ដោយ៖ សុវណ្ណ ប៊ុនថៃ និង តាំង វីដា
ថ្ងៃព្រហស្បតិ៍ ទី19 មិថុនា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លី នាំគ្នាមកការិយាល័យអង្គការអាដហុកប្រចាំខេត្តរតនគិរី ដើម្បីសុំអន្តរាគមន៍ (រូបថត៖ សុវណ្ណ ប៊ុនថៃ)
ប្រជាពលរដ្ឋជម្លោះដីធ្លីជាង១០គ្រួសារ ក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្វែងរកអន្តរាគមន៍ពីសមាគមសិទ្ធិមនុស្សអាដហុក ករណីតំណាងរបស់ខ្លួនមួយរូប ត្រូវបានអាជ្ញាធរឃុំខ្លួន បន្ទាប់ពីចេញមុខរារាំងក្រុមហ៊ុនឈូសឆាយដីជម្លោះ។
ពលរដ្ឋម្នាក់ លោក ចិត្រ សុវត្ថិឌី ប្រាប់VODថា ប្រជាពលរដ្ឋមានបញ្ហាជម្លោះដីចម្ការកៅស៊ូទំហំជាង១០០ហិកតានេះ ស្ថិតក្នុងស្រុកពីរ គឺស្រុកបរកែវ និងស្រុកអូរជុំ ដែលកើតឡើងតាំងពីឆ្នាំ២០០០មកម្ល៉េះ ហើយប្រជាពលរដ្ឋបានប្តឹងការរំលោភដីនេះនៅឆ្នាំ២០០៣ រហូតដល់តុលាការ សម្រេចចេញដីកា ការពារដី និងដំណើរការក្តីរហូតមកទល់បច្ចុប្បន្ននេះ។ លោកបន្តថា ជាញឹកញយ ក្រុមហ៊ុន Swift Rubber Limited បានបំពានចូលយកជ័រកៅស៊ូ និងរងការរារាំងពីពលរដ្ឋ ប៉ុន្តែកាលពីថ្ងៃទី១៥ ខែមិថុនា ក្រុមហ៊ុនដដែលនេះ បានប្រើគ្រឿងចក្រឈូសឆាយដីចម្ការកៅស៊ូនោះ ហើយតំណាងរបស់ពលរដ្ឋ គឺលោក ឃឹម សុខ បានចេញមុខរារាំង។
លោកបន្តថា ក្រោយការរារាំង លោក ឃឹម សុខ បានដាក់បណ្តឹងទៅអាជ្ញាធរមូលដ្ឋានរកអន្តរាគមន៍ ប៉ុន្តែនៅល្ងាចថ្ងៃពុធម្សិលមិញនេះ លោក ឃឹម សុខ បែរជារងការកោះហៅរបស់តុលាការ និងឃុំខ្លួនលោក តាមបណ្តឹងរបស់ក្រុមហ៊ុនទៅវិញ។
ករណីនេះ អធិការស្រុកបកែវ លោក ម៉ៅ សាន់ អះអាងថា លោកគ្រាន់តែអនុវត្តតួនាទីតាមការបញ្ជារបស់តុលាការខេត្តតែប៉ុណ្ណោះ។ ចំណែកព្រះរាជអាជ្ញារងខេត្ត លោក ម៉ម វ៉ាន់ដា ដែលចេញដីកាកោះហៅនេះ ឲ្យដឹងថា រឿងនេះ គឺលោកគ្រាន់តែអនុវត្តតាមតួនាទី និងបណ្តឹងរបស់ក្រុមហ៊ុន ហើយបានបញ្ជូនទៅចៅក្រមលោកស្រី ជ័យ មាលី។
VOD មិនអាចសុំការឆ្លើយតបពីចៅក្រមសាលាដំបូងខេត្តរតនគិរី លោកស្រី ជ័យ មាលី បានភ្លាមៗទេ។
ប្រធានរដ្ឋបាលក្រុមហ៊ុន Swift Rubber Limited លោក ងិន បូរិន អះអាងថាដីទំហំជាង១៨០ហិកតានេះ គឺជាដីសម្បទាន ដែលក្រុមហ៊ុនទទួលបានពីរដ្ឋាភិបាលតែប៉ុណ្ណោះ។ លោកថា កន្លងមកក្រុមហ៊ុន បានអនុញ្ញាតឲ្យប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផលលើដីនោះ តែពេលនេះក្រុមហ៊ុន ត្រូវការដីនេះវិញដើម្បីអភិវឌ្ឍ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគិរី លោក ឆាយ ធី ឲ្យដឹងក្រោយការសិក្សារឿងនេះរួចថា តំណាងពលរដ្ឋ លោក ឃឹម សុខ ដែលរងការឃុំខ្លួន គឺមិនបានប្រើប្រាស់អាវុធ ឬដកហូតគ្រឿងចក្រនោះទេ គ្រាន់តែរារាំងការឈូសឆាយដី ដែលស្ថិតក្នុងជម្លោះប៉ុណ្ណោះ។ លោកយល់ថា ការឃុំខ្លួនតំណាងរបស់ប្រជាពលរដ្ឋ គឺជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ។
បើតាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងជម្លោះដីនេះ នៅម៉ោងជិត១១ព្រឹកនេះ អភិបាលរងខេត្តរតនគិរី លោកស្រី កែវ សារឿន បានផ្តល់ដំណឹងដល់ពលរដ្ឋថា តំណាងរបស់ពួកគេ នឹងត្រូវជាប់ពន្ធនាគាររយៈពេល៤ខែ តែមិនបានបញ្ជាក់ពីបទល្មើសអ្វីឡើយ ដោយគ្រាន់តែរក្សាទុកដើម្បីស៊ើបអង្កេត។ ពលរដ្ឋជាង១០គ្រួសារនេះ នឹងត្រូវចូលបំភ្លឺក្នុងសាលាដំបូងខេត្តពាក់ព័ន្ធនឹងជម្លោះដីនេះ នៅថ្ងៃទី១៣ ខែកក្កដា ខាងមុខនេះ៕

លោក ឃឹម សុខ (អាវស) តំណាងប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន Swift Rubber Limited
ព័ត៌មានពីអ្នកសារព័ត៌មានសហគមន៍ លោក សុវណ្ណ ប៊ុនថៃ
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com
នាគព័ន្ធអស់ពឹសក្លាយខ្លួនជាថ្ម អប្សរាកេណ្ណរឈរស្រក់ទឹកភ្នែក
បាយ័នមុខបួនសោកាសង្វេក តាព្រហ្មយំស្រែកស្ទើរបែកផែនដី
បា្រង្គព្រះវិហារកំព្រាម្នាក់ឯង ស្រែកយំក្តែងៗក្លាយប្តូរឈ្មោះថ្មី
ដូចកម្ពុជាក្រោមសុរិន្ទសព្វថ្ងៃ ក្រុងខ្មែរដ៏ល្បីសៀមយួនយកអស់
ខាងកើតក៏បាត់ខាងលិចក៏បង់ កណ្តាលលិចលង់ស្ទើរលោះព្រលឹង
ក្នុងភ្លើងសង្រ្គាមចោលសាច់យកឆ្អឹង កូនខ្មែរក្បាលរឹងស៊ូអស់ជីវិត
ទល់ដែនដាច់ខ្សែខ្មែរស្ទើរដាច់ពូជ សៀមយួនកំហូចលួចប្លន់មិនគិត
យកស្រីទាក់ស្នេហ៍យកបា្រក់ទាក់ចិត្ត ថ្ងៃក្រោយដីពិតខ្មែរនៅប៉ុណ្ណា?