ក្មេងស្ទាវ​បើក​ឡាន​ទំនើប​ដេញបុក សុវណ្ណគិរី ព្រលឹង​ចុងសក់

តារាសម្តែង មូល សុវណ្ណគិរី ថតរូប​ជាមួយ​មិត្តភក្តិ​សិល្បៈ។

តារាសម្តែង មូល សុវណ្ណគិរី ថតរូប​ជាមួយ​មិត្តភក្តិ​សិល្បៈ។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ តារាសម្តែង និង​ដឹកនាំ​កម្មវិធី​នៅ​ផលិតកម្ម​សាន់ដេ លោក មូល សុវណ្ណគិរី បាន​ទទួល​រង​ការ​ភិតភ័យ​ព្រលឹង​ចុងសក់​កាលពី​រាត្រី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​មាន​ក្មេងស្ទាវ​មួយ​ក្រុម​សង្ស័យ​មាន​កាំភ្លើង បាន​បើក​រថយន្ត​ទំនើប​ដេញបុក និង​កៀរ​រថយន្ត​របស់​លោក ក្រោយពេល​លោក​ត្រឡប់​មកពី​ថត​ភាពយន្ត​ខ្នាត​ធំ។

ហេតុការណ៍​គួរ​ភិតភ័យ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​១២​និង​១០​នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​មុខ​បុរី​សុភមង្គល តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​A ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។

ប្រភព​ដែល​ជិតស្និទ្ធ​នឹង​តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ត្រឡប់​មកពី​ថត​ខ្សែភាពយន្ត​ឱ្យ​ផលិតកម្ម​សាន់ដេ រឿង សង្សារខ្មោច នៅ​តាម​ខេត្ត​រួច​មក ស្រាប់តែ​ពេល​បើក​រថយន្ត​មក​ដល់​ចំណុច​ខាង​លើ មូល សុវណ្ណគិរី ដែល​រួម​ដំណើរ​ជាមួយ​ប្អូនប្រុស​ម្នាក់ ត្រូវ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​កាមរី ហាយប្រ៊ីត បើក និង​ជិះ​ដោយ​ក្មេងស្ទាវ​៤​ទៅ​៥​នាក់ បាន​បើក​ដេញ​បុក និង​កៀរ​តែ​ម្តង។

រថយន្ត​របស់ ​មូល សុវណ្ណគិរី​ដែល​រេចង្កូត​ឡើង​លើ​សួនច្បារ​ចែក​ទ្រូង​ផ្លូវ។ សេត គឹមសឿន

ក្រោយ​ពេល​ជួប​នឹង​ហេតុការណ៍​ដ៏​អាក្រក់​នេះ គេ​សង្កេត​ឃើញ​ថា គ្រោះ​នេះ​បាន​បណ្តាល​ឱ្យ​រថយន្ត​របស់​លោក មូល សុវណ្ណគិរី បើក​ជ្រុល​ចង្កូត​ឡើង​ទៅលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ កើល​បើក​ទៅ​មុខ​លែង​រួច។ ដោយឡែក​រថយន្ត​ដែល​បើក​ដេញ​គៀរ រថយន្ត​តារា​រូប​នេះ​ក៏​បាន​បើក​ជ្រុល​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​មុខ​មិន​រួច​ដែរ។ ក្នុង​ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ សុវណ្ណគិរី រងរបួស​ជើង​ស្រាល។

ក្រោយ​ជួប​ហេតុការណ៍​ដ៏អាក្រក់​នេះ តារាសម្តែង និង​ជា​ពិធីករ​មាន​ឈ្មោះ​ល្បី​គួរសម មូល សុវណ្ណគិរី បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​នៅ​កន្លែង​នោះ​ថា លោក​បើកបរ​នា​ពេល​យប់​ជ្រៅ​នេះ ដោយសារ​តែ​រូប​លោក​ទើប​តែ​ត្រឡប់​មក​ពី​ថត​ខ្សែភាពយន្ត​ឱ្យ​ផលិតកម្ម​សាន់ដេ​នៅ​តាម​ខេត្ត។ លោក​បាន​បន្ត​ថា ដោយសារ​តែ​ថ្ងៃ​នេះ​មិន​សូវ​ស្រួល​ខ្លួន លោក​ក៏​មិន​ជិះ​រថយន្ត​រួម​ទេ លោក​ក៏​សម្រេច​យក​រថយន្ត កាមរី​បាឡែន​ផ្ទាល់​ខ្លួន ពណ៌​ស ពាក់​ស្លាក​បណ្តោះអាសន្ន ៥៣៧៤ បើកបរ​ជាមួយ​ប្អូនប្រុស​តែ​ម្តង។

លោក​បាន​រៀបរាប់​បន្ថែម​ថា លោក​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​ 6A ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​កាមរីហាយប្រ៊ីត ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-3457 បើក និង​ជិះ​ដោយ​យុវជន​៤​ទៅ​៥​នាក់ បាន​បើក​ដេញ​បុក និង កៀរ​រថយន្ត​របស់​លោក​រហូត។

នៅពេល​ជួប​ហេតុការណ៍​គួរ​ឲ្យ​ខ្លាច​ទាំង​កណ្តាល​អធ្រាត្រ​បែប​នេះ តារា​រូបសង្ហា​វ័យក្មេង មូល សុវណ្ណគិរី បាន​និយាយ​ថា​៖​«​នៅពេល​ហ្នឹង ដោយសារ​ខ្ញុំ​ភ័យខ្លាច​ក្រុម​យុវជន​ដែល​បើក​រថយន្ត​ដេញ​កៀរ​ខ្ញុំ​នោះ មាន​កាំភ្លើង​ទើប​ខ្ញុំ​បង្ខំ​ចាប់ ហ្វ្រាំង​រថយន្ត​តែ​ម្តង ដូច្នេះ​ហើយ​ទើប​ធ្វើឱ្យ​រថយន្ត​របស់​ខ្ញុំ​ជ្រុល​ចង្កូត​រេ​ឡើង​ទៅលើ​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ​កល់​រថយន្ត​ទៅ​មុខ​លែង​រួច​តែ​ម្តង​»។

តារា​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា៖​«​នៅពេល​រថយន្ត​ខ្ញុំ​រេ​ឡើង​ទ្រូងផ្លូវ រីឯ​រថយន្ត​កាមរីហាយប្រ៊ីត​របស់​យុវជន​ដែល​ដេញ​តាម​កៀរ និង​បុក រថយន្ត​ខ្ញុំ​នោះ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ​ក្មេងស្ទាវ​ក្នុង​រថយន្ត​នោះ​ក៏​នាំ​គ្នា​ចុះ​ពី​លើ​រថយន្ត​រត់​គេច​ខ្លួន​អស់​តែ​ម្តង តែ​ពួកគេ​បាន​បង្ហាញ​ខ្លួន​វិញ ក្រោយ​ពេល​ប៉ូលិស​វាស់វែង​រួច»។

យ៉ាងណា​មិញ​ជុំវិញ​ហេតុការណ៍​ដែល​សុខៗ​ស្រាប់តែ​មាន​រថយន្ត​ទំនើប​របស់​ក្មេងស្ទាវ​បើក​មក​បុក និង​កៀរ​រថយន្ត​របស់​ខ្លួន​នោះ កាលពី​ម្សិលមិញ​នេះ​នៅ​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ ហើយ មូល សុវណ្ណគិរី ក៏​មិន​ទាន់​បាន​បញ្ជាក់​ពី​មូលហេតុ​ចម្បង​ថា ហេតុអ្វី​ក្មេងស្ទាវ​មួយ​ក្រុម​នោះ​បើក​រថយន្ត​ដេញ​បុក​ខ្លួន​ដែរ។

កាលពី​ម្សិលមិញ​នេះ ភ្នំពេញ ប៉ុស្តិ៍ ទាក់ទង​បញ្ជាក់​ព័ត៌មាន​ចុងក្រោយ​នៅពេល​ល្ងាច តែ​មិត្តភក្តិ​របស់​មូល សុវណ្ណគិរី ដែល​ជា​អ្នក​លើក​ទូរស័ព្ទ​បាន​បញ្ជាក់​ថា នៅពេល​នេះ មូល សុវណ្ណគិរី មិន​អាច​និយាយ​បាន​ទេ ព្រោះ​កំពុង​តែ​ដោះស្រាយ​សំណុំ​រឿង៕


What Next?

Recent Articles

2 Responses to "ក្មេងស្ទាវ​បើក​ឡាន​ទំនើប​ដេញបុក សុវណ្ណគិរី ព្រលឹង​ចុងសក់"

  1. bol says:

    តើមានទាក់ទងហេតុផលនយោបាយឬទេ?
    សូមកុំប្រាប់ថា មានទាក់ទងរឿងនយោបាយ ឲ្យ សោះ!

  2. Kdor TOM says:

    អា BOL អាឆ្កែ