បីស្នើឲ្យអាជ្ញាធររកដីសង្គមកិច្ចនៅតំបន់ណាមួយសម្រាប់ពួកគាត់រស់នៅជាជាងនាំគ្នាទៅរស់នៅលើដីរដ្ឋខុសច្បាប់បន្តទៀត៕
YES>>>>>>>>>>>>>>>>>>>>>>> just sucking your own blood only.do not tray whit VEINAM and SIAM&&&&&&&&&&&&&&&&&&&&&&
ប្រទេសមានច្បាប់, អ្វីៗក៏ដោយត្រូវតែដំណើការតាមច្បាប់។ តែបើប្រជាជនធ្វើអ្វីក្នុងជីវភាព ដោយអនាធិបតេយ្យ អាជ្ញាធរត្រូវតែដោះស្រាយតាមវិធីដែលច្បា់មានចែង។
ចំាដល់ ពួកសម រង្ស៊ីកាន់អណាចថ្ងៃណាមួយនោះ ឯងនឹងបានដឹងហើយ ពីអ្វីដែលឯងបានបង្រៀនមនុស្សឲ្យអនាធិបតេយ្យយ៉ាងនេះ។