ដោយ៖ បូ សាវី
ថ្ងៃពុធ ទី25 មិថុនា 2014
http://vodhotnews.com
សាលាដំបូងខេត្ដព្រះវិហារ នៅព្រឹកថ្ងៃពុធនេះ សម្រេចលើកពេលសាកសួរជនជាតិដើមភាគតិចគួយចំនួន៤នាក់ ដែលប្តឹងដោយក្រុមហ៊ុនចិន ដោយសារតុលាការ អះអាងថា ដើមបណ្ដឹងមានធុរៈទៅក្រៅប្រទេស។
ការលើកពេលនេះ ខណៈប្រជាសហគមន៍ជនជាតិតដើមភាគតិចគួយ ប្រមាណ១០០នាក់ មកប្រមូលផ្ដុំគ្នានៅមុខតុលាការ ដើម្បីចាំស្ដាប់ និងលើកទឹកចិត្ដពួកគេទាំង៤នាក់នោះ។ ជនសង្ស័យទាំងបួននាក់ មានម្នាក់ជាមន្ដ្រីអង្គការពន្លកខ្មែរ លោក សាំង លួត។
ប្រជាសហគមន៍នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ អ្នកស្រី នួន ម៉ុន ប្រាប់VODថា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ដ លោក ឡុង ស៊ីថា បានលើកពេលសាកសួរពួកគេ៣នាក់ ដោយមិនបានជួនដំណឹងជាមុនឡើយ។ អ្នកស្រីបន្ដថា តុលាការបានសម្រេចឲ្យពួកគាត់៤នាក់មកបំភ្លឺនៅថ្ងៃទី៣០ ខែកក្កដា ខាងមុខ។
កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ តុលាការខេត្ដព្រះវិហារ បានកោះហៅតំណាងជនជាតិដើមភាគតិចគួយ៣នាក់ និងមន្ដ្រីអង្គការពន្លកខ្មែរម្នាក់ ដោយចោទថា បំផ្លិចបំផ្លាញដំណាំអំពៅរបស់ក្រុមហ៊ុនចិន ឡានហ្វេង ប៉ុន្ដែត្រូវបានលើកពេលជាបន្ដបន្ទាប់។
អ្នកស្រី សឹង សាំ ដែលត្រូវតុលាការចោទប្រកាន់ រិះគន់ថា ការលើកពេលនេះ ធ្វើឲ្យពួកគាត់ខាត់បង់ពេលវេលាធ្វើស្រែចម្ការ និងចំណាយប្រាក់កាសធ្វើដំណើរ។
ប៉ុន្តែ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដព្រះវិហារ លោក ឡុង ស៊ីថា មានប្រសាសន៍ថា ការលើកពេលសាកសួរនេះ ដោយសារមេធាវីខាងដើមបណ្ដឹងមានធុរៈទៅប្រទេសបារាំង។
ទោះជាយ៉ាងណា អ្នកសម្របសម្រួល សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា តាមនីតិវិធីច្បាប់ តុលាការមុនសម្រេចពន្យារពេលសាកសួរជនសង្ស័យ ត្រូវជូនដំណឹងមុន ឲ្យបានពី៣ទៅ៥ថ្ងៃមុន ដើម្បីចៀសវាងការខាតពេលប្រកបការងាររបស់ពួកគេ។
តាមរបាយការណ៍ស្រាវជ្រាវ របស់ក្រុមអង្គការសង្គមស៊ីវិល មានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា អង្គការពន្លកខ្មែរ និងអង្គការជាច្រើនទៀត បានរកឃើញថា ស្ថានភាពជនជាតិដើមភាគតិចគួយ ដែលរស់នៅក្នុងឃុំប្រមេរ បាននឹងកំពុងទទួលរងនូវការគំរាមកំហែង ផ្នែកជីវភាព បរិស្ថាន ទំនៀមទម្លាប់ ជំនឿពីដូនតា ដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចធ្វើឲ្យប៉ះពាល់ដល់សហគមន៍ពួកគេ៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com
តុលាការ ខេត្តព្រះវិហារ គ្មានសីលធម៌សង្គម និងមានចេតនា ដោយមិនផ្តល់ដំណឹងជូនសហគមន៍ ជនជាតិដើមភាគតិចជាមុន ។
communist court or judge do not needed plaintiff or defender , just get communist government security hand cap the people, asking question then send them to jail . who ever again whit democracy plated government those person have to be pander???????????????that was the best leader of Cambodia in this century. Cambodia the country of wonder ???????