ខុម​ហ្វ្រែល ខកចិត្ត​ចំពោះ​តំណាងរាស្ត្រ​ខ្លះ ដែល​មិន​ប្រាប់​ពី​ប្រវត្តិរូប​សង្ខេប​​

ដោយ៖​ ណាត សុភាព​​
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​អង្គការ​ឃ្លាំ​បោះ​ឆ្នោត​មួយ​សម្តែង​ការខកចិត្ត ចំពោះ​តំណាងរាស្ត្រ​មួយចំនួន​របស់​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ ដែល​មិន​ព្រម​សហការ​ផ្តល់​ប្រវត្តិ​រូប តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដើម្បី​ចងក្រង​ជា​សៀវភៅ ​បង្ហាញជូន​ម្ចាស់ឆ្នោត​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ខុមហ្វ្រែល ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ព្រហស្បតិ៍​ម្សិលមិញ ស្តីពី ការចេញផ្សាយ​សៀវភៅ​រដ្ឋសភា ជីវប្រវត្តិ​សង្ខេប​តំណាងរាស្ត្រ និង​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៥ និង​ដំណើរ​វេទិកា​សួរ​អ្នកតំណាង ឲ្យដឹងថា ដំណើរការ​ផលិត​សៀវភៅ​នេះ​ជួប​ការលំបាក​មួយ​ចំនួន​ដូចជា ការខ្វះខាត ការសហការ​របស់​តំណាងរាស្ត្រ ឬ​បេក្ខជន​ជាប់ឆ្នោត អគ្គលេខាធិការដ្ឋាន គណបក្សនយោបាយ​ដែល​ជាប់ឆ្នោត និង​ស្ថាប័ន​ពាក់ព័ន្ធ​។

សេចក្តីប្រកាស​ព័ត៌មាន​ឲ្យដឹង​ទៀត​ថា ខុមហ្វ្រែល​បាន​ប្រមូល​ព័ត៌មាន​តំណាងរាស្ត្រ ឬ​បេក្ខជន​ជាប់​ឆ្នោត​ទាំង​១២៣​រូប ដើម្បី​ចងក្រង​ជា​សៀវភៅ រួច​បញ្ជូល​អាសយដ្ឋាន លេខ​ទូរស័ព្ទ កម្រិត​វប្បធម៌ ជំនាញ​ឯកទេស​ផ្សេងៗ​។​ តែ​ជា​លទ្ធផល​មានតែ​បេក្ខជន​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៧​រូបទេ​ ដែល​សហការ​ផ្តល់​ព័ត៌មាន​។ ដោយឡែក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប​បដិសេធ ចំពោះ​ការស្នើសុំ​នោះ​។​

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មានប្រសាសន៍ថា តំណាងរាស្ត្រ​គណបក្ស​នេះ​មាន​សិទ្ធិ​បដិសេធ​ពី​ប្រវត្តិ​រូប​របស់​ពួកគេ​។ តែ​លោក​ថា ការបដិសេធ​នេះ ដោយសារតែខុមហ្វ្រែល​មិន​ទាន់​បែងចែក​អ្វី​ជា​តំណាងរាស្ត្រ អ្វី​មិន​តំណាងរាស្ត្រ​ឲ្យបាន​ច្បាស់លាស់​តាម​ផ្លូវច្បាប់ «​ខ្ញុំ​មិន​បាន​ផ្តល់​ឲ្យ​គាត់​ទេ ព្រោះ​គាត់​មិន​បាន​បែងចែក អ្វី​ហៅថា​ដំណាងរាស្ត្រ នឹង​អ្វី​ដែល​មិន​ហៅ​ថា​ដំណាងរាស្ត្រ ខុមហ្វ្រែល​ទាល់តែ​គាត់​បែងចែក​ឲ្យបាន​ច្បាស់លាស់​សិន តាម​ផ្លូវច្បាប់ គាត់​យក​ប្រវត្តិ​រូបគេ​ធ្វើ​អ្វី​បើ​គាត់​បែងចែក ប៉ុន​ហ្នឹង​មិន​ច្បាស់​ផង​ហ្នឹង ច្បាប់​នៅ​កម្ពុជា​មាន​ដែរ​ត្រូវ​យក​ច្បាប់ មក​អនុវត្តន៍​មិនមែន​ពួក​គ្នា​គាត់​មនុស្ស​រស់​នៅ​ក្រៅច្បាប់​ឯណា​»

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ​ឬ​ទ្ធិ មានប្រសាសន៍ថា បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ ពិតជា​បាន​បញ្ជូន​ប្រវត្តិរូប​ទៅ​ខុមហ្វ្រែល​មែន តែ​ខុមហ្វ្រែល បាន​ដាក់ឈ្មោះ និង​តួនាទី​ខុសជាដើម​។ ហេតុនេះ លោក​នឹង​ស្នើ​ឲ្យ​ខុមហ្វ្រែល​បញ្ជូន​ឈ្មោះ​នោះ​មក​វិញ បន្ទាប់មក​លោក​នឹង​ពិភាក្សា​ជាមួយ​និង​ថ្នាក់ដឹកនាំ​ថា ត្រូវ​បញ្ជូន​ទៅ​វិញ​ឬ​យ៉ាងណា «​ព័ត៌មាន​ដែល​យើង​ឲ្យទៅ​ដំណា​រាស្ត្រ​មួយចំនួន បេក្ខជន​ជាប់ឆ្នោត​មួយចំនួន​ដែល​ឲ្យទៅ ខុមហ្វ្រែល​យក​ទៅ​ធ្វើ​ខុស​ពី​ទួ​នាទី ខុស​ពី​ឈ្មោះ​គណបក្ស​ទៅទឿត ដូចនេះ​យើង​សុំ​ពិនិត្យ​វិញ​ទាំងអស់ ដោយសារ​មានកា​ខុសឆ្គង​នឹង យើង​នឹង​ពិនិត្យមើល នឹង​សួរ​ដល់​ថ្នាក់ដឹកនាំ ថា​តើ​យើង​ត្រូវ​គិតគូ​រៀបចំ​ដូចម្តេច​»

​អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ការស្នើសុំ​របស់​ខុម​ហ្វ្រែល ទៅកាន់​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ ជា​រឿង​មួយ​សំខាន់ សម្រាប់​បង្ហាញ​ទៅ​ម្ចាស់ឆ្នោត​ឲ្យបាន​ដឹង និង​ងាយស្រួល​ធ្វើការ​សម្រេចចិត្ត​គាំទ្រ​លើ​តំណាង​ដែល​ខ្លួន​ពេញចិត្ត​។ តែ​លោក​បញ្ជាក់ថា ខុម​ហ្វ្រែល គួរតែ​រង់ចាំ​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ ឯកភាពគ្នា ដោះស្រាយ​ភាព​ជាប់គាំ​នយោបាយ​សិន មុន​នឹង​ចងក្រង​សៀវភៅ​ប្រវត្តិរូប​របស់​តំណាងរាស្ត្រ «​ហើយ​នៅ​កាលៈទេសៈ​នេះ យើង​ធ្វើ​ព័ត៌មាន​បាន​ប៉ុណា ប៉ុន​ហ្នឹង ក៏​ជា​ការប្រសើរ​គ្រាន់​ថា​ដាក់​មណ្ឌលបោះឆ្នោត មាន​គណបក្ស​ណា​ជាប់ឆ្នោត​ខ្លះ ភេទ​ស្រី ភេទ​ប្រុស មាន​លេខ​ទូរស័ព្ទ ហៅ​ទំនាក់ទំនង ប៉ុន​ហ្នឹង​ខ្ញុំ​ថា​ទំនង​ដែរ ព្រោះ​ដំណាងរាស្ត្រ​ខ្លះ​ដដែលៗ មាន Profile ឆ្នាំមុនៗ យកមក​ដាក់​ក៏​ជា​ការប្រសើរ ប្រសិនបើ​ធ្វើ​បាន​ពិ​ជា​ល្អ ឲ្យមាន​ដំណោះស្រាយ​នយោបាយ​គិត​ថា​ល្អ​ណាស់ គឺជា​ការ​ប្រសើរ »​

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ គ.ជ.ប ប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អស​នៈ​ចំនួន​៦៨ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ​។​ តែ​លទ្ធផល​នេះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ ច្រានចោល ដោយសារ​រកឃើញ​ភាពមិនប្រក្រតី​ច្រើន ហើយ​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា ធ្វើ​ឲ្យ​ជួប​វិបត្តិ​នយោបាយ​រហូត​ដល់​ពេល​បច្ចុប្បន្ននេះ​៕

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

One Response to "ខុម​ហ្វ្រែល ខកចិត្ត​ចំពោះ​តំណាងរាស្ត្រ​ខ្លះ ដែល​មិន​ប្រាប់​ពី​ប្រវត្តិរូប​សង្ខេប​​"

  1. Nath in says:

    It’d be good if they all put their background/profiles in a legal document so that the people in general know them and consider who is better for Cambodia.