ដោយ ដែន អយុធ្យា
2014-06-25
RFA

ក្រុមសហគមន៍ដែលរងគ្រោះដោយសារការបណ្ដេញចេញពីលំនៅឋាន នាំគ្នាលើកបដារូបពលករខ្មែរដែលអាជ្ញាធរថៃចាប់បញ្ជូន នៅខាងមុខស្ថានទូតថៃ ភ្នំពេញ នៅថ្ងៃ២៥ មិថុនា ២០១៤។ RFA/Mom Sophon
បណ្ដាញព្រះសង្ឃឯករាជ្យ និងប្រជាពលរដ្ឋជិត ១០សហគមន៍ ក្នុងរាជធានីភ្នំពេញ ដាក់ញត្តិជូនស្ថានទូតថៃ ប្រចាំកម្ពុជា ដើម្បីស្នើឲ្យរដ្ឋាភិបាលយោធាថៃ គោរពសិទ្ធិពលករខ្មែរដែលថៃ ចាប់បញ្ជូនទាំងបង្ខំ និងដឹកជញ្ជូនយកមកចោលនៅព្រំដែនដូចសត្វធាតុ។ មន្ត្រីស្ថានទូតថៃ បានចេញមកទទួលយកញត្តិពីពលរដ្ឋនៅមុខស្ថានទូត និងសន្យាថានឹងដាក់ជូនឯកអគ្គរាជទូតថៃ ពិចារណា។
ក្រុមអ្នកដាក់ញត្តិ ចាត់ទុកសកម្មភាពចាប់បញ្ជូនពលករខ្មែរ ផ្ដើមដោយអាជ្ញាធរយោធាថៃ ប៉ុន្មានសប្ដាហ៍មកនេះ ធ្វើឡើងដោយអមនុស្សធម៌ និងហិង្សា ព្រមទាំងស្នើឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានឲ្យដឹងថា គោលបំណងនៃការដាក់ញត្តិជូនស្ថានទូតថៃ ពេលនេះ គឺស្នើឲ្យរដ្ឋាភិបាលយោធាថៃ គោរពសិទ្ធិពលករខ្មែរ និងមានមនុស្សធម៌ ពេលបញ្ជូនពលករខ្មែរវិលមកកម្ពុជា វិញ។ ជាងនេះទៀត សុំឲ្យអាជ្ញាធរថៃ មុននឹងបញ្ជូនពលករខ្មែរនាថ្ងៃខាងមុខ ត្រូវផ្តល់ដំណឹងមកឲ្យស្ថានទូតកម្ពុជា បានដឹងមុន និងត្រូវផ្តល់យុត្តិធម៌ដល់ពលករ ដែលស្លាប់ពេលចាប់បញ្ជូនមកកម្ពុជា ជាដើម។
លោក វន់ ពៅ៖ «រូបភាពបញ្ជូនពលករខ្មែរពីប្រទេសថៃ ដោយអាជ្ញាធរយោធាថៃ យើងឃើញថា បញ្ជូនដូចសត្វធាតុអ៊ីចឹង ដាក់ឡានទាំងឡានៗ ហើយឡានទាំងនោះជាឡានដឹកសំរាម និងឡានដឹកអេតចាយ គឺមិនសមរម្យ ហើយមិនមានផ្តល់ជាអាហារសម្រាប់ពលករទាំងនោះ។ ហើយអ្នកខ្លះកំពុងតែធ្វើការ ហើយត្រូវគេចាប់បញ្ជូនមកដោយមិនទាន់បានបើកប្រាក់ខែផង គឺអមនុស្សធម៌ ហើយមិនគោរពសិទ្ធិរបស់ពលករកម្ពុជា តែម្តង»។
ដូចគ្នាដែរ អ្នកស្រី ទេព វន្នី តំណាងស្ត្រីសហគមន៍បឹងកក់ ស្ថិតក្នុងចំណោមសហគមន៍ផ្សេងទៀត ក៏បានស្នើឲ្យប្រទេសថៃ បញ្ឈប់សកម្មភាពរំលោភសិទ្ធិពលករខ្មែរនាថ្ងៃអនាគត។ ស្ត្រីរូបនេះចាត់ទុកសកម្មភាពរបស់អាជ្ញាធរយោធាថៃ ចាប់បញ្ជូនពលករខ្មែរ ឲ្យវិលមកកម្ពុជា វិញ ក្នុងប៉ុន្មានសប្ដាហ៍មកនេះ ធ្វើឡើងដោយបង្ខំ និងប្រមាថ៖ «យើងគិតថា សូម្បីតែគាត់ជាពលករខ្មែរចំណាកស្រុកដែលទៅរកស៊ី ឬរកការងារធ្វើនៅប្រទេសថៃ ហ្នឹង ទោះស្របច្បាប់ក្តី មិនស្របច្បាប់ក្តី យើងឃើញថា ក៏គាត់មានចំណែកមួយក្នុងការចូលរួមជួយដល់សេដ្ឋកិច្ចក្នុងប្រទេសថៃ ឲ្យបានដើរល្អប្រសើរផងដែរ។ ជាកម្លាំងពលកម្មរបស់ពួកគាត់។ អ៊ីចឹងសូមឲ្យគិតគូរដល់ភាពថ្លៃថ្នូរដល់ពួកគាត់ និងឲ្យតម្លៃដល់ពួកគាត់ផង»។
ទាក់ទិនបញ្ហានេះ មន្ត្រីស្ថានទូតថៃ ប្រចាំកម្ពុជា បានចេញមកទទួលយកញត្តិ ឬសំណើរបស់បណ្ដាញព្រះសង្ឃ និងតំណាងសហគមន៍ច្រើនទៀត ដោយសន្យាថានឹងយកសំណូមពររបស់តំណាងសហគមន៍ ដាក់ជូនឯកអគ្គរាជទូតថៃ ពិចារណា។
ការប្រមូលផ្តុំនេះ កម្លាំងសន្តិសុខ និងសមត្ថកិច្ចចម្រុះរដ្ឋាភិបាល បានដាក់ពង្រាយនៅក្បែរស្ថានទូតថៃ រាប់សិបនាក់ ប៉ុន្តែមិនមានអំពើហិង្សាទេ។ រហូតមកដល់ពេលនេះ អាជ្ញាធរយោធាថៃ បានចាប់បញ្ជូនពលករខ្មែរធ្វើការនៅប្រទេសថៃ ចំនួនជាង ២សែន ៣ម៉ឺននាក់ហើយ ឲ្យវិលមកកម្ពុជា វិញ។ សកម្មភាពនេះ នៅបន្តរហូតមកដល់សព្វថ្ងៃនេះ។
បញ្ហានេះដែរ មន្ត្រីក្រសួងការបរទេសកម្ពុជា និងភាគីថៃ ឲ្យដឹងថា ប្រទេសទាំងពីរបានពិភាក្សាធ្វើយ៉ាងណា ជួយសម្រួលដល់ពលករខ្មែរខុសច្បាប់ កំពុងធ្វើការងារនៅក្នុងប្រទេសថៃ ឲ្យក្លាយជាពលករស្របច្បាប់នាថ្ងៃអនាគត។
ទោះយ៉ាងណា លោក ធន សារាយ ប្រធានសមាគមអាដហុក បានរិះគន់ទំនាក់ទំនងការទូតរបស់រដ្ឋាភិបាលកម្ពុជា ជាមួយថៃ ថាមានភាពកម្សោយ ទើបភាគីថៃ ចាប់បញ្ជូនពលករខ្មែរទាំងបង្ខំឲ្យវិលមកកម្ពុជា វិញ ទាំងមិនបានផ្តល់ដំណឹងជាមុន។
មន្ត្រីសិទ្ធិមនុស្សរូបនេះ សម្ដែងការខកចិត្តពីរបៀបបញ្ជូនពលករខ្មែរដោយអាជ្ញាធរថៃ ថាមានលក្ខណៈអមនុស្សធម៌ រំលោភសិទ្ធិមនុស្ស បំភិតបំភ័យ គំរាមកំហែង បំបាក់ស្មារតី ធ្វើទារុណកម្ម និងមានបាត់បង់អាយុជីវិតមនុស្ស។ លោក ធន សារាយ សង្កត់ធ្ងន់ថា ការបញ្ជូនពលករខ្មែរឲ្យវិលមកកម្ពុជា វិញរបស់អាជ្ញាធរថៃ ធ្វើឡើងដោយប្រមាថដូចសត្វធាតុ៖ «ប្រទេសទទួលពលករចំណាកស្រុក គួរតែបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់សិទ្ធិធ្វើការងារស្របច្បាប់ឲ្យបានច្រើន តាមតម្រូវការនៃទីផ្សារការងាររបស់ខ្លួន មិនត្រូវបណ្ដេញពលករចំណាកស្រុកដូចដែលបានធ្វើកន្លងមកនេះទៀតទេ»។
បន្ថែមលើនេះ សមាគមអាដហុក ក៏ចេញសេចក្តីថ្លែងការណ៍សម្ដែងការសោកស្ដាយ ចំពោះប្រទេសទាំង១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រៀមចូលជាសហគមន៍តែមួយ និងមានវាសនាតែមួយនៅឆ្នាំ២០១៥ ខាងមុខ បែរជាមានរដ្ឋជាសមាជិកអាស៊ានមួយ បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជននៃរដ្ឋផ្សេងទៀត នៃសហគមន៍អាស៊ានបែបនេះ។
ទោះយ៉ាងណាក្តី រហូតមកដល់ពេលនេះ ប្រទេសទាំង១០ ជាសមាជិកអាស៊ានក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនឃើញមានប្រតិកម្មអ្វីបន្តិចសោះចំពោះបញ្ហានេះ៕
សូមទស្សនាវីដេអូ ទាមទារឲ្យថៃគោរពសេចក្ដីថ្លៃថ្នូររបស់ពលករ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រួសារនៅខេត្តកណ្ដាលបារម្ភបាត់បងប្អូនធ្វើជាពលករនៅថៃមិនឃើញមកផ្ទះ
- មន្ត្រីទូតវៀតណាមអះអាងថាមិនសុំទោសតាមការទាមទាររបស់សមាគមខ្មែរក្រោម
- ប៉ូលិសនៅព្រៃវែងរងការចោទថាចាប់មនុស្សគ្មានកំហុសដាក់ឃុំ
- ពលរដ្ឋនៅក្រចេះប្ដឹងទាហានកងវរៈ២០៤ពីបទប្រើហិង្សាដោយចេតនា
- អង្គការសិទ្ធិមនុស្សថាប៉ូលិសនៅតែធ្វើទារុណកម្មជនសង្ស័យនិងអ្នកទោស
- កម្មកររោងចក្រប្លូមហ្វៀលនៅកំពង់ឆ្នាំងយល់ព្រមចូលធ្វើការវិញនៅថ្ងៃទី២៦មិថុនា
- អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទាមទារឲ្យថៃគោរពសិទ្ធិពលករអន្តោប្រវេសន៍
- ក្រសួងការងារស្វែងរកយុទ្ធសាស្ត្រឲ្យពលករធ្វើការស្របច្បាប់នៅក្រៅប្រទេស
- កម្មករនៅកំពង់ឆ្នាំងធ្វើបាតុកម្មទាមទារឲ្យក្រុមហ៊ុនទទួលយកតំណាង៣នាក់ចូលធ្វើការវិញ
ថៃជាប្រទេស គួរមានអ្នកដឹកនាំមានសីលធម៌ល្អ កុំឲដូចប្រាយុទ្ធ ឫអាប់ភីសុីត។ ព្រោះថៃជាប្រទេសជឿនលឿន ជាស្ថាបនិកអាស៊ាន ជាគំរូខាងប្រជាធិបតេយ្យ។ បើចង់ធ្វើទេវតា មេត្តាកុំដូចបីសាច!!!