
តារាសម្ដែងកូនកាត់បីសាសន៍ ព្រីម លីហ្សា។
Thu, 19 June 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ខណៈកំពុងត្រូវបានមជ្ឈដ្ឋាន លើកឡើងពីភាពអវិជ្ជមានពីការងារសិល្បៈនោះ តារាសម្តែងដែលមហាជនភាគច្រើនស្គាល់ដោយការបង្អួតសម្លៀកបំពាក់តម្លៃថ្លៃៗ ជាមួយចេតនាបង្ហាញសាច់ដើមទ្រូងសិចស៊ីបែបតារាអឺរ៉ុប នាង ព្រីម លីហ្សា ក៏ត្រូវបានផ្ទុះការរិះគន់យ៉ាងធ្ងន់ពីជុំវិញសម្រស់និងការតុបតែងខ្លួនជាថ្មី ដែលអ្នកខ្លះបានទាំងលើកឡើងថា៖ «មិនដឹងជាតារាល្បីអី មិនឃើញមានអ្វីលេចធ្លោពីសិល្បៈក្រៅពីអួតពីសម្ភារប្រើប្រាស់នោះ»។
រយៈពេលជាងពីរឆ្នាំហើយដែលតារាសម្ដែងកូនកាត់បីសាសន៍នាង ព្រីម លីហ្សា មិនបានលេចស្រមោលក្នុងវិស័យសម្ដែងបន្តទៀត បន្ទាប់ពីនាងបានលេចវត្តមានក្នុងខ្សែភាពយន្តភាគលើកញ្ចក់ទូរទស្សន៍មួយរឿងនោះ។
មហាជនលើកឡើងថា៖ «មិនដែលឃើញវត្តមាននាង លេច អណ្តែតក្នុងការសម្តែងភាពយន្តទៀត ឬមួយនាងមិនទទួលការសម្តែងឬយ៉ាងណាបានជាឃើញតែមួយរឿងក៏បាត់ស្រមោលរហូត។ ឮតែគេនិយាយថា នាងមានការងារធ្វើច្រើននៅតែបរទេស ជាពិសេសគឺឱកាសដើរម៉ូដកម្មវិធីធំៗនោះ»។
មជ្ឈដ្ឋានតាមដាន សកម្មភាពសិល្បៈបានផ្ទុះចម្ងល់ថា៖ «បើនាងជាតារាសម្តែងមានមុខមាត់ធំ ជើងវែងល្បីក្រៅប្រទេសអ៊ីចឹងហើយ ម៉េចផលិតកម្មក្នុងស្រុកមិនហៅថត ឬក៏នាងមិនទទួលថតការងារក្នុងស្រុក បើសូម្បីតែធ្វើម៉ូដែលក្នុងស្រុកក៏កម្រនឹងឃើញនាងដើរដែរ»។
ការងារពីសិល្បៈសព្វថ្ងៃកាន់តែទូលំទូលាយដោយមានទាំងការថតស្ប៉តផ្សព្វផ្សាយ ថតខារ៉ាអូខេ សម្តែងរឿងជាដើម ហើយបើហ៊ានសិចស៊ី ដូច ព្រីម លីហ្សា នោះទៀតមិនសមនាងខ្សត់ការសម្តែងក្នុងស្រុកនោះទេ។
ឆ្លើយតបនឹងការលើកឡើងពីភាពអវិជ្ជមានពីការងារសម្តែងនោះ ម្តាយរបស់តារារូបនេះតែងអះអាងថា៖ «ដោយសារតែភាពមមាញឹកពីការងារសិល្បៈក្រៅស្រុកច្រើន ទើបមិនសូវទទួលការសម្តែងក្នុងស្រុក»។
អ្នកស្រីក៏ធ្លាប់ថ្លែងដោយសម្ដីមោទនភាពខ្លួនផងដែរ ថា៖ «ការឲ្យតម្លៃលើការសម្តែងនៅក្នុងស្រុកទាបពេកមិនសមតម្លៃខ្លួនកូនតារាល្បីនៅក្រៅប្រទេស»។
ម្តាយនាងក៏ធ្លាប់បាននិយាយទៀតថា៖ «មិនមែនមិនចង់សម្តែង បញ្ចេញកាយវិការក្នុងស្រុកទេ មកពីភាគច្រើននិយាយថ្លៃគ្នាមិនត្រូវឲ្យកូន ហ្សា (លីហ្សា)តម្លៃស្មើតារាថ្មី មិនទទួលហ្នឹង ទើបមិនសម្តែង»។
ភាយក្លិនតបនឹងភាពស្ងាត់ជ្រងំដូចចោរលួចសេះ តារាល្បីប្រើប្រាស់សម្ភារថ្លៃៗនិងភាពសិចស៊ីបញ្ចេញសាច់ទ្រូងពេលនេះកំពុងបង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំងពីក្នុងបណ្តាញសង្គម ដោយគេហទំព័ក្នុងស្រុក បានស្រង់សំណេរពីការផ្សាយរបស់សារព័ត៌មានវៀតណាម។ ដោយសរសេរថា៖ «ព្រីម លីហ្សា ត្រូវសារព័ត៌មានបរទេសរិះគន់ថា ធាត់ ដើមទ្រូងធំនិងមុខអាក្រក់»។
ការចេញផ្សាយនោះលើកឡើងថា៖ «ព្រីម លីហ្សា កើតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩២ ត្រូវបានគេស្គាល់ថា តារានិយមអួតម៉ាកយីហោសម្លៀកបំពាក់ ឬផលិតផលល្បីៗដែលនាងប្រើប្រាស់ ចូលរួមកម្មវិធីធំៗ ថ្លៃមិនក្រោមរាប់ពានដុល្លារនោះទេ។ លើសពីនេះទៅទៀត នាងចូលចិត្តបង្ហាញភាពសិចស៊ី សឹងតែធ្វើឲ្យមនុស្សប្រុសក្តៅខ្លួនស្លាប់ តាមរយៈយីហោល្បីៗទាំងនោះ»។
សុំការបកស្រាយ ឬប្រតិកម្មយ៉ាងណា ពីជុំវិញការលេចចេញនូវព័ត៌មានដ៏អាម៉ាស់ពីប្រទេសជិតខាងនោះ ភ្នំពេញប៉ុស្តិ៍មិនទទួលបានចម្លើយឡើយ ខណៈទាក់ទងទៅម្តាយតារាសម្តែងនាង ព្រីម លីហ្សា ទទួលទូរស័ព្ទ ហើយអ្នកស្រីអះអាងថាមិនមានពេលនិយាយទេ រួចក៏ផ្តាច់ការទាក់ទងយ៉ាងតក់ក្រហល់ទៅវិញ៕
ជំនាន់អាពតរកតែអំបិលឆីមិនបាន ដល់សម័យនេះស្រាប់តែកាច់ឬក ហឺុ!យ៉ាប់មែន។