ដោយ៖ ពេជ្រ សុធារី
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ពលករចំណាកស្រុក ត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ (រូបថត៖ បូ សាវី)
អង្គការខារ៉ាមកម្ពុជា បង្កើតមូលនិធិសង្គ្រោះបន្ទាន់ និងអំពាវនាវដល់សាធារណជនជួយបរិច្ចាគជាស្បៀង និងសម្ភារៈផ្សេងៗ សម្រាប់ជួយដល់ពលករចំណាកស្រុកខ្មែរ ដែលត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ។
លោកយ៉ា ណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា មានប្រសាសន៍ប្រាប់ VOD នៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះថា អង្គការខារ៉ាម បានបង្កើតមូលនិធិសង្គ្រោះបន្ទាន់មួយ ដើម្បីជួយដល់ពលករចំណាកស្រុក ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាជាបន្តបន្ទាប់ នារយៈពេលចុងក្រោយនេះ។ លោកបានអំពាវនាវដល់សម្បុរសជនទាំងអស់ ជួយបរិច្ចាគជាស្បៀងអាហារ ឬសម្ភារៈផ្សេងៗ តាមរយៈមូលនិធិអង្គការខារ៉ាមនេះ ដើម្បីឆ្លើយតបនឹងភាពខ្វះខាតរបស់ពលករខ្មែរ ដែលកំពុងជួបទុក្ខលំបាក។
សប្បុរសជនអាចទាក់ទងមូលនិធិអង្គការខារ៉ាមកម្ពុជា តាមរយៈអាសយដ្ឋានផ្ទះលេខ ១៥៣AE០ ផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កាលពីថ្ងៃម្សិលមិញ អង្គការខារ៉ាមកម្ពុជា ក៏បានប្រកាសពីការបង្កើតលេខទូរស័ព្ទទាន់ហេតុការណ៍ Hotline ចំនួនពីរខ្សែ គឺ 010 961 427 និង 010 949 914 ដើម្បីឲ្យសាធារណជនដែលមានបំណងចង់រាយការណ៍ និងចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការចាប់ខ្លួន ការឃុំខ្លួន ការចាប់បញ្ជូនខ្លួនត្រឡប់មកប្រទេសកម្ពុជាវិញ ការប្រើអំពើហិង្សា និងបញ្ហាផ្សេងៗទៀត។
យោងតាមរបាយការណ៍បូកសរុបចំនួនពលករចំណាកស្រុកខ្មែរ ដែលអាជ្ញាធរថៃបានចាប់បញ្ជូនមកកម្ពុជាវិញ របស់អធិការនគរបាលក្រុងប៉ោយប៉ែត គិតមកដល់ថ្ងៃទី១៧ ខែមិថុនា មានចំនួនជាង១៧ម៉ឺននាក់៕
សូមសរសេរមកកញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
នេះជាសកម្មភាពដ៏ល្អជាគម្រូរបស់អង្គការ ដែលបានរួមវិភាគទានជួយរាជរដ្ឋាភិបាល និងជួយប្រជាពលករ។
សូមលោកនាយកអង្គការបន្តទៅទៀត!